Opens in new windowពលរដ្ឋខេត្តស្ទឹងត្រែង ត្អូញត្អែរបញ្ហាខ្វះមណ្ឌលសុខភាព បន្ទាប់ពីស្ត្រីម្នាក់មានផ្ទៃពោះជិតសម្រាលកូនបានស្លាប់ អំឡុងពេលបញ្ជូនទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត។ អ្នកភូមិចាត់ទុកកត្តាខ្វះមណ្ឌលសុខភាព ថាអាចជាកត្តារួមផ្សំមួយ ដែលធ្វើឲ្យពួកគេងាយនឹងរងគ្រោះ។
ពលរដ្ឋរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ និងឃុំសាមគ្គី ក្រុងស្ទឹងត្រែង បារម្ភបញ្ហាខ្វះសេវាសុខាភិបាល ឬមណ្ឌលសុខភាពនៅជិតមូលដ្ឋានពួកគាត់រស់នៅ។ អ្នកភូមិកត់សម្គាល់ថា បញ្ហាខ្វះមណ្ឌលសុខភាព កំពុងបង្កផលវិបាកធ្ងន់ធ្ងរដល់ជីវិតរស់នៅ និងជីវភាពរបស់ពួកគាត់។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀតរស់នៅឃុំអូរស្វាយ គឺលោក ឌី ឌូ។ លោកបារម្ភថា អត្រាមរណៈសម្រាប់ស្ត្រីមានផ្ទៃពោះនឹងកើនឡើង ប្រសិនបើរដ្ឋាភិបាល ឬស្ថាប័នជំនាញ នៅតែព្រងើយកន្តើយក្នុងការកសាងមណ្ឌលសុខភាពនៅជនបទដាច់ស្រយាល។ លោកសង្កត់ធ្ងន់ថា ជាក់ស្តែងប្អូនស្រីលោកផ្ទាល់ដែលមានផ្ទៃពោះជិតសម្រាលកូន បានស្លាប់នៅពេលធ្វើដំណើរទៅមន្ទីរពេទ្យបង្អែកខេត្តកាលពីថ្ងៃទី១៨ កញ្ញា៖ «យប់ក៏មានថ្ងៃក៏មាន ឲ្យតែឈឺខ្លាំង ប៉ាវឡាន ប៉ាវម៉ូតូអីទៅ។ ពីភូមិទៅឆ្ងាយជាង ៦០គីឡូម៉ែត្របានដល់ខេត្ត ហើយគ្រុនចាញ់រាល់ថ្ងៃ កំពុងរាតត្បាតគ្រុនចាញ់ឥឡូវ ភាពក្រីក្រក៏ខ្លាំង ណាមួយផ្លូវក៏ឆ្ងាយលំបាកណាស់»។
អ្នកភូមិឲ្យដឹងថា បច្ចុប្បន្នឃុំអូរស្វាយ មានភូមិចំនួន៤ និងមានពលរដ្ឋប្រហែលជាង ២ពាន់គ្រួសាររស់នៅឆ្ងាយពីទីរួមខេត្តស្ទឹងត្រែង ប្រមាណជាង ៦០គីឡូម៉ែត្រ នៅពុំទាន់មានមណ្ឌលសុខភាពនៅឡើយទេ។ ចំណែកភូមិមួយចំនួនដែលនៅក្បែរគ្នាជាប់ផ្លូវជាតិ ដូចជាភូមិវាលព្រីង ភូមិឫទ្ធីសែន និងភូមិដុងក្រឡ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង មានចម្ងាយផ្លូវពីទីរួមខេត្តស្ទឹងត្រែង ចាប់ពីជាង ៤០គីឡូម៉ែត្ររហូតដល់ជាង ៧០គីឡូម៉ែត្រ ក៏ពុំទាន់មានមណ្ឌលសុខភាពដូចគ្នាដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង លោក អ៊ុង សូវៀត ដើម្បីសុំបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី១៩ កញ្ញា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។
ករណីនេះដែរ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង និងជាអភិបាលរងខេត្ត លោក ដួង ពៅ មានប្រសាសន៍ថា បញ្ហាខ្វះមណ្ឌលសុខភាពនេះ គឺជាកាតព្វកិច្ចរបស់មន្ត្រីជំនាញផ្នែកសុខាភិបាល ក៏ប៉ុន្តែលោកថា ការអំពាវនាវ និងក្តីបារម្ភរបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តនឹងយកទៅសំណូមពរ និងជូនដំណឹងទៅថ្នាក់ជាតិនៃក្រសួងសុខាភិបាល ដើម្បីពិនិត្យលទ្ធភាពទាក់ទិនករណីនេះ៖ «យើងចង់ណាស់ក្នុងផែនការគោលដៅ អភិបាលខេត្តគាត់ចង់ស្នើសុំឲ្យមានគ្រប់កន្លែងទាំងអស់នៅតំបន់ឆ្ងាយ»។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការអនុវត្តទិសដៅសហស្សវត្ស ប្រទេសកម្ពុជា ក៏ជំរុញឲ្យមានការកាន់បន្ថយមរណភាពមាតាដែរ។ តែយ៉ាងណា ដើម្បីអនុវត្តទិសដៅនេះ កម្ពុជា គួរតែបង្កើតមណ្ឌលសុខភាពបន្ថែមទៀត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីចូលរួមកាត់បន្ថយភាពក្រក្រី។
ទាក់ទងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលនៃបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ កត់សម្គាល់ថា ការទទួលបានសេវាសុខភាពសម្រាប់ពលរដ្ឋរស់នៅជនបទ ឬតំបន់ដាច់ស្រយាល មានកត្តារួមផ្សំជាច្រើនដូចជា បញ្ហាខ្វះមណ្ឌលសុខភាព បញ្ហាធ្វើដំណើរ និងបញ្ហាជីវភាពជាដើម ដែលបង្កឲ្យកំណើននៃអត្រាងាយនឹងរងគ្រោះមានកម្រិតខ្ពស់។ ដើម្បីដោះស្រាយបញ្ហានេះ លោកផ្តល់ទស្សនៈថា រដ្ឋាភិបាលគួរតែបង្កើតឲ្យមានមណ្ឌលសុខភាពនៅតំបន់ដាច់ស្រយាលគ្រប់តំបន់ និងបង្កើតឲ្យមានយន្តការលើកទឹកចិត្តដល់គ្រូពេទ្យជំនាញ ដែលធ្វើការនៅតំបន់ឆ្ងាយៗ ដើម្បីធានាពីនិរន្តរភាពការងាររបស់ពួកគេនៅតំបន់នោះ៖ «យើងត្រូវមានមណ្ឌលសុខភាព ហើយត្រូវមានគោលការណ៍លើកទឹកចិត្តធ្វើការនៅតំបន់ឆ្ងាយ ដើម្បីធានាថា ពួកគេទៅ ហើយគេមិនមកវិញ។ គួរតែមានបណ្តុះបណ្តាលបន្ថែមចំនួនពេទ្យដែលធ្វើការនៅមណ្ឌលហ្នឹងដែរ មណ្ឌលហ្នឹងអាចមានពេទ្យឆ្មប។ ការរស់នៅរបស់ប្រជាពលរដ្ឋមិនស្មើគ្នាពីតំបន់មួយទៅតំបន់មួយ ក៏ជាឧបសគ្គនៃការតម្រូវឲ្យមានមណ្ឌលសុខភាពដែរ»។
គោលការណ៍ស្តង់ដាររបស់ក្រសួងសុខាភិបាល ដើម្បីបង្កើតឲ្យមានមណ្ឌលសុខភាពបាន តម្រូវឲ្យមានពលរដ្ឋរស់នៅប្រមាណពី ៣ពាន់នាក់ដល់ ៥ពាន់នាក់។ ចំណែកមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា រដ្ឋាភិបាល ឬក្រសួងសុខាភិបាល គួរសិក្សាស្រាវជ្រាវវាយតម្លៃពីតម្រូវការស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋងាយរងគ្រោះ ដែលពួកគេត្រូវការមណ្ឌលសុខភាពជាកត្តាចាំបាច់ ប្រសើរជាងរង់ចាំតែអនុវត្តតាមគោលការណ៍គ្រប់ចំនួនមនុស្ស ទើបអាចកសាងមណ្ឌលសុខភាពបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
