Opens in new windowព្រះសង្ឃ ១៧អង្គ និងប្រជាពលរដ្ឋស្រីប្រុស ព្រមទាំងកុមារ ១៩នាក់ទៀត នៅឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ជាប់ព្រំប្រទល់គ្នានឹងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានពុលកាហ្វេក្នុងអាការៈធ្ងន់ធ្ងរ ដោយរថយន្តពេទ្យដឹកជញ្ជូនយកទៅសង្គ្រោះនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យស្រុកសូទ្រនិគម ជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី៣ ខែតុលា កន្លងទៅ។
ការពុលកាហ្វេនោះ កើតមាននៅពេលដែលប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តសៀមរាប នាំគ្នាទៅកាន់វេនទី៦ នៃពិធីបុណ្យកាន់បិណ្ឌក្នុងវត្តតាអុង ហើយបានឆុងកាហ្វេប្រគេនព្រះសង្ឃក្នុងឱកាសពិធីសូត្រមន្តពេលល្ងាច។
សមត្ថកិច្ចចម្រុះ មានប៉ូលិស កងរាជអាវុធហត្ថ និងមន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បាននាំគ្នាទៅកាន់វត្តតាអុង នៃឃុំល្វែងឫស្សី ចម្ងាយប្រមាណជាង ៧៥គីឡូម៉ែត្រភាគខាងកើតពីទីរួមខេត្តសៀមរាប នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា នេះ ដើម្បីធ្វើកំណត់ហេតុ ព្រមទាំងស្វែងរកមូលហេតុដែលបណ្ដាលឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើន ពុលកាហ្វេនៅទីនោះ ថាតើបណ្ដាលមកពីអ្វីឲ្យពិតប្រាកដ?
វត្តមានរបស់មន្ត្រីមន្ទីរសុខាភិបាល និងសមត្ថកិច្ចចម្រុះនោះ បន្ទាប់ពីមានហេតុការណ៍ពុលកាហ្វេនៅក្នុងវត្តតាអុង ក្នុងឃុំល្វែងឫស្សី នៃស្រុកជីក្រែង ដែលមានព្រំប្រទល់ជាប់គ្នានឹងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មក។
មន្ត្រីកងរាជអាវុធហត្ថស្រុកជីក្រែង បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជា ៦ល្ងាចថ្ងៃទី៣ ខែតុលា គឺមានព្រះសង្ឃចំនួន ១៧អង្គ និងប្រជាពលរដ្ឋ ព្រមទាំងកុមារ ១៩នាក់ផ្សេងទៀត បានពុលកាហ្វេក្នុងអាការៈធ្ងន់ធ្ងរ នៅពេលធ្វើពិធីសូត្រមន្តកាន់វេនទី៧ នៃពិធីកាន់បិណ្ឌ ហើយមានការឆុងកាហ្វេប្រគេនព្រះសង្ឃមក។
សាមណេរព្រះនាម ម៉ត ចាន្ថា គឺជាព្រះសង្ឃ ១អង្គក្នុងចំណោមព្រះសង្ឃ ១៦អង្គផ្សេងទៀត ដែលពុលកាហ្វេនោះ។ ព្រះអង្គមានព្រះថេរដីកាថា ពិធីសូត្រមន្ត្រវេនទី៧ នៃបុណ្យកាន់បិណ្ឌនោះ គឺមានប្រជាពលរដ្ឋខ្លះមកពីខេត្តសៀមរាប ចូលរួមជាម្ចាស់វេនផង។ នៅក្នុងពិធីសូត្រមន្ត គឺម្ចាស់វេនទី៧ ក៏បានធ្វើដូចគ្នានឹងម្ចាស់វេនមុនៗដែរ ដោយឆុងកាហ្វេប្រគេនព្រះសង្ឃពេលសូត្រមន្តចម្រើនព្រះបរិត្ត។ សាមណេរដដែលមានព្រះថេរដីកាបញ្ជាក់ទៀតថា នៅមុនពេលពិធីសូត្រមន្តចាប់ផ្ដើម គឺពុទ្ធបរិស័ទបានលើកហ្វេមកប្រគេនព្រះសង្ឃ។ ព្រះអង្គឆាន់កាហ្វេនោះ ទើបតែបានបន្តិច ក៏ចាប់ផ្ដើមមានអាការៈមិនស្រួល រួចហើយព្រះសង្ឃ និងពុទ្ធបរិស័ទជាបន្តបន្ទាប់ ក៏មានអាការៈដូចគ្នា៖ «ឆាន់កាហ្វេលាយទឹកកក ឆាន់អស់ ៤លេប ប្រហែលជា ២-៣នាទី មានអាការៈវិលមុខ ញ័រដៃញ័រជើង មើលទៅវិល បេះដូងដើរញាប់ រកក្អួត តែក្អួតអត់ចេញ»។
បន្ទាប់ពីកើតមានអាការៈពុលកាហ្វេភ្លាមនោះ សមត្ថកិច្ចបានហៅរថយន្តពេទ្យជាច្រើនគ្រឿងដឹកជញ្ជូនព្រះសង្ឃ និងប្រជាពលរដ្ឋណាដែលមានអាការៈស្រាល ទៅមណ្ឌលសុខភាពល្វែងឫស្សី ចំណែកអ្នកដែលមានអាការៈធ្ងន់ គឺបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកសូទ្រនិគម។
នៅក្នុងទីវត្តតាអុង កាលពីព្រឹកថ្ងៃទី៤ ខែតុលា ក្រុមប៉ូលិស និងកងរាជអាវុធហត្ថ បានរកឃើញកាហ្វេយីហោ បឺតឌី (Birdy) និងណេសកាហ្វេ (NESCAFE) ដែលជាផលិតផលរបស់ប្រទេសថៃ ត្រូវបានគេយកទៅឆុងប្រគេនព្រះសង្ឃក្នុងពិធីបុណ្យនោះ។ ប៉ូលិសក៏រកឃើញថា ការឆុងកាហ្វេនោះ គឺធ្វើមិនមានអនាម័យត្រឹមត្រូវទេ ដោយអ្នកឆុងបានប្រើក្រមាសម្រាប់បង់កមួយដែលមានពណ៌ សម្រាប់ធ្វើជាប្រដាប់ច្រោះកាហ្វេ។
ម្ចាស់វេនទី៧ នៃពិធីកាន់បិណ្ឌនោះម្នាក់ក្នុងចំណោមជាច្រើនទៀត អ្នកស្រី នៅ ម៉ាឡៃ បានបំភ្លឺប្រាប់សមត្ថកិច្ចដែលធ្វើកំណត់ហេតុថា អ្នកស្រីមិនដឹងថាមូលហេតុអ្វី បានជាធ្វើឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនពុលនោះទេ។ ស្ត្រីដដែលបញ្ជាក់ថា កាហ្វេម៉ាកបឺតឌី (Birdy) និងណេសកាហ្វេ (NESCAFE) ដែលយកមកឆុងប្រគេនព្រះសង្ឃនៅពេលកាន់វេននេះ គឺថៅកែរបស់គាត់ជាជនជាតិបារាំង បានទិញចែកបុគ្គលិក។ អ្នកស្រីបានទទួលកាហ្វេនេះពីថៅកែចំនួន ៦គីឡូក្រាម ហើយអ្នកស្រីក៏ជូនឪពុកចំនួន ៣គីឡូក្រាម ទុកគ្រាន់ពិសា។ រហូតមកដល់ពេលនេះ កាហ្វេដែលជូនឪពុក គឺគាត់បានពិសាអស់ ១គីឡូក្រាមទៅហើយ មិនឃើញមានអាការៈពុលអ្វីទេ ហើយឪពុករបស់អ្នកស្រីក៏នៅតែបន្តពិសាកាហ្វេនេះរាល់ថ្ងៃ។
អ្នកស្រី នៅ ម៉ាឡៃ បញ្ជាក់ទៀតថា នៅសល់ ៣គីឡូក្រាម នៅពេលដែលមានពិធីកាន់វេន អ្នកស្រីក៏យកកាហ្វេនេះមកឆុងប្រគេនព្រះសង្ឃ ប៉ុន្តែដោយគ្រាន់តែវិធីធ្វើខុសគ្នាបន្តិច គឺយកកាហ្វេគីឡូម៉ាក បឺតឌី ទៅឆុងលាយគ្នាជាមួយកាហ្វេកញ្ចប់តូចម៉ាកបឺតឌី ដែលលាយក្រែម ព្រមទាំងកាហ្វេម៉ាកណេសកាហ្វេ ព្រមទាំងលាយជាមួយទឹកដោះគោម៉ាកធីផត (Tea Pot) ផង៖ «ខ្ញុំអត់ដឹង ព្រោះអីថៅកែខ្ញុំទិញមក យកមកចែកកូនចៅ។ កាហ្វេហ្នឹង ១កេសធំ លាយអាហ្នឹងមុខហើយ ឯរបស់ខ្ញុំ ១មុខទៀត គឺ ៣មុខ លាយចូលគ្នាទាំងអស់»។

ទោះយ៉ាងណា ការពុលកាហ្វេនៅវត្តតាអុង នោះ មិនបានធ្វើឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតទេ ដោយរហូតមកដល់រសៀលថ្ងៃអាទិត្យ ទី៤ ខែតុលា គឺអ្នកពុលជាច្រើនមានសុខភាពធម្មតាឡើងវិញហើយ នៅតែព្រះសង្ឃចំនួន ៥អង្គ ដែលមានអាការៈខ្លាំងជាងគេ បន្តព្យាបាលនៅមន្ទីរពេទ្យ។
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ បានបដិសេធមិនធ្វើការអធិប្បាយជុំវិញរឿងពុលកាហ្វេ នៅវត្តតាអុង ឃុំល្វែងឫស្សី នោះយ៉ាងណានៅឡើយទេ ដោយលោកសូមអភ័យទោសដោយសារកំពុងជាប់រវល់។
ចំណែកមន្ត្រីផ្នែកឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល លោក ប៊ូ សារិន ដែលចុះទៅពិនិត្យដល់កន្លែង មានប្រសាសន៍ថា លោកកំពុងប្រមូលយកវត្ថុសេសសល់មួយចំនួន ទៅពិនិត្យរកមូលហេតុនៃការពុលនោះ។ មន្ត្រីមន្ទីរសុខាភិបាលដដែលបញ្ជាក់ថា តាមការពិនិត្យទៅលើកាហ្វេ និងកាលបរិច្ឆេទនៃការផលិត គឺនៅមានគុណភាព និងយីហោត្រឹមត្រូវ មិនគួរពុលទេ ក៏ប៉ុន្តែលោកសង្ស័យទៅលើវត្ថុពីរយ៉ាង គឺអាចបណ្ដាលមកពីទឹកដែលដងពីទីវាល ដោយមានកសិករធ្លាប់ប្រើថ្នាំពុល ឬក៏អាចបណ្ដាលមកពីក្រមាដែលច្រោះកាហ្វេ ពីព្រោះក្រមានោះមានពណ៌ជ្រលក់ដោយសារធាតុគីមី៖ «ខ្ញុំមិនទាន់ជឿថាមកពីកាហ្វេ ឬក៏បណ្ដាលពីអ្វីច្បាស់លាស់ទេ គឺត្រូវការយកទៅពិសោធសិន។ អាចមកពីទឹកកកមិនដឹង ឬក៏អាចមកពីក្រមាដែលមានជាតិថ្នាំជ្រលក់ ពីព្រោះថ្មី»។
ក្នុងរយៈពេល ៦ខែនៃឆ្នាំ២០១៥ នេះ នៅស្រុកជីក្រែង ខេត្តសៀមរាប បានកើតមានព្រឹត្តិការណ៍ពុលចំណីជាទ្រង់ទ្រាយធំចំនួន ២លើកហើយ។
កាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅ ប្រជាពលរដ្ឋ និងកុមារជាង ៨០០នាក់នៅឃុំពង្រលើ និងឃុំសង្វើយ ធ្លាប់ពុលនំប៉័ងដែលដាក់លាយជាមួយជ្រក់ត្រសក់ និងសាច់ប៉ាតេ បណ្ដាលឲ្យរាក ក្អួត និងចុកឆ្អល់ក្នុងពោះ នៅពេលដែលអង្គការទស្សនៈពិភពលោក ប្រារព្ធទិវាលុបបំបាត់ពលកម្មកុមារនៅទីនោះ ហើយយុវជន ១ក្រុមជាអ្នកទទួលបន្ទុកធ្វើអាហារចែកជូនអ្នកចូលរួមទាំងអស់មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
