កម្មករកាត់ដេរសម្លៀកបំពាក់នៅរោងចក្រ គ្រីស្តាល់ ម៉ាទីន (Crystal Martin) ជាង ១០០នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារសន្លប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ កុម្ភៈ។ ព័ត៌មានជុំវិញមូលហេតុនៃការសន្លប់នេះ នៅមានភាពខុសគ្នារវាងកម្មករ និងខាងរោងចក្រ។
មានកម្មករកាត់ដេរសម្លៀកបំពាក់នៅរោងចក្រ គ្រីស្តាល់ ម៉ាទីន កម្ពុជា បានដួលសន្លប់ជាបន្តបន្ទាប់ ពេលចាប់ផ្ដើមចូលធ្វើការនៅព្រឹកថ្ងៃទី២៧ កុម្ភៈ។
កម្មការិនីឈ្មោះ យុង សាម៉េត នៅផ្នែកវេចខ្ចប់ មានប្រសាសន៍ថា គាត់ធុំឈួលក្លិនចម្លែកដែលមិនធ្លាប់មានពីមុនមក៖ «ខ្ញុំអត់ចេះស្មានថាក្លិនអី តែខ្ញុំធ្លាប់ថាដូចក្លិនដូចយើងអ៊ុតសក់ត្រង់ វារាងក្លិនចម្លែកអ៊ីចឹង ហើយក្លិនហ្នឹងយើងស្រូបបានមក វារាងថប់ដើមទ្រូង ចង់តែក្អួតស្រវាំងៗភ្នែក។ ក្លិន យើងប្រៀបធៀបទៅរាងស្អុយខ្មោះ។ បាញ់ថ្នាំកន្លាតតាំងពីពីរបីថ្ងៃមុន វារាងស្រាលខុសពីក្លិនថ្ងៃហ្នឹង។ អាបីថ្ងៃមុនខុសពីថ្ងៃហ្នឹង។ ថ្ងៃវារាងដិត»។
កម្មការិនីដែលងើបពីសន្លប់មកវិញ ឈ្មោះ ឌិន នី ផ្នែកវេចខ្ចប់ ថ្លែងថា ក្លិនឈួលនោះ ធ្វើឱ្យថប់ដង្ហើម៖ «គ្រាន់តែខ្ញុំចូលទៅហិតដល់អាហ្នឹង ចាប់ផ្ដើមធ្វើទុក្ខក្បាលខ្ញុំហ្នឹងវិល ព្រឺរងាដៃជើងថប់ដង្ហើមបណ្ដោយ យើងស្រីៗរបៀបខ្សោយ។ គ្រាន់តែហិតចូលមក អាហ្នឹងឡើងលើ ស្ទះ ខ្លះបាត់មាត់បាត់កក្នុងហ្នឹង។ គេបញ្ជូនទៅពេទ្យរោងចក្រហ្នឹង។ បាត់មាត់បាត់កហ្នឹង គេដឹកពីបីឡានកាលពីព្រឹក។ ខ្ញុំក្រោយគេ។ មិនទាន់ហូបបាយចូលឯណា ក្អួត»។
ប្រធានរដ្ឋបាលរោងចក្រ គ្រីស្តាល់ ម៉ាទីន គឺអ្នកស្រី សេង រចនា មានប្រសាសន៍ថា ក្លិនដែលកម្មករធុំនោះ គឺជាក្លិនឈួលពីការបញ្ចូលភ្លើងអាគុយរបស់ម៉ាស៊ីនលើកដាក់ឥវ៉ាន់នៅក្នុងអគាររោងចក្រនោះ៖ «យើងសាកអាគុយ ហើយកាលគាត់មកគាត់នៅ ផេកគីង (packing=វេចខ្ចប់) ស្មែល (smell=ធុំក្លិន) មុនគេ គាត់អត់ចូលទេ។ ខ្ញុំគិតថាអត់អីទេភាគតិច សម្រាប់ខ្ញុំផ្ទាល់ខ្លួន។ តែវាល្អសម្រាប់ខ្ញុំទេ ដើម្បីថ្ងៃក្រោយមានការអីក៏ដោយ ខ្ញុំឱ្យគាត់ចេញហើយ។ កាលណាខ្ញុំទុកទៅមានមនុស្សម្នាក់យកមួយទៅ គឺទន់ដៃទន់ជើងទាំងអស់គ្នា។ គេហៅថា ជំងឺសតិអារម្មណ៍»។
អ្នកស្រីបន្តថា បញ្ហាចាប់ផ្ដើមនៅអគារទីពីរ ប៉ុន្តែអ្នកសន្លប់ភាគច្រើន គឺកម្មករនៅអគារទីមួយ ដោយសារតែស្លុតពេលឃើញគេបីកម្មករសន្លប់កាត់មក។
ប្រធានមន្ទីរពេទ្យបង្អែកខ្សាច់កណ្ដាល ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល គឺលោកវេជ្ជបណ្ឌិត ចាប យុថន ឱ្យដឹងថា មន្ទីរពេទ្យលោកបានទទួលកម្មករសន្លប់ចំនួន ៣៥នាក់ ដែលភាគច្រើនមានបញ្ហាថប់ដង្ហើម ខ្វះអុកស៊ីហ្សែន ខ្យល់ចាប់ ហើយសន្លប់៖ «មានអ្នកខ្លះធុំក្លិន មានអ្នកខ្លះភ័យតាមគ្នាទៅសន្លប់។ ប៉ុន្តែ អ្នកដែលធុំក្លិនរាងធ្ងន់ជាងគេ មានអាការៈពិបាកដកដង្ហើមខ្លាំង។ បើអ្នកភ័យនោះ គ្រាន់តែទន់ដៃទន់ជើង ថប់ដង្ហើមអីតិចតួច មកយើងដាក់សេរ៉ូម ហើយណែនាំគាត់ពីបញ្ហាសុខភាពគាត់ ឱ្យគាត់ដកដង្ហើមឱ្យវែងៗ គាត់មានអាការៈធូរវិញ ហើយអ្នកដែលថប់ដង្ហើមខ្លាំង ទាល់តែយើងដាក់អុកស៊ីហ្សែន ឱ្យគាត់ប្រហែលជាមួយម៉ោងអីទៅ គាត់មានអាការៈធូរស្រាលវិញ»។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា កម្មករទាំងនេះអាចត្រឡប់ទៅវិញ បន្ទាប់ពីបានព្យាបាល ៣ ទៅ ៤ម៉ោង។
តំណាងសហជីពកម្មករស៊ីខាវឌូ (CCAWDU) គឺលោក ប៊ុន នឿន ថ្លែងថា កម្មករដែលដួលសន្លប់នៅថ្ងៃទី២៧ កុម្ភៈ មានចំនួន ១៥៦នាក់។ ដោយឡែកតួលេខរបស់ប្រធានរដ្ឋបាលរោងចក្រ គ្រីស្តាល់ម៉ាទីន គឺអ្នកស្រី សេង រចនា បញ្ជាក់ថា មានចំនួន ១២៦នាក់។ អ្នកស្រីបន្តថា នៅថ្ងៃទី២៨ កុម្ភៈ ខាងរោងចក្រនឹងត្រៀមសម្រួលបរិយាកាសធ្វើការនៅអគារដែលមានបញ្ហានោះ ឱ្យបានល្អប្រសើរ ហើយរំពឹងថានឹងមិនមានបញ្ហាអ្វីទេ។
រោងចក្រសម្លៀកបំពាក់ គ្រីស្តាល់ម៉ាទីន ស្ថិតនៅក្នុងឃុំវិហារសួគ៌ខាងជើង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលមានកម្មករជាង ៣ពាន់នាក់។
នៅថ្ងៃដដែលនេះដែរ កម្មករនៅឯរោងចក្រស្បែកជើង ឈ្មោះ ស៊ីម៉ាណូ នៅឯខេត្តកំពង់ស្ពឺ ២៦នាក់ បានដួលសន្លប់ និងមានអាការៈវិលមុខដែរ។ ការដួលសន្លប់របស់កម្មករទាំងនេះ គឺបណ្ដាលមកពីធុំក្លិនអាក្រក់ពីរោងចក្រនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។