ព្រះអង្គ​នន់​ដែល​ត្រូវ​គូបដិបក្ខ​មាន​យួន​នៅ​ពី​ក្រោយ​ប្រហារ​ជីវិត​ទាំង​ពូជ (ភាគ​៥៧)

ដោយ ជុន ច័ន្ទបុត្រ
2015-09-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទាញ​យក​កម្មវីធី

ព្រះអង្គ​នន់​ព្រះរៀម ឡើង​គ្រងរាជ្យ​នៅ​ចន្លោះ​ឆ្នាំ​១៧៧៥ និង​ឆ្នាំ​១៧៧៩។ ក្នុង​រយៈពេល​បួន​ឆ្នាំ​នៃ​ការ​គ្រងរាជ្យ​របស់​ព្រះអង្គ​នេះ ព្រះអង្គ​បាន​ពឹង​សៀម ឲ្យ​ជួយ​ធ្វើ​សង្គ្រាម។ តែ​ទីបំផុត ព្រះរាជា​រាមាធិបតី​អង្គ​នន់ នេះ ត្រូវ​គូបដិបក្ខ​ដែល​មាន​យួន នៅ​ពី​ក្រោយ ប្រហារ​ជីវិត​បង់​ទាំង​ពូជ។

គ.៣៣ ព្រះអង្គ​នន់​ព្រះរៀម (ឆ្នាំ​១៧៧៥-ឆ្នាំ​១៧៧៩)

ព្រះអង្គ​នន់​ព្រះរៀម ដែល​ជា​បុត្រា​ព្រះ​ស្រី​ជ័យ​ជេដ្ឋ​អង្គ​ស្ងួន ទ្រង់​បាន​ឡើង​សោយរាជ្យ​នៅ​រាជធានី​ឧត្តុង្គ ក្នុង​ឆ្នាំ​១៧៧៥ បន្ទាប់​ពី​ព្រះ​ឧទ័យ​រាជា​អង្គ​តន់ ដាក់​រាជ្យ​ថ្វាយ​ព្រះអង្គ​មក ដោយ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ ព្រះ​រាមាធិបតី​រាជាធិរាជ។ ក្នុង​រាជ្យ​ព្រះអង្គ ប្រទេស​កម្ពុជា បាន​ធ្លាក់​ពី​ការ​ត្រួតត្រា​របស់​យួន ចូល​ទៅ​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​សៀម វិញ​ម្ដង។

នៅ​ដើម​រាជ្យ​ព្រះអង្គ នៅ​ឯ​ប្រទេស​យួន​អណ្ណាម មាន​ការ​បះបោរ​របស់​ពួក​តៃស៊ឺន ប្រឆាំង​នឹង​ស្ដេច​យួន។ ពេល​នោះ មន្ត្រី​យួន ដែល​ឈរ​នៅ​តំបន់​ព្រៃ​នគរ បាន​ចាត់​បម្រើ​ឲ្យ​នាំ​សំបុត្រ​មក​សុំ​ទ័ព និង​ស្បៀង​ពី​ប្រទេស​ខ្មែរ ទៅ​ជួយ​ច្បាំង ប៉ុន្តែ​ព្រះ​រាមាធិបតី​ព្រះអង្គ​នន់ មិន​យល់ព្រម​ជួយ​តាម​សំណើ​នោះ​ឡើយ។ មេ​ទ័ព​យួន ខឹង​ណាស់ ក៏​ប្រមូល​កម្លាំង​ទ័ព​យ៉ាង​ច្រើន​នាំ​ឡើង​មក​វាយ​បន្ទាយ​ខ្មែរ​នៅ​ភ្នំពេញ។ តែ​ទីបំផុត ទ័ព​យួន ត្រូវ​បរាជ័យ​ដក​ថយ​ទៅ​វិញ។

មួយ​ចំណែក​ទៀត​នៅ​ក្នុង​រាជវាំង​ឧត្តុង្គ មាន​មន្ត្រី​ម្នាក់​ឈ្មោះ​ឧកញ៉ា វិបុល​រាជ​ស៊ូ មិន​សប្បាយ​ចិត្ត​នឹង​ព្រះ​រាមាធិបតី​ព្រះអង្គ​នន់ ជា​ស្ដេច​ផែនដី​ថ្មី ក៏​រក​វិធី​ញុះញង់​បំបែក​បំបាក់​ផ្ទៃ​ក្នុង​ឲ្យ​ចលាចល​ឡើង ដោយ​ដំបូង មន្ត្រី​នេះ​បាន​ទូល​ញុះញង់​ព្រះ​មហា​ឧបរាជ​ធម្ម​រាជា ថា​ស្ដេច​ផែនដី​បាន​ចោទ​ថា ព្រះអង្គ​ធម្ម នេះ ប៉ង​ក្បត់​ដណ្ដើម​រាជ្យ​សម្បត្តិ។ ប៉ុន្តែ​មហា​ឧបរាជ​អង្គ​ធម្ម មិន​ជឿ ហើយ​ប្រដៅ​មន្ត្រី​នេះ​ឲ្យ​ស្មោះ​នឹង​ស្ដេច​ផែនដី​ផង។ ដោយ​ខ្លាច​បែក​ការ​ឮ​ដំណឹង​ពី​គំនិត​មិន​ល្អ​របស់​ខ្លួន​ដល់​ស្ដេច​ផែនដី ដែល​នាំ​ឲ្យ​មាន​ទោស​ដល់​ជីវិត ឧកញ៉ា វិបុល​រាជ​ស៊ូ ក៏​បែរ​ជា​រក​ល្បិច​ទូល​ញុះញង់​ព្រះ​អង្គ​នន់ ស្ដេច​ផែនដី​ម្ដង ដោយ​ចោទ​ថា ព្រះ​មហា​ឧបរាជ​ប៉ង​ដណ្ដើម​រាជ្យ ដោយ​បាន​បបួល​ខ្លួន​ឲ្យ​រួម​ចូល​ដៃ​ជាមួយ​ផង។

ព្រះរាជា​មិន​បាន​ពិចារណា ក៏​ទ្រង់​ជឿ ក៏​បញ្ជា​ឲ្យ​ឧកញ៉ា វិបុល​រាជ​ស៊ូ នេះ និង​មន្ត្រី​ជំនិត​របស់​ព្រះអង្គ​ម្នាក់ គឺ​ឧកញ៉ា ស្រី​អគ្គរាជ​ប៉ុល ប្រើ​ល្បិច​បបួល​ព្រះ​មហា​ឧបរាជ​លេង​ឈើ​ត្រង់ នៅ​ក្នុង​ឱកាស​ដែល​អ្នក​ទាំងអស់​គ្នា នាំ​គ្នា​ទៅ​ថែរក្សា​ព្រះ​រោគ​ព្រះ​មហា​ឧបយោរាជ​អង្គ​តន់ ក្សត្រ​ដាក់​រាជ្យ​នៅ​កំពង់ហ្លួង ដោយ​ប្រើ​ឧបាយ​បង្កើត​ជម្លោះ ហើយ​យក​លេស​ធ្វើ​គត​ព្រះ​មហា​ឧបរាជ​អង្គ​ធម្ម ក្នុង​ពេល​នោះ​ទៅ។

ចំណែក​ខាង​ព្រះ​មហា​ឧបយោរាជ​អង្គ​តន់ ដែល​ទ្រង់​ព្រះ​ប្រឈួន​ស្រាប់ លុះ​ជ្រាប​រឿង​នេះ ទ្រង់​ទោមនស្ស​ខ្លាំង​ណាស់ ព្រះរោគ​កាន់​តែ​ធ្ងន់ ហើយ​សុគត​ក្នុង​ឆ្នាំ​១៧៧៧ នោះ​ទៅ។ ព្រះ​អដ្ឋិធាតុ​របស់​ព្រះអង្គ និង​អដ្ឋិធាតុ​ព្រះ​មហា​ឧបយោរាជ​អង្គ​ធម្ម ត្រូវ​គេ​បញ្ចុះ​នៅ​ចេតិយ​ទន្ទឹម​លើ​ភ្នំ​ព្រះរាជ​ទ្រព្យ​ឧត្តុង្គ។ ចំណែក​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​តន់ គឺ​ព្រះ​អង្គ​អេង និង​បុត្រ​បី​អង្គ​ទៀត ត្រូវ​បាន​ឧកញ៉ា អធិវង្សា​ប៉ុក ជា​ព្រះធម៌​បិតា ចិញ្ចឹម​បីបាច់​ថែរក្សា​រៀង​រហូត​មក។

ព្រឹត្តិការណ៍​មួយ​ទៀត គឺ​នៅ​ក្នុង​ឆ្នាំ​១៧៧៨ ស្ដេច​សៀម ក្រុង​ធនបុរី បាន​លើក​ទ័ព​ធំ​ជា​ពីរ​ផ្លូវ​ទៅ​ចូល​លុក​លុយ​ប្រទេស​ឡាវ។ ទ័ព​មួយ ចូល​ត្រង់​ពី​ប្រទេស​សៀម ទៅ​ឡាវ និង​ទ័ព​មួយ​ទៀត​ឲ្យ​ចុះ​មក​កាត់​តាម​ប្រទេស​ខ្មែរ ដើម្បី​សុំ​ព្រះរាជា​ខ្មែរ​ឲ្យ​ជួយ​ផ្ដល់​កម្លាំង​ទ័ព សាស្ត្រាវុធ និង​ស្បៀង​អាហារ ហើយ​ឡើង​តាម​ទន្លេ​ធំ​ឆ្លង​តាម​ល្បាក់ខោន​ឡើង​ទៅ​ចម្ប៉ាសាក់។ ព្រះបាទ​រាមាធិបតី​ព្រះអង្គ​នន់ ដែល​ធ្លាប់​យក​សៀម ជា​បង្អែក បាន​យល់ព្រម​តាម​សំណើ​របស់​សៀម ទោះ​បី​ជា​មាន​ការ​ប្រឆាំង​តវ៉ា​មិន​ចុះ​សម្រុង​ពី​មន្ត្រី​មួយ​ចំនួន​ធំ​ក៏ដោយ។

ដើម្បី​សង​គុណ​សៀម ព្រះអង្គ​បាន​បញ្ជា​ឲ្យ​កេណ្ឌ​រាស្ត្រ​ខ្មែរ​រាប់​ម៉ឺន​នាក់ បញ្ចូល​ក្នុង​ជួរ​កងទ័ព​សៀម ឲ្យ​សៀម ដឹក​យក​ទៅ​វាយ​ប្រទេស​ឡាវ ដែល​ជា​ប្រទេស​មាន​ប្រពៃណី​ជា​មិត្ត​ដ៏​ល្អ​របស់​ខ្មែរ តាំង​ពី​យូរ​លង់​មក​ហើយ។ ម្យ៉ាង​ទៀត ព្រះអង្គ​បាន​បង្ខំ​ឲ្យ​កេណ្ឌ​ស្រីៗ​ក្នុង​ខេត្ត​កំពង់ស្វាយ ឲ្យ​បុក​ស្រូវ​អង្ករ​បន្ត​ផ្ដល់​ជា​ស្បៀង​ឲ្យ​ទ័ព​សៀម ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​រាស្ត្រ​ខ្មែរ​កើត​ក្ដី​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង។ ពល​ទាហាន​លែង​ស្ដាប់​បញ្ជា ហើយ​រត់​ចេញ​ពី​ជួរ​ទ័ព​សៀម ព្រះរាជា​ទ្រង់​ខ្ញាល់​ណាស់ ក៏​ចាត់​ព្រះ​ឃ្លាំង​ធិបតី​សំ ធ្វើ​ជា​ឧកញ៉ា​ហ្លួង ឲ្យ​តាម​រក​ចាប់​ពួក​ទាំង​នោះ​មក​ធ្វើ​ទោស។

អំពើ​នេះ ជំរុញ​ឲ្យ​រាស្ត្រ​មាន​កំហឹង​យ៉ាង​ខ្លាំង។ ម្យ៉ាង​ដោយ​មាន​ការ​គាំទ្រ​ពី​ចៅហ្វាយ មឿង​គោក​សេះ ឈ្មោះ​ឧកញ៉ា​មន្ត្រី​ស្នេហា​សូ ផង ប្រជារាស្ត្រ​ក៏​បះបោរ​ក​ជា​ទ័ព ចូល​ឡោមព័ទ្ធ​ដោយ​អត់​ញញើត​ចាប់​ឧកញ៉ា ព្រះ​ឃ្លាំង​ធិបតី​សំ ជា​ឧកញ៉ា ហ្លួង សម្លាប់​ចោល​ទៅ។

ព្រះ​រាមាធិបតី​ព្រះ​អង្គ​នន់ ទ្រង់​ពិរោធ​ណាស់ ក៏​បញ្ជា​ឲ្យ​ចាប់​ឧកញ៉ា​មន្ត្រី​ស្នេហា​សូ ដាក់​ទោស​ប្រហារ​ជីវិត​បង់។ ឯ​ឧកញ៉ា​សែន​ខាង​វ៉ា​ពាង ចៅហ្វាយ​ស្រុក​ខេត្ត​បាធាយ ទទួល​ទោស​ត្រូវ​វាយ ៥០​រំពាត់ និង​ឧកញ៉ា​តេជោ​ទែន ចៅហ្វាយ​ខេត្ត​កំពង់ស្វាយ ជា​បង​អ្នក​ទាំង​ពីរ ត្រូវ​ទទួល​ការ​ជេរ​ប្រដៅ​ស្ដី​បន្ទោស។ ចំណែក​ខាង​ជំទាវ​ឡង់ ជា​ម្ដាយ ពេល​ដឹង​ថា​កូន​ពៅ​របស់​គាត់ គឺ​ឧកញ៉ា​មន្ត្រី​ស្នេហា​សូ ត្រូវ​ព្រះរាជា​កាត់​ទោស​ប្រហារ​ជីវិត​ដូច្នោះ គាត់​ឈឺ​ចិត្ត​ណាស់។ ពេល​បាន​ជួប​កូន​ពីរ​នាក់​ទៀត គឺ​ឧកញ៉ា​សែន​ខាង​វ៉ា​ពាង និង​ឧកញ៉ា​តេជោ​ទែន ដែល​សុទ្ធតែ​ជា​ចៅហ្វាយ​ខេត្ត​នោះ គាត់​បាន​បញ្ជា​ឲ្យ​ក្រោក​ឈរ​ប្រមូល​រាស្ត្រ បះបោរ​ប្រឆាំង​នឹង​ស្ដេច​ផែនដី ដើម្បី​សងសឹក​វិញ​ផង និង​ដើម្បី​ដណ្ដើម​រាជ្យ​ថ្វាយ​ទៅ​ព្រះអង្គ​អេង បុត្រ​ព្រះ​មហា​ឧបយោរាជ​អង្គ​តន់ ផង។

ព្រះ​រាមាធិបតី​ព្រះអង្គ​នន់ ជ្រាប​កិច្ចការ​នេះ ក៏​បញ្ជា​ឲ្យ​ហៅ​ចៅហ្វា​ទឡ្ហៈម៉ូ ជា​កូន​ច្បង​របស់​ជំទាវ​ឡង់ ពី​ខេត្ត​បាសាក់ មក​ឲ្យ​នាំ​ទ័ព​ទៅ​បញ្ចុះបញ្ចូល​ប្អូន​ទាំង​ពីរ ឲ្យ​ឈប់​នាំ​រាស្ត្រ​ក្នុង​ខេត្ត​ទាំង​បី​បះបោរ​ទៅ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ចៅហ្វា​ទឡ្ហៈម៉ូ បែរ​ជា​រួម​កម្លាំង​នឹង​ប្អូន​គាត់​ប្រឆាំង​នឹង​ព្រះរាជា​វិញ។ ព្រះ​រាមាធិបតី​ព្រះ​អង្គ​នន់ ឃើញ​ដូច្នោះ ក៏​ទ្រង់​លើក​ទ័ព​ផ្ទាល់​ព្រះអង្គ​ទៅ​វាយ​បង្ក្រាប​ចលនា​បះបោរ​នេះ នៅ​ខេត្ត​កំពង់ស្វាយ។

ក្រោយ​ពី​ព្រះរាជា​លើក​ទ័ព​ចេញ​ទៅ ឧកញ៉ា​វិបុល​រាជ​ស៊ូ នៅ​រាជវាំង​ឧត្តុង្គ ដែល​ធ្លាប់​ប្រើ​ល្បិច​បំបែក​បំបាក់​ផ្ទៃ​ក្នុង​ពី​មុន​នោះ បាន​ចូល​ដៃ​ខាង​ចៅហ្វាម៉ូ ដែរ ហើយ​នាំ​កម្លាំង​របស់​ខ្លួន​ចាប់​ព្រះរាជបុត្រ​បួន​អង្គ​របស់​ព្រះ​រាមាធិបតី​អង្គ​នន់ ស្ដេច​ផែនដី​ថ្មី​យក​ទៅ​ពិឃាដ នៅ​ភូមិ​ឃ្លាំងស្បែក ទាំងអស់។ ព្រះ​រាមាធិបតី​អង្គ​នន់ បាន​ដឹង​ដំណឹង​នេះ ទ្រង់​តក់ស្លុត​ណាស់ ក៏​ដក​ទ័ព​ថយ​មក​ក្រុង​ឧត្តុង្គ វិញ។ ប៉ុន្តែ​មក​ដល់​កំពង់ឆ្នាំង បាន​ជួប​ប្រទះ​នឹង​ទ័ព​ខ្មែរ-យួន ដែល​ចៅហ្វាម៉ូ បាន​ពឹង​ឲ្យ​មក​ជួយ ហើយ​ច្បាំង​គ្នា​នៅ​ទីនោះ។ ទីបំផុត ព្រះរាជា​ចាញ់ ហើយ​បែក​ទ័ព​រត់​ខ្ចាត់ខ្ចាយ​ទៅ។

ក្រោយ​មក ព្រះរាជា​បាន​ជួប​អ្នក​សីល​ខ្លាំង​ពូកែ​ម្នាក់​ឈ្មោះ សីល​មាស ហើយ​ទ្រង់​លើក​សីល​មាស នេះ​ឲ្យ​ធ្វើ​ជា​មេ​ទ័ព តែ​ត្រូវ​ច្បាំង​ចាញ់​ចៅហ្វាម៉ូ ទៀត។ ព្រះអង្គ​នន់ ក៏​ទ្រង់​ភៀស​ទៅ​ភ្នំ​កំរ៉ែង ដែល​ទីបំផុត​ព្រះរាជា​រាមាធិបតី​អង្គ​នន់ នេះ ត្រូវ​ចៅហ្វាម៉ូ ចាប់​បាន​ដាក់​ទ្រុង​យក​មក​សម្រេច​ទោស​ប្រហារ​ជីវិត ដោយ​ទម្លាក់​បំភ្លេច​ក្នុង​បឹង​ខ្យង ខាង​ទិស​និរតី​ស្ពាន​ខ្លា​ត្រាំ ខាង​លិច​កំពង់ហ្លួង ក្នុង​ខេត្ត​ពញាឮ ក្នុង​ឆ្នាំ​១៧៧៩ នោះ​ទៅ។ ក្រោយ​ពី​បាន​ជ័យជម្នះ​ជា​ស្ថាពរ​ហើយ ទាំងអស់​គ្នា​បាន​មូលមតិ​ថ្វាយ​រាជ្យ​សម្បត្តិ​ទៅ​ព្រះអង្គ​អេង ជា​ព្រះរាជបុត្រ​ព្រះ​មហា​ឧបយោរាជ​អង្គ​តន់ ឲ្យ​ឡើង​សោយរាជ្យ​តាំង​ពី​ពេល​នោះ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

dara

ពី Kro ties

How can I take as a whole Khmer story that the radio broadcast . Please tell me. Thanks

Sep 08, 2015 10:00 PM

គេហទំព័រ​ទាំងមូល