នៅចុងសតវត្សទី១៧ ក្នុងរាជ្យលើកទីពីររបស់ព្រះជ័យចេស្ដាអង្គស៊ូ មន្ត្រីខ្មែរមួយរូបបានទៅចូលដៃជាមួយស្ដេចយួនអណ្ណាមកុក ហើយលើកទ័ពយួន មកវាយប្រទេសខ្លួនវិញ។ ថ្វីត្បិតតែទីបំផុត ទ័ពខ្មែរវាយបង្ក្រាបទ័ពយួន បានក្តី ប៉ុន្តែពួកយួន ដែលចាញ់សង្គ្រាម មិនវិលត្រឡប់ទៅស្រុកយួន វិញទេ ហើយពួកគេក្រាញរស់នៅលើទឹកដីខ្មែរតែម្តង។
ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូននូវប្រវត្តិសាស្ត្រខ្មែរនាដំណាក់កាលនោះ ក្នុងរាជ្យទី២ និងទីបីរបស់ព្រះជ័យចេស្ដាអង្គស៊ូ និងសម្ដេចព្រះកែវហ្វាអង្គអឹម ដូចតទៅ៖
គ.២៤-២ ព្រះជ័យចេស្ដាអង្គស៊ូ (ឆ្នាំ១៦៩៦-ឆ្នាំ១៦៩៩ រាជ្យលើកទី២)
ក្រោយពីព្រះនារាយណ៍រាមាធិបតីព្រះអង្គយ៉ង សោយទិវង្គតទៅ នាម៉ឺនសព្វមុខមន្ត្រី ព្រះរាជវង្សានុវង្ស បានទៅយាងព្រះជ័យចេស្ដាអង្គស៊ូ ដែលទ្រង់បានលាចាកសិក្ខាបទ ហើយគង់ប្រថាប់ឯពន្លាភាក់ទួលលៀប ជិតវត្តព្រៃពួន នោះ ឲ្យមកសោយរាជ្យវិញ។ ព្រះអង្គក៏ទ្រង់យល់ព្រម ហើយយាងត្រឡប់មកសោយរាជ្យជាលើកទី២ នៅរាជធានីឧដុង្គមានជ័យ នៅគ.ស ១៦៩៦។
នៅគ.ស ១៦៩៧ ដោយចង់ចៀសវាងសង្គ្រាមដែលកើតឡើងដោយសារខ្មែរទៅពឹងបរទេសនោះ ព្រះជ័យចេស្ដាអង្គស៊ូ ទ្រង់បានធ្វើចុតហ្មាយ និងបញ្ជូនគ្រឿងបណ្ណាការជាច្រើនទៅថ្វាយស្ដេចយួន ដើម្បីសុំឲ្យព្រះអង្គអឹម ដែលជាព្រះរាជបុត្ររបស់ព្រះអង្គនន់ ដែលភៀសខ្លួនទៅជ្រកកោននឹងស្ដេចយួន នោះ បានវិលត្រឡប់ពីស្រុកយួន មកវិញ។ ព្រះចៅអណ្ណាមកុកស្ដេចយួន ក៏ទ្រង់យល់ព្រម។
ពេលដែលព្រះអង្គអឹម ត្រឡប់មកពីស្រុកយួន វិញហើយ ព្រះជ័យចេស្ដាអង្គស៊ូ ទ្រង់សព្វព្រះរាជហឫទ័យណាស់ ទ្រង់លើកព្រះអង្គអឹម នេះឲ្យជាសម្ដេចព្រះកែវហ្វា ហើយទ្រង់លើកព្រះរាជបុត្រីព្រះអង្គព្រះនាមសម្ដេចព្រះមហាក្សត្រី ថ្វាយជាព្រះរាជមហេសីថែមទៀតផង។
នៅឆ្នាំ១៦៩៩ មានមន្ត្រីម្នាក់ឈ្មោះឧកញ៉ា នរេន្ទ្រអឹម (ជាកូនខ្មោចឧកញ៉ាមហាសេនាម៉ិញ) ជាមន្ត្រីទុច្ចរិតចូលចិត្តញុះញង់បំបែកបំបាក់ ហើយមិនសូវកោតខ្លាចព្រះចេស្ដាស្ដេចផែនដីផង។ ព្រះរាជាទ្រង់ស្ដីបន្ទោសទូន្មានប្រៀនប្រដៅកុំឲ្យប្រព្រឹត្តអាក្រក់តទៅទៀត។ មន្ត្រីរូបនោះនឹកខ្មាសពួកស្នំដែលដឹងរឿងខ្លួន ក៏ដើរកលឧបាយក្បត់ធ្វើពុតជាឈឺ ថ្វាយត្រាលាងារពីរាជការ ហើយទៅធ្វើជំនួញដល់ស្រុកយួន រួចនិយាយញុះញង់មន្ត្រីយួន ថា ស្ដេចខ្មែរមិនប្រកបដោយធម៌ ហើយយកសៀម ធ្វើជាមិត្ត គិតព្រួតគ្នាវាយយួន។
ស្ដេចយួន ដែលតែងតែរកលេសនឹងទន្ទ្រានយកដីខ្មែរផង ក៏ចាត់កម្លាំងទ័ព ៤ម៉ឺននាក់ឲ្យមេទ័ពយួន និងឧកញ៉ា នរេន្ទ្រអឹម នាំឡើងមកវាយស្រុកខ្មែរ។ ទ័ពនេះឡើងរហូតដល់បឹងទន្លេសាប។ ព្រះជ័យចេស្ដាអង្គស៊ូ ជ្រាបដូច្នោះ ក៏ទ្រង់ថយព្រះអង្គទៅគង់នៅខេត្តពោធិ៍សាត់ ទុកទ័ពដែលមានថ្វីដៃប្រយុទ្ធ ៥ពាន់នាក់ ឲ្យនៅថែរក្សារាជធានីឧដុង្គ។
ក្រោយមក ព្រះអង្គទ្រង់កេណ្ឌទ័ពបានចំនួន ៥ម៉ឺននាក់ ហើយចែកជាពីរកង គឺកងជើងគោកស្ថិតក្រោមបញ្ជាការព្រះធម្មរាជា ជាព្រះរាជបុត្ររបស់ព្រះអង្គ និងទ័ពជើងទឹក ស្ថិតក្រោមបញ្ជាការសម្ដេចព្រះកែវហ្វាអង្គអឹម ជាព្រះភាគិនេយ្យាផង និងត្រូវជាព្រះសុណិសារបស់ព្រះអង្គផង។ ទ័ពខ្មែរទាំងពីរកងនេះ បានលើកទៅប្រសព្វគ្នានៅកំពង់ឆ្នាំង រួចវាយសន្ធាប់ទ័ពយួន ឲ្យបាក់បរាជ័យ ហើយដកថយតាមទន្លេមេគង្គត្រឡប់ទៅវិញ។ ឯឧកញ៉ា នរេន្ទ្រអឹម ជាមន្ត្រីក្បត់ ត្រូវគេចាប់ខ្លួនបាន ហើយត្រូវទទួលទោសប្រហារជីវិតបង់។ ចំណែកទ័ពយួន ដែលបាក់ទៅនេះ មិនព្រមត្រឡប់ទៅស្រុកយួន វិញទេ ពួកគេបែរជាក្រាញនៅក្នុងដីខ្មែរត្រង់ព្រៃគរ ព្រៃនគរសព្វថ្ងៃ កំពង់ស្រកាត្រី និងបារៀ ហើយស្ដេចយួន ក៏បានបញ្ជាឲ្យរៀបចំទឹកដីខ្មែរត្រង់តំបន់នោះ យកជាកម្មសិទ្ធិរបស់គេ ហើយប្រមូលប្រជាជនយួនភាគខាងលើពីក្វាងប៊ិញ ឲ្យមកតាំងលំនៅលើទឹកដីថ្មីនេះផង។
ឯខាងជនជាតិចិន ដែលមានចំនួនកើនកាន់តែច្រើនឡើងៗនោះ ត្រូវស្ដេចយួន តម្រូវឲ្យចូលសញ្ជាតិយួន ទាំងអស់។ ចាប់ពីពេលនោះមក យួន បានកាន់កាប់តំបន់ខាងលើនេះជាផ្លូវការ ដោយមានទីបញ្ជាការធំនៅព្រៃគរ គឺព្រៃនគរសព្វថ្ងៃ។ ចំណែកខាងដីខ្មែរភាគខាងក្រោមទៀត គឺត្រង់ខេត្តមេស ក៏យួន បានដាក់អំណាចត្រួតត្រារួចហើយដែរ តែនៅក្រៅផ្លូវការនៅឡើយ។
នៅដំណាច់ឆ្នាំ១៦៩៩ ព្រះជ័យចេស្ដាអង្គស៊ូ បានបញ្ចប់រាជ្យលើកទីពីររបស់ព្រះអង្គ ដោយព្រះអង្គបានដាក់រាជ្យ ហើយបង្វែររាជ្យសម្បត្តិនេះថ្វាយទៅព្រះកែវហ្វាអង្គអឹម ជាបុត្រប្រសារបស់ព្រះអង្គដែលមានស្នាព្រះហស្តបានវាយឈ្នះទ័ពយួន ហើយបានទាំងចាប់ឧកញ៉ា នរេន្ទ្រអឹម ដែលជាមន្ត្រីក្បត់នោះផង។
គ.២៦-១ សម្ដេចព្រះកែវហ្វាអង្គអឹម (ឆ្នាំ១៦៩៩-ឆ្នាំ១៧០១ រាជ្យលើកទី១)
សម្ដេចព្រះកែវហ្វាអង្គអឹម ជាព្រះរាជបុត្ររបស់ព្រះមហាឧបយោរាជអង្គនន់ ព្រះអង្គទ្រង់ឡើងគ្រងរាជ្យសម្បត្តិបន្តពីព្រះស្ថរ្សោ គឺបិតាក្មេកនៅព្រះរាជវាំងភាក់ ខេត្តពោធិ៍សាត់ ទ្រង់ព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចស្ដេចព្រះរាជឱង្ការព្រះកែវហ្វាបរមបពិត្រ។ ខ្លះហៅថាព្រះអង្គអឹមទីមួយ។
ចំណែកខាងព្រះស្ថរ្សោ គឺព្រះជ័យចេស្ដាអង្គស៊ូ វិញ ពេលនោះព្រះអង្គទ្រង់យាងទៅសាងផ្នួសនៅវត្តពោធិ៍មានបុណ្យ បានបីថ្ងៃ ក៏លាចាកសិក្ខាបទមកវិញ ហើយមកគង់នៅវាំងភាក់ ក្នុងខេត្តពោធិ៍សាត់ នោះដែរ។
ព្រះបាទសម្ដេចព្រះកែវហ្វាអង្គអឹម ទ្រង់សោយរាជ្យសម្បត្តិបានតែប្រមាណជាងមួយឆ្នាំប៉ុណ្ណោះ ដោយទ្រង់ឈ្វេងយល់ថា ព្រះបិតាក្មេកទ្រង់មានព្រះគុណលើរូបព្រះអង្គ ព្រះអង្គក៏ថ្វាយរាជ្យសម្បត្តិនោះទៅព្រះបិតាក្មេក គឺព្រះជ័យចេស្ដាអង្គស៊ូ វិញ។ ឯកសារខ្លះថា មកពីព្រះអង្គមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងប្រទេស ទើបព្រះបិតាក្មេកទ្រង់ដកយករាជ្យសម្បត្តិមកវិញនៅឆ្នាំ១៧០១ នៃគ.ស។
គ.២៤-៣ ព្រះជ័យចេស្ដាអង្គស៊ូ (ឆ្នាំ១៧០១-ឆ្នាំ១៧០២ រាជ្យលើកទី៣)
ព្រះជ័យចេស្ដាអង្គស៊ូ ព្រះអង្គទ្រង់បានឡើងសោយរាជ្យជាលើកទី៣ បន្ទាប់ពីសម្ដេចព្រះកែវហ្វាអង្គអឹម ជាព្រះសុណិសា ទ្រង់ថ្វាយរាជ្យមកព្រះអង្គវិញប្រមាណក្នុងឆ្នាំ១៧០១ នៃគ.ស នៅរាជវាំងភាក់ ខេត្តពោធិ៍សាត់។
ព្រះរាជពង្សាវតារមហាបុរសខ្មែរបានបញ្ជាក់ថា នៅក្នុងរាជ្យទីបីរបស់ព្រះអង្គនេះ ព្រះជ័យចេស្ដាអង្គស៊ូ ទ្រង់ព្រះចិន្តាថា ព្រះស្រីធម្មរាជា ជាព្រះរាជបុត្រារបស់ព្រះអង្គទ្រង់ចម្រើនវ័យធំឡើងហើយ ឫកពាកិរិយាក៏សមរម្យ ព្រះអង្គក៏ទ្រង់ត្រាស់អនុញ្ញាតបង្ហាត់ឲ្យព្រះរាជបុត្រាហាត់បម្រុងស្រដីរាជការផែនដីជំនួសព្រះអង្គ ដើម្បីឲ្យស្ទាត់ជំនាញការធ្ងន់ស្រាលនានា។ ឯកសាររបស់ លោក ដូហ្វាំង មើនីញេ (Dauphin-Meunier) និងលោក ត្រឹង ងា បានបន្ថែមថា ក្នុងរាជ្យនោះមានការបះបោររបស់មន្ត្រីម្នាក់ឈ្មោះ គឹម ដែលមានយួន គាំទ្រ។ ដំបូងព្រះអង្គត្រូវភៀសទៅពោធិ៍សាត់ ជាមួយបរិវារ ក្រោយមកមានជ័យជម្នះ ហើយចាប់មេបះបោរឈ្មោះ គឹម នោះបាន។ នៅឆ្នាំ១៧០២ នៃគ.ស ព្រះជ័យចេស្ដាអង្គស៊ូ ទ្រង់ដាក់រាជ្យសម្បត្តិ ហើយប្រគល់រាជ្យសម្បត្តិនេះឲ្យទៅព្រះធម្មរាជា ជាព្រះរាជបុត្រាព្រះអង្គសោយរាជ្យជំនួសវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។