ប្រវត្តិ​ខេត្ត​ខ្មែរ​ភាគ​ខាង​លិច​មួយ​ចំនួន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​សៀម (ភាគ​៥៨)

ដោយ ជុន ច័ន្ទបុត្រ
2015-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ទាញ​យក​កម្មវីធី

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ​អេង ខេត្ត​ខ្មែរ​ភាគ​ខាង​លិច​មួយ​ចំនួន គឺ​ខេត្ត​បាត់ដំបង មហា​នគរ​សៀមរាប សំណាត់ ចុងកាល់ មោងឫស្សី ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម នៅ​ឆ្នាំ​១៧៩៥។ ទឹក​ដី​នេះ ត្រូវ​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​សៀម រហូត​ដល់​ឆ្នាំ​១៩០៧ ទើប​ប្រគល់​ឲ្យ​ខ្មែរ​វិញ។

គ.៣៤ ព្រះអង្គ​អេង (ឆ្នាំ​១៧៧៩-ឆ្នាំ​១៧៩៦)

ក្រោយ​ពី​បាន​ធ្វើ​គត់​ព្រះអង្គ​នន់​ទី​២ ដែល​មាន​និន្នាការ​ខាង​សៀម រួច​ហើយ ចៅហ្វា​ម៉ូ ដែល​មាន​និន្នាការ​ខាង​យួន បាន​លើក​ខ្លួន​ឯង​ជា​សម្ដេច​ចៅហ្វា​មហារាជ ហើយ​បាន​ថ្វាយ​រាជ្យ​សម្បត្តិ​ទៅ​ព្រះអង្គ​អេង ព្រះរាជបុត្រ​ព្រះ​មហា​រាជ​អង្គ​តន់ ព្រះជន្ម ៦​ព្រះ​វស្សា ឲ្យ​ឡើង​សោយរាជ្យ​នៅ​ឧត្តុង្គ​ក្នុង​ឆ្នាំ​១៧៧៩ ប៉ុន្តែ​កិច្ចការ​ដែនដី​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​សម្ដេច​ចៅហ្វា​មហា​រាជ​ម៉ូ ទាំងអស់។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ​អេង នេះ ប្រទេស​ខ្មែរ​មាន​កើត​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង ដោយសារ​មន្ត្រី​បី​រូប​ដែល​មាន​ចិត្ត​លោភលន់​ដណ្ដើម​បុណ្យ​ស័ក្តិ លាភ​សក្ការៈ​គ្នា គឺ ម៉ូ ស៊ូ និង​បែន ដែល​មាន​សៀម និង​យួន ជា​អ្នក​លូក​ដៃ​កកូរកកាយ​ផង។ យ៉ាង​ណា​មិញ ពេល​ដែល​ចៅហ្វា​ម៉ូ ដែល​ធ្លាប់​មាន​ការ​គាំទ្រ​ពី​យួន បាន​ឡើង​កាន់​អំណាច​ហើយ ក៏​បាន​ដាក់​ឧកញ៉ា​យមរាជ​បែន ជា​មន្ត្រី​ខាង​ព្រះអង្គ​នន់​ទី​២ ដែល​សៀម ធ្លាប់​គាំទ្រ ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ឧកញ៉ា​តេជោ​ទែន ជា​ប្អូន​របស់​ខ្លួន​នៅ​ខេត្ត​កំពង់ស្វាយ។

ព្រះចៅ​តាកស៊ីន ប្រទេស​សៀម បាន​ជ្រាប​ដំណឹង​នេះ ទ្រង់​ខ្ញាល់​នឹង​ឧកញ៉ា​យមរាជ​បែន មន្ត្រី​រនុក​ក្នុង​របស់​ព្រះអង្គ​នៅ​ប្រទេស​កម្ពុជា ថា​បណ្តែតបណ្តោយ​ឲ្យ​សត្រូវ​ធ្វើ​គត​ព្រះអង្គ​នន់​ទី​២ បាន។ ព្រះអង្គ​ក៏​ធ្វើ​រាជសារ​ឲ្យ​ព្រះ​កែវ​ដួង ដែល​សៀម បាន​ឃាត់​ទុក​នៅ​ស្រុក​សៀម តាំង​ពី​រាជ​ព្រះ​ឧទ័យ​រាជា​អង្គ​តន់ នោះ នាំ​យក​មក​ជូន​សម្ដេច​ចៅហ្វា​មហា​រាជ​ម៉ូ សុំ​នាំ​យក​ឧកញ៉ា​យមរាជ​បែន ទៅ​ប្រទេស​សៀម។

សៀម ធ្វើ​ទោស​បែន ដោយ​វាយ​មួយ​រយ​ខ្វាប់ និង​ចៀរ​ស្លឹក​ត្រចៀក​ទាំង​សង​ខាង។ ម៉្យាង​ទៀត​ដោយ​មិន​សព្វ​ព្រះទ័យ​នឹង​រាជ្យ​សម្បត្តិ​បាន​ទៅ​ព្រះអង្គ​អេង ជា​រាជបុត្រ​ព្រះអង្គ​តន់ ដែល​ធ្លាប់​ច្បាំង​នឹង​ខ្លួន​ផង ព្រះចៅ​សៀម​តាកស៊ីន ក៏​បង្កើត​លេស​ចោទ​ថា ខ្មែរ​ចូល​ខាង​យួន ហើយ​បញ្ជា​ទ័ព​សៀម ២​ម៉ឺន ៧​ពាន់​នាក់ ឲ្យ​លុកលុយ​ចូល​ប្រទេស​កម្ពុជា ជា​បី​ផ្លូវ ដឹក​នាំ​ដោយ​ពញា​ចក្រី​ដួង មហា​ក្រស័ត​សឹក និង​ពញា​សី​សីហ៍ ព្រម​ទាំង​ព្រះអង្គ​ណយ ដែល​ជា​បុត្រ​ផ្ទាល់​របស់​ព្រះចៅ​តាកស៊ីន ដែល​ទើប​នឹង​សឹក​ពី​បួស ហើយ​នាំ​ទាំង​យមរាជ​បែន មក​ជាមួយ​ផង។

ព្រះចៅ​សៀម ទ្រង់​ផ្តែផ្តាំ​ថា បើ​វាយ​ឈ្នះ​ខ្មែរ​ហើយ ឲ្យ​ដាក់​ព្រះអង្គ​ណយ បុត្រ​ព្រះអង្គ​សោយរាជ្យ​នៅ​កម្ពុជា ដូច​កាល​ស្ដេច​សៀម ធ្លាប់​បាន​ធ្វើ​ចំពោះ​កម្ពុជា នៅ​សម័យ​អង្គរ​ដូច្នោះ​ដែរ។ ចំណែក​ខាង​សម្ដេច​ចៅហ្វា​មហារាជ​ម៉ូ លុះ​ដឹង​ថា​សៀម លើក​ទ័ព​មក​ច្រើន​ផ្លូវ​ដូច្នោះ ក៏​នាំ​ស្ម័គ្រ​បក្ខពួក​ដក​ខ្លួន​ថយ​ចេញ​ពី​រាជវាំង​ឧត្តុង្គ មក​បោះ​បន្ទាយ​នៅ​ភ្នំពេញ ហើយ​ចាត់​បម្រើ​ឲ្យ​ទៅ​ស្រុក​យួន សុំ​កម្លាំង​យួន ឲ្យ​ជួយ​ច្បាំង។ ព្រះចៅ​យ៉ាឡុង ប្រទេស​យួន ក៏​បញ្ជូន​ទ័ព​មក​ជួយ​តាម​ការ​ស្នើសុំ។

ទ័ព​សៀម ចូល​មក​វាយ​លុក​ប្រទេស​ខ្មែរ​លើក​នេះ​អស់​រយៈពេល​បី​ខែ ប៉ុន្តែ​ក្នុង​ពេល​កំពុង​ច្បាំង​ទល់​នឹង​ទ័ព​ខ្មែរ ដែល​មាន​យួន ជា​ជំនួយ​នោះ ស្រាប់​តែ​នៅ​ឯ​ប្រទេស​សៀម ឯណោះ​មាន​វិបត្តិ​មួយ​យ៉ាង​ធំ​កើត​ឡើង គឺ​ព្រះចៅ​តាកស៊ីន ទ្រង់​ឡប់​សតិ​ទៅ​ជា​វិកល​ចរិត។ មេ​ទ័ព​សៀម គឺ​ឧកញ៉ា​ចក្រី​ដួង ក៏​ដក​ទ័ព​ពី​កម្ពុជា ត្រឡប់​ទៅ​ប្រទេស​សៀម វិញ​យ៉ាង​ប្រញាប់ នាំ​ទាំង​ព្រះរាជបុត្រ​នាម​ចៅ​ណយ ទៅ​ជាមួយ​ផង។ ឯ​ឧកញ៉ា​បែន មន្ត្រី​ខ្មែរ​ដែល​មាន​បង្អែក​សៀម ក៏​ត្រឡប់​ទៅ​ស្រុក​សៀម វិញ​ដែរ។ ទីបំផុត ព្រះចៅ​តាកស៊ីន ព្រះរាជបុត្រ និង​ព្រះ​ញាតិ​ត្រូវ​ចាប់​ឃុំឃាំង ហើយ​ត្រូវ​ប្រហារ​ជីវិត​ទាំងអស់។ ឧកញ៉ា​ចក្រី​ដួង មេ​ទ័ព​សៀម ក៏​ប្រកាស​ខ្លួន​ជា​ស្ដេច​ព្រះនាម​សម្ដេច​ព្រះពុទ្ធ​យ៉ត​ហ្វា​ចូឡា​លោក។

ពិត​មែន​តែ​សង្គ្រាម​រវាង​ខ្មែរ​សៀម បាន​ស្ងប់ ហើយ​ទ័ព​យួន ក៏​ត្រឡប់​ទៅ​ស្រុក​វិញ​មែន ប៉ុន្តែ​ក្នុង​ឆ្នាំ​១៧៨២ នៅ​ប្រទេស​ខ្មែរ​ឯណេះ ជម្លោះ​បែក​បាក់​គ្នា​បាន​កើត​មាន​ឡើង​រវាង​ម្ខាង គឺ​ពញា​ស៊ូ ជា​មន្ត្រី​ពូកែ​ល្បិច​ខាង​បំបែក​បំបាក់ មាន​បំណង​ផ្ដួល​រំលំ​សម្ដេច​ចៅហ្វា​ម៉ូ និង​ឧកញ៉ា​ចក្រី​ពាង ជា​ប្អូន ដើម្បី​ដណ្ដើម​អំណាច។ ស៊ូ បាន​ផ្ញើ​លិខិត​ទៅ​ជូន​កែវ​ដួង ដែល​នៅ​ស្រុក​សៀម ឲ្យ​ទូល​ស្ដេច​សៀម សុំ​យក​ឧកញ៉ា​យមរាជ​បែន ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ដើម្បី​រួម​កម្លាំង​ជាមួយ​ខ្លួន​កម្ចាត់​ចៅហ្វា​ម៉ូ និង​បក្ខពួក​ទាំងអស់​ដែល​មាន​និន្នាការ​ខាង​យួន ចេញ​ឲ្យ​អស់។ ស្រប​តាម​បំណង​របស់​ខ្លួន ស្ដេច​សៀម ក៏​បញ្ជូន​ឧកញ៉ា​បែន នេះ​មក​ស្រុក​ខ្មែរ​វិញ​តាម​ការ​ស្នើសុំ។

ពេល​បែន ត្រឡប់​ពី​សៀម ស៊ូ ទៅ​ទទួល ហើយ​នាំ​ទៅ​ជួប​សម្ដេច​ចៅហ្វា​ម៉ូ ហើយ​ភរ​ម៉ូ ថា បែន បាន​លប​រត់​គេច​ពី​ស្រុក​សៀម មក ព្រោះ​ស្អប់​ស្ដេច​ដែល​ធ្វើ​បាប​ខ្លួន។ ម៉ូ ដែល​មាន​និន្នាការ​យួន មិន​បាន​ដឹង​ល្បិច​នេះ ពេល​ឮ​ថា​បែន បែក​ចិត្ត​ពី​សៀម គាត់​អរ​ណាស់ ក៏​រៀបចំ​ពិធី​ជប់លៀង​មួយ​យ៉ាង​ធំ។ ក្នុង​ពិធី​ជប់លៀង​នោះ ស៊ូ និង​បែន ក៏​នាំ​ស្ម័គ្រ​បក្ខពួក​ដែល​ខ្លួន​បាន​ត្រៀម​បង្កប់​ជា​ស្រេច វាយ​លុក​សម្លាប់​បក្ខពួក​ចៅហ្វា​ម៉ូ ដែល​ផឹក​ស្រវឹង​សប្បាយ​ភ្លេច​ខ្លួន​ស្លាប់​ទាំងអស់។ ចំណែក​ខាង​ចៅហ្វា​ម៉ូ ពេល​អាសន្ន​នោះ បាន​រត់​គេច​ខ្លួន​ទៅ​ពួន​នៅ​ខេត្ត​បាសាក់ តែ​ត្រូវ​គេ​ចាប់​បាន ហើយ​ប្រហារ​ជីវិត​ម៉ូ ទាំង​ជំទាវ​ឡង់ ផង។

ពេល​សម្លាប់​ចៅហ្វា​ម៉ូ បាន​ហើយ ស៊ូ ក៏​លើក​ខ្លួន​ឯង​ជា​ធំ​ស្រដី​ការ​នៅ​ក្រុង​ឧត្តុង្គ​មានជ័យ។ ក្រោយ​នោះ​បន្តិច សម្ដេច​ចៅពញា​ស៊ូ នេះ​មាន​ចិត្ត​រង្កៀស​នឹង​យមរាជ​បែន ដែល​ជា​ដៃគូ​ខ្លួន​ទៀត ហើយ​រក​វិធី​សម្លាប់​យមរាជ​បែន ចោល។ តែ​បែន ដឹង​មុន ក៏​នាំ​ស្ម័គ្រ​បក្ខពួក​សម្លាប់​ចៅ​ពញា​ស៊ូ កូន​ប្រពន្ធ និង​បក្ខពួក​បាន​ទាំងអស់ ហើយ​បែន ក៏​ប្រកាស​ខ្លួន​ជា​សម្ដេច​ចៅហ្វា​ទឡ្ហះ សម្រេច​ផែនការ​ផែនដី​នៅ​ក្រុង​ឧត្តុង្គ​មានជ័យ ហើយ​ចាត់​មន្ត្រី​ដប់​នាក់​ឲ្យ​នាំ​ព្រះ​ខ័ន​ជ័យ​របស់​ខ្មែរ យក​ទៅ​ថ្វាយ​ព្រះចៅ​យ៉ត​ហ្វា​ស្ដេច​សៀម។ សៀម បាន​ចាត់​ទុក​ថា ប្រទេស​កម្ពុជា ជា​ចំណុះ​របស់​ខ្លួន​តាំង​ពី​ពេល​នោះ​មក។

ថ្ងៃ​ក្រោយ​មក បែន បាន​បញ្ជា​ទ័ព​ឲ្យ​លើក​ទៅ​ចាប់​ឧកញ៉ា​ទែន ជា​ប្អូន​ចៅហ្វា​ម៉ូ ទៀត ប៉ុន្តែ​ត្រូវ​ឧកញ៉ា​តេជោ​ទែន ដែល​មាន​ស្ដេច​ត្រាញ់ ចៅហ្វាយ​ខេត្ត​ត្បូងឃ្មុំ និង​អាជ្ញាហ្លួង​ដែល​ជា​បក្ខពួក​ខាង​ឧកញ៉ា​ស៊ូ (ដែល​បែន បាន​សម្លាប់) រួម​ដៃ​ផង លើក​ទ័ព​ច្បាំង ហើយ​ធ្វើ​ដំណើរ​រុល​មក​ព័ទ្ធ​ក្រុង​ឧត្តុង្គ។

ចៅហ្វា​ទឡ្ហះ​បែន ឃើញ​ហេតុ​អាសន្ន​ដូច្នោះ ក៏​បញ្ជូន​ឧកញ៉ា​ក្រឡា​ហោម​ប៉ុក ជា​ព្រះធម្មបិតា នាំ​ព្រះអង្គ​អេង និង​ព្រះ​ញាតិវង្ស​ភៀស​ទៅ​ស្រុក​សៀម។ បន្ទាប់​មក​ទៀត ស្ដេច​សៀម ទ្រង់​ប្រោស​ចៅហ្វា​បែន ឲ្យ​ឡើង​យសស័ក្ដិ​ជា “ពញា​អភ័យ​ធិបេស​វិសេស​សង្គ្រាម” ហើយ​ឲ្យ​ដឹក​នាំ​ទ័ព​ចាម ជាមួយ​មន្ត្រី​សៀម-ខ្មែរ​ឯ​ទៀត មក​ច្បាំង​កម្ចាត់​ចៅហ្វា​ទែន ដែល​បាន​ទៅ​ពឹង​យួន មក​ជួយ​ច្បាំង ហើយ​បោះ​ទីតាំង​នៅ​ឧត្តុង្គ​នោះ។

ទ័ព​សៀម-ខ្មែរ ច្បាំង​នឹង​ទ័ព​យួន-ខ្មែរ នៅ​ក្នុង​ប្រទេស​កម្ពុជា ជាច្រើន​លើក​ច្រើន​សា។ ទីបំផុត ទ័ព​ចៅហ្វា​បែន (ខាង​សៀម) បាន​ទទួល​ជោគជ័យ ហើយ​បែន ចាប់​ចៅហ្វា​ទែន បញ្ជូន​ទៅ​ថ្វាយ​ស្ដេច​សៀម ឯ​ក្រុង​ទេពបុរី។

ឯកសារ​មហា​បុរស​ខ្មែរ​បាន​រៀបរាប់​ថា ក្រោយ​ពី​បែន បាន​ជោគជ័យ​លើ​ចៅហ្វា​ទែន ហើយ ស្ដេច​យួន ដែល​ត្រូវ​ពួក​បះបោរ​តៃសឺន វាយ​រំលំ ហើយ​ភៀស​ខ្លួន​ទៅ​ពឹង​សៀម ឲ្យ​ជួយ​វាយ​ដណ្ដើម​រាជបល្ល័ង្គ​វិញ តែ​សៀម ជួយ​មិន​បាន​សម្រេច​នោះ បាន​ផ្ញើ​សារ​មក​សុំ​ជំនួយ​ពី​ពញា​អភ័យ​ធិបេស​បែន។ បែន បាន​បញ្ជូន​ទ័ព​ខ្មែរ​ត្រឡប់​មក​ស្រុក​វិញ ឯ​ព្រះអង្គ​វាយ​បន្ត​ទៅ​យក​ក្រុង​វ៉េ ទៀត។ ឯ​បែន ក៏​បោះ​បន្ទាយ​យ៉ាង​មាំ​នៅ​ឧត្តុង្គ ហើយ​កាន់​កាប់​កិច្ចការ​ផែនដី​ប្រទេស​កម្ពុជា ត​មក។

ឆ្នាំ​១៧៩២ ព្រះចៅ​យ៉ត​ហ្វា​ស្ដេច​សៀម បាន​ផ្ញើ​សារ​បញ្ជា​ឲ្យ​ចៅ​ពញា​បែន កេណ្ឌ​រាស្ត្រ​ខ្មែរ​មួយ​ម៉ឺន​នាក់​យក​ទៅ​ជីក​ស្រះ​ប្រឡាយ​នៅ​ក្រុង​ទេពបុរី។ រាស្ត្រ​ខ្មែរ​កើត​ក្តី​ក្តៅ​ក្រហាយ​នឹង​ការ​ជិះ​ជាន់​របស់​ពញា​បែន យ៉ាង​ខ្លាំង ក៏​ប្ដឹង​ទៅ​ព្រះ​កែវ​ដួង ចៅហ្វា​ទែន ក្រឡា​ហោម​ប៉ុក មន្ត្រី​ខ្មែរ​ដែល​ស្ដេច​សៀម ថែរក្សា​នៅ​ក្រុង​ទេពបុរី នោះ ឲ្យ​ទូល​សុំ​ស្ដេច​សៀម អនុញ្ញាត​ថ្វាយ​ព្រះអង្គ​អេង បាន​វិល​ត្រឡប់​មក​គ្រប់គ្រង​ក្រុង​កម្ពុជា វិញ ដើម្បី​ឲ្យ​រាស្ត្រ និង​ពុទ្ធសាសនិក​បាន​សុខ​រៀង​ទៅ។ ស្ដេច​សៀម ក៏​យល់ព្រម​តាម​សំណើ។

ឆ្នាំ​១៧៩៣ ព្រះ​ពុទ្ធ​យ៉ត​ហ្វា ទ្រង់​បំបួស​ព្រះអង្គ​អេង និង​បុត្រ​ព្រះអង្គ​ពីរ​អង្គ​ទៀត។ បួស​បាន​មួយ​វស្សា ក៏​ចាក​ផ្នួស​មក​វិញ។ ឆ្នាំ​១៧៩៤ ស្ដេច​សៀម ក៏​បាន​រៀបចំ​អភិសេក​ព្រះអង្គ​អេង ជា​ស្ដេច​ផែនដី​ក្រុង​កម្ពុជា នៅ​ក្រុង​ទេពបុរី ប្រទេស​សៀម ហើយ​ថ្វាយ​ព្រះនាម​ថា សម្ដេច​ព្រះ​នារាយ៍​រាមាធិបតី​សិរី​សុរិយោ​ពណ៌ ហើយ​ក្រឡាហោម​ប៉ុក ជា​ព្រះធម្មបិតា ត្រូវ​តែងតាំង​ជា​សម្ដេច​ចៅហ្វា​ទឡ្ហះ ជំនួស​ចៅហ្វា​បែន ដែល​ត្រូវ​តាំង​ជា​ស្ដេច​ត្រាញ់​ឈរ​ត្រួត​ខេត្ត​បាត់ដំបង មាន​ងារ​ជា​ចៅ​ពញា​អភ័យ​ធិបេស​វិសេស​សង្គ្រាម នោះ។ ព្រះចៅ​សៀម ទ្រង់​ថ្វាយ​ព្រះ​ខ័ន និង​គ្រឿង​ឥស្សរិយយស​ទាំងអស់​មក​វិញ រួច​បញ្ជា​ទ័ព​ខ្មែរ-សៀម ដង្ហែ​ព្រះអង្គ​អេង វិល​ត្រឡប់​មក​កម្ពុជា វិញ។ មក​ដល់​ប្រទេស​កម្ពុជា ព្រះអង្គ​ត្រូវ​រៀបចំ​អភិសេក​ម្តង​ទៀត។

ចំណែក​ពញា​បែន “ខ្មែរ​ខ្ញុំ​សៀម” ដែល​សៀម តាំង​ជា​ស្ដេច​ត្រាញ់​លើ​ខេត្ត​បាត់ដំបង នោះ មិន​ព្រម​ធ្វើ​ការ​ជា​ចំណុះ​ក្រុង​កម្ពុជា ទេ។ ពញា​បែន លប​សរសេរ​សំបុត្រ​ទៅ​ទូល​ស្ដេច​សៀម ឲ្យ​សុំ​ខេត្ត​បាត់ដំបង សៀមរាប ឡើង​ផ្តាច់​ទៅ​សៀម។ ស្រប​តាម​គំនិត​សៀម ដែល​ប៉ង​លេប​ទឹក​ដី​ខ្មែរ​ឲ្យ​សូន្យ​ផង ស្ដេច​សៀម ក៏​ធ្វើ​សារ​ផ្ញើ​មក​ព្រះអង្គ​អេង។ ដំបូង​ព្រះអង្គ​អេង មិន​ព្រម​ប្រគល់​ឲ្យ​ទេ តែ​ដល់​ស្ដេច​សៀម គំរាម​ជាច្រើន​លើក ហើយ​ដាក់​ការ​គាប​សង្កត់​ផ្សេងៗ​ទៀត​ផង ព្រះអង្គ​អេង ក៏​ព្រម​ប្រគល់​ឲ្យ ប៉ុន្តែ​បាន​បញ្ជាក់​ថា សុំ​ថ្វាយ​តែ​មួយ​រាជ្យ​ព្រះចៅ​យ៉ត​ហ្វា ប៉ុណ្ណោះ។

គឺ​ដោយសារ​តែ​ខ្មែរ​បែក​បាក់​គ្នា ចៅ​ពញា​បែន លោភលន់​ឥត​អៀន​ខ្មាស​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ទឹក​ដី​ខ្មែរ គឺ​ខេត្ត​បាត់ដំបង មហា​នគរ​សៀមរាប សំណាត់ ចុងកាល់ មោងឫស្សី ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​សៀម នៅ​ឆ្នាំ​១៧៩៥ ហើយ​ទឹក​ដី​នេះ​ត្រូវ​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​សៀម រហូត​ដល់​ឆ្នាំ​១៩០៧ ទើប​ប្រគល់​ឲ្យ​ខ្មែរ​វិញ។

ឯកសារ​មហា​បុរស​ខ្មែរ​បញ្ជាក់​ថា ឆ្នាំ​១៧៩៥ ព្រះអង្គ​អេង បាន​យាង​ទៅ​ប្រទេស​សៀម ហើយ​គង់​នៅ​ទីនោះ​អស់​រយៈពេល​ពីរ​ខែ ដើម្បី​សុំ​ទាមទារ​យក​ដី​ខ្មែរ​ខាង​លើ​មក​វិញ ប៉ុន្តែ​សៀម មិន​ព្រម​ប្រគល់​ឲ្យ។

ព្រះអង្គ​ក៏​យាង​ត្រឡប់​មក​វិញ ហើយ​បាន​តែ​មួយ​ឆ្នាំ​ក្រោយ​ប៉ុណ្ណោះ ព្រះអង្គ​ទ្រង់​ប្រឈួន ហើយ​សុគត​ក្នុង​ព្រះជន្ម ២៥​ព្រះ​វស្សា។ ព្រះ​អដ្ឋិធាតុ​ព្រះអង្គ​ត្រូវ​បាន​គេ​បញ្ចុះ​នៅ​ចេតិយ​ទន្ទឹម​ខាង​កើត នៅ​លើ​ភ្នំ​ព្រះរាជទ្រព្យ គឺ​ភ្នំ​ឧត្តុង្គ​សព្វថ្ងៃ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

វិចិត្រា

ពី ភ្នំពេញ

សូមវិទ្យុអាស៊ីសេរី មេត្តាចេញផ្សាយភាគបន្តផង ខ្ញុំចូលចិត្តស្ដាប់ប្រវត្តិសាស្ត្រខ្មែរណាស់។ សូមអរគុណ។

Jan 27, 2017 10:33 AM

អ្នក​អាន​អនាមិក

សូមRFA មេត្តាបន្តផ្សាយនាទីប្រវត្តិសាស្ត្រខ្មែរ ឲ្យបានជាបន្តជាប់លាប់ផងព្រោះវាមានសារៈសំខាន់សម្រាប់ប្រជាជនខ្មែរទាំងអស់

Dec 11, 2016 07:07 AM

Vatana

ពី Phnom Penh

បើចង់មើលប្រវត្តិសាស្ត្រអស់នេះ សូមមើលឯកសារ​មហា​បុរសខ្មែរទៅ មានមិនខ្វះទេ។

Nov 06, 2016 11:20 AM

អ្នក​អាន​អនាមិក

តើនៅមានវគ្គបន្តទៀតទេ?ខ្ញំុពិតជាចង់ស្តាប់បន្ថែមណាស់

Oct 08, 2016 04:39 AM

ឌិ​ន សារ៉ែន

ពី ភ្នំពេញ

តើមានជាសៀវដែលឫទេ បើមានតើខ្ញុំធ្វើយ៉ាងណាដើម្បីបានសៀវនេះ?

Aug 17, 2016 11:13 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល