ជម្លោះដណ្ដើមរាជបល្ល័ង្គរវាងព្រះរាជាខ្មែរពីរព្រះអង្គ ដែលត្រូវជាមា និងក្មួយនឹងគ្នា នៅក្រោយសម័យអង្គរ បានផ្តល់ឱកាសអោយស្ដេចថៃ លូកដៃចូលធ្វើអន្តរាគមន៍។
ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូននូវដំណាក់កាលនៃការគ្រងរាជ្យរបស់ព្រះបាទស្រីសុរិយោទ័យ ជាស្ដេចជ្រែករាជ្យ និងព្រះបាទធម្មរាជា ដែលមានមាតាជាជនជាតិសៀម និងជាស្ដេចដែលធ្វើឲ្យបាត់បង់ខេត្តខ្មែរពីរទៅប្រទេសសៀម៖
គ.៣ ព្រះបាទស្រីសុរិយោទ័យ (ឆ្នាំ១៤៧៣-ឆ្នាំ១៤៨៥)
ព្រះបាទស្រីសុរិយោទ័យ ជាព្រះរាជបុត្ររបស់ព្រះបាទនារាយណ៍រាជា។ ក្រោយពីបិតាព្រះអង្គទ្រង់ចូលទិវង្គតទៅ ហើយព្រះរាជវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតីមន្ត្រីទាំងពួង យាងព្រះស្រីរាជាអោយឡើងសោយរាជ្យស្នងព្រះជេដ្ឋានោះមក ព្រះអង្គមានកំហឹងយ៉ាងខ្លាំង។ ឆ្លៀតឱកាសដែលព្រះស្រីរាជា ជាព្រះបិតុលា ឬមា និងជាស្ដេចសោយរាជ្យ ជាប់ដៃនាំទ័ពទៅច្បាំងជាមួយសៀម ដើម្បីដណ្ដើមទឹកដីខ្មែរភាគខាងលិចមកវិញ ព្រះស្រីសុរិយោទ័យ ក៏បានករទ័ពបានយ៉ាងច្រើន រួចវាយទន្ទ្រានយកបានខេត្តមួយចំនួននៅភាគខាងកើតឆៀងខាងជើងនៃប្រទេស ដែលអ្នកប្រវត្តិវិទូខ្លះថា ត្រង់តំបន់ចេនឡាដីគោកពីដើម ហើយឡើងសោយរាជ្យនៅទីនោះ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះរាជឱង្ការ ព្រះស្រីសុរិយោទ័យរាជាធិរាជ រាមាបរមបពិត្រ។ ព្រះអង្គទ្រង់យកទួលបាសាន ធ្វើជារាជធានីនៃទឹកដីដែលព្រះអង្គកាន់កាប់។
ព្រះស្រីសុរិយោទ័យរាជាធិរាជ បានដឹកនាំទ័ពធ្វើសឹកសង្គ្រាមជាមួយនឹងព្រះស្រីរាជា ជាព្រះបិតុលាអស់រយៈកាលជាង ១០ឆ្នាំ មិនចាញ់មិនឈ្នះ ធ្វើអោយរាស្ត្រប្រជាវេទនាខ្លោចផ្សាយ៉ាងក្រៃលែង។ នៅពេលដែលដឹងថា ព្រះចៅចក្រពត្តិប្រទេសសៀម បាននាំទ័ពចូលមកស្រុកខ្មែរ តាមសំណូមពរព្រះធម្មរាជា ហើយបានឃាត់ខ្លួនព្រះបិតុលា ស្រីរាជា នោះ ព្រះស្រីសុរិយោទ័យ ជាក្មួយ ទ្រង់ត្រេកអរណាស់។ ពេលដែលព្រះចៅចក្រពត្តិសៀម ទ្រង់យាងព្រះអង្គអោយមកជួប ដើម្បីចរចាសម្រុះសម្រួលគ្នា ព្រះអង្គទ្រង់យាងមកភ្លាម ដោយសង្ឃឹមថា ព្រះចៅចក្រពត្តិស្ដេចសៀម នឹងថ្វាយរាជ្យសម្បត្តិនគរកម្ពុជា នេះ មកអោយព្រះអង្គមិនខាន។
ប៉ុន្តែទីបំផុត ព្រះចៅចក្រពត្តិស្ដេចសៀម ដែលចូលមកធ្វើអន្តរាគមន៍តាមសំណូមពររបស់ព្រះធម្មរាជា ដែលជាបុត្រអ្នកម្នាងស៊ីស៉ាងាម ជាជាតិសៀម ដែរនោះ បានចាប់ព្រះរាជាខ្មែរដែលឈ្លោះដណ្ដើមរាជ្យគ្នាទាំងពីរព្រះអង្គ គឺទាំងមាទាំងក្មួយ បញ្ជូនយកទៅស្រុកសៀម។ ព្រះបាទស្រីសុរិយោទ័យ ទ្រង់សោយទិវង្គតនៅស្រុកសៀម នោះក្នុងឆ្នាំ១៤៨៥ នៃគ.ស គឺក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះក្រោយពីការចូលទិវង្គតរបស់ព្រះស្រីរាជា ជាព្រះបិតុលា។ ឯកសារខ្លះថា ព្រះអង្គទ្រង់សុគតនៅតាមផ្លូវ ពេលដែលសៀមនាំព្រះអង្គយកទៅស្រុកគេនោះ។
គ.៤ ព្រះបាទធម្មរាជា (ឆ្នាំ១៤៧៤-ឆ្នាំ១៥០៤)
ព្រះធម្មរាជា ជាព្រះអនុជរបស់ព្រះនារាយណ៍រាជា និងជាបុត្រពៅរបស់ព្រះពញាយ៉ាត និងមានព្រះមាតាជាជាតិសៀម ឈ្មោះអ្នកម្នាងស៊ីស៉ាងាម។ ក្នុងពេលដែលព្រះស្រីរាជា ជាព្រះជេដ្ឋាជាស្ដេចសោយរាជ្យ ទ្រង់លើកទ័ពទៅធ្វើសឹកសង្គ្រាមជាមួយនឹងសៀម ដើម្បីរំដោះយកខេត្តខ្មែរភាគខាងលិចមកវិញនោះ ព្រះអង្គទ្រង់មាននាទីជាព្រះឧបរាជ ហើយត្រូវទទួលមើលការខុសត្រូវការពាររាជធានីអោយបានមាំមួន។
ក្នុងពេលដែលព្រះសុរិយោទ័យ ទ្រង់បះបោរដណ្ដើមរាជ្យពីព្រះជេដ្ឋាព្រះអង្គ ហើយវាយដណ្ដើមបានខេត្តមួយចំនួននោះ ព្រះធម្មរាជា ទ្រង់បានខ្វល់ខ្វាយចាត់កម្លាំងអោយរក្សាការពារខេត្តបានជាច្រើន ទុកថ្វាយព្រះជេដ្ឋា ហើយថ្វាយដំណឹងនេះទៅព្រះស្រីរាជា ជាព្រះជេដ្ឋា អោយទ្រង់ជ្រាប។ ប៉ុន្តែមិនយូរប៉ុន្មាន ក្រោយពីពេលដែលឃើញថា សង្គ្រាមស៊ីវិលដើម្បីដណ្ដើមរាជ្យគ្នារវាងមា និងក្មួយ គឺរវាងព្រះស្រីរាជា និងព្រះសុរិយោទ័យ អូសបន្លាយកាន់តែយូរទៅផង ហើយទ្រង់បានស្តាប់ពាក្យញុះញង់របស់មន្ត្រីជំនិតរបស់ព្រះអង្គផង ព្រះអង្គក៏ប្រែព្រះទ័យ ហើយព្រមឡើងសោយរាជ្យលើទឹកដីដែលព្រះអង្គកាន់កាប់ ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះធម្មរាជា មហាចក្រពត្រាធិរាជ។
ដើម្បីបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរនេះ និងដើម្បីបានរាជ្យសោយតែមួយអង្គឯងលើកម្ពុជា ទាំងមូលផង ព្រះធម្មរាជា បានធ្វើចុតហ្មាយទៅពឹងព្រះចៅចក្រពត្តិស្ដេចសៀម អោយចូលមកជួយធ្វើអន្តរាគមន៍។ ជាការឆ្លើយតបដល់ការស្នើសុំរបស់ព្រះធម្មរាជា នេះ ក្បួនទ័ពសៀម ធំៗពីរ បានលើកចូលមកកម្ពុជា។ មួយចូលតាមផ្លូវសមុទ្រ ចុះត្រង់ខេត្តពាម ឯទ័ពជើងគោកដែលដឹកនាំផ្ទាល់ដោយព្រះចៅចក្រពត្តិ មកតាមផ្លូវបាត់ដំបង ធ្វើដំណើរត្រង់មកភ្នំពេញ។ ហើយទីបំផុត ដោយព្រះបាទស្រីរាជា ព្រមចុះចូលបញ្ចប់សង្គ្រាមផង ឯព្រះស្រីសុរិយោទ័យ យល់ច្រឡំ ខំចូលទៅជួបព្រះចៅចក្រពត្តិស្ដេចសៀម បំណងបានមកុដរាជ្យតែម្នាក់ឯងផងនោះ ព្រះចៅចក្រពត្តិស្ដេចសៀម ក៏ចាប់យកស្ដេចខ្មែរទាំងពីរព្រះអង្គ នាំយកទៅស្រុកសៀម ដែលមិនយូរប៉ុន្មាន ព្រះអង្គទ្រង់សុគតនៅទីនោះ ហើយថ្វាយរាជ្យសម្បត្តិមកព្រះធម្មរាជា សោយរាជ្យលើនគរកម្ពុជា ទាំងមូលរហូតមក។
នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជា ដែលស្ដេចខ្មែរមួយអង្គត្រូវបានជាតិសៀម គាំទ្រ ហើយលើកអោយឡើងសោយរាជ្យ។ ថ្វីត្បិតតែព្រះអង្គទ្រង់សោយរាជ្យដោយសុខសន្តិភាព ហើយជួយឧបត្ថម្ភគាំទ្រព្រះពុទ្ធសាសនាអោយបានចម្រើន ដូចជា បានសាងនូវព្រះចេតិយ ដើម្បីតម្កល់ព្រះសារីរិកធាតុ នៅខេត្តអាសន្ទុក ហើយមានព្រះហឫទ័យប្រាថ្នាចង់បានជាពុទ្ធភូមិមែន ប៉ុន្តែក៏ពីពេលនោះមកដែរ ដែលប្រទេសខ្មែរបានបាត់បង់ការគ្រប់គ្រងលើខេត្តពីររបស់ខ្លួនទៀត គឺខេត្តនគររាជសីមា និងខេត្តចាន់តាប៊ុន។
ព្រះបាទធម្មរាជា ទ្រង់សោយទិវង្គតនៅឆ្នាំ១៥០៤ នៃគ.ស នៅរាជធានីចតុមុខ ហើយព្រះអដ្ឋិធាតុរបស់ព្រះអង្គ ត្រូវបានគេបញ្ចុះនៅចេតិយមួយ ប្របនឹងព្រះពុទ្ធចេតិយក្នុងខេត្តអាសន្ទុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។