សមត្ថកិច្ច​ខេត្ត​កោះកុង​ឃាត់​ខ្លួន​មន្ត្រី​អង្គការ អ្នកកាសែត និង​តំណាង​សហគមន៍​១៧​នាក់

ដោយ ដែន អយុធ្យា
2015-09-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​ប្រមាណ ៥០​នាក់​មក​ពី​ស្រុក​ចំនួន​៥ នៃ​ខេត្ត​កោះកុង តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សមាជិក​ចលនា​មាតា​ធម្មជាតិ ៣​នាក់ នៅ​ថ្ងៃ​ទី​២២ សីហា ឆ្នាំ​២០១៥។
ពលរដ្ឋ​ប្រមាណ ៥០​នាក់​មក​ពី​ស្រុក​ចំនួន​៥ នៃ​ខេត្ត​កោះកុង តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សមាជិក​ចលនា​មាតា​ធម្មជាតិ ៣​នាក់ នៅ​ថ្ងៃ​ទី​២២ សីហា ឆ្នាំ​២០១៥។
Photo provided

ទាញ​យក​កម្មវីធី

កម្លាំង​នគរបាល​ខេត្ត​កោះកុង បាន​ឃាត់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល អ្នក​កាសែត សកម្មជន​ការពារ​បរិស្ថាន និង​តំណាង​សហគមន៍ សរុប​ជិត ២០​នាក់ ដើម្បី​សួរ​ចម្លើយ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ ខណៈ​ពេល​ពួកគាត់​ចុះ​ឃ្លាំមើល​សកម្មភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី និង​សកម្មជន​ការពារ​បរិស្ថាន​នៅ​មុខ​​សាលាដំបូង​ខេត្ត​កោះកុង នៅ​ព្រឹក​​ថ្ងៃ​ពុធ ទី​២ ខែ​កញ្ញា។

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង​តាម​បញ្ជា​របស់​តុលាការ​ខេត្ត​កោះកុង ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​បាន​ចាត់​ទុក​ការ​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង​ខុស​ច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន ស្ថិត​ក្នុង​ចំណោម​មន្ត្រី​សង្គម​ស៊ីវិល អ្នក​កាសែត សកម្មជន​បរិស្ថាន និង​តំណាង​សហគមន៍​ទាំង ១៧​នាក់ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ ថា​ជា​ការ​គំរាមកំហែង​ដល់​សិទ្ធិ​សម្ដែង​មតិ​របស់​ពលរដ្ឋ និង​សកម្មភាព​ចុះ​ធ្វើ​ការងារ​របស់​សង្គម​ស៊ីវិល។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ឲ្យ​ដឹង​ថា មនុស្ស​ទាំង ១៧​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​នេះ​សួរ​ចម្លើយ​ម្នាក់​ម្តងៗ ចំពោះ​សកម្មភាព​ការងារ​រៀងៗ​ខ្លួន។ សមត្ថកិច្ច​អះអាង​ថា ការ​ចាប់​ខ្លួន​នេះ​បាន​អនុវត្ត​តាម​នីតិវិធី​របស់​តុលាការ​ខេត្ត​កោះកុង៖ «ព័ត៌មាន​ចុង​ក្រោយ​បន្ទាប់​ពី​ព្រះរាជអាជ្ញា​តុលាការ​​ខេត្ត​កោះកុង បាន​ពិនិត្យ​មើល​ចម្លើយ​របស់​ប៉ូលិស ក៏​បាន​ចោទ​ពី​បទ​ញុះញង់​ក្នុង​មាត្រា ៤៩៤ និង ៤៩៥ ប៉ុន្តែ​ខាង​មន្ត្រី​សង្គម​ស៊ីវិល​បដិសេធ ហើយ​ព្រះរាជអាជ្ញា​ចោទ​ថា ខាង​មន្ត្រី​សង្គម​ស៊ីវិល​បាន​ឈរ​នៅ​ក្នុង​ហ្វូង​បាតុករ ប៉ុន្តែ​ធាតុ​ពិត​ពួក​យើង​មាន​វីដេអូ ឬ​ឯកសារ​បញ្ជាក់​ថា ពួក​យើង​មិន​ឈរ​នៅ​ក្នុង​ហ្វូង​បាតុករ​ទេ គឺ​គ្រាន់តែ​នៅ​ឈរ​ក្បែរៗ​នោះ ដើម្បី​ថត​រូបភាព​តែប៉ុណ្ណោះ»

​ចំណែក លោក អ៊ិន គង់ជិត មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កោះកុង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​សួរ​ចម្លើយ​ដូចគ្នា​ដែរ។ លោក​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា មាន​អ្នកភូមិ ២​ក្រុម បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ពី​មុខ​តុលាការ​សាលាដំបូង​ខេត្ត​កោះកុង ទាក់ទង​ករណី​ទំនាស់​ដីធ្លី​នៅ​ឃុំ​ជីខក្រោម ស្រុក​ស្រែ​អំបិល ជាមួយ​ភាគី លោក ហេង ហ៊ុយ ហើយ​ត្រូវ​តុលាការ​ខេត្ត​នេះ កោះ​ហៅ​ពលរដ្ឋ ៦​នាក់​មក​សាកសួរ​ជុំវិញ​ពាក្យ​បណ្ដឹង​របស់​លោក ហេង ហ៊ុយ។ ចំណែក​ពលរដ្ឋ​មួយ​ក្រុម​ទៀត គឺ​ប្រជាពលរដ្ឋ​មាន​គ្នា​ប្រមាណ ១០០​នាក់ បាន​មក​ធ្វើ​បាតុកម្ម​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ​មួយ​ក្រុម​ផ្សេង​ទៀត ដែល​មក​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន ៣​នាក់ ពី​ពន្ធនាគារ​អស់​ពេល ២​សប្ដាហ៍​មក​ហើយ។

លោក អ៊ិន គង់ជិត ថ្លែង​ថា សកម្មភាព​របស់​ពលរដ្ឋ​មាន​គ្នា​ប្រមាណ ១០០​នាក់ ដែល​មក​តវ៉ា​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​សកម្មជន​ការពារ​បរិស្ថាន កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២ ខែ​កញ្ញា គឺ​មិន​មាន​កម្លាំង​សមត្ថកិច្ច​រារាំង​ទេ និង​បាន​ការ​សម្រួល​ចរាចរណ៍​ក្នុង​ការ​ដើរ​ហែ​ក្បួន៖ «ព្រឹកមិញ​នេះ​ក្រុម​ពលរដ្ឋ​ដែល​មក​តវ៉ា​ឲ្យ​ដោះលែង​សមាជិក​អង្គការ​ចលនា​ មាតា​ធម្មជាតិ ៣​នាក់​ហ្នឹង គាត់​អត់​បាន​លើក​បដា​តវ៉ា​នៅ​មុខ​តុលាការ​ទេ។ ប៉ុន្តែ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ឃុំ​ជីខក្រោម​មួយ​ក្រុម​ផ្សេង​ទេ ដែល​ឡើង​មក​តវ៉ា​នៅ​ពី​មុខ​តុលាការ​ប្រមាណ ២០​នាក់ ដើម្បី​ស្នើ​ឲ្យ​តុលាការ​ដោះស្រាយ​បណ្ដឹង ឬ​កោះ​ហៅ​ពលរដ្ឋ ៥​នាក់​មក​សាកសួរ ប្ដឹង​ដោយ​ភាគី​លោក ហេង ហ៊ុយ ហើយ​ស្នើ​ឲ្យ​តុលាការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដោយ​យុត្តិធម៌»

ចាប់​សកម្មជន កោះកុង ៦២០
កម្លាំង​នគរបាល​ខេត្ត​កោះកុង ឃាត់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល អ្នក​កាសែត សកម្មជន​ការពារ​បរិស្ថាន និង​តំណាង​សហគមន៍ បញ្ជូន​ទៅ​សួរ​ចម្លើយ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥។ Photo provided Photo provided

​មន្ត្រី​អង្គការ​លីកាដូ លោក អ៊ិន គង់ជិត បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក ឬ​មន្ត្រី​សង្គម​ស៊ីវិល សកម្មជន​ការពារ​បរិស្ថាន អ្នក​កាសែត និង​តំណាង​សហគមន៍​ចំនួន ១៧​នាក់ ផ្ដើម​ដោយ​កម្លាំង​នគរបាល​ខេត្ត​កោះកុង ថា​ធ្វើ​ឡើង​ខុស​ច្បាប់ និង​គំរាម​ដល់​ការ​ចុះ​បំពេញ​ការងារ​របស់​សង្គម​ស៊ីវិល៖ «អាជ្ញាធរ ​បាន​ប្រើ​កម្លាំង​ច្រើន​ហួសហេតុ និង​បាន​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​បង្ក្រាប​ទៅ​លើ​កិច្ច​ការងារ​របស់​ មន្ត្រី​សិទ្ធិមនុស្ស​ដែល​កំពុង​មាន​តួនាទី​តាម​ឃ្លាំមើល​សកម្មភាព​រំលោភ​ សិទ្ធិ​មនុស្ស»

​ស្នងការ​នគរបាល​ខេត្ត​កោះកុង លោក សំ ឃិតវៀន មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចាប់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល ឬ​តំណាង​សហគមន៍​ចំនួន ១៧​នាក់​ទេ ដោយ​លោក​ជាប់​រវល់​ប្រជុំ។ គិត​មក​ដល់​ម៉ោង​ជិត ៥​ល្ងាច ថ្ងៃ​ពុធ ទី​២ ខែ​កញ្ញា សមត្ថកិច្ច​នគរបាល​ខេត្ត​កោះកុង មិន​ទាន់​ដោះលែង​មន្ត្រី​សង្គម​ស៊ីវិល ឬ​មនុស្ស​ទាំង ១៧​នាក់ ដែល​ត្រូវ​ឃាត់​ខ្លួន​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ឡើយ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​មាន​ដូចជា ប្រធាន និង​បុគ្គលិក​អង្គការ​លីកាដូ ប្រចាំ​ការិយាល័យ​ខេត្ត​កោះកុង ចំនួន ៤​នាក់ ប្រធាន​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង មន្ត្រី​អង្គការ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ និង​អ្នក​កាសែត​ខ្មែរ​ប៉ុស្តិ៍​ជាដើម។

ទាក់ទង​បញ្ហា​នេះ លោក ផៃធូន ផ្លាមកេសន អភិបាល​ស្ដីទី​ខេត្ត​កោះកុង បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ការ​ដែល​សមត្ថកិច្ច​បំបែក​ការ​ប្រមូល​ផ្តុំ​ពលរដ្ឋ​ដែល​មក​ស្នាក់នៅ​តវ៉ា​ក្នុង​បរិវេណ​វេទិកា​បាល់ទាត់​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដោយសារ​ពលរដ្ឋ​ទាំង​នោះ​បាន​បំពាន​សេចក្ដី​ជូន​ដំណឹង​របស់​អាជ្ញាធរ ហើយ​បាន​ធ្វើ​សកម្មភាព​នាំ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ ឬ​ការ​លក់​ដូរ​របស់​ក្រុម​អាជីវករ​ជាដើម។ ចំណែក​ឯ​ការ​ឃាត់​ខ្លួន​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស សកម្មជន​អង្គការ​ផ្សេងៗ និង​អ្នក​កាសែត​ជាដើម​នោះ គឺ​មិន​ជាប់​ពាក់ព័ន្ធ​ចំណាត់ការ​របស់​អាជ្ញាធរ​ខេត្ត​ទេ ប៉ុន្តែ​សមត្ថកិច្ច​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​តុលាការ​ខេត្ត​កោះកុង ប៉ុណ្ណោះ។

ព័ត៌មាន​បន្ថែម

មន្ត្រី​សង្គម​ស៊ីវិល​អង្គការ​ លីកាដូ និង​សមាគម​អាដហុក ប្រចាំ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង ១៧​នាក់ ដែល​អាជ្ញាធរ​ចាប់​ខ្លួន ត្រូវ​បាន​ដោះលែង​វិញ​នៅ​ម៉ោង​ជាង ៦​ល្ងាច ថ្ងៃ​ពុធ ទី​២ ខែ​កញ្ញា បន្ទាប់​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​តវ៉ា និង​ត្រូវ​រាយការណ៍​ពី​សកម្មភាព​ការងារ​រៀងៗ​ខ្លួន​ទៅ​អាជ្ញាធរ​នៅ​ពេល​ចុះ​ បំពេញ​ការងារ​នៅ​ថ្ងៃ​ក្រោយ។ ជាង​នេះ តុលាការ​ខេត្ត​កោះកុង ក៏​បាន​តម្រូវ ឬ​ស្នើ​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​ឲ្យ​ស្រប​តាម​តួនាទី​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

អ្នកឃ្លាំមើលឬអ្នកញុះញង់នៅពីក្រោយខ្នង?។

Sep 02, 2015 03:29 AM

គេហទំព័រ​ទាំងមូល