ក្រុម​ម៉ុងតាញ៉ា​២៤​នាក់​ត្រូវ​បាន​ប្រគល់​ជូន​តម្រួត​ព្រំដែន​វៀតណាម

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

មន្ត្រី​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) បាន​សម្រប​សម្រួល​ឲ្យ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា-វៀតណាម មាន​គ្នា ២៤​នាក់ បាន​វិល​ទៅ​កាន់​ប្រទេស​កំណើត​វិញ បន្ទាប់​ពី​ម៉ុងតាញ៉ា ទាំង​នោះ រង់ចាំ​ការ​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជន​ភៀស​ខ្លួន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មិន​បាន​សម្រេច។ ដោយឡែក​នៅ​សល់​ម៉ុងតាញ៉ា ២០០​នាក់​ទៀត ក៏​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា បដិសេធ​មិន​ចុះ​បញ្ជី​ឈ្មោះ​នេះ​ដូច​គ្នា។

ក្រុម​ជនជាតិ​ម៉ុងតាញ៉ា ទាំង ២៤​នាក់ មាន​ស្រី ៥​នាក់ និង​បុរស ១៩​នាក់ ក្នុង​នោះ​មាន​កុមារី​ចំនួន ៤​នាក់ ជិះ​ក្នុង​រថយន្ត​ទេសចរណ៍​ពីរ​គ្រឿង ចាក​ចេញ​ពី​ក្រុង​បានលុង ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ក្រោម​ការ​ឃ្លាំ​មើល​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​ការ​វិល​ត្រឡប់​ដោយ​ស្ម័គ្រ​ចិត្ត​របស់​ក្រុម​ម៉ុងតាញ៉ា ទាំង​នោះ ទៅ​ប្រទេស​វៀតណាម វិញ។

មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ មិន​អធិប្បាយ​ទាក់ទិន​ការ​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ឆ្លង​កាត់​ច្រក​ទ្វារ​ព្រំដែន​នេះ​ទេ ក៏ប៉ុន្តែ​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន កញ្ញា វីវៀន តាន់ (Vivian Tan) បញ្ជាក់​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ថា យូ.អិន.អេច្ឆ.ស៊ី.អ គឺ​ជា​អ្នក​សម្រួល​ការ​វិល​ត្រឡប់​ដោយ​ស្ម័គ្រ​ចិត្ត​តាម​ការ​ស្នើសុំ​ពី​ក្រុម​ម៉ុងតាញ៉ា ទាំង​នោះ។

វិទ្យុ​អាស៊ីសេរី មិន​មាន​លទ្ធភាព​ជួប​សម្ភាស​ជាមួយ​ម៉ុងតាញ៉ា ទាំង ២៤​នាក់​នោះ​បាន​ទេ ដោយសារ​ក្បួន​រថយន្ត​ដឹក​ជញ្ជូន​ជន​ភៀស​ខ្លួន​បាន​ចេញ​ពី​ខេត្ត​រតនគិរី ដោយ​ត្រង់​ឆ្ពោះ​ទៅ​ច្រក​ទ្វារ​ព្រំដែន មិន​អាច​ឲ្យ​អ្នក​យក​ព័ត៌មាន​ជួប​សម្ភាស​បាន។

ទាក់ទិន​ករណី​នេះ​ដែរ នាយ​ការិយាល័យ​ជន​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី លោក មឿង ខេម មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ដឹក​ជញ្ជូន​ក្រុម​ម៉ុងតាញ៉ា ទាំង ២៤​នាក់ ឋិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី យូ.អិន.អេច្ឆ.ស៊ី.អ និង​មន្ត្រី​នាយកដ្ឋាន​ជន​ភៀស​ខ្លួន មិន​ទាក់ទង​នឹង​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​ឡើយ៖ «អត់​ចូល​មក​ស្នងការ​ផង ព័ត៌មាន​ថា​ខាង​អង្គការ យូ.អិន គេ​ជូន​ដំណើរ ខ្ញុំ​អត់​ដឹង​ផង»

របាយការណ៍​របស់ យូ.អិន.អេច្ឆ.ស៊ី.អ បច្ចុប្បន្ន​នេះ​នៅ​ទីក្រុង​ភ្នំពេញ មាន​ក្រុម​ម៉ុងតាញ៉ា ប្រមាណ ២០០​នាក់​ទៀត មិន​បាន​ទទួល​ឲ្យ​ចុះ​ឈ្មោះ​កំណត់​អត្តសញ្ញាណ​ជន​ភៀស​ខ្លួន​ដោយ​អាជ្ញាធរ​នៅ​ទីក្រុង​ភ្នំពេញ​ឡើយ។ ដោយឡែក​មាន​តែ​ម៉ុងតាញ៉ា ១៣​នាក់​ប៉ុណ្ណោះ ដែល​នាយកដ្ឋាន​ជន​ភៀស​ខ្លួន ទទួល​ចុះ​ឈ្មោះ​ជា​ជន​ភៀស​ខ្លួន​ក្នុង​ឆ្នាំ​២០១៥ នេះ។

ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុវិជ្ជា បដិសេធ​មិន​អធិប្បាយ​ជុំវិញ​បញ្ហា​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ដែល​មិន​ទទួល​ចុះ​ឈ្មោះ​នោះ​ទេ។ លោក​ជំរុញ​ឲ្យ​សួរ​រឿង​នេះ​ទៅ​ក្រសួង​មហាផ្ទៃ៖ «សួរ​ទៅ​ខាង​ក្រសួង​មហាផ្ទៃ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ពីព្រោះ​ការងារ​របស់​ក្រសួង ខ្ញុំ​អត់​អាច​ឆ្លើយ​បាន​ទេ។ ក្រសួង​មហាផ្ទៃ លោក​មាន​អ្នក​នាំ​ពាក្យ»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៥ កញ្ញា ថា ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ទាំងអស់​នោះ បាន​ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់។ ដូច្នេះ កម្ពុជា ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន។ លោក ខៀវ សុភ័គ បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ទុក​ពេល​ឲ្យ យូ.អិន.អេច្ឆ.ស៊ី.អ ចំនួន ៣​ខែ ដើម្បី​ចាត់​ចែង​បញ្ជូន​ខ្លួន​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ។ បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​នឹង​ចាត់​ចែង​ទៅ​តាម​ច្បាប់​របស់​កម្ពុជា។

ចាប់​ពី​ខែ​កក្កដា រហូត​បច្ចុប្បន្ន មាន​ក្រុម​ម៉ុងតាញ៉ា ៥​ក្រុម​មាន​គ្នា​សរុប ៧៧​នាក់ បាន​ស្ម័គ្រ​ចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ ក្នុង​នោះ​បី​ក្រុម​មាន​គ្នា ៤២​នាក់ ចាក​ចេញ​ពី​ប្រទេស​ថៃ និង​ពីរ​ក្រុម​ទៀត មាន​គ្នា ៣៥​នាក់​ចាក​ចេញ​ពី​ក្រុង​ភ្នំពេញ។ ម៉ុងតាញ៉ា ទាំង ៥​ក្រុម​នេះ ត្រូវ​បាន​សមត្ថកិច្ច​ច្រក​ទ្វារ​ព្រំដែន​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី សម្រប​សម្រួល​ឲ្យ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។