ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ នៅប្រទេសចិន បានអន្តរាគមន៍ជួយស្ត្រីខ្មែររងគ្រោះចំនួន ២នាក់ ដែលត្រូវប្ដីធ្វើបាប ឲ្យវិលត្រឡប់មកដល់កម្ពុជា វិញកាលពីថ្ងៃទី២៧ ខែមករា។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ប្រាប់វិទ្យុអាស៊ីសេរីថា ស្ត្រីខ្មែរដែលរងគ្រោះទាំង ២នាក់ មានវ័យ ២៨ឆ្នាំដូចគ្នា ត្រូវបានប្ដីធ្វើបាប។ ម្នាក់មកពីខេត្តកំពង់ស្ពឺ និងម្នាក់ទៀតមកពីខេត្តកំពង់ធំ។
ទាក់ទងនឹងកម្មករធ្វើការងារនៅប្រទេសថៃ ឯណោះវិញ ក្រសួងការបរទេសផ្សាយសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៧ មករា ដែរថា តំណាងស្ថានទូតប្រទេសកម្ពុជា បានជួយអន្តរាគមន៍ដោះស្រាយបញ្ហាដំឡើងប្រាក់ឈ្នួលជូនពលករខ្មែរស្របច្បាប់ចំនួន ២៦០នាក់ ដែលរងនូវការរំលោភបំពានពីសំណាក់និយោជកនៃក្រុមហ៊ុនសំណង់ឈ្មោះ ផូធើម បៀលឌើ (POTEAM BUILDER) នៅខេត្តឆាក់ឆឹងសៅ (Chachoengsao)។
បន្ទាប់ពីមានជំនួបប្រជុំរវាងតំណាងស្ថានទូត តំណាងមន្ទីរការងារខេត្តឆាក់ឆឹងសៅ តំណាងនិយោជក និងតំណាងពលកររួចមក តំណាងនិយោជកក៏បានឯកភាពដំឡើងប្រាក់ឈ្នួលដល់កម្មករទាំងនោះដល់ចំនួន ៣០០បាតក្នុងមួយថ្ងៃស្មើៗគ្នាសម្រាប់បុរស និងស្ត្រី និងយល់ព្រមប្រគល់លិខិតឆ្លងដែនជូនពួកគេវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។