សង្គមស៊ីវិល និងគ្រួសារជនរងគ្រោះ គ្រោងរំឭកព្រឹត្តិការណ៍បាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង កាលពី ៣ឆ្នាំមុន គឺព្រឹត្តិការណ៍ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលមកទល់ពេលនេះ ជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ សម្រាប់នៅឆ្នាំ២០១៧ នេះ អង្គការសង្គមស៊ីវិល និងក្រុមគ្រួសារជនរងគ្រោះ នឹងមិនធ្វើពិធីបង្សុកូលនៅកន្លែងកើតហេតុដូចកាលពីមុននោះទេ ព្រោះបារម្ភខ្លាចមានការបង្ក្រាបពីសំណាក់កងកម្លាំងរដ្ឋាភិបាលដូចឆ្នាំកន្លងទៅ។
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ជាថ្ងៃខួបបីឆ្នាំនៃព្រឹត្តិការណ៍បាញ់បង្ក្រាបកម្មករនៅផ្លូវវ៉េងស្រេង។ សាច់ញាតិកម្មករដែលបានស្លាប់ រួមនឹងសង្គមស៊ីវិល ព្រះសង្ឃ គ្រោងធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅ តែអ្នកខ្លះមិនទាន់កំណត់ទីតាំងប្រារព្ធពិធីច្បាស់លាស់នៅឡើយទេ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ដែលរងគ្រោះក្នុងព្រឹត្តិការណ៍នោះ ហើយត្រូវបានអាជ្ញាធរចាប់ដាក់គុកផង មានប្រសាសន៍ថា សមាគមរបស់លោក និងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) គ្រោងរៀបចំពិធីរំឭកព្រឹត្តិការណ៍ដ៏ឈឺចាប់នៅព្រឹកថ្ងៃទី៣ ខែមករា នៅផ្ទះសាមគ្គី ឋិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកបញ្ជាក់ថា មូលហេតុមិនទៅប្រារព្ធនៅលើដងផ្លូវវ៉េងស្រេង ជាទីកន្លែងកើតហេតុនោះ ដោយសារមានការរឹតត្បិតសិទ្ធិសេរីភាពមិនឲ្យមានការប្រមូលផ្តុំនៅទីសាធារណៈ និងមានការរងគ្រោះផ្ទួនៗ ជាដើម៖ « រងគ្រោះផ្ទួនៗ មានន័យថា ការវាយស្ទើ រ ស្លាប់ហើយ គេចាប់ដាក់គុកទៀត ហើយ ទាំងអស់គ្នា ជា អ្នករងគ្រោះ គ្រាន់តែ រម្លឹក ពិធីដើម្បី ចង់បាន យុត្តិធម៌ ក៏គេមិនឲ្យធ្វើ នៅ កន្លែងនោះដែរ »។
កាលពីឆ្នាំមុន សមត្ថកិច្ចបង្ក្រាបពុំអនុញ្ញាតឲ្យប្រារព្ធពិធីរំឭកខួប ២ឆ្នាំនៅម្ដុំគ្លីនិកឯករាជ្យទេ និងបានរុញច្រានអ្នកចូលរួមរំឭកខួបនោះឲ្យចាកចេញពីតំបន់ផ្លូវវ៉េងស្រេង ក្នុងចម្ងាយដីជាច្រើនគីឡូម៉ែត្រថែមទៀត។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចក៏បានរឹបអូសស្លាកសញ្ញា និងបដាផ្សេងៗពីក្រុមអ្នកប្រារព្ធពិធីទៀតផង។
លោក វន់ ពៅ លើកឡើងថា បំណងសំខាន់នៃការរំឭកខួប ៣ឆ្នាំនេះ គឺចង់ឃើញសង្គមកម្ពុជា មានយុត្តិធម៌ ឃាតកសម្លាប់មនុស្សទាំងនោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
រីឯលោក ខឹម សឿន ដែលជាឪពុកយុវជន ខឹម សូផាត ដែលបាត់ខ្លួននៅផ្លូវវ៉េងស្រេង មានប្រសាសន៍ថា លោកនៅតែទាមទាររកយុត្តិធម៌ជូនកូនប្រុសរបស់លោក ព្រោះថាកូនប្រុសរបស់លោកមិនអាចបាត់ខ្លួនទៅទទេៗនោះទេ។ ចំពោះពិធីបង្សុកូលនោះ លោកចង់ធ្វើនៅកន្លែងកើតហេតុ តែបារម្ភខ្លាចសមត្ថកិច្ចធ្វើបាបដូចឆ្នាំមុនទៀត៖ « ក្នុងចិត្តខ្ញុំចង់ធ្វើពិធីបង្សុកូលដែរ តែរាងកាលខ្ញុំទៅធ្វើនៅវ៉េងស្រេង គេធាក់ គេទាត់ »។
អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា អាជ្ញាធរពុំអនុញ្ញាតឲ្យរៀបចំនៅលើផ្លូវវ៉េងស្រេងឡើយ ព្រោះអាចបណ្ដាលឲ្យស្ទះចរាចរណ៍ និងប៉ះពាល់ទៅដល់ពលរដ្ឋផ្សេងៗទៀត៖ « គ្មានអ្នកហាមឃាត់ មិនឲ្យ រម្លឹកទេ សំខាន់បំផុតគឺកណ្ដាលផ្លូវវ៉េងស្រេងមិនឲ្យប្រារព្ធទេ ។ គ្មានអាណា ទៅធ្វើ បុណ្យរម្លឹកខួបនៅកណ្ដាល ផ្លូវ ទេ សូម្បីជីដូនជីតា ខ្ញុំស្លាប់ ក៏ធ្វើ សែននៅក្នុង ផ្ទះដែរ ហើយជីដូនជីតា ប្អូនឯង ស្លាប់ ក៏ធ្វើ នៅក្នុង ផ្ទះដែរ មិនដែល ទៅធ្វើ នៅតាម ផ្លូវ។ ដូច្នេះបើ គាត់ខូចតាមឡាន ទៅធ្វើ ក្នុងឡាន ហើយបើខូច គ្រប់គ្នា នៅពេទ្យ ទៅធ្វើនៅពេទ្យ ?»។
ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការលើកឡើងរបស់លោក ឃួង ស្រេង ហាក់មិនសមហេតុផលឡើយ ព្រោះថាការរៀបចំពិធីបង្សុកូលខុសគ្នាពីកាលៈទេសៈមួយទៅកាលៈទេសៈមួយទៀត៖ « វាខុសគ្នាពីកាលៈទេសៈមួយទៅកាលៈទេសៈមួយ ប៉ុន្តែចំណុចសំខាន់ គឺយើងមានទិសដៅមិន បម្រើផលប្រយោជន៍ នយោបាយណាទេ គឺជា ការគោរព វិញ្ញាណក្ខន្ធ មែនទែន ហើយក៏ មិនមាន ធ្វើ ឲ្យកកស្ទះ ហើយ មិនមាន ចំណាយពេល វេលាណាយូ រ ដែរ »។
រហូតមកពេលនេះ លោក អំ សំអាត លើកឡើងថា ពិធីបង្សុកូលរំឭកខួប ៣ឆ្នាំនេះ នឹងត្រូវប្រារព្ធធ្វើឡើង តែនៅមិនច្បាស់ថា ធ្វើនៅកន្លែងណានៅឡើយ។
កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មានព្រឹត្តិការណ៍បង្ក្រាបលើកម្មករនៅក្បែររោងចក្រយ៉ាកជីន (Yakjin) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងខណ្ឌដង្កោ ក្នុងពេលតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ។
ពេលនោះ កម្មករចំនួន ៤នាក់ត្រូវបានគេបាញ់សម្លាប់ ម្នាក់បាត់ខ្លួន និងមនុស្សជិត ៤០នាក់របួស។ ចំណែកកម្មករ និងសកម្មជនសិទ្ធិមនុស្ស ២៣នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួន និងផ្ដន្ទាទោសដាក់ពន្ធនាគារមួយរយៈ។ ការបាញ់សម្លាប់ និងការចាប់ខ្លួននេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រិះគន់យ៉ាងខ្លាំង ហើយជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ស្វែងរកមុខជនទទួលខុសត្រូវលើការបាញ់សម្លាប់កម្មករតវ៉ាទាមទារដំឡើងប្រាក់ខែមកផ្ដន្ទាទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។