អាជ្ញាធរបានដោះលែងសកម្មជនដីធ្លីចំនួន ៤នាក់វិញហើយ កាលពីរាត្រីថ្ងៃទី២០ ខែមិថុនា។
លោកស្រី ច្រាយ នីម សកម្មជនដែលត្រូវបានគេដោះលែងម្នាក់ ប្រាប់ថា មុននឹងដោះលែង អាជ្ញាធរបានឲ្យសកម្មជនទាំង ៤រូប ផ្ដិតមេដៃសន្យាជាថ្នូរនឹងការដោះលែង។ លក្ខខណ្ឌទាំងនោះរួមមាន មុនពេលធ្វើការប្រមូលតវ៉ា ត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាមុន មិនត្រូវស្រែកជេរអាជ្ញាធរពេលតវ៉ា និងមិនត្រូវចេញតវ៉ាជំនួសអ្នកដទៃ។
អ្នកដែលត្រូវគេចាប់ខ្លួនទាំង៤ យល់ព្រមផ្ដិតមេដៃទទួលយកខសន្យាទាំងបង្ខំ។ អាជ្ញាធរគំរាមថា ប្រសិនបើសកម្មជនដីធ្លី នៅតែបន្តចូលរួមយុទ្ធការថ្ងៃច័ន្ទពណ៌ខ្មៅទៀត អាជ្ញាធរនឹងមិនដោះស្រាយជម្លោះដីធ្លីឲ្យនោះទេ។
លោកស្រី ច្រាយ នីម ហៅទង្វើអាជ្ញាធរនេះថា ជាការរឹតត្បិតសិទ្ធិរបស់ពលរដ្ឋក្នុងការសម្ដែងមតិដែលការពារដោយរដ្ឋធម្មនុញ្ញ និងមានចែងក្នុងច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្ដិវិធី៖ «គេយកច្បាប់ព្រហ្មទណ្ឌ មាត្រា៥២១ យកមកគំរាមយើង ដែលចេញតវ៉ាលើការងាររបស់តុលការ»។
ទោះបីជាយ៉ាងណា លោកស្រី ច្រាយ នីម រក្សាជំហរនឹងចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅដដែលនៅសប្តាហ៍ក្រោយទៀត។
សកម្មជនដីធ្លី ៤នាក់មកពីសហគមន៍ថ្មគោល ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់លើកដាក់រថយន្តបញ្ជូនទៅសង្កាត់កាកាប កាលពីព្រឹកថ្ងៃទី២០ មិថុនា។ យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ធ្វើឡើងដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤រូប និងមន្ត្រី គ.ជ.ប ១រូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
