សង្គម​ស៊ីវិល​បញ្ជាក់​ជា​ថ្មី​ថា​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នឹង​ប្រព្រឹត្ត​ទៅ​តាម​គម្រោង

ដោយ ចេង ម៉េងជូ
2016.05.08
Share on WhatsApp
Share on WhatsApp
ប៉ា ងួនទៀង ២០១៦ ៨៥៥ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​អ្នក​ផ្ដួចផ្ដើម​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ ពណ៌​ខ្មៅ» បញ្ជាក់​ថា ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ស្លៀកពាក់​ពណ៌​ខ្មៅ​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ មិន​មែន​ធ្វើ​ឡើង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​ការ​យល់​ឃើញ​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​ឡើយ។

ការ​បញ្ជាក់​ជំហរ​ជា​ថ្មី​របស់​សង្គម​ស៊ីវិល​នេះ ស្រប​ពេល​ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដី​ថ្លែងការណ៍​ណែនាំ​ឲ្យ​សង្គម​ស៊ីវិល​ទាំង​នោះ ចៀសវាង​ធ្វើ​សកម្មភាព​ប៉ះពាល់​ស្ថិរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សាធារណៈ។ ទោះ​យ៉ាង​ណា​ក៏ដោយ លោក ប៉ា ងួនទៀង អះអាង​ថា យុទ្ធនាការ​នេះ​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​គម្រោង ដោយ​ចាប់​ផ្ដើម​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៩ ឧសភា ស្អែក​នេះ។

ខណៈ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ ពណ៌​ខ្មៅ» នឹង​មក​ដល់​នៅ​ថ្ងៃ​ច័ន្ទ ទី​៩ ឧសភា មេ​ដឹក​នាំ​យុទ្ធនាការ បាន​បញ្ជាក់​ឡើង​វិញ​នូវ​គោល​បំណង​នៃ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ ពណ៌​ខ្មៅ» ថា​មិន​មែន​ធ្វើ​ឡើង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ ស្រប​ពេល​ក្រសួង​មហាផ្ទៃ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៨ ឧសភា ណែនាំ​ឲ្យ​អ្នក​រៀបចំ​យុទ្ធនាការ​នេះ ចៀសវាង​ធ្វើ​សកម្មភាព​ណា​មួយ​ប៉ះពាល់​សន្តិភាព ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​ព្រមាន​ចាត់​វិធានការ​ប្រសិន​បើ​បំពាន។

ការ​បញ្ជាក់​របស់​អ្នក​ផ្ដួចផ្ដើម​យុទ្ធនាការ​នៅ​ពេល​នេះ គឺ​នៅ​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប​របស់​រដ្ឋាភិបាល បាន​ហៅ​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ ពណ៌​ខ្មៅ» ដែល​ដឹក​នាំ​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ថា​ជា​សញ្ញា​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​ព្រមាន​ចាត់​វិធានការ ប្រសិន​បើ​យុទ្ធនាការ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៨ ឧសភា ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទ ពណ៌​ខ្មៅ (Black Monday) ធ្វើ​ឡើង​ក្នុង​បេសកកម្ម​តែ​មួយ​គត់ គឺ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ចំនួន ៤​រូប​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​រូប ដែល​កំពុង​ជាប់​ឃុំ​យ៉ាង​អយុត្តិធម៌​តាម​បណ្ដឹង​របស់​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

កាល​ពី​ថ្ងៃ​ទី​៧ ឧសភា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា យុទ្ធនាការ​នេះ​ជា​សញ្ញា​នៃ​ការ​ធ្វើ​បដិវត្តន៍ ក្រោយ​ពី​អ្នក​រៀបចំ​យុទ្ធនាការ​នេះ​ចាប់​ផ្ដើម​អំពាវនាវ​ឲ្យ​សាធារណជន​ទូទៅ ចូលរួម​ឲ្យ​បាន​ផុលផុស។

ស្រដៀង​គ្នា​នេះ នៅ​ថ្ងៃ​ទី​៧ ឧសភា ដដែល អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ដើម​អម្ពិល ចាត់​ទុក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ ពណ៌​ខ្មៅ ថា​ជា ពួក​ឧទ្ទាម​នៅ​ក្នុង​ក្រុង៖ «ក្នុង​ស្ថានភាព​ថ្មី​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ទទួល​លុយ​ពី​បរទេស​មក​ហ្នឹង ដែល​គេ​ហៅ​ថា​ភ្នាក់ងារ​បរទេស​ហ្នឹង ឥឡូវ​ហ្នឹង​គេ​រៀបចំ​ចលនា​មួយ​ទៀត​គេ​ហៅ​ថា ពួក​ឧទ្ទាម​នៅ​ក្នុង​ក្រុង ធ្វើ​ចលនា​រហូត​ដល់​នាំ​ខោ​អាវ​ខ្មៅ​ពាក់​មក​ដល់​ក្នុង​ស្រុក​ខ្មែរ នៅ​ក្នុង​ចលនា​នយោបាយ។ អា​ហ្នឹង​ហាក់​បី​ដូចជា​គេ​គាំទ្រ​គំនិត​ធ្វើ​បដិវត្តន៍​ផ្ដួល​រំលំ​រដ្ឋាភិបាល ដូច​កាល​ជំនាន់ ប៉ុល ពត»

ចំណែក​លោក​មេធាវី ហុង គឹមសួន មាន​ប្រសាសន៍​ថា ការ​តវ៉ា​ដោយ​សន្តិវិធី​ត្រូវ​បាន​ធានា​ការពារ​ដោយ​ច្បាប់។ លោក​ស្នើ​ឲ្យ​បុគ្គល​ដែល​ហៅ​យុទ្ធនាការ​ដោយ​សន្តិវិធី ថា​សញ្ញា​នៃ​បដិវត្តន៍​ពណ៌​នោះ គួរ​តែ​បញ្ឈប់​ទង្វើ​លាប​ពណ៌​បែប​នេះ៖ «បើ​ថា​អា​នេះ​ជា​ការ​ទាមទារ​ដោយ​សន្តិវិធី ខ្ញុំ​ថា​វា​មិន​អាច​ជា​ការ​ធ្វើ​វិទ្ធង្សនា វិច្ឆេទកម្ម បំផ្លិចបំផ្លាញ ឬ​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។ បើ​ការ​ប្រមូល​ផ្ដុំ​ទាមទារ​បញ្ចេញ​មតិ មិន​មែន​ជា​ការ​ធ្វើ​កុប្បកម្ម អា​ហ្នឹង​សុំ​កុំ​ឲ្យ​ចេះ​តែ​លាប​ពណ៌​អ្នក​មិន​មែន​បដិវត្តន៍​ពណ៌​ហ្នឹង ឲ្យ​ក្លាយ​ជា​បដិវត្តន៍​ពណ៌ ដូច​ការ​យល់​ឃើញ​របស់​លោក​អ្នក​ដទៃ​មួយ​ចំនួន​ទៀត​នោះ»

ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ដើម​អម្ពិល លោក ផៃ ស៊ីផាន ក៏​បាន​ព្រមាន​ចាត់​វិធានការ ប្រសិន​បើ​ក្នុង​យុទ្ធនាការ​នេះ​មាន​សកម្មភាព​ញុះញង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ឬ​សន្តិសុខ​សង្គម។

ទោះ​យ៉ាង​ណា​ក៏ដោយ នៅ​ថ្ងៃ​ទី​៨ ឧសភា អ្នក​នាំ​ពាក្យ​រូប​នេះ បដិសេធ​មិន​បកស្រាយ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ថា តើ​អ្វី​ខ្លះ​ជា​សកម្មភាព​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ទេ ហើយ​បង្វែរ​សំណួរ​ទៅ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ។

ទាក់ទង​នឹង​ការ​ព្រមាន​ចាត់​វិធានការ​នេះ លោក​មេធាវី ហុង គឹមសួន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​ចាត់​វិធានការ​បង្ក្រាប​ការ​តវ៉ា​ដោយ​សន្តិវិធី ដែល​ធានា​ការពារ​ដោយ​ច្បាប់ ដោយ​ប្រើ​លេស​ថា ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ៖ «ទាក់ទង​សណ្ដាប់ធ្នាប់​សាធារណៈ​មួយ​ម៉ាត់ វា​ធំធេង​ណាស់។ សូម្បី​តែ​ស្ទះ​ចរាចរណ៍​មួយ​បន្តិច ក៏​គេ​ហៅ​ថា​សណ្ដាប់ធ្នាប់​សាធារណៈ​ដែរ»

បើ​ទោះ​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ចាត់​ទុក​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ ពណ៌​ខ្មៅ» ថា​ជា​សញ្ញា​នៃ​បដិវត្តន៍​ពណ៌ ព្រម​ទាំង​ព្រមាន​ចាត់​វិធានការ​ក្នុង​ករណី​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​នយោបាយ​ក៏ដោយ ក៏​អ្នក​រៀបចំ​យុទ្ធនាការ​អះអាង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​នៅ​តែ​ធ្វើ​យុទ្ធនាការ​នេះ​តាម​គម្រោង ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ ទី​៩ ឧសភា ស្អែក​នេះ នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស មាន​អ្នក​ចូលរួម​ប្រមាណ ៣០០​នាក់។

ទាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស និង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម ឬ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី។ លើស​ពី​នេះ​ទៀត រដ្ឋសភា​កម្ពុជា នៅ​មិន​ទាន់​អនុម័ត​ច្បាប់​ស្ដីពី​ការ​ហាម​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ស្លៀកពាក់​សម្លៀកបំពាក់​ឈុត​ខ្មៅ​នៅ​ឡើយ​ទេ។

ទន្ទឹម​នឹង​នេះ នៅ​តាម​បណ្ដាញ​សង្គម​ហេ្វសប៊ុក (Facebook) គេ​សង្កេត​ឃើញ​មាន​អ្នក​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ជា​បណ្ដើរៗ តាម​រយៈ​ការ​ផ្សព្វផ្សាយ​សារ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្ដួចផ្ដើម​យុទ្ធនាការ​នេះ នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​ដទៃ​ទៀត រួម​ទាំង​សាធារណជន​ទូទៅ​ចូលរួម តាម​រយៈ​ការ​ស្លៀកពាក់​ពណ៌​ខ្មៅ​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ រហូត​ដល់​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល