ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះថ្មី ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាំគ្នាទៅសង់រោង ដេកយាមដី ទាំងថ្ងៃទាំងយប់ និងធ្វើពិធីដាក់បណ្ដាសា តាមបែបសាសនា ដើម្បីទាមទារដំណោះស្រាយដីធ្លី។ អាជ្ញាធរថា ដីនោះបានដោះស្រាយ តាមគោលនយោបាយទីផ្សារ រួចហើយ តែពលរដ្ឋមិនព្រមទទួល។
ចាស់ទុំ ក្នុងភូមិកំពង់តាឡុង ប្រហែល១០នាក់ នៅថ្ងៃទី១៥ ឧសភា នាំគ្នាធ្វើពិធីសែនព្រេន នៅលើផ្លូវទំនប់ក្បែរស្រែមានជម្លោះ និងអុជធូប ឧទ្ទិសជូនអ្នកតាភូមិ ដាក់បណ្ដាសា អ្នករំលោភ យកដីអ្នកភូមិ៖ «សូមម្ចាស់ទឹកម្ចាស់ដីធ្វើជាសាក្សីដាក់ទម្លាយវា ដែលវាមកឈូសមកឆាយដីកំពង់តាឡុង ឲ្យប្រជាជនយើងទឹកភ្នែកវេទនា អត់មានទឹកធ្វើស្រូវធ្វើអង្ករទេ សូមលោកតាមម្ចាស់ទឹកដី ឲ្យវាស្លាប់ដោយតៃហោងដែលវាធ្វើបាបប្រជាជន»។
ការធ្វើពិធីដាក់បណ្ដាសានេះ គឺនៅក្រោយពេលអ្នកភូមិកំពង់តាឡុង ប្រមាណមួយរយនាក់ (១០០) បានប៉ះទង្គិចគ្នាជាមួយសន្តិសុខក្រុមហ៊ុន កាលពីថ្ងៃទី១៤ ឧសភា ក្នុងពេលក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះ (OCIC) យកគ្រឿងចក្រ ទៅឈូសឆាយ ស្រូវ ក្នុងស្រែរបស់អ្នកភូមិ ក្រោមគម្រោងអភិវឌ្ឍន៍។ ជាមួយគ្នានោះ ខាងក្រុមហ៊ុន បានដាក់កងកម្លាំងសន្តិសុខប្រហែល២០នាក់ និងមានឡានទឹកមួយគ្រឿង នៅលើផ្លូវនោះ។
អ្នកភូមិកំពង់តាឡុង ចោទថា ក្រុមហ៊ុនត្រៀមកម្លាំង បង្ក្រាបអ្នកហ៊ានតវ៉ា។ ពលរដ្ឋម្នាក់ លោក ឡុង សុភ័គ អះអាងថា ពេលឈូសឆាយនោះ លោកបានតវ៉ា កុំឲ្យឈូសកម្ទេចស្រូវរបស់លោក តែកម្មករក្រុមហ៊ុនបានបើកគ្រឿងចក្រដេញបុកលោក ទើបធ្វើឲ្យអ្នកភូមិខឹង និងនាំគ្នា ដេញវាយ មេការ និងអ្នកបើកគ្រឿងចក្រ។
លោកអះអាងថា ក្នុងពេលឈូសឆាយនោះ ពលរដ្ឋមិនបានឃើញកងកម្លាំងអាជ្ញាធរទេ តែក្រោយពេលពលរដ្ឋដេញប្រវាយប្រតប់កម្មករក្រុមហ៊ុនមក ទើបមានប៉ូលិសចុះទៅអន្តរាគមន៍។ លោក ឡុង សុភ័គ បញ្ជាក់ថា អ្នកភូមិ មិនរារាំងគម្រោងអភិវឌ្ឍន៍ទេ តែទាមទារឲ្យផ្ដល់សំណងសមរម្យ មុនអភិវឌ្ឍន៍៖ «ដីហ្នឹងធ្វើអាស្រ័យផលរាល់ឆ្នាំ ដល់ម្សិលមិញហ្នឹង គេថាដីរបស់គេ គេមកឈូសរបស់គេ។ ហើយយើងថាដីរបស់គេយ៉ាងម៉េច ដីរបស់ប្រជាពលរដ្ឋធ្វើរាល់ឆ្នាំអ៊ីចឹង ហើយមកឈូសស្រូវគេអស់អាលីង។ ឃាត់គេអត់ស្ដាប់ទេ គេនៅតែឈូសបំពានចង់ឈូសសម្លាប់ខ្ញុំចោលទៀតផង។ គេបោះពាក្យមកអ៊ីចឹង គ្នាគេនិយាយ។ ហ៊ឹម ! បើឯងអត់ចេញ អញឈូសសម្លាប់ឯងចោលម្ដង ឯងប៉ុន្មានលុយ គេនិយាយឲ្យខ្ញុំអ៊ីចឹងទៀត»។
អ្នកភូមិកំពង់តាឡុងម្នាក់ទៀត លោក សេង ផាន់នី ឱ្យដឹងថា អ្នកភូមិចាប់បានមេការក្រុមហ៊ុនម្នាក់ ដែលបញ្ជាឲ្យឈូសកម្ទេចស្រូវអ្នកភូមិ តែប៉ូលិសលួចដោះលែងមេការនោះ។ លោកបន្តថា អ្នកភូមិអស់ជំនឿលើអាជ្ញាធរ ទើបនាំគ្នាបោះតង់ដេកការពារដីស្រែ ដោយខ្លួនឯង និងមានចាស់ទុំ ក្នុងភូមិ នាំគ្នាសែនដាក់បណ្ដាសា៖ «ធ្វើពិធីហ្នឹងបែរបន់ម្រាមដៃ១០ទេបង។ ពឹងលើសមត្ថកិច្ច ៗ អត់មានដំណោះស្រាយឲ្យផង ដូចជាព្រងើយកន្តើយ ដូចថា និយាយឲ្យរួចពីមាត់អ៊ីចឹងណា។ ដូចម្សិលមិញ ពួកខ្ញុំដាច់បាយដាច់ទឹកគ្រប់គ្នា ហើយដល់គាត់អត់រកដំណោះស្រាយឲ្យពួកខ្ញុំទេ។ ពួកខ្ញុំមានតែកម្លាំងចិត្ត ហើយនឹងបន់វត្ថុស័ក្ដិសិទ្ធិហ្នឹងឲ្យជួយហ្នឹង ព្រោះប្រជាពលរដ្ឋទន់ខ្សោយ»។
គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី លើផ្ទៃដី ជិតបីពាន់ហិកតារ (២.៦០០)នេះ មានភាពចម្រូងចម្រាស់តាំងពីដើមមក ដោយសារអាជ្ញាធរបានកំណត់តម្លៃដី ក្នុងមួយម៉ែត្រការ៉េចន្លោះ ពី៣ដុល្លារ ដល់៨ដុល្លារ។ គម្រោងនេះ លាតសន្ធឹងលើឃុំ៤ គឺឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៃស្រុកបាទី ខេត្តតាកែវ។
ពលរដ្ឋរស់នៅឃុំបឹងខ្យាង ឃុំអំពៅព្រៃ និងឃុំព្រែកស្លែង នាំគ្នាចេញតវ៉ាជារឿយៗ រឿងផលប៉ះពាល់ និងការមិនពេញចិត្តសំណងទាំងនេះ។ អាស៊ីសេរី មិនអាចសុំការបញ្ជាក់រឿងនេះ ពីខាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) បានទេ។
ជុំវិញរឿងនេះ អាជ្ញាធរអះអាងថា សំណងនេះ គឺសមរម្យ និងបានកំណត់តាមទីផ្សារ តាំងពីពេលដាក់ចេញគម្រោងអភិវឌ្ឍន៍មួយនេះ។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៥ ឧសភា ថា នៅសល់ពលរដ្ឋតិចតួចបំផុត ដែលមិនព្រមទទួលយកសំណង តាមតម្លៃដី ដែលបានដាក់ចេញ មុនពេលមានគម្រោងអភិវឌ្ឍន៍។ តែយ៉ាងណា លោកបញ្ជាក់ថា អាជ្ញាធរនឹងខិតខំដោះស្រាយ ជាមួយពលរដ្ឋបន្តទៀត។ អភិបាលខេត្តរូបនេះ អំពាវនាវសុំឱ្យពលរដ្ឋ អត់ធ្មត់ និងចូលរួមរកដំណោះស្រាយជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់៖ «គាត់ថា មិនព្រមទេ តម្លៃនេះនៅទាបណាស់ បើប្រៀបទីផ្សារសព្វថ្ងៃ ប៉ុន្តែយើងបានពិនិត្យពិភាក្សាកាលពីមុនអភិវឌ្ឍន៍ព្រលាន ប៉ុណ្ណឹង គឺវាប្រហាក់ប្រហែលត្រូវហើយ សមរម្យតាមជាក់ស្ដែងហើយ។ ប៉ុន្តែមកដល់ឥឡូវ វាពិតជាមិនត្រូវមែន វាអត់ខុសទេ។ ទោះយ៉ាងណានៅក្នុងតំបន់ទុកសម្រាប់ធ្វើព្រលានយន្តហោះថ្មី។ អ៊ីចឹងទេ មានតែអង្វរករបងប្អូនប្រជាពលរដ្ឋ មានតែសម្បទាន ឬក៏លះបង់ជាមួយរាជរដ្ឋាភិបាល ដោយប្រកាន់យក១ម៉ែត្រការ៉េ តាមអ្វីដែលរដ្ឋាភិបាលបានកំណត់នេះ»។
ទោះជាយ៉ាងនេះក្តី តំណាងពលរដ្ឋមានជម្លោះដីធ្លី នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង លោក សួង ពៅ ឱ្យដឹងថា ពលរដ្ឋ រស់នៅភូមិតាឡុង សរុបប្រហែលជាងមួយរយគ្រួសារ (១០០)រងផលប៉ះពាល់ខ្លាំងជាងគេ ពីគម្រោងនេះ ដោយសារ ក្នុងគម្រោង ខាងក្រុមហ៊ុននឹងឈូសឆាយដីភូមិនេះ ទាំងស្រុង មុនគេ។
លោកបន្តថា អ្នកភូមិកំពង់តាឡុង មាន២ក្រុម ដែលរងគ្រោះ គឺក្រុមខាងបាត់បង់ដីស្រែ និងក្រុមបាត់បង់ដីលំនៅឋាន។ លោកអះអាងថា ពលរដ្ឋមិនបានរារាំងការអភិវឌ្ឍន៍នេះទេ។ តំណាងអ្នកភូមិរូបនេះ បញ្ជាក់ថា ពលរដ្ឋសប្បាយចិត្ត ចំពោះគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះ តែអ្នកភូមិ គ្រាន់តែស្នើសុំឲ្យក្រុមហ៊ុនផ្ដល់សំណងសមរម្យ ដើម្បីពលរដ្ឋ អាចរកទិញដី នៅម្ដុំនោះ យកមកសាងសង់លំនៅឋាន និងបង្កបង្កើនផលបានវិញ៖ «វាមិនត្រឹមតែប៉ុណ្ណឹង ក្រុមហ៊ុនមកកំណត់តម្លៃដល់ប្រជាពលរដ្ឋ។ ខ្ញុំគ្រាន់តែឆ្ងល់ថា ដីរបស់ប្រជាពលរដ្ឋ ហើយក្រុមហ៊ុនមកដាក់តម្លៃឲ្យប្រជាពលរដ្ឋ។ ជាទូទៅ បើខ្ញុំទិញរបស់គេ ខ្ញុំត្រូវទៅសួរតម្លៃពីអ្នកលក់។ អ្នកលក់ចង់លក់ប៉ុន្មាន អ្នកទិញហ៊ានទិញប៉ុន្មាន ? ចរចាគ្នាទៅ តែនេះ បែរជាគាត់មកដាក់តម្លៃឲ្យពួកខ្ញុំវិញ ហើយតម្លៃវាថោកទៅទៀត។ ពួកខ្ញុំពិបាកទៅទិញកន្លែងផ្សេងណាស់បង បើថាតម្លៃហ្នឹង ពួកខ្ញុំទៅទិញនៅជិតហ្នឹងបាន ពួកខ្ញុំក៏អត់មានការតវ៉ាអ្វីដែរ»។
ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ អូ.ស៊ី.អាយ.ស៊ី(OCIC) របស់ លោក ពុង ឃាវសែ ដែលជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិមួយនេះ។ តាមគម្រោង ក្រុមហ៊ុននឹងសាងសង់រួចរាល់នៅ ឆ្នាំ២០២៣។ ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១.៥០០លានដុល្លារ។
ព្រលានថ្មីនេះ ជាប្រភេទព្រលានសម្រាប់ចុះចតយន្តហោះធំៗ ដែលអាចហោះហើរឆ្លងទ្វីប ដូចជា ប្រភេទយន្តហោះធុនយក្ស អ៊ែរ.បើស (Airbus A380-800) និង ប៊ូអ៊ីង (Boeing 747-800) ជាដើម។ ប៉ុន្តែ គម្រោងអភិវឌ្ឍន៍ខ្នាតយក្សនេះ បានបង្កប់នូវទឹកភ្នែករបស់កសិករជាច្រើនគ្រួសារ ដោយសារ ការកាត់ដី តាមអនុក្រឹត្យថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋាភិបាល ក្នុងទំហំប្រហែលជិតបីពាន់ហិកតារនោះ (២.៦០០)នោះ ជាន់លើដីស្រែ របស់ពលរដ្ឋ យ៉ាងហោចណាស់ ៤០០គ្រួសារ។
តំណាងពលរដ្ឋ លោក សួង ពៅ បញ្ជាក់ទៀតថា បើក្រុមហ៊ុនឯកជន និងអាជ្ញាធរ មិនព្រមផ្ដល់សំណងសមរម្យទេ ពួកគាត់មិនព្រមប្រគល់ដីស្រែ និងដីលំនៅឋានឲ្យអភិវឌ្ឍន៍ជាដាច់ខាត។ លោកសង្កត់ធ្ងន់ថា ក្រុមពលរដ្ឋនឹងនាំគ្នា ក្រាញ់ននៀលតវ៉ាលើដីរបស់ខ្លួនដល់ទីបញ្ចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
