សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស អំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសសមាគមអាស៊ានទាំងអស់ យកចិត្តទុកដាក់ការពារសិទ្ធិរបស់ពលករចំណាកស្រុក និងជនភៀសខ្លួន។ ការប្រកាសអំពាវនាវរបស់សមាជិកសភាអាស៊ាននេះ ក៏ស្របពេលដែលជោគវាសនានៃជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាម ដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅកម្ពុជានោះ កំពុងឋិតក្នុងស្ថានភាពស្រពេចស្រពិលនៅឡើយ។
រលកនៃការភៀសខ្លួនរបស់ជនជាតិមួយចំនួននៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដោយសារតែការរំលោភសិទ្ធិមនុស្សកំពុងក្លាយជាការបារម្ភរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស។ ការបារម្ភនេះ ដោយសារតែជនភៀសខ្លួនទាំងនោះ ក្រៅពីរងនូវការធ្វើទុក្ខបុកម្នេញនៅពីសំណាក់អាជ្ញាធរនៅកន្លែងដែលគេរស់នៅហើយ នៅពេលពួកគេរត់គេចខ្លួនទៅដល់ប្រទេសផ្សេង ខ្លះមិនត្រូវបានអាជ្ញាធរនៃប្រទេសផ្សេងទៀតនោះយកចិត្តទុកដាក់ការពារសិទ្ធិរបស់ពួកគេឡើយ។ ក្នុងពេលជាមួយគ្នា ក៏មានជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោនមួយចំនួនទៀតក៏ត្រូវបានចាប់បញ្ជូនត្រឡប់ទៅកន្លែងដើមវិញ ព្រោះតែហេតុផលនយោបាយ ទាំងដែលពួកគេបារម្ភថា អាចជួបនូវការធ្វើទុក្ខបុកម្នេញជាថ្មីពីសំណាក់អាជ្ញាធរ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនផ្សព្វផ្សាយនៅថ្ងៃទី៧ ខែសីហា សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានទទូចឲ្យរដ្ឋាភិបាលប្រទេសសមាជិកសមាគមអាស៊ានធ្វើការបន្ថែមទៀត ដើម្បីការពារសិទ្ធិជនភៀសខ្លួនដោយលើកហេតុផលថា វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការធានាថា ពលរដ្ឋទាំងអស់ មិនថាពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួន ឬមកពីប្រទេសផ្សេងឡើយ គឺសិទ្ធិរបស់ពួកគេត្រូវតែទទួលបានការការពារ។
ការអំពាវនាវនេះ បន្ទាប់ពីក្រុមការងារសមាជិកសភាអាស៊ានបានធ្វើបេសកកម្មស្វែងរកការពិតនៅប្រទេសម៉ាឡេស៊ី ដែលនៅទីនោះពួកគេបានជួបទាំងពលករចំណាកស្រុក និងជនភៀសខ្លួន ក្នុងនោះក៏មានជនភៀសខ្លួនរ៉ូហីងយ៉ា (Rohingya) កាន់សាសនាឥស្លាមមកពីប្រទេសមីយ៉ាន់ម៉ា ផងដែរ។ ប៉ុន្តែការអំពាវនាវរបស់ពួកគេនេះ ធ្វើឡើងមិនសម្រាប់តែជនភៀសខ្លួននៅប្រទេសម៉ាឡេស៊ីមួយប៉ុណ្ណោះទេ គឺសម្រាប់ជនភៀសខ្លួនទាំងមូលនៅភូមិភាគអាស៊ីអាគ្នេយ៍។
ការអំពាវនាវនេះ ក៏ស្របពេលដែលជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាម ចំនួន ៤៩នាក់ ក្នុងចំណោម ៥២នាក់នៅកម្ពុជា កំពុងស្ថិតក្នុងដំណើរការពិនិត្យឋានៈជាជនភៀសខ្លួន ដោយអាជ្ញាធរខ្មែរនៅដំណាក់កាលចុងក្រោយ បន្ទាប់ពីពួកគេបានធ្លាក់ក្នុងជុំទី១កាលពីខែមិថុនា។ ក្នុងពេលជាមួយគ្នា ការអំពាវនាវនេះក៏ធ្លាក់ជួនពេលដែលមានព័ត៌មានថា អាជ្ញាធរខ្មែរគ្រោងបញ្ជូនជនជាតិម៉ុងតាញ៉ា ចំនួន ១៦នាក់ បន្ថែមទៀត ដែលមិនទទួលបានឋានៈជាជនភៀសខ្លួនទៅប្រទេសវៀតណាម វិញ។
ទោះជាយ៉ាងណា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក តាន់ សុវិជ្ជា បញ្ជាក់ប្រាប់អាស៊ីសេរី នៅថ្ងៃទី៧ សីហា ថា ក្នុងចំណោមជនជាតិម៉ុងតាញ៉ា ដែលធ្លាក់ក្នុងជុំទី១ ទាំង ៤៩នោះ រហូតមកទល់ពេលនេះ អាជ្ញាធរពិនិត្យឋានៈពួកគេឡើងវិញបានប្រហែលពាក់កណ្ដាលហើយ។ ប៉ុន្តែលោកថា នៅមិនទាន់អាចបញ្ចេញព័ត៌មានថា ប៉ុន្មាននាក់ធ្លាក់ ប៉ុន្មាននាក់ជាប់នៅឡើយ លុះណាតែពិនិត្យចប់សព្វគ្រប់សិន មុននឹងត្រូវធ្វើយ៉ាងណាទៀត ចំពោះជនជាតិម៉ុងតាញ៉ា ទាំងអស់នេះ។
យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា ក្រោយការពិនិត្យចប់សព្វគ្រប់ហើយ កម្ពុជានឹងអនុវត្តទៅតាមច្បាប់អន្តោប្រវេសន៍របស់ខ្លួនដែលអ្នកធ្លាក់ត្រូវតែចាកចេញពីកម្ពុជា ក្នុងរយៈពេល ១៥ថ្ងៃក្រោយការប្រកាសមិនទទួលយកឋានៈជាជនភៀសខ្លួន ហើយមិនអាចមានភាគីណាមួយមកជំទាស់ជំនួសបានឡើយ៖ «នៅក្នុងកិច្ចដំណើរការ កាលណាគាត់មិនទទួលបានឋានៈគាត់នឹងស្ម័គ្រចិត្តត្រឡប់ទៅប្រទេសដើមវិញដោយរៀបចំដោយអង្គការ UNHCR។ ស្រុកយើងមានច្បាប់យើងអនុវត្តតាមច្បាប់»។
ជនជាតិភាគតិចម៉ុងតាញ៉ាវៀតណាម ឬវៀតណាម ហៅថា ងើយ ទឿង (người Thượng) គឺជាក្រុមជនជាតិភាគតិចរស់នៅក្នុងតំបន់ភ្នំក្នុងខេត្តយ៉ាឡាយ (Gia Lai) ខេត្តដាក់ឡាក់ (Dak Lak) និងខេត្តកន តុម (Kon Tum) ដែលឋិតនៅប៉ែកកណ្ដាលប្រទេសវៀតណាម ជាប់ព្រំប្រទល់ខេត្តរតនគិរី និងមណ្ឌលគិរី របស់កម្ពុជា។
ចាប់តាំងពីឆ្នាំ២០០១ មក មានជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាម យ៉ាងហោចណាស់ក៏ ៣ពាន់នាក់ដែរបានរត់កាត់ព្រៃឆ្លងដែនចូលកម្ពុជា តាមខេត្តរតនគិរី និងមណ្ឌលគិរី ដើម្បីស្វែងរកសិទ្ធិជ្រកកោន។ រលកនៃការរត់គេចខ្លួនចុងក្រោយ គឺនៅចុងឆ្នាំ២០១៤។ ជនជាតិម៉ុងតាញ៉ា អះអាងថា ពួកគេត្រូវបានអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញ និងបំបិទសិទ្ធិសេរីភាពផ្នែកសាសនាជាដើម។
កាលពីថ្ងៃទី៨ មិថុនា ជនជាតិម៉ុងតាញ៉ា ចំនួន ១៦នាក់ ត្រូវបានអាជ្ញាធរខ្មែរអមដំណើរដោយមន្ត្រីអង្គការសហប្រជាជាតិបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពីពួកគេមិនទទួលបានឋានៈជនជនភៀសខ្លួន។
រហូតមកទល់ពេលនេះ មានជនជាតិម៉ុងតាញ៉ា ចំនួន ១៦នាក់ហើយ ដែលត្រូវបានផ្ដល់ឋានៈជាជនភៀសខ្លួន ក្នុងនោះ ១៣នាក់ត្រូវបានអង្គការសហប្រជាជាតិ បញ្ជូនទៅស្នាក់នៅក្នុងប្រទេសហ្វីលីពីន ដើម្បីបន្តដំណើរទៅរស់នៅក្នុងប្រទេសទី៣។ ចំណែក ៣នាក់ទៀត កំពុងឋិតនៅក្នុងប្រទេសកម្ពុជា នៅឡើយ។
កន្លងទៅ អង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានសម្ដែងការបារម្ភពីជោគវាសនារបស់ជនជាតិម៉ុងតាញ៉ា ដែលស្វែងរកសិទ្ធិជ្រកកោននៅកម្ពុជា។ អង្គការទាំងនេះតែងស្នើឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តស្របទៅតាមលក្ខណៈវិនិច្ឆ័យនៃអនុសញ្ញាស្ដីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហើយចង់ឃើញការកំណត់ឋានៈនៃជនភៀសខ្លួនរបស់ជនជាតិម៉ុងតាញ៉ា ផ្អែកលើមូលដ្ឋានច្បាប់ជាជាងផ្អែកទៅលើហេតុផលនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។