ពលករខ្មែរដែលបានរួចជីវិតពីការប៉ងសម្លាប់នៅលើទូកនេសាទថៃ ហើយហែលតែលតោលក្នុងលំហសមុទ្រ លោក វឿន វ៉ុន ទីបំផុតលោកបានទៅដល់ភូមិកំណើតវិញហើយ នៅល្ងាចថ្ងៃទី១៥ ឧសភា នេះ។
លោក វឿន វ៉ុន ថ្លែងថា លោករំភើបណាស់ពេលលោកមានជីវិតបានមកដល់ផ្ទះវិញ នៅឯភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជួបបងប្អូនសាច់ញាតិ និងអ្នកភូមិ៖ « បានជាន់ដីខ្មែរដូចកើត ម្ដងទៀត »។
លោក វឿន វ៉ុន ដែលជាកសិករវ័យ ៣៦ឆ្នាំ ឲ្យដឹងថា លោកចាកចេញពីភូមិកំណើតកាលពីខែសីហា ឆ្នាំ២០១៦ ទៅធ្វើការនៅលើទូកនេសាទនៅតំបន់ប៉ាកណាម ខេត្តសាមុតប្រាកាន ប្រទេសថៃ តាមរយៈមេខ្យល់ម្នាក់ឈ្មោះ គក់។ លោកត្រូវអ្នកនៅលើទូកនេសាទដូចគ្នាប៉ងសម្លាប់ ដោយសារតែមេខ្យល់ចង់បំបិទមាត់លោកក្នុងជម្លោះរឿងបាត់លុយ ដែលលោកផ្ញើមកម្ដាយនៅឯផ្ទះ។ លោកសម្រេចលោតចូលទឹកសមុទ្រដែលមានចម្ងាយប្រមាណ ១៣៧គីឡូម៉ែត្រពីឆ្នេរ ដោយឱបធុងស្ពេត្រូជាប់ខ្លួន ហើយត្រូវបានទាហានជើងទឹកប្រ៊ុយណេ ជួយស្រង់ឲ្យរួចជីវិតពីក្នុងលំហសមុទ្រនោះ។
លោក វឿន វ៉ុន បានមកដល់កម្ពុជា វិញនៅរសៀលថ្ងៃទី១៤ ឧសភា បន្ទាប់ពីមន្ត្រីទូតកម្ពុជា សហការជាមួយសេនានុព័ន្ធយោធាប្រ៊ុយណេ និងមន្ត្រីប៉ូលិសអន្តោប្រវេសន៍សិង្ហបុរី ជួយបញ្ជូនលោកតាមយន្តហោះមកកម្ពុជា។
ទន្ទឹមគ្នានឹងក្ដីរំភើបពេលបានមកផ្ទះ លោក វឿន វ៉ុន លោកហាក់នៅវិលវល់ក្នុងចិត្តនៅឡើយ។ លោកថ្លែងថា លោកនៅមិនទាន់គិតឃើញទេថា លោកនឹងធ្វើអ្វីនៅថ្ងៃទៅមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។