មន្ត្រីពន្ធនាគារខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ សីហា បង្ខំឲ្យមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) ម្នាក់ និងមន្ត្រីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំខេត្តបាត់ដំបង ម្នាក់ ផ្ដិតស្នាមមេដៃធ្វើកិច្ចសន្យារឿងថតរូបនៅមុខពន្ធនាគារ។ ពួកគាត់ក៏ត្រូវបានមន្ត្រីពន្ធនាគារ បង្ខំឲ្យលុបរូបភាពចេញពីទូរស័ព្ទដៃផងដែរ។
ក្នុងបេសកកម្មចុះស៊ើបអង្កេតករណីមានអ្នកទោសស្លាប់នៅក្នុងពន្ធនាគារខេត្តបាត់ដំបង ដែលបានកើតឡើងកាលពីខែមិថុនា កន្លងទៅ មន្ត្រីសិទ្ធិមនុស្សទាំងពីរស្ថាប័ន ក្រោយពេលចប់ការងាររបស់ខ្លួន ពួកគេត្រូវបានមន្ត្រីពន្ធនាគារឃាត់ខ្លួនភ្លាមៗនៅពេលកំពុងថតរូបនៅខាងមុខពន្ធនាគារ។ ក្នុងពេលនោះ មន្ត្រីពន្ធនាគារបានយកទូរស័ព្ទមន្ត្រីសិទ្ធិមនុស្សទៅលុបរូបភាពចេញអស់ រួចនាំពួកគេចូលទៅក្នុងពន្ធនាគារ។ មន្ត្រីពន្ធនាគារក៏បានទាមទារដកហូតទូរស័ព្ទដៃពីអ្នកយកព័ត៌មានអាស៊ីសេរី ដែលទៅថតរូបនៅមុខពន្ធនាគារ ដើម្បីលុបរូបភាពចោលផងដែរ។
ថ្លែងប្រាប់អាស៊ីសេរីក្រោយចេញពីពន្ធនាគារវិញ មន្ត្រីការពារសិទ្ធិមនុស្សទាំងពីររូបអះអាងថា ពួកគាត់ថតរូបនៅខាងក្រៅពន្ធនាគារ ដើម្បីបង្ហាញពីសកម្មភាពការងារប៉ុណ្ណោះ ដោយពុំមានចេតនាធ្វើអ្វីផ្សេងឡើយ។
មន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបាត់ដំបង អ្នកស្រី ប្រាក់ សុភិមា មានប្រសាសន៍ថា ក្រោយពីអ្នកស្រីថតរូបនៅខាងមុខពន្ធនាគារជាមួយសាច់ញាតិអ្នកទោសម្នាក់ដែលស្លាប់ក្នុងពន្ធនាគារមួយនេះភ្លាម ស្រាប់តែអនុរក្សពន្ធនាគារបានយកទូរស័ព្ទរបស់អ្នកស្រីលុបរូបភាពចេញទាំងអស់ ព្រមទាំងហៅអ្នកស្រី និងស្ត្រីបុគ្គលិកអង្គការសហប្រជាជាតិម្នាក់ សុំមិនឲ្យបញ្ចេញឈ្មោះ ផ្ដិតស្នាមមេដៃលើកំណត់ហេតុប្រចាំថ្ងៃនៅខាងក្នុងពន្ធនាគារ៖ « យើងអត់ដឹងថាខាងក្រៅពន្ធនាគារគេមិនឲ្យថតរូបទេ អ្វីដែលយើងនៅខាងក្នុង គេមិនឲ្យថត។ យើងគ្រាន់តែសុំសម្រួលគាត់សុំយកទូរស័ព្ទមកវិញ បានគេធ្វើកំណត់ហេតុឲ្យលុបរូបភាពចេញពីទូរស័ព្ទដៃរបស់ខ្ញុំ »។
បន្ទាប់ពីពួកគាត់យល់ព្រមផ្ដិតស្នាមមេដៃ ប្រមាណកន្លះម៉ោងក្រោយមក អ្នកទាំងពីរត្រូវបានមន្ត្រីពន្ធនាគារឲ្យត្រឡប់ទៅផ្ទះវិញ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានពន្ធនាគារខេត្តបាត់ដំបង លោក សំអុល ធារិទ្ធ ពុំបានឆ្លើយតបអ្វីជុំវិញបញ្ហានេះទេ ដោយលោកប្រាប់ថាមិនស្គាល់អ្នកយកព័ត៌មានអាស៊ីសេរី ដូច្នេះលោកមិនអាចបកស្រាយបានឡើយ៖ « ប្រទេសគេមានច្បាប់ទម្លាប់តើ ! អូនឯងមកមានលិខិតស្នាមមក អូនឯងកុំចេះតែថាមួយអាស៊ីសេរី ពីរអាស៊ីសេរី មិនដឹងអាណាអាស៊ីសេរី ? អាស៊ីសេរីហ្នឹងស្អីគេ ? អ្នកណាតែងតាំងអាស៊ីសេរីហ្នឹង ? បើគ្មានអ្នកតែងតាំង អូនមកនិយាយមក ព្រោះកន្លែងនេះជាកន្លែងការងាររដ្ឋ បើការងាររដ្ឋ យើងត្រូវទៅតាមការងាររដ្ឋ ព្រោះស្រុកខ្មែរមានច្បាប់ »។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ការថតរូបនៅទីសាធារណៈពុំខុសច្បាប់ឡើយ។ លោកហៅការលុបរូបភាពពីទូរស័ព្ទដៃរបស់មន្ត្រីការពារសិទ្ធិមនុស្សទាំងពីររូបដោយមន្ត្រីពន្ធនាគារនេះ ថាជាការភ័យខ្លាចហួសហេតុ៖ « ខ្ញុំចេះតែសង្ស័យ ចេះតែនឹកឆ្ងល់ដែរថា ទីសាធារណៈនៅខាងក្រៅដែលយើងថតមិនបាន ដែលយើងហាមគេនោះ វាកាន់តែមានមន្ទិលសង្ស័យទៅវិញទេ ថាខាងក្នុងកន្លែងនោះមានលាក់បាំងបញ្ហាអីមួយហើយ ឬយ៉ាងម៉េច ? បានដល់ថ្នាក់រឹតបន្តឹងហួសហេតុពេកនោះ »។
មន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងមន្ត្រីអង្គការសហប្រជាជាតិ ខេត្តបាត់ដំបង ទៅពន្ធនាគារ ដើម្បីសាកសួរមន្ត្រីពន្ធនាគារមួយនេះយកឯកសារកោសល្យវិច័យករណីអ្នកទោសម្នាក់ឈ្មោះ ព្រំ ប៊ុនធឿន ភេទប្រុស អាយុ ៣៨ឆ្នាំ បានស្លាប់នៅក្នុងពន្ធនាគារនេះកាលពីថ្ងៃទី១៩ មិថុនា កន្លងទៅ។ មន្ត្រីអង្គការសិទ្ធិមនុស្សបើកការស៊ើបអង្កេតលើការស្លាប់នេះ បន្ទាប់ពីមានបណ្ដឹងរបស់សាច់ញាតិអ្នកទោសដែលសង្ស័យថា ការស្លាប់នេះគឺជាការធ្វើទារុណកម្មលើអ្នកទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។