ក្លឹបអ្នកកាសែតកម្ពុជា ប្រតិកម្មនឹងអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បណ្ដេញអ្នកកាសែតមិនឲ្យសម្ភាសនៅក្នុងបរិវេណរដ្ឋសភា។ ក្លឹបអ្នកកាសែតមួយនេះចាត់ទុកថា ការបណ្ដេញអ្នកកាសែតដែលកំពុងបំពេញតួនាទីតាមវិជ្ជាជីវៈ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពរបស់អ្នកកាសែត ដែលមានចែងក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ក៏មិនគាំទ្រចំពោះសកម្មភាពនេះដែរ។
ក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹង លោក ឈាង វុន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យរដ្ឋសភា ដែលបានបណ្ដេញអ្នកសារព័ត៌មានចេញពីបរិវេណរដ្ឋសភា ដោយគ្មានបញ្ជាក់ហេតុផល។
ស្ថាប័ននេះ ចាត់ទុកការបណ្ដេញអ្នកកាសែតពេលបំពេញការងារ ជាការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន ដែលមានចែងនៅក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីថ្លែងការណ៍នេះ បានចេញមួយថ្ងៃក្រោយពី លោក ឈាន វុន បានបណ្ដេញអ្នកកាសែត និងរារាំងអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ពេលផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត ហើយសកម្មភាពនេះត្រូវបានគេផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) និងសារព័ត៌មានមួយចំនួនទៀត កាលពីថ្ងៃទី១ ខែកក្កដា។
នាយកប្រតិបត្តិនៃក្លឹបអ្នកកាសែតកម្ពុជា លោក ឆាយ សុផល ថ្លែងថា រដ្ឋសភាមុននឹងអនុញ្ញាតឲ្យអ្នកកាសែតចូលទៅយកព័ត៌មាន គឺមានការរឹតត្បិតឆែកឆេរតឹងតែង ប៉ុន្តែបែរជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរដ្ឋសភារូបនោះ ប្រើពាក្យសម្ដី និងបញ្ចេញឥរិយាបថខុសប្រក្រតី ក្នុងនាមជាមន្ត្រីស្ថាប័នកំពូលរបស់ជាតិ ទៅកាន់អ្នកសារព័ត៌មានដែលកំពុងតែបំពេញបេសកកម្មតាមវិជ្ជាជីវៈ។ លោកថា ទង្វើរបស់ លោក ឈាង វុន នោះជាការរំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន៖ «ដូច្នេះយើងពិនិត្យឃើញថា ការបណ្ដេញអ្នកកាសែតដែលកំពុងបំពេញតួនាទីតាមវិជ្ជាជីវៈ ចេញពីបរិវេណរដ្ឋសភានេះ គឺវាគ្មានហេតុផលច្បាស់លាស់។ មានពេលខ្លះ គាត់ខឹងគោ មកវាយរទេះ។ តួនាទីរបស់អ្នកសារព័ត៌មាន លោកក៏បានចូលទៅក្នុងរដ្ឋសភានោះតាមរយៈសន្តិសុខ ហើយលោកមានបង្ហាញកាត ប័ណ្ណព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន។ ដូច្នេះអ្នកសារព័ត៌មាន លោកមានតួនាទីក្នុងការប្រមូលយកព័ត៌មាន ទោះបីជាអ្នកណាផ្តល់សន្និសីទកាសែត ផ្តល់ព័ត៌មានយ៉ាងណាក៏ដោយ នៅទីណាក៏ដោយ គឺលោកមានតួនាទីក្នុងការប្រមូលព័ត៌មានចម្រុះសម្បូរបែបជូនដល់សាធារណជន។ ដូច្នេះ ការដែលបណ្ដេញអ្នកសារព័ត៌មានឲ្យចេញដោយគ្មានហេតុផលបែបនេះ វាគឺជាឥរិយាបថដែលគ្មានវិជ្ជាជីវៈ»។
វិទ្យុអាស៊ីសេរី ព្យាយាមសុំការបំភ្លឺពី លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា ជុំវិញបញ្ហានេះ ប៉ុន្តែលោកមិនលើកទូរស័ព្ទ នៅរសៀលថ្ងៃទី២ ខែកក្កដា។
ករណីស្រដៀងនេះដែរ សន្តិសុខនៅទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានបណ្ដេញក្រុមអ្នកកាសែតដែលកំពុងសម្ភាសតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្នុងបរិវេណទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២ កក្កដា នេះដែរ។ ក្រុមសន្តិសុខទាំងនោះអះអាងថា អ្នកតំណាងរាស្ត្រ និងអ្នកកាសែតនៅទីនោះ ហួសម៉ោងធ្វើការរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីកំណត់។
អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ថ្លែងថា លោកមានការសោកស្ដាយចំពោះមនុស្សចេះដឹងច្បាប់ និងជាអ្នកបានអនុម័តគ្រប់ច្បាប់ បែរជារំលោភច្បាប់ស្ដីពីសារព័ត៌មាន។ លោកបន្តថា ការប្រជុំនៅរដ្ឋសភាគ្មានអ្វីលាក់កំបាំង ដែលអ្នកសារព័ត៌មានមិនអាចចូលយកព័ត៌មាន ដើម្បីផ្សព្វផ្សាយនោះទេ។ លោកថា ក្រៅពីបណ្ដេញអ្នកសារព័ត៌មាន លោក ឈាង វុន ក៏បានដេញតំណាងរាស្ត្រគណបក្សប្រឆាំងដែរ។ លោកបន្តថា ទង្វើរបស់ លោក ឈាង វុន នេះ ជាអត្តចរិតមនុស្សចង់សម្ដែងឫកផង រើសអើងគេឯងផង និងហាក់ដូចទាញទម្លាក់វប្បធម៌សន្ទនាដែលមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទើបនឹងខំផ្ដួចផ្ដើមឡើងកាលពីមុនចូលឆ្នាំខ្មែរ ២០១៥ នេះទេ៖ «ពីព្រោះគាត់ជាអ្នកធ្លាប់ធ្វើការនៅបរទេស ហើយគាត់មានចំណេះដឹងខ្ពង់ខ្ពស់ ហើយទង្វើនេះគ្រាន់តែជាការបង្ហាញឥទ្ធិពល បង្ហាញនូវអំណាចរបស់ខ្លួននៅក្នុងរដ្ឋសភាតែប៉ុណ្ណោះទេ។ ប៉ុន្តែបើយើងនិយាយអំពីវប្បធម៌ ឬក៏សីលធម៌ ក្រមសីលធម៌នៃអ្នកតំណាងរាស្ត្រ គឺមិនអាចធ្វើដូច្នេះបានទេ»។
សេចក្តីថ្លែងការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា អំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន រួមទាំងតំណាងរាស្ត្រ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ និងប្រុងប្រយ័ត្នក្នុងការបញ្ចេញអាកប្បកិរិយា ឬពាក្យសម្ដីដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់អ្នកសារព័ត៌មាន។
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ទទូចឲ្យ លោក ឈាង វុន គោរពសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់តំណាងរាស្ត្រ
នៅថ្ងៃទី២ ខែកក្កដា នេះដែរ គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) ទទូចឲ្យ លោក ឈាង វុន គោរពសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់តំណាងរាស្ត្រដទៃទៀត។
អង្គការការពារសិទ្ធិមនុស្សមួយនេះ លើកឡើងថា សកម្មភាពរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរបស់រដ្ឋសភា លោក ឈាង វុន ដែលបានហាមឃាត់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មិនឲ្យផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតក្នុងមន្ទីររដ្ឋសភា កាលពីថ្ងៃទី១ កក្កដា ថាជាការរំលោភបំពានធ្ងន់ធ្ងរដល់សេរីភាពសម្ដែងមតិ សេរីភាពក្នុងការមានមតិ និងសិទ្ធិក្នុងការប្រឆាំងតវ៉ា។
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា អំពាវនាវដល់តំណាងរាស្ត្រទាំងអស់ បញ្ឈប់នូវការជ្រៀតជ្រែក និងរំលោភបំពានលើសិទ្ធិ និងឯកសិទ្ធិរបស់តំណាងរាស្ត្រដទៃទៀត ក្នុងការផ្តល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មាន និងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលពួកគេធ្វើជាអ្នកតំណាង។
អង្គការមួយនេះ សង្ឃឹមដែរថា សមាជិកសភាទាំងអស់គោរពតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីរក្សានូវបរិយាកាសសន្តិភាព និងប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ។ ពួកគេក៏អំពាវនាវឲ្យរដ្ឋសភា រៀបចំទីកន្លែងសមស្របណាមួយនៅក្នុងបរិវេណរដ្ឋសភា សម្រាប់ភ្នាក់ងារសារព័ត៌មាន និងសម្រាប់សមាជិករដ្ឋសភា អាចសម្ដែងមតិជាសាធារណៈបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។