ក្លឹបអ្នកកាសែតកម្ពុជា សម្ដែងការសោកស្ដាយចំពោះករណីសម្លាប់អ្នកយកព័ត៌មានឲ្យកាសែតរស្មីព្រះវិហារ កាលពីយប់ថ្ងៃទី៣១ ខែមករា នៅត្រង់ចំណុចភូមិឈើទាលជ្រំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្លឹបអ្នកកាសែតកម្ពុជា យល់ថា ករណីនេះស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ ដែលអាជ្ញាធរត្រូវបើកការស៊ើបអង្កេតឡើងវិញ។
ក្លឹបអ្នកកាសែតកម្ពុជា ស្នើឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតដ៏ត្រឹមត្រូវ ពីមូលហេតុច្បាស់លាស់ជុំវិញករណីសម្លាប់អ្នកយកព័ត៌មានឲ្យកាសែត "រស្មីព្រះវិហារ" គឺលោក ម៉េង ឈឿន អាយុ ៣៧ឆ្នាំ ដើម្បីផ្ដល់យុត្តិធម៌ដល់អ្នកកាសែតរូបនេះ និងក្រុមគ្រួសារ។
ការអំពាវរបស់ក្លឹបអ្នកកាសែតកម្ពុជា នៅពេលនេះ ធ្វើឡើងបន្ទាប់ពីកាសែត "រស្មីព្រះវិហារ" បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី៥ ខែកុម្ភៈ ថា ការសម្លាប់នេះស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ និងសូមឲ្យអាជ្ញាធរបើកការស៊ើបអង្កេតឡើងវិញ។
បន្ថែមពីនេះ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែកុម្ភៈ ថា ក្លឹបអ្នកកាសែតចង់ឲ្យមានការស៊ើបអង្កេត និងបន្តតាមដានករណីនេះដោយយកចិត្តទុកដាក់ បើទោះជាអ្នកកាសែតម្នាក់នោះខុស ឬត្រូវយ៉ាងណាក៏ដោយ ដើម្បីផ្ដល់យុត្តិធម៌សម្រាប់អ្នកសារព័ត៌មានកម្ពុជា។ ករណីនេះដែរ ក្លឹបអ្នកកាសែតកម្ពុជា នឹងបន្តតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត ដើម្បីធានាថា គ្មានអ្នកកាសែតណាម្នាក់ត្រូវបានសម្លាប់ដោយសារគេបំពេញការងារតាមវិជ្ជាជីវៈនោះឡើយ។
លោក ប៉ែន បូណា៖ «ករណីដែលគាត់ស្លាប់នៅកំពង់ស្ពឺ យើងជាក្លឹបអ្នកកាសែត យើងក៏មិនដឹងថា ករណីហ្នឹងវាស្លាប់យ៉ាងម៉េចនោះទេ តែយើងចង់ឲ្យមានការស៊ើបអង្កេត ឲ្យដឹងថា វាខុស ឬត្រូវយ៉ាងណា ហេតុអ្វីបានឈានដល់ការសម្លាប់ ដើម្បីរកខុសត្រូវ និងផ្ដល់យុត្តិធម៌ដល់អ្នកសារព័ត៌មាន»។
លោក ម៉េង ឈឿន អ្នកយកព័ត៌មានឲ្យកាសែត "រស្មីព្រះវិហារ" ត្រូវបានសម្លាប់កាលពីយប់ថ្ងៃទី៣១ ខែមករា នៅត្រង់ចំណុចភូមិឈើទាលជ្រំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណៈមានព័ត៌មានខ្លះនិយាយថា អ្នកកាសែតរូបនេះ ត្រូវបានសម្លាប់ដោយប្រជាជនខឹងនឹងលោកដែលបានលួចកាច់សោម៉ូតូរបស់ប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹងករណីនេះ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា ក្រសួងមិនមានសមត្ថភាពស៊ើបអង្កេតករណីនេះនោះទេ ព្រោះជាដែនរបស់សមត្ថកិច្ចក្រសួងមហាផ្ទៃ។ ប៉ុន្តែបញ្ហានេះ កន្លងមកក្រសួងតែងចេញសេចក្ដីថ្លែងការណ៍ ឬធ្វើការអន្តរាគមន៍ផ្សេងៗ ចំពោះអ្នកព័ត៌មានណាដែលមានវិជ្ជាជីវៈ និងបានចុះបញ្ជីត្រឹមត្រូវជាមួយក្រសួង។ ប៉ុន្តែក្រសួងគាំទ្រឲ្យមានការស៊ើបអង្កេតករណីនេះឡើងវិញ។
លោក អ៊ុក គឹមសេង៖ «ធម្មតាក្រសួងសមត្ថកិច្ច ដែលមានសមត្ថកិច្ច ត្រូវតែបើកឲ្យមានការស៊ើបអង្កេត ដូច្នេះក្រសួងព័ត៌មាន មិនមានសិទ្ធិអីទៅចាត់វិធានការនោះទេ តែយើងហ្នឹងបន្តតាមដានករណីនេះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរខេត្តកំពង់ស្ពឺ ដើម្បីដឹងពីចំណាត់ការរបស់អាជ្ញាធរជុំវិញករណីសម្លាប់ លោក ម៉េង ឈឿន អ្នកយកព័ត៌មានឲ្យកាសែត "រស្មីព្រះវិហារ" ត្រូវបានសម្លាប់កាលពីយប់ថ្ងៃទី៣១ ខែមករា នៅត្រង់ចំណុចភូមិឈើទាលជ្រំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាននៅឡើយនៅថ្ងៃទី៦ ខែកុម្ភៈ។
របាយការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា ដែលបានបង្ហាញឡើងនៅក្នុងវេទិកានិពន្ធនាយកលើកទី១២ ស្ដីពីការកើនឡើងនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញ (Online) និងការគំរាមកំហែងកម្មសិទ្ធិបញ្ញាកាលពីដើមខែធ្នូ បង្ហាញថា ការគំរាមកំហែងមកលើអ្នកសារព័ត៌មានមានការកើតឡើងនៅក្នុងឆ្នាំ២០១៥ នេះ មានចំនួនរហូត ១២ករណី។ ចំនួននេះកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១៤ ដែលមាន ៤ករណី។
ក្លឹបអ្នកកាសែតរកឃើញថា អ្នកយកព័ត៌មានមួយចំនួននៅកម្ពុជា ត្រូវរងនូវការវាយដំ ឬត្រូវគេហាមឃាត់ ឬចាប់ឃាត់ខ្លួនមួយរយៈ រួមទាំងការដកហូតម៉ាស៊ីនថតសំឡេង និងថតរូប និងការរារាំងមិនឲ្យអ្នកសារព័ត៌មានបំពេញការងាររបស់ពួកគេបានជាដើម។
យ៉ាងណាក៏ដោយក្លឹបអ្នកកាសែតកម្ពុជា នៅតែអំពាវនាវដល់ក្រុមសមត្ថកិច្ចអាជ្ញាធរសំខាន់ មន្ត្រីអនុវត្តច្បាប់ឲ្យពិចារណា និងស្រាវជ្រាវឲ្យបានជាក់ស្ដែង និងយុត្តិធម៌លើសំណុំរឿងទាំងឡាយដែលចោទប្រកាន់មកលើអ្នកកាសែត ដើម្បីបង្ហាញនូវតម្លាភាព និងផ្ដល់យុត្តិធម៌សម្រាប់អ្នកសារព័ត៌មានកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។