មន្ត្រី​កម្ពុជា​នឹង​ទៅ​សម្ភាស​ជន​ភៀស​ខ្លួន​នៅ​កោះ​ណាវរូ​ដែល​ចង់​មក​រស់នៅ​កម្ពុជា​បន្ថែម​ទៀត

ដោយ ប្រាជ្ញ ចេវ
2015.09.17
ជន​ភៀស​ខ្លួន អូស្ត្រាលី ៦២០ រថយន្ត​ដឹក​ជន​ភៀស​ខ្លួន ៤​នាក់​រួម​មាន​ជនជាតិ​អ៊ីរ៉ង់ (Iran) ៣​នាក់ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ដើម​ភាគ​តិច រ៉ូហ៊ីងយ៉ា (Rohingya) ដែល​រត់​គេច​ពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Rann Samnang

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា ការ​ផ្លាស់ប្ដូរ​នាយក​រដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី មិន​ប៉ះពាល់​ដល់​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា ទេ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា នៅ​ដើម​ខែ​តុលា ខាង​មុខ មន្ត្រី​កម្ពុជា នឹង​ទៅ​ប្រទេស​អូស្ត្រាលី ដើម្បី​សម្ភាស​ជន​ភៀស​ខ្លួន​បន្ថែម​ទៀត ដែល​មាន​បំណង​មក​រស់នៅ​ប្រទេស​កម្ពុជា។

ការ​អះអាង​បែប​នេះ​របស់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​អូស្ត្រាលី ប្ដូរ​នាយក​រដ្ឋមន្ត្រី​ដែល​កំពុង​កាន់​តំណែង គឺ​លោក​នាយក​រដ្ឋមន្ត្រី តូនី អាប៊ត (Tony Abbott) ទៅ​ឲ្យ លោក ម៉ាល់ខម ថឺនប៊ុល (Malcolm Turnbull) ដោយ​បក្ស​ប្រហារ​នៅ​ក្នុង​គណបក្ស​សេរី​និយម។

ជាង​នេះ​ទៅ​ទៀត គឺ​ស្រប​ពេល​ដែល​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា ជន​ភៀស​ខ្លួន ៤​នាក់​បន្ថែម​ទៀត យល់ព្រម​មក​រស់នៅ​ប្រទេស​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​បញ្ចប់​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ​ចំពោះ​អាយុ​ជីវិត និង​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ។ លោក​លើក​ឡើង​ថា ការ​ផ្លាស់ប្ដូរ​នាយក​រដ្ឋមន្ត្រី​ជា​រឿង​របស់​ប្រទេស​អូស្ត្រាលី។ លោក​យល់​ថា មិន​ប៉ះពាល់​ដល់​គម្រោង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ជំរំ​នៅ​លើ​កោះ​ណាវរូ (Nauru) នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត លោក ស ខេង នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ទៅ​សម្ភាស​ជន​ភៀស​ខ្លួន​ណា ដែល​ចង់​មក​រស់នៅ​ប្រទេស​កម្ពុជា នៅ​ចុង​ខែ​កញ្ញា ឬ​ដើម​ខែ​តុលា ខាង​មុខ៖ «ឥឡូវ​ស៊ី​សង​លើ​យើង​ទៅ​សម្ភាស តើ​សម្ភាស​ទៅ​អ្នក​នោះ​ពិត​ជា​ស្ម័គ្រ​មក​ប្រទេស​កម្ពុជា ទេ? តើ​អ្នក​នោះ​ពិត​ជា​ជន​ភៀស​ខ្លួន​ទេ?»

ផ្ទុយ​ពី​ជំហរ​របស់​រដ្ឋាភិបាល គណបក្ស​ប្រឆាំង​នៅ​តែ​ជំទាស់​ការ​យល់ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន ដោយ​លើក​ហេតុផល​ថា សេដ្ឋកិច្ច​កម្ពុជា និង​ស្ថានភាព​ពលរដ្ឋ​កម្ពុជា មិន​សម​ជា​ប្រទេស​ទទួល​យក​ជន​ភៀស​ខ្លួន​នោះ​ទេ។

ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​នេះ ក្រោយ​ពេល​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី លោក ភីធឺ ឌុតថុន (Peter Dutton) បាន​មក​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​ខែ​កញ្ញា ដែល​រដ្ឋាភិបាល​អូស្ត្រាលី ទាមទារ​ប្រាក់​ជំនួយ​ស្ដីពី​កិច្ច​ព្រមព្រៀង​ស្ដីពី​ជន​អន្តោប្រវេសន៍​ប្រមាណ ៥៥​លាន​ដុល្លារ​វិញ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ថា កម្ពុជា នឹង​ឈប់​ទទួល​យក​ជន​អន្តោប្រវេសន៍​បន្ថែម​ទៀត​ពី​អូស្ត្រាលី នោះ។

កាល​ពី​ខែ​មិថុនា រដ្ឋាភិបាល​អូស្ត្រាលី បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ១៥​លាន​ដុល្លារ ដើម្បី​ឲ្យ​កម្ពុជា រៀបចំ​ទទួល​យក​ជន​ភៀស​ខ្លួន​ចំនួន ៤​នាក់​មក​រស់នៅ​កម្ពុជា ពី​កោះ​ណាវរូ។ អូស្ត្រាលី ក៏​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ចំនួន ៤០​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​កិច្ច​ព្រមព្រៀង​ស្ដីពី​ជន​អន្តោប្រវេសន៍​រវាង​កម្ពុជា និង​អូស្ត្រាលី។

ភូមិគ្រឹះ​ដែល​ជនភៀសខ្លួន ៤​នាក់​ស្នាក់​នៅ​បណ្ដោះអាសន្ន បន្ទាប់​ពី​រដ្ឋាភិបាល​អូស្ត្រាលី បញ្ជូន​ពី​កោះ​ណាវរូ ស្ថិត​ក្នុង​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ រូបថត​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៥
ភូមិគ្រឹះ​ដែល​ជនភៀសខ្លួន ៤​នាក់​ស្នាក់​នៅ​បណ្ដោះអាសន្ន បន្ទាប់​ពី​រដ្ឋាភិបាល​អូស្ត្រាលី បញ្ជូន​ពី​កោះ​ណាវរូ ស្ថិត​ក្នុង​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ រូបថត​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៥
RFA/Morm Moniroth

កាសែត​អូស្ត្រាលី ឌឹ ស៊ីដនី ម៉រនិង ហឺរ៉ាល់ (The Sydney Morning Herald) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ កញ្ញា ស្រង់​សម្ដី លោក ភីធឺ ឌុតថុន ថា ជំនួប​រវាង​លោក និង​លោក ហ៊ុន សែន និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​បញ្ជាក់​បន្ថែម​ឡើង​វិញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា ដែល​បាន​យល់ព្រម​ទទួល​យក និង​រៀបចំ​ការ​តាំង​ទីលំនៅ​របស់​ជន​ភៀស​ខ្លួន​មក​ពី​កោះ​ណាវរូ។ ទន្ទឹម​នឹង​ព័ត៌មាន​ពី​ការ​ចង់​មក​រស់នៅ​ប្រទេស​កម្ពុជា បន្ថែម​ទៀត ជន​ភៀស​ខ្លួន​ម្នាក់​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា (Rohingya) ក្នុង​ចំណោម​ជន​ភៀស​ខ្លួន ៤​នាក់ ដែល​អូស្ត្រាលី បាន​បញ្ជូន​កាល​ពី​ខែ​មិថុនា កំពុង​រស់នៅ​ប្រទេស​កម្ពុជា ជិត ៤​ខែ​មក​ហើយ​នោះ បាន​ស្នើសុំ​ទៅ​រស់នៅ​ប្រទេស​ភូមា វិញ ហើយ​រដ្ឋាភិបាល​ក៏​យល់ព្រម​តាម​សំណើ​ដែរ។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ យល់​ថា ស្ថានការណ៍​ប្រទេស​អូស្ត្រាលី នៅ​រយៈពេល​ចុង​ក្រោយ​នេះ អាច​នឹង​មាន​ការ​ប្រែប្រួល ឬ​ប្រទេស​អូស្ត្រាលី ឈប់​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា។ លោក អ៊ូ វីរៈ បន្ត​ទៀត​ថា ការ​ទទួល​ជន​ភៀស​ខ្លួន​ពី​កោះ​ណាវរូ ជា​ភារកិច្ច​របស់​អូស្ត្រាលី ព្រោះ​ជន​ភៀស​ខ្លួន​ទាំង​នោះ​ចង់​រស់នៅ​ប្រទេស​អូស្ត្រាលី។ ប៉ុន្តែ​លោក​យល់​ថា ទង្វើ​របស់​អូស្ត្រាលី នេះ ព្រោះ​រដ្ឋាភិបាល​អូស្ត្រាលី ចង់​បង្ហាញ​ពិភពលោក​ថា កុំ​ឲ្យ​មាន​ជន​ភៀស​ខ្លួន​ណា​មក​ប្រទេស​អូស្ត្រាលី ទៀត៖ «កម្ពុជា អត់​មាន​ខាត​អី​ទេ ព្រោះ​អី​បាន​លុយ​ច្រើន​ពី​រឿង​នេះ ប៉ុន្តែ​គ្រាន់​តែ​ខុស​ពី​កាតព្វកិច្ច​ច្បាប់​អន្តរជាតិ ស្ដីពី​ពី​ការ​ការពារ​ជន​ភៀស​ខ្លួន ហើយ​អ្នក​ដែល​ខុស​បំផុត គឺ​ប្រទេស​អូស្ត្រាលី»

ទោះ​បី​ជា​អូស្ត្រាលី ព្យាយាម​ចង់​គេចវេស​មិន​ចង់​ឲ្យ​ជន​ភៀស​ខ្លួន​រស់នៅ​បន្ត​ទៀត​ក្ដី ប៉ុន្តែ​ប្រទេស​នេះ​បាន​យល់ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​ស៊ីរី (Syria) ដែល​កំពុង​រត់​គេច​ពី​សង្គ្រាម​របស់​ប្រទេស​នេះ។ បញ្ជាក់​បន្ថែម​ពី​ប្រសាសន៍​របស់ លោក ស ខេង អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថា​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ ទោះ​ប្ដូរ​របប​នយោបាយ ឬ​ប្ដូរ​អ្នក​ដឹក​នាំ ប៉ុន្តែ​ការងារ​ផ្លូវ​រដ្ឋ​នៅ​តែ​បន្ត​ធ្វើ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។