លីកាដូ៖ មន្ត្រី​រដ្ឋបាល​មួយ​ចំនួន​នៅ​កំពង់ឆ្នាំង​អសកម្ម​ក្នុង​ការងារ​ក្រោយ​បោះ​ឆ្នោត

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បាន​រក​ឃើញ​ថា មន្ត្រី​រដ្ឋបាល​សាធារណៈ​មាន​ភាព​អសកម្ម​ក្នុង​ការ​បំពេញ​មុខ​នាទី​របស់​ខ្លួន ដើម្បី​ផ្ដល់​សេវាកម្ម​សាធារណៈ​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​នេះ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី៥។ សង្គម​ស៊ីវិល​បញ្ជាក់​ថា ភាព​អសកម្ម​នេះ គឺ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។

0:00 / 0:00

បើ​ទោះ​បី​ជា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ បាន​បញ្ចប់​ទៅ​ជាង​មួយ​សប្ដាហ៍​ទៅ​ហើយ​ក្ដី ក៏​មន្ត្រី​បម្រើ​សេវាកម្ម​សាធារណៈ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មួយ​ចំនួន មិន​ទាន់​ចូល​ធ្វើ​ការ ឬ​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ពេញ​ដៃ​ពេញ​ជើង​នៅ​ឡើយ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ ចន្ចមុនី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៥ សីហា ថា អង្គការ​លីកាដូ បាន​រក​ឃើញ​ភាព​អសកម្ម​មួយ​ចំនួន​របស់​មន្ត្រី​សេវាកម្ម​សាធារណៈ ដូច​ជា តុលាការ សាលា​ខេត្ត ស្រុក រហូត​ដល់​សាលា​ឃុំ នៅ​មិន​ទាន់​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​បាន​ពេញ​លេញ​នៅ​ឡើយ បើ​គិត​ចាប់​តាំង​ពី​ថ្ងៃ​បោះ​ឆ្នោត រហូត​មក​ដល់​ពេល​នេះ៖ «បើ​ចាំ​តែ​បោះ​ឆ្នោត​តម្រូវ​ការ​គាត់​នៅ​ថ្ងៃ​ហ្នឹង មុន​បោះ​ឆ្នោត ឬ​ក្រោយ​បោះ​ឆ្នោត​ហ្នឹង គាត់​ត្រូវ​ការ ហើយ​គាត់​ត្រូវ​ការ​ថា​ការ​កូន​ថ្ងៃ​ហ្នឹង គាត់​ធ្វើ​បុណ្យ​ថ្ងៃ​ហ្នឹង​អីចឹង វា​រំលោភ​លើ​សិទ្ធិ​ធ្វើ​ជា​វប្បធម៌​សិទ្ធិ​សាសនា​អីចឹង វា​ត្រូវ​ការ​រដ្ឋបាល​សាធារណៈ​ហ្នឹង​ឯង ដើម្បី​បំពេញ​កិច្ច​ឲ្យ​គាត់»

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​ថ្នល់តាសែង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ មាន​ប្រសាសន៍​ថា គ្រួសារ​គាត់ និង​អ្នក​ភូមិ ៣​គ្រួសារ​ផ្សេង​ទៀត មាន​ទំនាស់​ដី​សាងសង់​លំនៅឋាន​ជាមួយ​នឹង​វត្ត​ថ្នល់អណ្ដែត ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ។ អ្នកស្រី​បន្ត​ថា មន្ត្រី​តុលាការ និង​សាលា​ស្រុក បាន​សន្យា​ថា​នឹង​គិតគូរ​ដោះស្រាយ​បញ្ហា​នេះ​នៅ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​នេះ គាត់​មិន​ទាន់​ទទួល​បាន​ដំណឹង​អ្វី​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ៖ «ទៅ​រាល់​តែ​ថ្ងៃ​សោះ ហើយ​បើ​មិន​នេះ សាកសួរ​អង្គការ​លីកាដូ ចុះ។ ទៅ​មក​វិញ ជួន​កាល​បាន​ចូល ជួន​កាល​អត់​បាន​ចូល​មក​វិញ យប់​អីចឹង​ម៉ោង ៧​យប់​អី បាន​ដល់​ផ្ទះ ព្រោះ​ខ្ញុំ​ជិះ​តែ​កង់»

ស្រដៀង​គ្នា​នឹង​ការ​លើក​ឡើង​នេះ មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត និង​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ដួង ចិត្រា មាន​ប្រសាសន៍​ថា មិន​ថា​តែ​នៅ​តាម​ស្ថាប័ន​សំខាន់​ក្នុង​ខេត្ត​ទេ នៅ​តាម​ឃុំ​ក៏​មាន​ភាព​អសកម្ម​កើត​ឡើង​ដែរ​រហូត​មក​ដល់​ថ្ងៃ​នេះ៖ «ខ្ញុំ​ផ្ទាល់​ខ្លួន​ហ្នឹង ព្រឹក​មិញ​ខ្ញុំ​បាន​ទៅ​ទំនាក់​ទំនង​ខាង​ផ្នែក​តុលាការ​ហ្នឹង ពេល​ហ្នឹង​តុលាការ​បាន​បញ្ជាក់​ថា រឿង​ហ្នឹង​គាត់​បាន​បញ្ជូន​ទៅ​ឲ្យ​ខាង​ប៉េអិម ដើម្បី​ស៊ើប​អង្កេត​រឿង​ហ្នឹង ពេល​ខ្ញុំ​ទៅ​ដល់​កន្លែង​ប៉េអិម​ហ្នឹង គ្រប់​ការិយាល័យ​ទាំងអស់​នៅ​រាជ​អាវុធហត្ថ អត់​មាន​បើក​ទ្វារ​ទាំងអស់ ចាក់​សោ​ជាប់​គ្រប់​ការិយាល័យ​ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ទាក់ទង​បាន»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង លោក សៀក គឹមលាង មាន​ប្រសាសន៍​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ថា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ និង​ផ្ដល់​សេវាកម្ម​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​មិន​ដែល​អាក់​ខាន​ឡើយ៖ «ចំពោះ​កិច្ចការ​នេះ អត់​មាន​ផង​អាជ្ញាធរ​សាធារណៈ គឺ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ទៅ​តាម​សមត្ថកិច្ច​រៀងៗ​ខ្លួន អត់​មាន​បញ្ហា​អី​ទេ»

មន្ត្រី​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​មួយ​ចំនួន​នៃ​ស្រុក​សាមគ្គីមានជ័យ បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ ដូច​ជា លិខិត​សុំ​ធ្វើ​បុណ្យ មង្គល​ការ និង​លិខិត​បញ្ជាក់​កំណើត ដើម្បី​យក​ទៅ​ធ្វើ​ការ និង​ខ្ចី​លុយ​អង្គការ​ជា​ដើម ត្រូវ​បាន​មេ​ឃុំ​បដិសេធ ឬ​មាន​ភាព​អល់អែក​ក្នុង​ការ​ចុះ​ហត្ថលេខា​បញ្ជាក់​ឲ្យ​ប្រជាពលរដ្ឋ ព្រោះ​អាជ្ញាធរ​ទាំង​នោះ​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​នៅ​ក្នុង​មូលដ្ឋាន​នេះ។

មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់​ថា ការ​អាក់​ខាន ឬ​បដិសេធ​មិន​ផ្ដល់​សេវាកម្ម​សាធារណៈ​ណា​មួយ​ពី​មន្ត្រី​សាធារណៈ​ដល់​ប្រជាពលរដ្ឋ គឺ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​សេវាកម្ម​សាធារណៈ​ពី​រដ្ឋ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ពួក​គាត់​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។