ពលករ​បម្រើ​ការ​តាម​ផ្ទះ​ស្នើ​ក្រសួង​ការងារ​ផ្តល់​សិទ្ធិ​ស្មើ​ភាព

បណ្ដាញ​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ ទទូច​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​ក្រសួង​ការងារ ជួយ​ដាក់​បញ្ចូល​អ្នក​ធ្វើ​ការងារ​ផ្នែក​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​កិច្ច​ការពារ​ដោយ​ច្បាប់ ដូច​ការងារ​ក្នុង​វិស័យ​ដទៃ​ទៀត​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល និង​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ ថ្លែង​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​ចាត់​ទុក​ការងារ​តាម​ផ្ទះ ថា​ស្ថិត​ក្នុង​វិស័យ​ការងារ​នៅ​ឡើយ​ទេ។

0:00 / 0:00

សមាជិក​បណ្ដាញ​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ បាន​ផ្ញើ​លិខិត ១​ច្បាប់​ជូន លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ រដ្ឋាភិបាល​មិន​ទាន់​បាន​ដាក់​បញ្ចូល​ឲ្យ​ស្ថិត​ក្រោម​កិច្ច​ការពារ​ដោយ​ច្បាប់ ដូចគ្នា​កម្មករ​បម្រើ​ការងារ​ក្នុង​វិស័យ​ផ្សេង​ទេ។

លិខិត​ចុះ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ផ្ញើ​ជូន លោក អ៊ិត សំហេង មាន​ចុះ​ហត្ថលេខា អ្នកស្រី វុន សម្ផស្ស ប្រធាន​បណ្ដាញ​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ​កម្ពុជា បាន​បង្ហាញ​ថា សព្វថ្ងៃ​នេះ​ដោយសារ​កំណើន​នៃ​តម្រូវ​ការ​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ទាក់ទាញ​ស្ត្រី​វ័យ​ក្មេងៗ​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​នេះ​មាន​ចំនួន​ច្រើន។

ផ្ដើម​ពី​បញ្ហា​នេះ អ្នកស្រី វុន សម្ផស្ស បាន​ស្នើ​ដល់​ក្រសួង​ការងារ ជួយ​ដាក់​បញ្ចូល​ការងារ​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ សិទ្ធិ​ធ្វើ​ការងារ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ឬ​សិទ្ធិ​ឈប់​សម្រាក​លំហែ​មាតុភាព​ជាដើម។

កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ បាន​ទទូច​ដល់ លោក អ៊ិត សំហេង ដាក់​ចេញ​នូវ​វិធាន​ការ​ច្បាប់ និង​រដ្ឋបាល​មួយ​ចំនួន ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​សំខាន់ៗ​ចំនួន ៩​ចំណុច ដល់​ពួក​គេ​មាន​ដូច​ជា ស្នើ​ផ្តល់​សច្ចាប័ន និង​ដាក់​ឲ្យ​អនុវត្ត​អនុសញ្ញា​លេខ​១៨៩ របស់​អង្គការ​ពលកម្ម​អន្តរជាតិ ស្ដីពី​ការងារ​សមរម្យ​សម្រាប់​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ ឬ​ស្នើ​ឲ្យ​ទទួល​ស្គាល់​ការ​ចូល​រួម​របស់​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ស្នើ​បញ្ចុះ​តម្លៃ​លិខិត​ឆ្លង​ដែន​សម្រាប់​កម្មករ​ចំណាក​ស្រុក មិន​ឲ្យ​លើស​ពី ២៥​ដុល្លារ​ជាដើម។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការងារ ដើម្បី​បំភ្លឺ​ជុំវិញ​សំណើ​របស់​សមាជិក​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ​បាន​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​ធ្នូ។

បញ្ហា​នេះ​ដែរ លោក យ៉ា ណាវុធ ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា កម្មករ ឬ​ពលករ​ធ្វើ​ការងារ​តាម​ផ្ទះ​ទាំង​ក្នុង និង​ក្រៅ​ស្រុក មិន​ទាន់​មាន​ច្បាប់​ការពារ​ត្រឹមត្រូវ​ដូច​កម្មករ ឬ​ពលករ​ធ្វើ​ការងារ​ដូច​វិស័យ​ផ្សេងៗ​នោះ​ទេ។ លោក​បន្ត​ថា រដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ​គួរ​ពិនិត្យ​ចំពោះ​កង្វល់​របស់​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ ឲ្យ​ទទួល​បាន​សិទ្ធិ​ដូច​អ្នក​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ដទៃ​ទៀត​ដែរ៖ «អ្នក​ជំនួយ​ការ​មេ​ផ្ទះ បើ​យើង​ពិនិត្យ​មើល​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ការងារ គឺ​អត់​ទាន់​បាន​គ្រប​ដណ្ដប់​នៅ​ក្នុង​ច្បាប់​ការងារ​ទេ គឺ​មិន​ថា​ប្រទេស​ទទួល ឬ​ប្រទេស​បញ្ជូន​ទេ។ អ៊ីចឹង ការ​ដែល​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ការពារ​បន្ថែម​ទៅ​លើ​អ្នក​ជំនួយ​ការ​មេ​ផ្ទះ​ហ្នឹង វា​ជា​រឿង​មួយ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ផង។ ហើយ​បើ​សិន​ជា​យើង​ចង់​ទិតៀន ឬ​ប្រាប់​ទៅ​ប្រទេស​ទទួល​ហ្នឹង​ផ្តល់​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​លេខ​១៨៩ ស្ដីពី​ការ​ការពារ​អ្នក​ជំនួយ​ការ​មេ​ផ្ទះ​ហ្នឹង ទាល់​តែ​យើង​ហ្នឹង​ផ្តល់​សច្ចាប័ន​ខ្លួន​ឯង​សិន បាន​ជា​ការ​មួយ​ល្អ ហើយ​យើង​អាច​ទៅ​និយាយ​ជាមួយ​គេ​បាន»

លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ឲ្យ​ដឹង​ថា ពលករ​កម្ពុជា ដែល​បាន​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​ប្រមាណ ២០​ម៉ឺន​នាក់។ ប៉ុន្តែ តាម​ការ​សិក្សា​ថ្មីៗ​នេះ រក​ឃើញ​ថា មាន​ពលករ​កម្ពុជា ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់ ចន្លោះ​ពី ៦០​ម៉ឺន ទៅ ១​លាន​នាក់ បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

ចំណែក លោក យ៉ា ណាវុធ ប្រធាន​អង្គការ​ខារ៉ាម​កម្ពុជា បាន​បញ្ជាក់​ថា ពលករ​កម្ពុជា ទាំង​ស្រប និង​អត់​ច្បាប់ មាន​ពលករ​ខ្មែរ​ប្រមាណ ១៥% ក្នុង​ចំណោម​ពលករ​ជាង ៣​លាន​នាក់ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មក​ពី​ប្រទេស​កម្ពុជា មីយ៉ាន់ម៉ា និង​ឡាវ។ ចំណែក​ពលករ​កម្ពុជា ទាំង​ស្រប និង​អត់​ច្បាប់ ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ជាង ៥​ម៉ឺន​នាក់ និង​ចេញ​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​ជាង ២​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។