មន្ត្រី​សភា​អឺរ៉ុប​ថា​គ្មាន​គម្រោង​ស៊ើប​អង្កេត​លើ​រោងចក្រ​ផលិត​ស្ករ​ស​នៅ​កម្ពុជា

0:00 / 0:00

ប្រជាពលរដ្ឋ​និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ ព្រមទាំង​សភា​របស់​សហភាព​អឺរ៉ុប​ បាន​ជំរុញ​ឲ្យ​​ស្នង​ការ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ស៊ើប​អង្កេត​លើ​ករណី​ក្រុមហ៊ុន​ស្ករស​កម្ពុជា ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស និង​ទន្ទ្រាន​យក​ដី​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ។ ប៉ុន្តែ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា បាន​អះអាង​ថា ស្ករស​កម្ពុជា នៅ​តែ​​អាច​នាំ​ចូល​ទៅ​សហភាព​អឺរ៉ុប​ដោយ​រួច​ពន្ធ​ជា​ដដែល។

ស្នងការ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប លោក ការ៉ែល ឌឺ ហ្គីត (Karel De Gucht) ​បាន​អះអាង​ថា នៅ​អំឡុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា សហភាព​អឺរ៉ុប​មិន​មាន​គម្រោង​​ស៊ើប​អង្កេត​លើ​រោងចក្រ​ស្ករ​អំពៅ​ដែល​មជ្ឈដ្ឋាន​នានា កំពុង​រិះ​គន់​​​​ថា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​​នោះ​ទេ។

ទោះ​ជា​​​​​​ស្នងការ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​មិន​ចុះ​ស៊ើប​អង្កេត​​ក៏​ដោយ​ ប៉ុន្តែ​លោក ការ៉ែល នឹង​ជួប​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ស្វែង​ដំណោះស្រាយ​ដល់​អ្នក​រង​គ្រោះ​ ជា​ពិសេស​​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ដែល​បាន​បង់​ដី​ធ្លី​ពី​គម្រោង​អភិវឌ្ឍ​​​ដី​សម្បទាន​សេដ្ឋកិច្ច​ស្ករ​អំពៅ។

បញ្ហា​នេះ ប្រធាន​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី បាន​សោក​ស្ដាយ​ចំពោះ​ការ​អះអាង​របស់​ស្នងការ​​​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប។ ការ​មិន​អើពើ​នេះ ហាក់​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន​ ហើយ​អ្នក​រង​គ្រោះ​នៅ​តែ​​គ្មាន​ដំណោះស្រាយ​ដដែល​ ដែល​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ បាន​រស់​នៅ​រង​ទុក្ខ​វេទនា​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

លោក អៀង​ វុទ្ធី​ បញ្ជាក់​ទៀត​ថា​ អ្វី​ដែល​សោកស្ដាយ​បំផុត​នោះ​ ស្នងការ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប មិន​បាន​ចុះ​ជួប​អ្នក​រង​គ្រោះ​ដោយសារ​តែ​គោល​នយោបាយ​របស់​សហភាព​អឺរ៉ុប។

លោក ការ៉ែល ឌឺ ហ្គីត ​មាន​គម្រោង​​ធ្វើ​​ទស្សនកិច្ច​​រយៈ​ពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់ ២១ នៅ​​​ក្នុង​ខែ​មីនា នៅ​ប្រទេស​មីយ៉ាន់ម៉ា វៀតណាម និង​ប្រទេស​កម្ពុជា ដើម្បី​លើក​កម្ពស់​​ទំនាក់ទំនង​ពាណិជ្ជកម្ម​​ជាមួយ​សហគមន៍​អឺរ៉ុប។

បើ​ទោះ​ជា​សហភាព​អឺរ៉ុប​មិន​ចុះ​ស៊ើប​អង្កេត​ក៏​ដោយ​ ប៉ុន្តែ​ក្រុមហ៊ុន​ដែល​បញ្ជា​ទិញ​ស្ករស​ធំ​នៅ​លើ​ពិភពលោក ដូច​ជា​​ ក្រុមហ៊ុន​កូកាកូឡា បាន​ប្រកាស​​ថា នឹង​ចុះ​​ស៊ើប​អង្កេត​លើ​​អ្នក​ផលិត​ស្ករស​​របស់​ខ្លួន។ ការ​ស៊ើប​អង្កេត​នោះ​ គឺ​ត្រូវ​បង្ហាញ​ថា​ សង្វាក់​ផលិតកម្ម​​ផលិត​ស្ករស​នោះ​ មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​​កេង​ប្រវ័ញ្ច​កម្លាំង​​ពលកម្ម​កុមារ​ជា​ដើម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​កូកាកូឡា ដែល​បាន​ប្រកាស​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ថា ក្រុមហ៊ុន​បាន​ទាក់ទង​ក្រុមហ៊ុន​ដែល​​ជា​អ្នក​ផ្គត់ផ្គង់​ស្ករស​របស់​ខ្លួន ឲ្យ​​មក​បក​ស្រាយ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ដីធ្លី រួម​ទាំង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ជា​ដើម។

បន្ថែម​លើ​នេះ ក្រុមហ៊ុន​ធំ​មួយ​​ទៀត​ដែល​ជា​អ្នក​ទិញ​ស្ករ​​​ ឈ្មោះ​​ ប៉ិបស៊ី (Pepsi) ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​កូកាកូឡា ដើម្បី​ស៊ើប​អង្កេត​ការ​រំលោភ​បំពាន​នានា​ លើ​សង្វាក់​ផលិតកម្ម​ស្ករស​នៅ​លើ​ពិភពលោក។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ប៉ិបស៊ី នៅ​ថ្ងៃ​ទី​១៨ មីនា​ ឆ្នាំ​​២០១៤​ បាន​បង្ហាញ​ថា ក្រុមហ៊ុន​នឹង​ស៊ើប​អង្កេត​អំពី​ការ​​​ទន្ទ្រាន​ដី​ធ្លី​រវាង​អ្នក​ផ្គត់ផ្គង់​ស្ករស។ បច្ចុប្បន្ន​ក្រុមហ៊ុន​កូកាកូឡា និង​ក្រុមហ៊ុន​ប៉ិបស៊ី បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​អំពី​សង្វាក់​ផលិតកម្ម​​ អ្នក​ផ្គត់ផ្គង់​ស្ករស​របស់​ខ្លួន​នៅ​លើ​ពិភពលោក​ ក្នុង​នោះ​​មាន​​អ្នក​ផ្គត់ផ្គង់​ស្ករស​របស់​ប្រទេស​កម្ពុជា​ដែរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​ក៏​បាន​បញ្ជាក់​ថា​​​ ការ​ទទួល​ខុសត្រូវ​របស់​​ក្រុមហ៊ុន​នេះ មិន​មែន​ត្រឹម​ជា​រឿង​ដែល​ត្រូវ​ធ្វើ​នោះ​ទេ តែ​ជា​រឿង​ត្រឹមត្រូវ​សម្រាប់​អាជីវកម្ម​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​បាន​បង្កើត​គោលនយោបាយ​ដើម្បី​ធានា​អំពី​និរន្តរភាព​​វិស័យ​កសិកម្ម ការ​ការពារ​បរិស្ថាន និង​ពិនិត្យ​សកម្មភាព​មិន​ស្រប​ច្បាប់​នានា​ ដែល​ទាក់​ទង​នឹង​ការ​​ផ្លាស់ប្ដូរ​ទី​កន្លែង​រស់​នៅ​ របស់​ម្ចាស់​ដី​ជា​ដើម។

អនុប្រធាន​​គោលនយោបាយ​សាធារណៈ​របស់​ក្រុមហ៊ុន​ប៉ិបស៊ី លោក ប៉ូល ប៊ូយកាស (Paul Boykas) ​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា ក្រុមហ៊ុន​ប្ដេជ្ញា​ចិត្ត​នឹង​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​សហគមន៍​មូលដ្ឋាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍ​នានា ចំពោះ​ការ​អនុវត្ត​សិទ្ធិ​ដីធ្លី និង​គោរព​សិទ្ធិមនុស្ស។

បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ទាក់ទង​នឹង​​ផលិតកម្ម​ស្ករ​អំពៅ ក្រសួង​ពាណិជ្ជកម្ម​​បាន​បង្កើត​​​គណៈកម្មការ​មួយ​​ដែល​មាន​​ការ​ពិភាក្សា​ពី​គ្រប់​ភាគី​ទាំង​អស់។ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែន រដ្ឋា បាន​អះអាង​ថា គណៈកម្មការ​នេះ ​មាន​ការ​ចូល​រួម​ពី​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន ក្រសួង​ពាណិជ្ជកម្ម តំណាង​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​តាម​បណ្ដា​ខេត្ត​ដែល​រង​ផល​ប៉ះពាល់ និង​សហភាព​អឺរ៉ុប។

បន្ថែម​លើ​នេះ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ៍ (Phnom Penh Sugar) លោក សេង ណាក់​ ធ្លាប់​បាន​អះអាង​​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៤ ថា ការ​អភិវឌ្ឍ​របស់​ខ្លួន​បាន​ជួយ​បង្កើត​ការងារ​ប្រមាណ ៣​ពាន់​កន្លែង​ នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​អំពៅ។ ម៉្យាង​វិញ​ទៀត គម្រោង​នេះ​បាន​ផលិត​ស្ករស​ដើម្បី​ជំនួស​ការ​​នាំ​ចូល​ស្ករ​ពី​បរទេស។ លោក សេង ណាក់ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ស្ករស​ភ្នំពេញ បាន​ផលិត​ស្ករស​ប្រមាណ ៨០% សម្រាប់​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក និង ២០% សម្រាប់​​ការ​នាំ​ចេញ។

របាយការណ៍​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ថា នៅ​កំឡុង​ឆ្នាំ​២០១០ ដល់​២០១២ មាន​តែ​ប្រទេស​ពីរ​ប៉ុណ្ណោះ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ដែល​ទិញ​ស្ករស​ពី​កម្ពុជា គឺ​ប្រទេស​អង់គ្លេស និង​ប្រទេស​បារាំង ក្នុង​នោះ​ប្រទេស​អង់គ្លេស បាន​ទិញ​ស្ករស​ពី​កម្ពុជា ស្ទើរ​តែ​ទាំង​ស្រុង។ បរិមាណ​ស្ករស​កម្ពុជា នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​ គឺ​មាន​ប្រមាណ ៥០​លាន​តោន បើ​គិត​ជា​ប្រាក់​មាន​តម្លៃ​ជាង ៣៤​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១២។ ហើយ​ក្នុង​ឆ្នាំ​២០១៣ នេះ ការ​នាំ​ចេញ​ស្ករស​​ពី​កម្ពុជា ទៅ​សហភាព​អឺរ៉ុប​មាន​តម្លៃ ៥៣​លាន​ដុល្លារ​អាមេរិក។ ក្រៅ​ពី​នេះ ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ​របស់​កម្ពុជា ទៅ​សហភាព​អឺរ៉ុប​មាន​ចំនួន​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក​ ភាគ​ច្រើន​​ជា​​​ផលិតផល​កាត់​ដេរ​សំលៀក​បំពាក់​ ស្បែក​ជើង អង្ករ និង​កង់​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។