អ្នក​ជំនាញ​សារព័ត៌មាន​រិះគន់​ការ​មិន​ឲ្យ​អ្នក​កាសែត​ចូល​យក​ព័ត៌មាន​ក្នុង​កម្មវិធី​នាយក​រដ្ឋមន្ត្រី

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

អ្នក​កាសែត​មក​ពី​ស្ថាប័ន​មួយ​ចំនួន​ក្នុង​ចំណោម​ស្ថាប័ន​កាសែត​ជាង ៦០០​អង្គភាព​នៅ​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​បាន​រើសអើង​រាល់​មាន​ពេល​ពិធី​ម្ដងៗ​របស់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន។ អ្នក​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន រួម​មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាសែត ខេមបូឌា ដេលី (Cambodia Daily) រួម​ទាំង​វិទ្យុ​អាស៊ីសេរី ផង តែង​ជួប​បញ្ហា​ទាំង​នេះ​ជា​ញឹកញាប់។

រាល់​ពេល​ចូល​ក្នុង​ពិធី​ដែល​មាន​វត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូចជា​ពិធី​សម្ពោធ​អ្វី​មួយ ឬ​កម្មវិធី​សាមញ្ញ ដូចជា លោក ហ៊ុន សែន ចូលរួម​ពិធី​កាន់​បិណ្ឌ​ជាដើម ពួក​គេ​តែង​មិន​អនុញ្ញាត​ឲ្យ​យក​ព័ត៌មាន ឬ​ពេល​ខ្លះ​ត្រូវ​បណ្ដេញ​ចេញ​ពី​ពិធី​តែ​ម្ដង។

អ្នក​ជំនាញ​ផ្នែក​វិស័យ​សារព័ត៌មាន បាន​រិះគន់​ចំណាត់​ការ​របស់​ពិធីការ ឬ​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែង​រឹតត្បិត ឬ​ដាក់​បម្រាម​មិន​ឲ្យ​អ្នក​កាសែត​ខ្លះ ដែល​មិន​សរសេរ​គាំទ្រ​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល ថា​ជា​ការ​រើសអើង ដែល​អាច​នឹង​ប្រឈម​មុខ​បញ្ហា​វណ្ណៈ និង​បក្ខពួក​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម។

កម្មវិធី​សំខាន់ៗ​ដូចជា ពិធីការ​នៅ​វិមាន​សន្តិភាព អ្នក​យក​ព័ត៌មាន​ខ្លះ​មក​ពី​ស្ថាប័ន​ភ្នំពេញ​ប៉ុស្តិ៍ វិទ្យុ​បារាំង​អន្តរជាតិ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី និង​អ្នក​កាសែត ខេមបូឌា​ដេលី ជាដើម ពួក​គេ​តែង​ត្រូវ​បាន​បណ្ដេញ​ចេញ មិន​ឲ្យ​ចូល​យក​ព័ត៌មាន​ឡើយ ក្រោម​ហេតុផល​មាន​បទបញ្ជា​ពី​ថ្នាក់​លើ បើ​ទោះ​ជា​មាន​កាត​ជា​អ្នក​កាសែត​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ក្ដី។

លោក មឿន ឈានណារិទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​សារព័ត៌មាន ចាត់​ទុក​ថា ការ​អនុវត្ត​ប្រព័ន្ធ​ដូច​នេះ គឺ​ជា​ការ​រើសអើង ដែល​អាច​ធ្វើ​ឲ្យ​មាន​វណ្ណៈ​នៅ​ក្នុង​សង្គម​កាន់​តែ​ខ្ពស់។ ជាង​នេះ​ទៀត វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ដែល​ធានា​ចំពោះ​សិទ្ធិ​សេរីភាព​របស់​មនុស្ស​គ្រប់​រូប មាន​សិទ្ធិ និង​កាតព្វកិច្ច​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ដោយ​ពុំ​មាន​ការ​ហាម​ឃាត់​ថែម​ទៀត​ផង។ លោក​បន្ត​ថា «យើង​ដឹង​ហើយ គឺ​សិទ្ធិ​ទទួល​ព័ត៌មាន គឺ​គ្រប់​សាធារណជន​ទាំងអស់ និង​រួម​ទាំង​អ្នក​សារព័ត៌មាន ទោះ​បី​យើង​មក​ពី​អង្គភាព​ណា​ក៏ដោយ គឺ​យើង​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង ដើម្បី​ទៅ​យក​ព័ត៌មាន»

មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព និង​ករណីយកិច្ច​ដូច​គ្នា​ទាំងអស់​ដោយ​ឥត​ប្រកាន់​ពូជ​សាសន៍ ពណ៌​សម្បុរ ភេទ ជំនឿ​សាសនា និន្នាការ​នយោបាយ ដើម​កំណើត ឋានៈ​សង្គម ធនធាន ឬ​ស្ថានភាព​ឯទៀត​ឡើយ។

បើ​ទោះ​ជា​បែប​ណា​ក៏ដោយ​ចុះ អ្នក​យក​ព័ត៌មាន​មួយ​ចំនួន ក្រៅ​ពី​អ្នក​យក​ព័ត៌មាន​ដែល​គាំទ្រ​រដ្ឋាភិបាល នៅ​តែ​អះអាង​ថា ពួក​គេ​តែង​ប្រឈម​ជា​ញឹកញាប់​ក្នុង​ការ​បណ្ដេញ​ដោយ​ក្រុម​ពិធីការ ឬ​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ក្នុង​ពិធី​កាន់​បិណ្ឌ​វេន​ទី​៩ នៅ​វត្ត​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះ​ក្អែក ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​បណ្ដេញ​ចេញ​មិន​ឲ្យ​យក​ព័ត៌មាន ក្រោម​ហេតុផល​មាន​បទបញ្ជា។

សមាជិក​គណៈ​នាយក​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ឆាយ សុផល យល់​ឃើញ​ថា នេះ​ពុំ​មែន​ជា​ការ​រើសអើង ហើយ​ក៏​ពុំ​មែន​ជា​ករណី​ដែល​ថ្មី​ទេ​សម្រាប់​កម្ពុជា។ លោក​បន្ត​ថា មាន​បរិបទ​បែប​នេះ តែង​កើត​ឡើង​ស្ទើរ​នៅ​ទូទាំង​ពិភពលោក។ លោក​បន្ត​ថា «សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា​ដូច​មិន​មែន​អី​ថ្មី​ផង គឺ​កើត​ឡើង​តាំង​ពី​សហស្សវត្ស​ឆ្នាំ​៩០ គឺ​តាំង​ពី​អាណត្តិ​ទី​មួយ។ ខ្ញុំ​គិត​ថា ពិធី​នេះ​មិន​មែន​កើត​ឡើង​នៅ​តែ​ក្នុង​ស្រុក​ខ្មែរ​ទេ នៅ​កន្លែង​ផ្សេង​ក៏​មាន​ដែរ»

បើ​ទោះ​ជា​បែប​ណា បញ្ហា​ទាំង​នេះ​ស្ទើរ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​កម្ពុជា។ ក្រុម​អ្នក​កាសែត​ដែល​តែង​សរសេរ​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​លាប​ពណ៌​ថា កាសែត​ប្រឆាំង​ទៅ​វិញ។ នៅ​ក្នុង​ពិធី​ដែល​អ្នក​កាសែត​អាច​ចូល​យក​ព័ត៌មាន​បាន​ដោយ​ពុំ​បិទ​បាំង បែរ​ជា​អ្នក​ដែល​សរសេរ​ដោយ​ផ្អែក​លើ​ភាព​មិន​លម្អៀង ត្រូវ​ចាត់​ទុក​ថា​ជា​ក្រុម​អ្នក​កាសែត​ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល បើ​ទោះ​ជា​ពួក​គេ​មាន​ប័ណ្ណ​ជា​អ្នក​កាសែត ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ខណៈ​ដែល​អ្នក​សរសេរ​គាំទ្រ​រដ្ឋាភិបាល​អាច​ដើរ​ចូល​បាន​ដោយ​ពុំ​មាន​ឧបសគ្គ​អ្វី​ទាំងអស់។

ពាក់ព័ន្ធ​រឿង​នេះ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ថា ការ​ពិត​ប័ណ្ណ​ដែល​ក្រសួង​ចេញ​ឲ្យ​វា​ជា​រឿង​មួយ ប៉ុន្តែ​នៅ​មាន​ករណី​ដាច់​ដោយឡែក​មួយ​ទៀត គឺ​ថា​អ្នក​កាសែត​មិន​អាច​ប្រើ​ត្រឹម​ប័ណ្ណ​ដែល​ក្រសួង​ចេញ​ឲ្យ​នោះ​ទេ ពេល​មាន​ពិធី​ខ្លះ​គេ​ត្រូវ​មាន​ប័ណ្ណ​ពិសេស​ណា​មួយ​បន្ថែម​ទៀត។ លោក អ៊ុក គឹមសេង បន្ត​ថា អ្នក​កាសែត​ចាំបាច់​ណាស់​ត្រូវ​តែ​បំពេញ​តាម​បែបបទ​មួយ​ដំណាក់​កាល​ទៀត។ លោក​បន្ត​ថា «ជា​ធម្មតា​ប័ណ្ណ​ព័ត៌មាន​ដែល​ក្រសួង​ផ្ដល់​ឲ្យ​ជា​និពន្ធ​នាយក ឬ​ក៏​អ្នក​សារព័ត៌មាន​អី​ក្តី ដែល​គេ​សុំ​ប៉ុណ្ណេះ​ប៉ុណ្ណោះ​អី​ហ្នឹង ជា​រឿង​មួយ​របស់​ក្រសួង​ព័ត៌មាន ក៏ប៉ុន្តែ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយៗ យើង​ត្រូវ​តែ​ទាក់ទង​ផ្ទាល់​ទៅ​ស្ថាប័ន​ផ្ទាល់​ដែល​គេ​រៀបចំ។ អ៊ីចឹង​យើង​ទៅ​សួរ​នាំ​ដើម្បី​យើង​ទទួល​ប័ណ្ណ​ហ្នឹង​ដាច់​ដោយឡែក​មួយ​ទៀត»

មាត្រា​១ នៃ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ចែង​ថា ច្បាប់​នេះ​កំណត់​របប​សារព័ត៌មាន និង​ធានា​រ៉ាប់រង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​ខាង​បោះ​ពុម្ព​ផ្សាយ ឲ្យ​បាន​សមស្រប​តាម​មាត្រា​៣១ និង​មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។ ចំណែក​អ្នក​ជំនាញ​ផ្នែក​វិស័យ​សារព័ត៌មាន​វិញ យល់​ឃើញ​ថា អ្នក​កាសែត​អាច​មាន​សិទ្ធិ​យក​ព័ត៌មាន​គ្រប់​ទីកន្លែង ដោយ​ពុំ​ចាំបាច់​ជូន​ដំណឹង​ជា​មុន​ដល់​អាជ្ញាធរ ឬ​សមត្ថកិច្ច​ឡើយ លើក​លែង​ជា​កិច្ចការ​សម្ងាត់​ណា​មួយ​ដែល​រដ្ឋ​ត្រូវ​ហាម​ឃាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។