HRWជំរុញ​ឲ្យ​អន្តរជាតិ​ដាក់​គំនាប​ការទូត​និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​រដ្ឋាភិបាល​កម្ពុជា

ដោយ អាស៊ីសេរី
2017-10-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​ដាក់​បណ្ដឹង​ផ្លូវច្បាប់​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​០៦ ខែ​តុលា ឆ្នាំ​២០១៧ នេះ នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ឡើយ។

អង្គការ​នេះ ជំរុញ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ និង​សហគមន៍​អន្តរជាតិ ចាត់​វិធានការជាបន្ទាន់​ដើម្បី​ទប់ស្កាត់​នូវ​ដំណើរ​វិវត្ត​ផ្នែក​នយោបាយ​ចុងក្រោយ​នេះ តាមរយៈ​ការពិចារណា​ដាក់​គំនាប​ការទូត និង​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច។ មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​អះអាង​ថា នេះ​ជា​ការ​ចោទប្រកាន់​ដែល​មាន​លក្ខណៈ​លម្អៀង​ផ្នែក​នយោបាយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លើក​ឡើង​ថា ប្រសិនបើ​តុលាការ​កំពូល​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល សម្រេច​ចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មែន​នោះ នេះ​មានន័យ​ស្មើនឹង​ការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ការ​ផ្ដល់​សិទ្ធិ​ជា​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​រដ្ឋាភិបាល​តាម​ឆន្ទៈ​របស់​ពួកគេ។

លោក ចេម រ៉ូស (James Ross) នាយក​ផ្នែក​ច្បាប់ និង​គោលនយោបាយ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ថា បណ្ដឹង​របស់​រដ្ឋាភិបាល​ដើម្បី​រំលាយ​គណបក្សប្រឆាំង​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​នេះ គឺជា​ការ​ច្បាម​យក​អំណាច​ទាំងស្រុង​ដោយ​កម្រោល និង​ដោយ​ឥត​អៀន​ខ្មាស​តែម្ដង។ នាយក​ផ្នែក​ច្បាប់ និង​គោលនយោបាយ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា​នៅ​លើ​ពិភពលោក ដែល​បន្ត​ទទូច​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវតែ​មាន​ការដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ គួរ​ចាត់វិធានការ​ដើម្បី​បង្អាក់​ដំណើរ​វិវត្ត​នេះ ឬ​បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនេះ​នឹង​ទទួលរង​នូវ​ការ​ចោទ​ប្រកាន់​ថា បាន​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​រលាយ​សាបសូន្យ​នៃ​លទ្ធិប្រជាធិបតេយ្យ ធ្លាក់​ចូល​ទៅ​ក្នុង​របប​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ​ទាំងស្រុង​របស់​លោក ហ៊ុន សែន តែម្ដង។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ចេញផ្សាយ​ថ្ងៃ​ទី​១០ ខែ​តុលា​នេះ លើក​ឡើង​ថា ចំណាត់​ការ​បច្ចុប្បន្ន​ទំនង​ជា​ធ្វើឡើង​ដោយសារតែ​គណបក្ស​កាន់អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​បារម្ភ​អំពី​ការ​មិន​អាច​ដណ្ដើម​យក​ជ័យជម្នះ​បាន​ក្នុង​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ ដោយសារតែ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​លទ្ធផល​ឆ្នោត​យ៉ាង​ត្រចះត្រចង់​ផ្ទួនៗ ទាំង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ការបោះឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លោក សុខ ឥសាន បដិសេធ​ការ​លើកឡើង​របស់​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ពី​ខាង​លើ​នេះ ថា​មិនមែន​ជា​ការពិត ហើយ​ថា ជា​ការ​លម្អៀង និង​មាន​បុរេនិច្ឆ័យ​ផ្នែក​នយោបាយ ដោយសារតែ​អង្គការ​នេះ​តែងតែ​កាន់ជើង​គណបក្សប្រឆាំង​តាំង​ពី​ដើម​មក។ លោក​ថា រដ្ឋាភិបាល​ពុំ​មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ឡើយ ពី​ព្រោះ​ថា ករណី​សំណុំរឿង​ក្បត់ជាតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មិនមែន​គណបក្ស​ប្រជាជន​កម្ពុជា ឬ​រដ្ឋាភិបាល​ជា​អ្នកបង្កើត​កំហុស​ឡើយ។ ផ្ទុយទៅវិញ លោក​ចោទ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ឯណោះ​ទៅវិញ​ទេ​ជា​អ្នក បង្កើត​ឲ្យ​មាន​នូវ​កំហុស​នេះ​ដោយ​ខ្លួនឯង​តាមរយៈ​សម្ដី​របស់​លោក កឹម សុខា។

សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ដដែល​នេះ​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ឲ្យ​ប្រទេស​កម្ពុជា សម្រេច​បាន​នូវ​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ក្រោយ​ពេល​ដែល​មានការ​ដួល​រលំ​ទៅ​នៃ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដែល​បាន​កាន់អំណាច​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បន្ត​ដោយ​ការគ្រប់គ្រង​ពី​សំណាក់​ប្រទេស​វៀតណាម និង​សង្គ្រាមស៊ីវិល។ ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ រួមមាន​ទាំង​លោក ហ៊ុន សែន ខ្លួនឯង​ផង​ដែរ​នោះ បាន​យល់ព្រម​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​គោរព និង​ប្រតិបត្តិ​តាម​គោលការណ៍​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​យ៉ាង​ពេញលេញ​ក្នុង​ប្រទេស​កម្ពុជា និង​ផ្ដល់​ការ​គាំទ្រ​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​ទាំងនេះ។ រដ្ឋាភិបាល​ដែល​ជា​ម្ចាស់​ជំនួយ​សំខាន់ៗ ហើយ​បាន​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​កម្ពុជា រួមមាន សហរដ្ឋអាមេរិក ជប៉ុន ប្រទេស​នានា​ក្នុង​សហភាព​អឺរ៉ុប និង​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត បាន​ចុះហត្ថលេខា​ទទួល​ធ្វើជា​អ្នកធានា និង​យល់ព្រម​ដើម្បី​លើកកម្ពស់ និង​លើកទឹកចិត្ត​ឲ្យ​មាន​ការ​គោរព និង​ប្រតិបត្តិ​តាម​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​នៅ​កម្ពុជា​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ដដែល​នេះ​លើក​ឡើង​ថា ភាគី​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស និង​ប្រទេស​ពាក់ព័ន្ធ​ដទៃ​ទៀត គួរ​ឆ្លើយតប​ប្រកបដោយ​ភាព​ស្វាហាប់​ចំពោះ​ចំណាត់​ការ​បង្ក្រាប​ផ្នែក​នយោបាយ​នេះ ផ្ដើម​ចេញពី​វិធានការ​បែប​ការទូត ឬ​ឈាន​ទៅ​ដល់​ការ​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​បម្រាម​ធ្វើដំណើរ​ចំពោះ​មន្ត្រី​ជាន់ខ្ពស់​គ្រាក់ៗ​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ផ្នែក​នយោបាយ​នេះ រួម​ទាំង​លោក ហ៊ុន សែន ផង​ដែរ។ អង្គការ​ដដែល​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ម្ចាស់​ជំនួយ​ទាំងនេះ អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន បញ្ឈប់​រាល់​ចំណាត់​ការ​ផ្នែក​នយោបាយ​នានា​ប្រឆាំង​មេដឹកនាំ​គណបក្សប្រឆាំង សកម្មជន​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ហើយ​ត្រូវតែ​អនុញ្ញាត​មាន​ដំណើរការ​តាម​បែប​ប្រជាធិបតេយ្យ​ដោយ​គោរព​យ៉ាង​ពេញលេញ​នូវ​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​ទាំងនេះ។

ជុំវិញ​បញ្ហា​នេះ លោក សុខ ឥសាន ថា គណបក្ស​កាន់អំណាច​របស់​លោក​មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​ខ្លាំង​ឡើយ ព្រោះ​លោក​ថា ការ​អំពាវនាវ​ឲ្យ​ដាក់​គំនាប​ការទូត និង​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​នេះ ធ្វើឡើង​ផ្ទុយ​ពី​បរិបទ​សេដ្ឋកិច្ច​បច្ចុប្បន្ន​នៅ​កម្ពុជា។

នាយក​ផ្នែក​ច្បាប់ និង​គោលនយោបាយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ចេម រ៉ូស ថា ការ​បង្ក្រាប​ចុងក្រោយ​របស់​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​អាវុធ​ពិឃាដ​បិទ​បញ្ចប់​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ទាំងស្រុង​តែម្ដង។ លោក​ថា ខណៈ​ដែល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ នៅ​សល់​តែ ៨ ខែ​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​ចូល​មកដល់ ប្រទេស​នានា​ដែល​បាន​ផ្ដួចផ្ដើម​ឲ្យ​សម្រេច​បាន​នូវ​សន្ធិសញ្ញា​ក្រុង​ប៉ារីស​នេះ ដែល​មាន​ចែង​អំពី​គោលការណ៍​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ជួយសង្គ្រោះ​ស្មារតី​នៃ​សន្ធិសញ្ញា​នេះ​ឲ្យ​រស់រាន​ឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Enough is enough. The whole world must stop doing business with Cambodia. Stop everything even tourism and let Hun jerk around his house. I warn that new war will break up anytime soon.

Oct 11, 2017 01:23 AM

អ្នក​អាន​អនាមិក

ឆ្ងល់ៗៗនឹងសហភាពអឺរ៉ុប នឹងអាមេរិក នឹងអសប ដល់ដំ ណាក់ការនេះហើយ គេនៅតែគ្មានសកម្មភាពអ្វីបន្តិចទាល់ តែសោះ ឬមួយក៏គេមិនជួយយើងទេ?

Oct 10, 2017 10:07 PM

អ្នក​អាន​អនាមិក

I have heard enough. I want to see action.

Oct 10, 2017 09:26 PM

គេហទំព័រ​ទាំងមូល