នាយកនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក ប្រែដ អាដាម (Brad Adams) មានប្រសាសន៍នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី២៦ កក្កដា ថា ដំណើរការបោះឆ្នោតស្ទើរតែទាំងស្រុង បានលម្អៀងទៅរកគណបក្សកាន់អំណាច ហើយរារាំងដល់គណបក្សប្រឆាំង។
ម៉្យាងវិញទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធចំពោះការដាក់បេក្ខភាពឡើងវិញ លោក សម រង្ស៊ី បន្ទាប់ពីព្រះមហាក្សត្រលើកលែងទោស។ ហើយបានដកឈ្មោះមេដឹកនាំគណបក្សប្រឆាំងនេះពីបញ្ជីឈ្មោះអ្នកបោះឆ្នោត។
លោក ប្រែដ អាដាម បានបញ្ជាក់ថា ការបោះឆ្នោតមួយដែលមេដឹកនាំគណបក្សប្រឆាំង ត្រូវបានគេហាមឃាត់មិនឲ្យចូលរួម គឺចាត់ទុកជាការបោះឆ្នោតមិនត្រឹមត្រូវ មិនប្រកបដោយសេរី និងស្របតាមលទ្ធិប្រជាធិបតេយ្យឡើយ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក អ៊ូ វីរៈ មានប្រសាសន៍ថា គ្រប់មជ្ឈដ្ឋាន ទាំងអ្នកឃ្លាំមើលការបោះឆ្នោតជាតិ និងអន្តរជាតិនៅកម្ពុជា អះអាងថា មានភាពមិនប្រក្រតីច្រើនលើដំណើរការចុះឈ្មោះ ពេលបោះឆ្នោត និងរយៈពេលរាប់សន្លឹកឆ្នោតជាដើម។
បន្ថែមលើបញ្ហានេះ សហភាពអឺរ៉ុប ដែលបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកចូលរួមអង្កេត កាលពីអាណត្តិមុន បានប្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ថា នៅក្នុងអាណត្តិឆ្នាំ២០១៣ នេះ គឺមិនបានបញ្ជូនអ្នកសង្កេតការណ៍មកឡើយ ដោយសារតែមានបញ្ហាដែលកើតឡើងជាប្រព័ន្ធជាច្រើន ដែលធ្វើឲ្យការបោះឆ្នោតមិនយុត្តិធម៌ ហើយស្ថាប័នរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា មិនបានឆ្លើយតបទៅនឹងការស្នើសុំរបស់សហភាពអឺរ៉ុប និងអង្គការអន្តរជាតិនានា អំពីការធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍បន្ថែមថា ការមិនបញ្ជូនអ្នកសង្កេតការណ៍របស់សហភាពអឺរ៉ុប ដោយសារគេគិតថា គឺជារឿងឥតប្រយោជន៍ ជាពិសេស គឺខាតពេលវេលា និងថវិកាជាដើម។ ប៉ុន្តែ លោកបញ្ជាក់ថា ការមិនចូលរួមនេះ ហាក់ដូចជាមិនបានលើកស្ទួយការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលអះអាងពីបញ្ហានេះឡើយ នៅថ្ងៃទី២៦ កក្កដា។
ប៉ុន្តែ លោក ប្រែដ អាដាម បានបញ្ជាក់ថា ចំណុចល្អមួយដែលមានភាពប្រសើរជាងការបោះឆ្នោតអាណត្តិមុនៗ គឺភាពគ្មានអំពើហិង្សាកើតឡើងធ្ងន់ធ្ងរ។
ទោះជាយ៉ាងណាក៏ដោយ លោក ប្រែដ អាដាម មានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋដែលស្រឡាញ់ប្រជាធិបតេយ្យពិតប្រាកដ ត្រូវបានគេបដិសេធ ឬរារាំងដល់សិទ្ធិបោះឆ្នោតរបស់គេ ព្រោះដំណើរការនេះ គណបក្សប្រជាជនកម្ពុជា អាចធានាបាននូវជ័យជម្នះនៅក្នុងអាណត្តិទី៥ នេះ។ ស្ថាប័នផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសជប៉ុន បានដាក់សម្ពាធដល់ស្ថាប័នពាក់ព័ន្ធរៀបចំការបោះឆ្នោត គួរធ្វើដំណើរការបោះឆ្នោតឲ្យមានភាពច្បាស់លាស់ និងអាចជឿបាន។ លោក ប្រែដ អាដាម បញ្ជាក់យ៉ាងខ្លីថា កម្ពុជា មិនទាន់ចាត់ទុកជាប្រទេសប្រជាធិបតេយ្យទេ សូម្បីនៅលើផ្លូវប្រជាធិបតេយ្យក៏គ្មានដែរ។
គណបក្សប្រជាជនកម្ពុជា និងអ្នកហែហមរបស់គណបក្សនេះ បានដឹកនាំប្រទេសចាប់តាំងពីចុងឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន ទោះបីជាគណបក្សនេះបានចាញ់ឆ្នោតដែលរៀបចំដោយ អ៊ុនតាក់ (UNTAC) កាលពីឆ្នាំ១៩៩៣ ក៏ដោយ។ អ្នកសង្កេតការណ៍បោះឆ្នោតទាំងជាតិ និងអន្តរជាតិ បានសង្កេតឃើញថា ការបោះឆ្នោតនៅឆ្នាំ១៩៩៨ ឆ្នាំ២០០៣ និងឆ្នាំ២០០៨ កន្លងមក គឺជាការបោះឆ្នោតដែលខ្វះភាពទុកចិត្តបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
