និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ផ្នែកភាសាខ្មែរ ប្រកាន់ជំហរថានឹងមិនកែតម្រូវអត្ថបទដែលបានចុះផ្សាយរួចហើយទេ ពាក់ព័ន្ធនឹងប្រតិកម្មរបស់ លោក ហ៊ុន សែន ក៏ប៉ុន្តែនិពន្ធនាយករបស់កាសែតនេះអះអាងថា ខ្លួននឹងចុះផ្សាយទាំងស្រុងតែទៅលើខ្លឹមសារដែលស្នើឲ្យកែតម្រូវប៉ុណ្ណោះ។
អ្នកជំនាញផ្នែកវិស័យសារព័ត៌មាន យល់ឃើញថា ប្រសិនបើការចុះផ្សាយដំណឹងនោះជាការពិតដូចអ្វីដែល លោក ហ៊ុន សែន និយាយមែន ហើយបែរជាកាសែតកែតម្រូវវិញ គឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរ និងប្រាសចាកពីវិជ្ជាជីវៈរបស់ខ្លួន។
ក្រោយពីកាសែតភ្នំពេញប៉ុស្តិ៍ សរសេរថា លោក ហ៊ុន សែន តាំងខ្លួនជាអធិរាជហ្វេសប៊ុក (Facebook) មិនបាន ២៤ម៉ោងស្រួលបួលផងនោះ ស្រាប់តែខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ក៏ចាប់ផ្ដើមទាមទារឲ្យកាសែតនេះ ចេញមុខកែតម្រូវជាកំហិតអំពីខ្លឹមសារដែលបានចុះផ្សាយរួចហើយនេះ ក៏ប៉ុន្តែនិពន្ធនាយកនៃកាសែតភ្នំពេញប៉ុស្តិ៍ អះអាងថា ខ្លួននឹងមិនកែតម្រូវតាមការទាមទារនោះឡើយ។ ផ្ទុយទៅវិញ នឹងចុះផ្សាយតែចំពោះខ្លឹមសារទាំងស្រុងនៃលិខិតដែលបានស្នើឲ្យកែតម្រូវប៉ុណ្ណោះ។
និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ផ្នែកភាសាខ្មែរ លោក កៃ គឹមសុង បញ្ជាក់ជំហរនៅថ្ងៃទី២០ មេសា ថា ផ្អែកលើខ្លឹមសារនៃអត្ថបទដែលបានចុះផ្សាយរួចហើយ គឺរកមិនឃើញពីមន្ទិល ឬកំហុសឆ្គងដូចការទាមទារឲ្យកែកុនអត្ថបទ ដូចការស្នើសុំពីខុទ្ទកាល័យរបស់ លោក ហ៊ុន សែន ឡើយ។ លោកបន្តថា អ្វីដែលស្ថាប័នផ្នែកព័ត៌មានមួយនេះត្រូវធ្វើនោះ គឺត្រូវចុះផ្សាយទាំងស្រុងតែអំពីខ្លឹមសារ ដែលបានស្នើសុំប៉ុណ្ណោះ។ ម្យ៉ាងក្នុងខ្លឹមសារដែលស្នើឲ្យកែតម្រូវនោះ មានន័យគ្រប់គ្រាន់រួចទៅហើយ ដែលមិនចាំបាច់កែអ្វីទៀតឡើយ។ លោកបន្តថា « យើងចុះផ្សាយអ្វីដែលខុទ្ទកាល័យរបស់សម្ដេចនាយកស្នើសុំ ហើយយើងមិនបានធ្វើការកែតម្រូវអីលើអត្ថបទយើងនោះទេ ព្រោះថាធម្មតា ចុះផ្សាយហើយនៅក្នុងខ្លឹមសារនោះ ក៏ដូចជាបានបកស្រាយនៅក្នុងលិខិតហ្នឹងអស់ហើយដែរ។ បានសរុបរួមនៅក្នុងលិខិតដែលបានស្នើសុំឲ្យកែតម្រូវនោះតែម្ដងហើយ ក៏ដូចជាមានន័យថា បានកែតម្រូវហើយដែរ ក៏ប៉ុន្តែជាអ្វីដែលសេចក្ដីប្រាថ្នាខាងខុទ្ទកាល័យ »។
ការប្រកាន់ជំហរនៅពេលនេះរបស់ លោក កៃ គឹមសុង គឺបន្ទាប់ពីខុទ្ទកាល័យរបស់ លោក ហ៊ុន សែន ទទួលបន្ទុកផ្នែកហ្វេសប៊ុក ប្រតិកម្មដោយស្នើឲ្យកាសែតភ្នំពេញប៉ុស្តិ៍ កែតម្រូវជាបន្ទាន់។
លិខិតចុះថ្ងៃទី២០ មេសា ក្នុងថ្ងៃតែមួយដែលកាសែតបានចុះផ្សាយដែរនោះ បន្តថា កាសរសេរដែលនិយាយថា លោក ហ៊ុន សែន អួតខ្លួនជាអធិរាជហ្វេសប៊ុកនោះ គឺបំភ្លៃគ្មានការពិត និងគ្មានការទទួលខុសត្រូវលើវិជ្ជាជីវៈ។
បើទោះបីជាមានប្រតិកម្មបែបនេះក៏ដោយចុះ កាលពីថ្ងៃទី១៩ មេសា នៅក្នុងពិធីសម្ពោធរោងចក្រស្ករសនៅខេត្តព្រះវិហារ គឺមុនមួយថ្ងៃនៃប្រតិកម្មនេះ លោក ហ៊ុន សែន ក៏ប្រើពាក្យថា អធិរាជនេះផងដែរ។ លោក ហ៊ុន សែន ថ្លែងដោយមោទនភាពថា គណនេយ្យហ្វេសប៊ុករបស់លោកមានអ្នកចុចចូលចិត្ត (Like) ជាង ៣លាននាក់រួចទៅហើយ ហើយក៏ជាហ្វេសប៊ុកដែលឈរលំដាប់ជួរមុខក្នុងចំណោមមេដឹកនាំពិភពលោកថែមទៀតផង។ លោកបន្តថា « មានអ្នកណាមួយគេចូលទៅគេថា Like ឲ្យលោកនេះទេ ប៉ុន្តែទៅចូលនៅក្នុងផេករបស់ លោក ហ៊ុន សែន។ អ្ហា ! អូ ! ហ្វេសប៊ុកនៅលើពិភពលោកអ៊ីចឹងអី ? បើល្ងង់ណាស់មកសួរ ហ៊ុន សែន វិញ។ អធិរាជហ្វេសប៊ុក។ វាឆ្កួតឡប់អីវា រួចខ្ញុំនេះត្រូវគេបញ្ចូលទៅក្នុងថប់ហ្វាយ (Top 5) ពិភពលោក។ ថ្ងៃខ្លះខ្ញុំលេខ១ ពិភពលោកណា »។
ជុំវិញបញ្ហានេះ អ្នកឯកទេសផ្នែកវិស័យសារព័ត៌មានយល់ឃើញថា ប្រសិនបើសារដែលប្រមុខរដ្ឋាភិបាលថ្លែងនោះជាការពិត ហើយបែរជាកាសែតកែតម្រូវមែន នោះស្មើក្បត់វិជ្ជាជីវៈ និងក្រមសីលធម៌របស់ខ្លួន។
នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង ចាត់ទុកថា នេះជាសញ្ញានៃការគំរាមកំហែងទៅលើវិស័យសារព័ត៌មាន ទោះការគំរាមកំហែងនោះធ្វើឡើងដោយផ្ទាល់ ឬប្រយោលក៏ដោយ។ លោកបន្តថា « ខ្ញុំមើលខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីចេញលិខិតហ្នឹង គឺសំដៅទៅលើការគំរាមកំហែងទៅក្រុមអ្នកសារព័ត៌មានហ្នឹង។ គាត់យល់ថាអាហ្នឹងវាជារឿងពិតហើយ បានជាព័ត៌មានផ្សាយ។ គាត់ជំរុញឲ្យមានការកែតម្រូវ ប៉ុន្តែគាត់បង្ហាញនូវអំណាចចំពោះការគំរាមដោយប្រយោល »។
ច្បាប់ស្ដីពីរបបសារព័ត៌មានមាត្រា១០ កំណត់ថា ជនណាម្នាក់ដែលយល់ថា អត្ថបទណាមួយទោះជាសរសេរបញ្ឆិតបញ្ឆៀងដោយរូបគំនូរ ឬរូបថតខុសពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ឬសេចក្ដីថ្លៃថ្នូរ ជននោះមានសិទ្ធិឲ្យសារព័ត៌មានកែតម្រូវ។ ចម្លើយដែលកែតម្រូវ ឬឆ្លើយតប ត្រូវចុះផ្សាយក្នុងរយៈពេល ៧ថ្ងៃយ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោយទទួលបានការទាមទារឲ្យកែតម្រូវ ឬឆ្លើយតប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។