ស្ថានីយវិទ្យុអេហ្វ.អឹម (FM) មួយចំនួនក្នុងប្រទេសកម្ពុជា ដែលផ្សព្វផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក វីអូអេ (VOA) និងអាស៊ីសេរី (RFA) និងកម្មវិធីនយោបាយរបស់គណបក្សប្រឆាំង ត្រូវបានក្រសួងព័ត៌មាន បញ្ជាឲ្យផ្អាកការផ្សាយ។ អ្នកឯកទេសផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងគណបក្សប្រឆាំង យល់ថា សកម្មភាពនេះធ្វើឲ្យលំហសេរីភាពសារព័ត៌មានរួមតូច និងប៉ះពាល់ដល់ដំណើរការបោះឆ្នោតឆ្នាំ២០១៨។
បន្ទាប់ពីក្រសួងព័ត៌មាន បានកោះហៅទៅពិភាក្សានៅពេលព្រឹក វិទ្យុស្ត្រី អេហ្វ.អឹម ១០២ (FM 102) សម្រេចឈប់ផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុបរទេសទាំងពីរ ចាប់ពីយប់ថ្ងៃទី២៣ សីហា តទៅ។
នាយិកាមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដែលគ្រប់គ្រងស្ថានីយវិទ្យុ ១០២ អ្នកស្រី ជា ស៊ុនដាណែត ឲ្យដឹងថា ក្រសួងព័ត៌មាន បានចោទស្ថានីយអ្នកស្រីថាបានបំពានកិច្ចព្រមព្រៀង ដែលអនុញ្ញាតឲ្យប៉ុស្តិ៍ ១០២ ផ្សាយបន្តកម្មវិធីព័ត៌មានពីវិទ្យុបរទេសទាំងពីរកន្លះៗម៉ោង។
វិទ្យុ ១០២ ផ្សាយគ្របដណ្តប់ ៧៥ភាគរយនៃប្រជាជនកម្ពុជា សរុបប្រមាណ ១៥លាននាក់។ ១០២ ផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុបរទេសទាំងពីរចំនួនពីរដងក្នុងមួយថ្ងៃ គឺ វីអូអេ ចំនួន ១ម៉ោងកន្លះ និងអាស៊ីសេរី ចំនួន ២ម៉ោង។
អ្នកស្រី ដាណែត ទទួលស្គាល់ថា ស្ថានីយ អេហ្វេ.អឹម ១០២ ពិតជាបានបំពាននឹងកិច្ចព្រមព្រៀងឆ្នាំ២០០៦ ក៏ប៉ុន្តែអ្នកស្រីឆ្ងល់ថា ហេតុអ្វីក្រសួងទើបចាត់វិធានការនៅពេលនេះ៖ « គេចោទថាយើងរំលោភបំពាន។ ចឹងគេអនុគ្រោះថាមានតែបិទអាស៊ីសេរី និងវីអូអេទៅ។ តែបើមិនបិទទេ គឺខ្លួនយើងដែលជាអ្នកខុសហ្នឹង ត្រូវបិទ radio ( វិទ្យុ ) ទាំងមូល » ។
ដោយឡែកស្ថានីយវិទ្យុមហានគរ ៩៣,៥ ដែលផ្សាយបន្តកម្មវិធីវិទ្យុ វីអូអេ និងអាស៊ីសេរី និងកម្មវិធីគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានក្រសួងព័ត៌មាន បញ្ឈប់ការផ្សាយទាំងស្រុងនៅថ្ងៃទី២៣ សីហា ដោយផ្សាយកម្មវិធីពីប្រភពខាងក្រៅ មិនសុំការអនុញ្ញាតពីក្រសួង។
អ្នកគ្រប់គ្រងការផ្សាយស្ថានីយនេះ អ្នកនាង យី ឆវ័ន្ត ដែលត្រូវក្រសួងកោះហៅទៅសាកសួរ យល់ថា ហេតុផលនេះមិនសូវសមហេតុផល ដោយលើកឡើងថា ចំណាត់ការនេះត្រូវអនុវត្តដោយមិនយុត្តិធម៌។ នាងបន្តថា ក្រសួងគួរផ្តល់ឱកាសសម្របសម្រួលជាមុន មុននឹងសម្រេចបញ្ឈប់៖ « ពេលក្រសួងហៅទៅ ខ្ញុំគិតថាក្រសួងហៅទៅណែនាំថាកម្មវិធីវិទ្យុមួយចំនួន ឧទាហរណ៍អាស៊ីសេរី និងវីអូអេ ចឹងចុះ មានបញ្ហា ឬក៏មិនឲ្យមានការផ្សាយ អាហ្នឹងខាងយើងនឹងសម្របសម្រួលទៅតាមហ្នឹង ប៉ុន្តែអានេះវាលើសពីអ្វីដែលយើងគិត » ។
អ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានឲ្យដឹងថា គណបក្សរបស់លោកជួលម៉ោងផ្សាយវិទ្យុមហានគរចំនួន ២ម៉ោងរៀងរាល់ថ្ងៃ។ លោកភ្ញាក់ផ្អើលបន្ទាប់ពីទទួលបានលិខិតពីម្ចាស់ស្ថានីយស្ដីពីការឈប់ផ្សាយ៖ « ខ្ញុំគិតថាវាជារឿងនយោបាយ។ វាគ្មានវាចានឹងថ្លែង។ ខ្ញុំយល់ថាការបោះឆ្នោតឆ្នាំ២០១៨ នេះ នឹងមិនសេរី និងយុត្តិធម៌ទេ។ នេះនិយាយដោយខ្លីតែម្តង។ យើងអាចសន្និដ្ឋានបានជាស្រេចទៅហើយ។ ចឹងការបិទនេះ វានឹងប៉ះពាល់ដល់ដំណើរនៃការបោះឆ្នោត គឺយើងបានផ្សព្វផ្សាយនូវកម្មវិធីនយោបាយឃោសនានៅលើប៉ុស្តិ៍មហានគរ។ វាប៉ះពាល់ធ្ងន់ណាស់ដល់ដំណើរការប្រជាធិបតេយ្យខ្លាំងណាស់ » ។
ស្ថានីយវិទ្យុក្នុងស្រុកមួយចំនួននៅតាមបណ្តាខេត្តដែល វីអូអេ និងអាស៊ីសេរី ជួលម៉ោងផ្សាយកម្មវិធីព័ត៌មានរបស់ខ្លួន ឲ្យដឹងថា ពួកគេបានទទួលបទបញ្ជាពីក្រសួងព័ត៌មាន ឲ្យឈប់លក់ម៉ោងផ្សាយ។ ទោះជាយ៉ាងណាក៏ដោយ លោក ម៉ម សូណង់ដូ ប្រាប់ថា វិទ្យុសំបុកឃ្មុំរបស់លោកនឹងបន្តចាក់ផ្សាយកម្មវិធីព័ត៌មានរបស់សំឡេងវិទ្យុបរទេសទាំងពីរដដែល ដរាបណាមិនទាន់មានបញ្ជាពីក្រសួងព័ត៌មាន៖ « គោលការណ៍យ៉ាងម៉េច ? ពូអត់ដឹងដែរ។ ដូចអូនដឹងហើយ យើងនៅក្រោមអ្នកដឹកនាំមួយ យើងមិនអាចថាទេបាន ប៉ុន្តែយើងអាចស្វែងយល់បានថា ពីមូលហេតុអី ? បើសិនជាចិត្តចង់ឲ្យបិទ តែយើងមិនបិទ ប្រាកដជាគេបិទ radio ( វិទ្យុ ) យើងហើយ។ ដូច្នេះយើងត្រូវស្តាប់ហើយគេ » ។
ចំណែកវិទ្យុសារិកា ដែលផ្សាយកម្មវិធីព័ត៌មានវិទ្យុ វីអូឌី (VOD) របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក៏ត្រូវគេផ្អាកការផ្សាយទាំងមូលដែរ។
នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ថ្លែងថា គេលែងឲ្យផ្សាយ ដោយសារបញ្ហាបច្ចេកទេស និងរដ្ឋបាល តែមិនបានបញ្ជាក់លម្អិត។ លោកយល់ថា យន្តការរបស់ក្រសួងព័ត៌មាន គឺជាចំណាត់ការរបស់រដ្ឋាភិបាលដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងមកដល់នៅឆ្នាំក្រោយ៖ « ខ្ញុំយល់ថាវាជាចំណាត់ការជាប្រព័ន្ធរបស់រដ្ឋាភិបាលទៅលើសេរីភាពសារព័ត៌មាន។ គាត់ដាក់លើគោលដៅសារព័ត៌មានឯករាជ្យ។ អ្នកខាតបង់ គឺប្រជាពលរដ្ឋ » ។
ចំណាត់ការលើស្ថានីយវិទ្យុក្នុងស្រុកទាំងនេះ ត្រូវបានអ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ច្រានចោលការរិះគន់នេះ ហើយពន្យល់ថា នេះជាការអនុវត្តច្បាប់។ លោកបន្តថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវចូលស្ទឹងតាមបត់៖ « បណ្ដាញព័ត៌មានទាំងអស់បើមិនគោរពតាមការសន្យាជាមួយនឹងក្រសួងព័ត៌មាន គាត់នឹងជួបរឿងដូចៗគ្នាហ្នឹង » ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារឿយៗបានចោទវិទ្យុ វីអូអេ និងអាស៊ីសេរី ជាប្រព័ន្ធផ្សព្វផ្សាយគាំទ្រគណបក្សប្រឆាំង និងប្រឆាំងរដ្ឋាភិបាល។
បើតាមគោលការណ៍បេសកកម្មរបស់ស្ថាប័នទាំងពីរ វីអូអេនិងអាស៊ីសេរីត្រូវផ្តល់ព័ត៌មានប្រកបដោយស្តង់ដារសារព័ត៌មានវិជ្ជាជីវៈ ដោយត្រឹមត្រូវ យុត្តិធម៌ និងមិនលម្អៀង។
វិទ្យុទាំងពីរផ្សាយខ្លឹមសារវិភាគជ្រាលជ្រៅ បង្ហាញពីនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលមន្ត្រីរដ្ឋាភិបាលមិនសូវពេញចិត្ត។
ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ណែនាំឲ្យក្រសួងព័ត៌មាន ពិនិត្យមើលពីការចុះបញ្ជិកាដែលទំនងពាក់ព័ន្ធនឹងគេចវេះមិនបង់ពន្ធ។
កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)ដែលអះអាងថាផ្សាយដំណឹងដោយគ្មានការភ័យខ្លាច និងមិនលម្អៀង កំពុងប្រឈមនឹងការបង្ខំឲ្យបិទទ្វារ បើមិនបង់ពន្ធដែលរដ្ឋាភិបាលបញ្ជាក់ថា មានចំនួនជាង ៦លានដុល្លារ ខណៈកាសែតនេះឲ្យដឹងថា ខ្លួនតែងអនុវត្តតាមច្បាប់ពន្ធដារកម្ពុជា យ៉ាងខ្ជាប់ខ្ជួនបំផុត។
របាយការណ៍របស់អង្គការឃ្លាំមើល ហ្វ្រីឌឹម ហៅស៍ (Freedom House)ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០១៧ បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់ប្រទេសកម្ពុជា ថា «មិនសេរី» ដោយបានជាប់លេខ ១៥២ លើ ១៩៩ប្រទេសទូទាំងពិភពលោក។ អង្គការនេះបានព្រមានថា កម្ពុជា នឹងអាចជួបការធ្វើទុក្ខបុកម្នេញដោយការបង្ក្រាបពីសំណាក់អាជ្ញាធរកាន់តែអាក្រក់ ខណៈការបោះឆ្នោតជាតិកាន់តែខិតចូលមកដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។