ក្រសួង​ការងារ​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា​គ្មាន​វិជ្ជាជីវៈ

0:00 / 0:00

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា បញ្ចេញ​ប្រតិកម្ម​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​រក​ឃើញ​ថា មាន​ការ​រំលោភ​សិទ្ធិ​ការងារ​កម្មករ​ធ្ងន់ធ្ងរ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា។ ក្រសួង​ការងារ ចាត់​ទុក​របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​គ្មាន​មូលដ្ឋាន​វិជ្ជាជីវៈ​ច្បាស់លាស់។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហាញ​ការ​សោកស្ដាយ និង​បដិសេធ​ចំពោះ​របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ។ ក្រសួង​ការងារ អះអាង​ថា អ្វី​ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។

ប្រតិកម្ម​របស់​ក្រសួង​ការងារ បែប​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មីនា។ របាយការណ៍​រក​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​ការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា បាន​កើត​ឡើង​ទាំង​ក្នុង​រោងចក្រ​មាន​ទិសដៅ​នាំ​ចេញ និង​ក្នុង​រោងចក្រ​ម៉ៅការ។ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​ចោទ​ប្រកាន់​ក្រសួង​ការងារ ថា​មិន​បាន​បំពេញ​ការងារ​របស់​ខ្លួន​ពេញលេញ ដើម្បី​ជំរុញ​ការ​អនុវត្ត​ច្បាប់​ការងារ និង​ចាត់​វិធានការ​ចំពោះ​រោងចក្រ​កាត់​ដេរ ដែល​បាន​រំលោភ​សិទ្ធិ​កម្មករ​ឡើយ។

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ក្រសួង​ការងារ លើក​ឡើង​ថា បច្ចុប្បន្ន កម្ពុជា កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ និង​ប្រកប​ដោយ​តម្លាភាព​នូវ​កម្មវិធី​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា ដើម្បី​ធ្វើ​អធិការកិច្ច​ការងារ និង​វាយ​តម្លៃ​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា ប្រកប​ដោយ​វិជ្ជាជីវៈ បន្ថែម​ទៅ​លើ​យន្តការ​អធិការកិច្ច​លក្ខខណ្ឌ​ការងារ សុវត្ថិភាព និង​អនាម័យ​ការងារ​ដែល​មាន​ស្រាប់។

ក្រសួង​ការងារ អះអាង​បន្ត​ថា ពួក​គេ​បាន​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​យន្តការ និង​ប្រសិទ្ធភាព​នៃ​អធិការកិច្ច​ការងារ និង​ដាក់​ពិន័យ​ដល់​សហគ្រាស គ្រឹះស្ថាន​ទាំង​ឡាយ​ណា​ដែល​បាន​ល្មើស​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ។ ក្រសួង​ការងារ បញ្ជាក់​ថា ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៤ ក្រុម​អធិការកិច្ច​ការងារ​តែ​មួយ​ចំនួន ៤៩​ក្រុម បាន​ធ្វើ​អធិការកិច្ច​ការងារ​ចំនួន ៧.១៩១​លើក បាន​ដាក់​កំហិត​លើ​សហគ្រាស គ្រឹះស្ថាន​ចំនួន ៨០៤ និង​បាន​ផាក​ពិន័យ​សហគ្រាស​គ្រឹះស្ថាន​ប្រមាណ ១៣០។

ក្រសួង​ការងារ អះអាង​ថា របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​រំលោភ​លើ​វិជ្ជាជីវៈ​របស់​ក្រសួង និង​កម្មវិធី​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​កំពុង​បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ប្រសិទ្ធភាព។

ទោះ​ជា​បែប​នេះ​ក្តី នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន យូមែន រ៉ៃត៍ វ៉ច្ឆ ទទួល​ស្គាល់​ថា ក្នុង​ឆ្នាំ​២០១៤ ក្រសួង​ការងារ ពិត​ជា​បាន​បង្កើត​ក្រុម​អធិការកិច្ច​ការងារ​ចម្រុះ ដើម្បី​ធ្វើ​អធិការកិច្ច ឬ​ត្រួត​ពិនិត្យ​ទៅ​លើ​ដំណើរ​ការ​នៅ​តាម​បណ្ដា​រោងចក្រ​នានា​មែន។ ប៉ុន្តែ អង្គការ​មួយ​នេះ​កត់​សម្គាល់​ថា អធិការដ្ឋាន​ការងារ​កម្ពុជា នៅ​តែ​គ្មាន​ប្រសិទ្ធភាព និង​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជាច្រើន។ យូមែន រ៉ៃត៍ វ៉ច្ឆ ឲ្យ​ដឹង​ដែរ​ថា ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣ មាន​រោងចក្រ​តែ ១០ ប៉ុណ្ណោះ ត្រូវ​បាន​ក្រសួង​ការងារ រក​ឃើញ​ថា មាន​កំហុស និង​ផាក​ពិន័យ ហើយ​នៅ ១១​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤ វិញ ចំនួន​ផាក​ពិន័យ​បាន​កើន​ឡើង​ដល់ ២៥។ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា ចំនួន​ផាក​ពិន័យ​នេះ​នៅ​តែ​ទាប បើ​ប្រៀប​ទៅ​នឹង​ចំនួន​រោងចក្រ​ទាំងអស់​នៅ​កម្ពុជា និង​ករណី​រំលោភ​សិទ្ធិ​ការងារ​នៅ​តាម​បណ្ដា​រោងចក្រ​ទាំង​នោះ។

ចំពោះ​ប្រតិកម្ម​របស់​ក្រសួង​ការងារ នៅ​ពេល​នេះ ត្រូវ​បាន​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ចាត់​ទុក​ថា ជា​រឿង​ធម្មតា​ទៅ​ហើយ​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​ពេល​ដែល​ពួក​គេ​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​លទ្ធផល​រក​ឃើញ​របស់​អង្គការ​ណា​មួយ​នោះ។ លោក ហ្វីល រ៉ូបឺតសុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ មីនា ថា ជា​ជាង​ចាំ​តែ​វាយ​ប្រហារ​ទៅ​លើ​របាយការណ៍​របស់​អង្គការ​អន្តរជាតិ រដ្ឋាភិបាល​គួរ​តែ​សួរ​ខ្លួន​ឯង​ថា តើ​ត្រូវ​ធ្វើ​អ្វី​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​ប្រសើរ? លោក​បន្ត​ថា អ្វី​ដែល យូមែន រ៉ៃត៍ វ៉ច្ឆ រក​ឃើញ គឺ​ជា​ការ​ខកខាន​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ការ​ការពារ​សិទ្ធិ​របស់​កម្មករ​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា «គ្រប់​ពេល​ដែល​អ្នក​រិះគន់​ពួក​គេ ពួក​គេ​នឹង​វាយ​ប្រហារ​អ្នក​ភ្លាមៗ​ជា​ជាង​ព្យាយាម​វិភាគ បញ្ហា​ធ្ងន់ធ្ងរ​ដែល​កំពុង​កើត​មាន និង​រក​មធ្យោបាយ​ដើម្បី​ដោះស្រាយ។ ពួក​គេ​អាច​វាយ​ប្រហារ​ពួក​យើង​គ្រប់​ពេល​តាម​ដែល​គេ​ចូល​ចិត្ត ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ និង​កម្មករ​កម្ពុជា។ ពួក​គេ​បាន​ខកខាន​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ដើម្បី​ការពារ​សិទ្ធិ​របស់​កម្មករ​រោងចក្រ​នៅ​កម្ពុជា»

របាយការណ៍​សិក្សា​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ធ្វើ​ឡើង​ចន្លោះ​ពី​ខែ​តុលា ឆ្នាំ​២០១៣ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៥ និង​បាន​ធ្វើ​ការ​សម្ភាស​ទៅ​លើ​មនុស្ស​ប្រមាណ ៣៤០​នាក់ ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ​កាត់​ដេរ​មក​ពី​រោងចក្រ​ជាង ៧០ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ កំពង់ចាម និង​ព្រៃវែង រក​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​ការងារ​កម្មករ​មាន​ច្រើន​រូបភាព ក្នុង​នោះ​រួម​មាន ការ​ធ្វើ​ការ​បន្ថែម​ម៉ោង​ដោយ​បង្ខំ ការ​សងសឹក​ប្រឆាំង​អ្នក​មិន​ព្រម​ធ្វើ​ការ​បន្ថែម​ម៉ោង កង្វះ​ពេលវេលា​សម្រាក​ចន្លោះ​ម៉ោង​ធ្វើ​ការ ការ​បដិសេធ​មិន​ឲ្យ​ឈប់​សម្រាក​ពេល​ឈឺ ការ​ប្រើប្រាស់​មនុស្ស​មិន​គ្រប់​អាយុ​ឲ្យ​ធ្វើ​ការ ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បំបែក​សហជីព ដើម្បី​ទប់ទល់​ជាមួយ​សហជីព​ឯករាជ្យ ការ​រើសអើង​ចំពោះ​កម្មការិនី​មាន​ផ្ទៃពោះ ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្លូវ​ភេទ និង​ការ​បដិសេធ​អត្ថប្រយោជន៍​ក្នុង​ពេល​មាតុភាព ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។