
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងនៅថ្ងៃទី២៣ កញ្ញា ថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានអន្តរាគមន៍ជួយស្ត្រីខ្មែររងគ្រោះម្នាក់ឲ្យត្រឡប់មកប្រទេសកម្ពុជា វិញ។
ស្ត្រីខ្មែររូបនោះមានស្រុកកំណើតនៅខេត្តកណ្ដាល ត្រូវបានមេខ្យល់បោកបញ្ឆោតនាំយកទៅរៀបការជាមួយបុរសជនជាតិចិន នៅខេត្តជាំងស៊ី ប្រទេសចិន តាំងពីខែធ្នូ ឆ្នាំ២០១៣។ ក្រសួងការបរទេសប្រកាសថា បច្ចុប្បន្នស្ត្រីរងគ្រោះនោះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិក្រុងសៀមរាប ហើយនៅរសៀលថ្ងៃទី២៣ កញ្ញា។
ក្នុងពេលជាមួយគ្នា ក្រសួងការបរទេស ឲ្យដឹងដែរថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែររងគ្រោះចំនួន ២នាក់ ឲ្យត្រឡប់មកប្រទេស កម្ពុជា វិញ។ ពួកគេមានស្រុកកំណើតនៅខេត្តកណ្ដាល និងខេត្តត្បូងឃ្មុំ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់ និងក្រុមហ៊ុន ហើយក្រោយមក បានជួបការលំបាកក្នុងការងារ។
ក្រសួងការបរទេស បញ្ជាក់ថា ស្ត្រីខ្មែររងគ្រោះទាំង ២នាក់នេះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៦ ខែកញ្ញា។
កន្លងមក ដោយសារតែមានករណីស្ត្រីរៀបការជាមួយបុរសជនជាតិចិន ត្រូវបានប្ដីវាយធ្វើបាប ឬបានចាញ់បោកមេខ្យល់នាំយកទៅធ្វើការនៅក្រៅប្រទេស ក្រសួងការបរទេស បានអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាល និងស្ត្រីខ្មែរដែលជាជនងាយរងគ្រោះ ឲ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហានេះ ហើយត្រូវមានការប្រុងប្រយ័ត្នចំពោះការលួងលោម ភូតកុហក ឆបោក អូសទាញ បញ្ចុះបញ្ចូលរបស់ពួកមេខ្យល់ទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។