មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន​ហៅ​ការ​ប្រើ​ហិង្សា​លើ​អ្នក​កាសែត​ជា​បញ្ហា​កើត​ឡើង​ដោយ​ចៃដន្យ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ព័ត៌មាន បាន​ចាត់​ទុក​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ថា​មាន​ភាព​ប្រសើរ នៅ​ពេល​ដែល​ប្រទេស​នេះ​មាន​ស្ថាប័ន​សារព័ត៌មាន​ច្រើន​ស្អេកស្កះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​ដដែល​ក៏​ទទួល​ស្គាល់​ថា មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ត្រូវ​រងគ្រោះ​ដោយ​កម្លាំង​អាជ្ញាធរ​វាយ នៅ​ពេល​បង្ក្រាប​ការ​តវ៉ា​ម្តងៗ។

ចំណែក​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ព្រួយ​បារម្ភ​ពី​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​អ្នក​សារព័ត៌មាន និង​រុញ​ច្រាន​ពួក​គេ​អោយ​ឋិត​ក្នុង​ស្ថានភាព​ពុំ​មាន​សុវត្ថិភាព ក្នុង​ការ​បំពេញ​ការងារ។

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក ថាច់ ផែន ហៅ​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​សារព័ត៌មាន​ពី​សំណាក់​ក្រុម​កង​កម្លាំង​អាជ្ញាធរ ថា​ជា​បញ្ហា​ដែល​កើត​ឡើង​ដោយ​ចៃដន្យ នៅ​ពេល​មាន​ការ​អនុវត្ត​ច្បាប់​ម្ដងៗ ហើយ​ជាទូទៅ រដ្ឋាភិបាល​ពុំ​មាន​ចេតនា​បង្ក​របួស​ស្នាម​ទៅ​លើ​អ្នក​សារព័ត៌មាន​ឡើយ។

លោក​រដ្ឋលេខាធិការ​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ តំណាង​អង្គការ​អប់រំ​វិទ្យាសាស្ត្រ នៃ​អង្គការ​សហប្រជាជាតិ ហៅ​ថា យូនេស្កូ (UNESCO) អង្គការ​សារព័ត៌មាន និង​អង្គការ​សិទ្ធិ​មនុស្ស ដែល​ចូល​រួម​ទិវា​សេរីភាព​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែ​ឧសភា ក្រោម​ប្រធាន​បទ​សុវត្ថិភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា នីតិរដ្ឋ​ធានា​សុវត្ថិភាព​អ្នក​សារព័ត៌មាន និង​ប្រយុទ្ធ​ប្រឆាំង​និទ្ទណ្ឌភាព។

លោក ថាច់ ផែន ទទួល​ស្គាល់​ថា អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​ពិត​ជា​ឋិត​ក្នុង​ស្ថានភាព​អាក្រក់​មែន ជាក់ស្តែង គឺ​អ្នក​ព័ត៌មាន​រង​របួស​ធ្ងន់​ស្រាល ស្រប​ពេល​ដែល​កំពុង​បំពេញ​បេសកកម្ម​របស់​ខ្លួន​តាម​វិជ្ជាជីវៈ៖ «ក្នុង​សង្គម​មួយ​ដែល​មាន​ប្រជាពលរដ្ឋ​ជាង ១៤​លាន​នាក់ សព្វ​ថ្ងៃ​នេះ​យើង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ដ៏​សម្បូរណ៍​បែប​កំពុង​បម្រើ​សេវា​ផ្តល់​ការ​អប់រំ និង​កម្សាន្ត​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន»

អ្នក​សារព័ត៌មាន​នៃ​គេហទំព័រ​ថ្មីៗ កញ្ញា អ៊ីស្សា រូហានី មាន​ប្រសាសន៍​ថា នាង និង​អ្នក​សារព័ត៌មាន​ដទៃ​ទៀត កំពុង​មាន​ការ​លំបាក​ក្នុង​ការ​ប្រឈម​ជាមួយ​កង​កម្លាំង​អាជ្ញាធរ ដែល​និយម​ប្រើ​ហិង្សា៖ «សម្រាប់​ខ្ញុំ​នៅ​ពេល​មាន​បញ្ហា​ដែល​គេ​បង្ក្រាប​ចឹង ពេល​ខ្លះ​យើង​អត់​ហ៊ាន​ចូល​ទៅ​ក្នុង​ហេតុការណ៍​ហ្នឹង​ទេ ដោយសារ​តែ​យើង​ឃើញ​អាជ្ញាធរ​មាន​ដំបង​អ៊ីចឹង យើង​គួរ​អោយ​ញញើត ហើយ​ខ្លាច ខ្ញុំ​អត់​ហ៊ាន​ចូល​ទៅ​ទេ ខ្លាច​សុវត្ថិភាព​ខ្លួន​ឯង ខ្លាច​ចូល​ទៅ​គេ​នឹង​អាច​វាយ​យើង ចឹង​បាន​ត្រឹម​តែ​ស្រែក»

អង្គការ​យូណេស្កូ បាន​កត់​សម្គាល់​ថា ឆ្នាំ​២០១៤ ជា​ឆ្នាំ​ដែល​មាន​ស្ថានភាព​អាក្រក់​បំផុត​ចំពោះ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ពិភពលោក។ គិត​មក​ត្រឹម​ឆ្នាំ​២០១៤ នៅ​កម្ពុជា មាន​អ្នក​សារព័ត៌មាន​ចំនួន ១២​នាក់​ត្រូវ​សម្លាប់។ តំណាង​អង្គការ​យូណេស្កូ អ្នកស្រី អាន ឡឺម៉ែស្រ្ត (Anne Lemaistre) ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​លើ​ច្បាប់​មួយ​ចំនួន ដូច​ជា ក្រម​ព្រហ្មទណ្ឌ ធ្វើ​យ៉ាង​ណា​ជួយ​សម្រួល​ដល់​សុវត្ថិភាព​អ្នក​សារព័ត៌មាន​ឡើង​វិញ៖ «នៅ​កម្ពុជា គឺ​ត្រូវ​ការ​ពិនិត្យ​លើ​បទដ្ឋាន​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​ក្រម​ព្រហ្មទណ្ឌ ដើម្បី​បង្កើត​លក្ខខណ្ឌ​ល្អ​សម្រាប់​សេរីភាព​សារព័ត៌មាន​ដែល​ធានា​ថា អ្នក​សារព័ត៌មាន​មិន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ។ ស្រប​គ្នា​នេះ ក៏​គិតគូរ​ពី​ការ​កសាង​សមត្ថភាព​អ្នក​សារព័ត៌មាន»

ស្រប​គ្នា​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អោយ​គោរព​សេរីភាព និង​ធានា​សុវត្ថិភាព​អ្នក​សារព័ត៌មាន។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ជំរុញ​អោយ​រដ្ឋាភិបាល​ចេញ​បញ្ជា​ភ្លាមៗ​អោយ​កង​កម្លាំង​អាជ្ញាធរ បញ្ចៀស​ការ​ដៅ​មុខ​សញ្ញា​លើ​អ្នក​សារព័ត៌មាន និង​ស៊ើប​អង្កេត​រាល់​ការ​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន។

សម្រាប់​ឆ្នាំ​២០១៤ នេះ អង្គការ​ផ្ទះ​សេរីភាព (Freedom House) បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ជាប់​លេខ​រៀង​ទី​១៤៧ ជា​ប្រទេស​គ្មាន​សេរីភាព​ក្នុង​ចំណោម​ប្រទេស​១៩៧។ ចំណាត់​ថ្នាក់​នៅ​កម្ពុជា ប្រសើរ​ជាង​ប្រទេស សិង្ហបុរី ភូមា ឬ​មីយ៉ាន់ម៉ា វៀតណាម ចិន និង​កូរ៉េ​ខាង​ជើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។