សិល្បការិនី ឈ្មោះ សួន ភក្តី ហៅ អាណូ កាលពីពេលថ្មីៗនេះ ត្រូវបានក្រុមសិទ្ធិមនុស្សអាដហុក និយាយថា បានបាត់ខ្លួនជាច្រើនថ្ងៃមកហើយ បន្ទាប់ពីការវាយប្រហារមកលើរូបនាងកាលពីប៉ុន្មានថ្ងៃមុន ដោយប្រើផ្លែឡាមឆូតមុខ។
លោក ចាន់ សូវ៉េត ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុក ថ្លែងថា គេបានស៊ើបដំណឹងរបស់ អាណូ នៅផ្ទះចំនួន២កន្លែងក្នុងក្រុងភ្នំពេញ បន្ទាប់ពីលេចឮដំណឹងអកុសលនេះ ប៉ុន្តែក្រុមគ្រួសារនោះបានគេចខ្លួនអស់ទៅហើយ។
លោកបន្ទោសថា អាជ្ញាធរកំពុងបណ្តោយនិងកំពុងបិទបាំងរឿងឧក្រិដ្ឋនេះដែលនាំឲ្យមានការរីករាលដាលនូវបទឧក្រិដ្ឋសម្លាប់មនុស្សជាបន្តទៅទៀត ៖ «យើងឃើញថា ឥឡូវបាត់ជាង ៣អាទិត្យហើយ ហើយករណីនេះ មិនអាចគេចវេះបានទេ ប៉ូលិសត្រូវតែធ្វើការស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់ ហើយនេះជាបទល្មើសឧក្រិដ្ឋ បើសិនជាមិនព្រមធ្វើការស៊ើបអង្កេតទេ វាធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តច្បាប់យើងទៀតផង»។
ប្រភពពីកាសែតក្នុងស្រុកនិងនៅលើទំព័រវ៉ឹបសាយថ៍ជាច្រើន កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ បានសរសេរថា អ្នកនិយាយទូរទស្សន៍កម្មវិធីសិល្បៈប៉ុស្តិ៍លេខ៣ អាយុ ២៧ឆ្នាំ មានរូបសម្ជស្សស្អាតសោភា ឈ្មោះ សួន ភក្តី ហៅ អាណូ ត្រូវបានគេឆូតមុខនឹងផ្លែឡាម ចំនួន ៨៣កន្លែង។
ប្រភពដដែលបានអះអាងថា អាណូ ត្រូវបានអង្គរក្សចំនួន៤នាក់របស់ស្រ្តីម្នាក់ចាប់បញ្ចូលក្នុងរថយន្ត រួចកោរសក់ បន្ទាប់ពីនាងបានចេញពីកន្លែងធ្វើសក់មួយកន្លែងនៅក្នុងខណ្ឌចម្ការមន ដោយចោទថា នាង អាណូ បានទាក់ទងស្នេហាជាមួយនឹងប្តីរបស់ខ្លួន។
យ៉ាងណាក៏ដោយ ស្នងការប៉ូលិសខណ្ឌចម្ការមន លោកអធិការ អ៊ុច សុខុន បានបដិសេធថា លោកមិនបានដឹងរឿងនេះឡើយ។
មន្រ្តីទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងក្រុមអ្នកសិល្បៈជាច្រើនមិនធ្វើអត្ថាធិប្បាយឡើយ។ ហើយមកដល់ថ្ងៃនេះ ព័ត៌មានអំពីរឿង អាណូ កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយទេ។
ស្នងការប៉ូលិសក្រុងភ្នំពេញ លោក ទូច ណារ៉ុថ បន្ថែមថា លោកនឹងបើកឲ្យមានការស៊ើបអង្កេតក្រៅផ្លូវការមួយដើម្បីស្រាវជ្រាវការបាត់ខ្លួននេះ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា អាណូ បានស្លាប់នៅក្នុងការវាយប្រហារដោយផ្លែឡាម។ លោកសន្យាថា នឹងតាមចាប់ជនល្មើស បើសិនជារឿងនោះជារឿងពិត។
លោក ទូច ណារ៉ុថ មានប្រសាសន៍ថា ៖ «មិនមែនថាមិនធ្វើ មិនមែនថា ព្រងើយកន្តើយទេ យើងចង់ឲ្យសង្គមរបស់យើងជាសង្គមមួយដ៏ស្អាតស្អំល្អ គ្មានបទល្មើស យើងខិតខំប្រឹងប្រែងណាស់ ក៏ប៉ុន្តែសង្គមណាមួយក៏វាមានបទល្មើសដែរ ដូច្នេះយើងប្រឹងប្រែងធ្វើ មិនមែនយើងមិនធ្វើទេ ប៉ុន្តែទាល់តែយើងរកភស្តុតាងសព្វគ្រប់។ ព្រោះយើងអត់មានពាក្យបណ្ដឹង អត់មានសាក្សី ភស្តុតាង យើងអត់មានកន្លែងកើតហេតុ ដូច្នេះយើងនឹងធ្វើការស៊ើបអង្កេតក្រៅផ្លូវការមួយ ថាតើនាងទៅណា? ព្រោះយើងឮពាក្យចចាមអារ៉ាមលើបញ្ហានេះដែរ»។
ប្រធានសមាគមសិល្បករខ្មែរ លោក អៀង ស៊ីធុល ឲ្យដឹងថា លោកបានដឹងរឿង កញ្ញា អាណូ នេះ ពីក្រុមសិល្បករជាច្រើននាក់ ហើយរហូតមកដល់ពេលនេះ ឮថា នាងបានស្លាប់ទៅហើយ ក្រោយពីការដឹកទៅព្យាបាលនៅក្រៅប្រទេស។
លោក អៀង ស៊ីធុល អត្ថាធិប្បាយបន្ថែមយ៉ាងដូច្នេះ ៖ «ខ្ញុំមានការសោកស្ដាយណាស់ចំពោះទង្វើដោយគ្មានការទទួលខុសត្រូវរបស់មនុស្សមួយចំនួន ហើយការប្រើអំពើហិង្សាចំពោះគ្នានឹងគ្នា ពិសេសចំពោះសិល្បករកន្លងមក គឺសម្រាប់ខ្ញុំ ខ្ញុំមិនគាំទ្រទេ ហើយខ្ញុំសុំឲ្យរដ្ឋាភិបាលជួយរកយុត្តិធម៌ឲ្យសិល្បករ ទោះស្ថិតក្នុងករណីណាក៏ដោយ»។
ប្រភពពីក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា អ្នកនិយាយទូរទស្សន៍នៅក្នុងកម្មវិធីសិល្បៈប៉ុស្តិ៍លេខ៣ វីជេ អាណូ គឺជាជនទី៥ហើយ ដែលទទួលរងនូវការវាយប្រហារនៅក្នុងរឿងស្នេហាត្រីកោណ បន្ទាប់ពីនាងពិសិដ្ឋ ពិលិកា ត្រូវបានគេបាញ់សម្លាប់ នាង ទូច ស៊ុននិច ត្រូវបានគេបាញ់ឲ្យពិការ នាង តាត ម៉ារីណា ត្រូវបានគេចាក់ទឹកអាស៊ីតលើ និងនាង ពៅ បញ្ញាពេជ្រ កាលពីឆ្នាំមុន ត្រូវបានគេបាញ់ឲ្យពិការរហូតមកដល់បច្ចុប្បន្ន។
ប្រធានអង្គការកម្ពុជាជួយស្រ្តីមានវិបត្តិ កញ្ញា វឌ្ឍនី សាយ ថ្លែងថា គេឃើញតែស្រ្តីត្រូវបានរងគ្រោះនៅក្នុងរឿងស្នេហាត្រីកោណជាមួយនឹងមន្រ្តីខ្មែរនោះដោយគ្មានការដោះស្រាយ ក៏ប៉ុន្តែផ្ទុយមកវិញ ភាគីបុរសក៏ត្រូវចាត់ទុកថាជាអ្នកបង្កឲ្យមានបទឧក្រិដ្ឋនេះដែរ។
កញ្ញាសុំឲ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ ជាមួយនឹងជនដៃដល់ បើមិនដូច្នេះទេ បទឧក្រិដ្ឋបែបនេះនឹងមិនឈប់ឈរឡើយ។
កញ្ញា វឌ្ឍនី សាយ មានប្រសាសន៍ដូច្នេះថា ៖ «ដូច្នេះហើយ ទី១ គឺតាមផ្លូវច្បាប់ ស្រ្តីដែលជាប្រពន្ធហ្នឹងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ទី២ អាជ្ញាធរត្រូវចាត់វិធានការមួយ ទើបបានរំងាប់រឿងហ្នឹងបាន តែខំរឿងហ្នឹងកើតឡើងទៀតហើយ។ ប្ដីយើងខូច យើងដើរទៅសម្លាប់គេសម្លាប់ឯង ទោះសម្លាប់អស់ប៉ុន្មាន បើថាប្ដីនៅខូច នៅតែខូចអ៊ីចឹង។ យើងត្រូវមានវិធានការអីមួយដែលអាចដោះលែងខ្លួនឯងពីគ្រួសារហ្នឹង ឬក៏ធ្វើម៉េចពិភាក្សាជាមួយប្ដីហ្នឹង ហេតុអីបានធ្វើអ៊ីចឹង? ជួនកាលណាបញ្ហាក្នុងគ្រួសារ យើងរកដំណោះស្រាយ។ ប្ដីយើងហ្នឹងមែន គាត់អត់អាចនៅមួយនឹងមួយបានមែន អាហ្នឹងយើងទ្រាំនៅធ្វើអ្វី? អាហ្នឹងអំពើហិង្សាក្នុងគ្រួសារ ហើយយើងធ្វើបាបខ្លួនយើងទៀត មិនអ៊ីចឹង?»។
គួរជម្រាបជូនថា មកដល់ពេលនេះ គ្មានជនដៃដល់ណាមួយដែលបានប្រព្រឹត្តនូវបទឧក្រិដ្ឋទាំងនេះ ត្រូវបានអាជ្ញាធរយកទៅផ្តន្ទាទោសនៅឡើយទេ។ ស្នងការប៉ូលិសក្រុងភ្នំពេញ បានអះអាងថា គេរកមិនទាន់ឃើញ ក៏ប៉ុន្តែគេនៅតែបន្តការតាមដាននៅឡើយទេ៕