ក្រុម​ស្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម​នឹង​លោក ហ៊ុន សែន ដែល​ប្រើ​សម្ដី​មិន​សមរម្យ​លើ​ស្ត្រី

0:00 / 0:00

តំណាង​អង្គការ​សង្គម​ស៊ីវិល​ជា​ស្ត្រី​ដែល​ធ្វើ​ការងារ​ទាក់ទង​ផ្នែក​សិទ្ធិមនុស្ស ស្ទើរ​តែ​មិន​ជឿ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​ពាក្យ​មិន​សមរម្យ​លើ​ស្ត្រី ដែល​ជា​មាតា​ពិភពលោក​នៅ​ទី​សាធារណៈ ខណៈ​ដែល​លោក​កំពុង​កាន់​តួនាទី​កំពូល​របស់​ជាតិ។

ក្រុម​ស្ត្រី​ទាំង​នោះ សំដែង​ការ​មិន​ពេញ​ចិត្ត និង​កាយវិការ​របស់​មេដឹកនាំ​បែប​នេះ ហើយ​ថា ពួកគេ​នឹង​ប្រជុំ​ជជែក​លើ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ព្រោះ​ថា ពាក្យ​នេះ ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​ស្ត្រី​ទូទៅ។

ក្រុម​ស្ត្រី​បំរើការ​នៅ​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើការ​លើក​ស្ទួយ​ផ្នែក​សិទ្ធិមនុស្ស សំដែង​ការ​ភ្ញាក់ផ្អើល​ដោយ​នឹក​ស្មាន​មិន​ដល់​ថា នាយករដ្ឋមន្ត្រី​របស់​ខ្លួន​ប្រមាថ​ស្ត្រី​ដូច​នេះ​ឡើយ។

​ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដៀមដាម​នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ដែល​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​លើ​ស្ត្រី និង​បញ្ជា​ឲ្យ​ប៉ូលិស​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​ស្ពាន​នាគ​ក្បែ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ខណៈ​ដែល​ស្ថានភាព​នយោបាយ​ជាប់​គាំង។

ប្រធាន​គណៈ​គ្រប់គ្រង​នៃ​គណៈកម្មាធិការ​ដើម្បី​លើក​ស្ទួយ​ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ និង​ជា​នាយិកា​អង្គការ​សីលកា អ្នកស្រី ធីតា ឃិះ សម្តែង​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​លឺ​ពាក្យ​សំដី​របស់​លោក ហ៊ុន សែន ដូច​នេះ និង​ថា ផ្នត់​គំនិត​នៃ​ការ​រើសអើង​ស្ត្រី​នៅ​តែ​មាន​ដដែល។

អ្នកស្រី​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​គោរព​សិទ្ធិ​ស្ត្រី​ព្រោះ​សម្ដី​នេះ​ប៉ះពាល់​ដល់​ស្ត្រី​ផ្សេង​ទៀត​ទូទាំង​ប្រទេស៖ «ពាក្យពេចន៍​នេះ ប៉ះពាល់​ដល់​ស្ត្រី​ទាំង​អស់ និង​ប្រជាពលរដ្ឋ​ទាំង​អស់ ព្រោះ​ក្នុង​នាម​លោក​ជា​នាយករដ្ឋមន្ត្រី ការ​ដែល​ចាប់​អ្នក​ទទួល​ទោស​ជា​កាតព្វកិច្ច ហើយ​រដ្ឋ​ធ្វើ​ដោយ​មិនមាន​ការ​រើស​អើង»

ទោះ​ថ្លែង​មិន​ចំ​ឈ្មោះ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និយាយ​ពេញៗ​មាត់​នៅ​ទី​សាធារណៈ​ដែល​សំដៅ​ទៅ​លើ​នារី​ម្នា​ក់ថា នារី​ម្នាក់​នោះ​អាក្រក់​ហួសហេតុ។ លោក​លើក​ឡើង​ថា ក្នុង​ចំណោម​អ្នក​ប្រើ​ហិង្សា​លើ​កង​សន្តិសុខ​របស់​សាលា​ខណ្ឌ នារី​ម្នាក់​នោះ ធាត់ ធាក់​លើ​សន្តិសុខ​ដែល​កំពុង​ដេក​ដួល​រង​របួស​ធ្ងន់៖ «នៅ​ក្នុង​ចំណោម​អ្នក​ដែល​វ៉ៃ​ដ៏​សាហាវ​ហ្នឹង មាន​ស្រី​ម្នាក់​ទាត់​ឈូស​ដូច​គេ​ហៅ​ថា កីឡាកាស​អ៊ីចឹង។ តាម​ចាប់​មី​ស្រី​មួយ​ហ្នឹង​ឲ្យ​បាន​មើល៍! អា​ហ្នឹង​គេ​មិនមែន​ហៅ​នារី​ទេ គេ​ហៅ មី​ស្រី ឬ​គេ​ហៅ​មី។ វ៉ៃ​សុទ្ធតែ​ធាក់ វា​ហួសហេតុ​ពេក! មិន​មែន​ជា​ការ​រំលោភ​សិទ្ធិ​ស្ត្រី​ទេ ក៏ប៉ុន្តែ​វា​អាក្រក់​ហួស អ៊ីចឹង​លោក​ប៉ូលិស​នៅ​បន្ត​ការងារ»

កាល​ពី​ពេល​ថ្មីៗ​នេះ លោ ហ៊ុន សែន បាន​សម្តែង​ក្តី​អាណិតអាសូរ និង​ផ្ដល់​យុត្តិធម៌​ដល់​នារី​ម្នាក់​ជា​អតីត​ពិធីការិនី​ទូរទស្សន៍ គឺ​កញ្ញា សាសា ក្រោយ​ពេល​កញ្ញា​ស្រស់​សោភា​រូប​នោះ ត្រូវ​ឧកញ៉ា​ម្នាក់​ប្រើ​អំពើ​ហិង្សា​លើ​រូប​នាង​យ៉ាង​ខ្លាំង។

នាយិការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស អ្នកស្រី ចក់ សុភាព ហាក់​មិន​ភ្ញាក់​ផ្អើល​នឹង​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ពេល​នេះ ព្រោះ​អ្នកស្រី​ថា នៅ​ពេល​កន្លង​មក លោក ហ៊ុន សែន ធ្លាប់​និយាយ​ពី​ពាក្យ​មិន​សមរម្យ​មក​លើ​ស្ត្រី។ អ្នកស្រី​ថា សម្ដី​នេះ​មិន​សម​ជា​សម្ដី​ថ្នាក់ដឹកនាំ​ប្រទេស​ទេ។

អ្នកស្រី ចក់ សុភាព បន្ថែម​ថា ការ​ថ្លែង​បែប​នេះ គឺ​បំពាន​ទៅ​ប្រព័ន្ធ​តុលាការ ខណៈ​ដែល​តុលាការ​មិន​ទាន់​ចោទ​ប្រកាន់​ផង ដែល​ជា​ស្ត្រី​ម្នាក់​នោះ រង​ការ​ប្រមាថ​បែប​នេះ​ទៅ​ហើយ៖ «ខ្ញុំ​មាន​ការ​សោកស្តាយ​មែន​ទែន ចំពោះ​ការ​ដែល​បន្ត​នូវ​ទង្វើ ជា​ពិសេស​ប្រើ​ពាក្យ​មី​ស្រី របស់​ថ្នាក់ដឹកនាំ​ដូច​នេះ ដែល​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​គាត់​នឹង​ធ្វើ​តម្រាប់​តាម»

​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣១ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ។ ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់ៗ មិន​ត្រូវ​ឲ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​អ្នក​ដទៃ​ឡើយ។

ដោយ​ឡែក​នាយក​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា និង​ជា​អគ្គលេខធិការដ្ឋាន​នៃ​បណ្ដាញ​យេនឌ័រ និង​អភិវឌ្ឍន៍​ហៅ​កាត់ GAD/ C អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ថា ទោះ​ស្ត្រី​ម្នាក់​នោះ មានទោស ​ឬ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏ដោយ ក៏​មិន​សមរង​ការប្រមាថ​ដូច​នេះ​ឡើយ។

អ្នកស្រី​ស្នើ​ឲ្យ​លោក ហ៊ុន សែន មុន​នឹង​ថ្លែង​អ្វី​មួយ​ត្រូវ​គិត​ពី​តម្លៃ​របស់​ស្ត្រី​ផង៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​អត់​នឹក​ស្មាន​ថា សម្ដេច​នាយករដ្ឋមន្ត្រី​គាត់​មានប្រសាសន៍​អ៊ីចឹង​ទេ។ យើង​ដឹង​ហើយ​ថា ទោះ​អ្នក​ទោស​ក៏ដោយ ក៏​មិនត្រូវ​ជេ​ប្រមាថ​ដែរ»

ក្រុម​ស្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ពួកគេ​នឹង​ជួប​ប្រជុំ​គ្នា​ទាក់ទង​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អាច​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្នើ​ប្រមុខ​រដ្ឋាភិបាល ផ្តល់​តម្លៃ​ដល់​ស្ត្រី​ទូទៅ​ជៀសវាង ការ​ថ្លែង​ដែល​ប្រមាថ​ដល់​ស្ត្រី​ដូច​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។