រយៈពេល ២៣ឆ្នាំហើយបើគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ ត្រូវដាក់ឲ្យអនុវត្ត។ ក្រុមអង្គការសង្គមស៊ីវិលទទួលស្គាល់ថា ក្នុងរយៈពេលនេះ រដ្ឋាភិបាលបានបំពេញការងារមួយចំនួនហើយដើម្បីធានាការពារសិទ្ធិស្ត្រី។ ប៉ុន្តែពួកគេក៏មើលឃើញថា នៅមានចំណុចមួយចំនួនដែលរដ្ឋាភិបាលនៅមិនទាន់អាចធានាបានដូចអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ចំណុចសំខាន់ៗក្នុងរដ្ឋធម្មនុញ្ញដែលរដ្ឋាភិបាលនៅមិនទាន់អនុវត្តបានពេញលេញនៅឡើយនោះរួមមាន ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ ការរើសអើង អំពើហិង្សា ការជួញដូរ និងការងារសម្រាប់ស្ត្រី ជាដើម។
នាយិកាប្រតិបត្តិអង្គការសីលការ អ្នកស្រី ធីតា ឃឹះ មានប្រសាសន៍ថា ទាក់ទងនឹងការចូលរួមក្នុងវិស័យនយោបាយ ពិតមែនថារដ្ឋធម្មនុញ្ញបានធានា ក៏ស្ត្រីពុំត្រូវបានផ្ដល់ឱកាសត្រឹមត្រូវមួយដើម្បីឲ្យពួកគេបានចូលរួមពេញលេញឡើយ។ អ្នកស្រីថា ក្រុមអង្គការមិនមែនរដ្ឋាភិបាល តែងទាមទារឲ្យមានវិធានការពិសេសសម្រាប់ឲ្យការអនុវត្តបានប្រសើរជាងពេលកន្លងទៅ៖ «តាំងពីឆ្នាំ២០០៧ មកយើងសុំអោយបាន ៣០ភាគរយ ប៉ុន្តែអត់ដែលបានតាមយើងចង់បានទេ។ គេតែងតែថា រឿងដាក់កំណត់ជាកូតាអីហ្នឹងវាមិនមែនជារឿងដែលអាចធ្វើបានទេនៅស្រុកខ្មែរ។ ដូច្នេះរដ្ឋាភិបាលគួរតែលើកគោលនយោបាយ និងនីតិវិធីផ្សេងៗក្នុងការលើកតម្កើងធ្វើយ៉ាងណាអោយស្ត្រីបានចំនួនឡើង»។
មាត្រា៣១ នៃរដ្ឋធម្មនុញ្ញចែងថា កម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា រួមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀត។ ក្នុងនោះដែរ មាត្រា៣៤ ថ្មីចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ មាត្រា៣៥ ចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។

នៅក្នុងរបាយការណ៍ដែលផ្សព្វផ្សាយដោយក្រសួងកិច្ចការនារី កាលពីឆ្នាំ២០១៤ បង្ហាញថា ចំនួនស្ត្រីបើគិតចាប់តាំងពីឆ្នាំ២០០៨ មក ក្នុងជួរអ្នកដឹកនាំក្នុងស្ថាប័នរដ្ឋ និងស្ត្រីជាតំណាងពលរដ្ឋបានកើនឡើងបណ្ដើរៗ។ ក្នុងនោះ ចំនួនស្ត្រីជារដ្ឋមន្ត្រីមាន ៣នាក់ស្មើនឹង ១០,៧% ក្នុងឆ្នាំ២០១៣ ដោយបានកើនឡើងពី ៧,៤% នៅក្នុងឆ្នាំ២០០៨។ រដ្ឋលេខាធិការជាស្ត្រីក៏បានកើនពី ៨% ទៅ ២០,៥៤% ចំណែកអនុរដ្ឋលេខាធិការមានចំនួន ១៧,៦០% គឺបានកើន ១%។ ចំនួនស្ត្រីក្នុងស្ថាប័នតុលាការ ក៏បានកើនឡើងបន្តិចបន្តួចដែរ គឺមាន ១៣% ក្នុងឆ្នាំ២០១៣ ប៉ុន្តែពុំមានស្ត្រីឈរក្នុងតួនាទីជាប្រធានតុលាការទេ។ ទន្ទឹមគ្នានេះ ព្រះរាជអាជ្ញាជាស្ត្រីមានចំនួន ១៥នាក់ក្នុងចំនួនសរុប ១៤៧រូប។ តំណាងស្ត្រីនៅមូលដ្ឋានឃុំ-សង្កាត់ ក៏បានកើនឡើងដែរ ប៉ុន្តែបុរសនៅតែកាន់តួនាទីសំខាន់ក្នុងមុខតំណែងធ្វើសេចក្ដីសម្រេចដដែល។ បើទោះជាយ៉ាងណា មិនមានការកើនឡើងទេចំនួនស្ត្រីនៅក្នុងស្ថាប័នព្រឹទ្ធសភា នៅពេលដែលចំនួនស្ត្រីជាតំណាងរាស្ត្របានថយពី ២១,១% ក្នុងឆ្នាំ២០០៨ មកនៅ ២០,៣៣% នៅក្នុងឆ្នាំ២០១៣។ រហូតមកដល់ពេលនេះ ពុំមានស្ត្រីណាម្នាក់បានកាន់តួនាទីជាអភិបាលខេត្តឡើយ។
បើតាមអ្នកស្រី ធីតា ឃឹះ ការចាប់ស្ត្រីដែលចេញតវ៉ាបញ្ហាដីធ្លីដាក់ពន្ធនាគារក្នុងពេលថ្មីៗ កំពុងបំភិតបំភ័យស្ត្រីច្រើនទៀតដែលមានបំណងចូលរួមការងារសង្គម កិច្ចការពារស្ត្រី និងនយោបាយ៖ «ធម្មតាតែកាលណាសិទ្ធិសេរីភាពជាទូទៅតឹងតែងស្ត្រីក៏ជួបការតឹងតែងដូចគ្នាដោយសារការបញ្ចេញមតិអីហ្នឹងកាន់តែមានការលំបាក»។
កាលពីថ្ងៃទី១៩ ខែកញ្ញា សកម្មជនបឹងកក់ចំនួន ៤នាក់ មានអ្នកស្រី ហេង មុំ អ្នកស្រី ទេព វន្នី លោកស្រី គង់ ចន្ថា និងលោកស្រី បូ ឆវី ត្រូវបាន តុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ ៦ខែ ពាក់ព័ន្ធនឹងរឿងក្តីដែលកប់បាត់ទុកតាំងពី ៥ឆ្នាំមុន។
ចំណុចមួយទៀតដែលអង្គការសង្គមស៊ីវិលយល់ថាមិនទាន់ប្រសើរបានដូចរដ្ឋធម្មនុញ្ញធានាដែរនោះ គឺអំពើហិង្សាគ្រប់ប្រភេទទៅលើស្ត្រី។
នៅក្នុងយុទ្ធនាការបញ្ឈប់អំពើហិង្សាលើស្ត្រីកាលពីឆ្នាំ២០១៥ តំណាងអង្គការសហប្រជាជាតិស្ដីពីស្ត្រីប្រចាំនៅកម្ពុជា អ្នកស្រី វេនី គុសុម៉ា (Wenny Kusuma) លើកឡើងថា ស្ត្រីជាច្រើននាក់រងគ្រោះដោយអំពើហិង្សា តែងទទួលការស្ដីបន្ទោសពីសង្គម បើទោះជាពួកគេជាអ្នករងអំពើហិង្សា។ អ្នកស្រីបន្តថា អំពើហិង្សាមិនមែនជាកំហុសរបស់ជនរងគ្រោះទេ ប៉ុន្តែវាគួរតែជាជនល្មើសត្រូវជាអ្នកទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ ចំណែកស្ត្រីក៏ត្រូវតែដឹងពីសិទ្ធិរបស់ខ្លួន ហើយសិទ្ធិរបស់គេត្រូវទទួលបានការការពារ។
កាលពីឆ្នាំ២០១៣ កម្មវិធីដៃគូដើម្បីការទប់ស្កាត់អំពើហិង្សាលើស្ត្រី បានធ្វើការសិក្សាមួយដោយសម្ភាសបុរស និងស្ត្រីចំនួន ១.៨៣១នាក់ ក្នុងនោះបុរសចំនួន ៣២,៥% និយាយថា បានប្រើហិង្សាលើរាងកាយ និងផ្លូវភេទលើដៃគូជិតស្និទ្ធរបស់ពួកគេ។ រហូតមកដល់ពេលនេះ ករណីអំពើហិង្សាក្នុងគ្រួសារ ជាករណីស្រួចស្រាល់ដោយមានការកាប់សម្លាប់ក្នុងចំណោមសមាជិកគ្រួសារ។
នាយិកាប្រតិបត្តិនៃអង្គការសីលការ អ្នកស្រី ធីតា ឃឹះ មានប្រសាសន៍ថា ការរើសអើង និងទស្សនៈសង្គមទៅលើស្ត្រី នៅតែជាដើមចមនៃអំពើហិង្សាលើស្ត្រី៖ «ផ្នត់គំនិតរបស់សង្គមយើងតែងចាត់ទុកអំពើហិង្សាជាកំហុសរបស់ស្ត្រី ជារឿងមួយដែលយើងគួរតែមានការអៀនខ្មាស និងមានការលាក់កំបាំងកុំអោយគេអ្នកដទៃដឹង។ យើងពុំបានទទួលស្គាល់ថា អំពើហិង្សានេះគឺជាអ្នកប្រព្រឹត្តភាគច្រើនជាបុរស ដូច្នេះបុរសត្រូវទទួលខុសត្រូវនៅក្នុងរឿងហ្នឹង»។
រដ្ឋធម្មនុញ្ញមាត្រា៤៥ ចែងថា ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្ត្រីភេទ ត្រូវបំបាត់ចោល។ ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រីត្រូវហាមឃាត់។ បុរស និងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។ អាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ និងគោលការណ៍ស្ម័គ្រចិត្ត ប្ដីមួយប្រពន្ធមួយ។
រីឯមាត្រា៤៦ ចែងថា អំពើលក់ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាភាសដែលប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់។
របាយការណ៍សម្រាប់ឆ្នាំ២០១៦ របស់ក្រសួងការបរទេសអាមេរិក បានចាត់ទុកកម្ពុជា បន្តឋិតក្នុងចំណាត់ថ្នាក់ទី២ ក្នុងចំណោមប្រទេសមានករណីជួញដូរស្ត្រី ហើយក៏បានចាត់ទុកថាបានប្រសើរជាងឆ្នាំ២០១៥។
ស្ត្រីមកពីតំបន់ជនបទ ត្រូវនាំចូលទីក្រុង និងតំបន់ទេសចរណ៍ ដែលនៅទីនោះ ពួកគេត្រូវរងការជួញដូរផ្លូវភេទនៅតាមផ្ទះបន ហើយញឹកញាប់ជាងនេះទៀត គឺកន្លែងបម្រើផ្លូវភេទ “មិនផ្ទាល់” ដូចជាបៀរហ្គាឌិន កន្លែងម៉ាស្សា ហាងខារ៉ាអូខេ និងកន្លែងមិនទាក់ទងនឹងពាណិជ្ជកម្ម។

ទន្ទឹមគ្នានេះ នារីនៅតាមជនបទជាច្រើន ត្រូវបានគេទាក់ទងក្រោមលេសកុហកឲ្យធ្វើដំណើរទៅប្រទេសចិន ដើម្បីរៀបការជាមួយបុរសជនជាតិចិន។ ក្នុងនោះ អ្នកខ្លះត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងរោងចក្រ ឬបង្ខំឲ្យធ្វើជាស្រីពេស្យា។
អង្គការសហប្រជាជាតិសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស បានចេញផ្សាយ របាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃទី២៩ ខែសីហា ស្ដីពីបញ្ហាស្ត្រីខ្មែរត្រូវបានគេជួញដូរផ្លូវភេទ និងបង្ខំឲ្យរៀបការជាមួយបុរសចិន។ ការសិក្សានេះ ផ្ដោតសំខាន់អំពីដំណើរដើមទងដែលមេខ្យល់ល្បួងស្រីខ្មែរ របៀបរបបដែលគេចំណេញលើក្រុមស្ត្រីទាំងនោះ និងបញ្ហាខ្វះខាតក្នុងការទប់ស្កាត់របស់សមត្ថកិច្ច។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ធ្លាប់មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា-ចិន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចពលកម្ម និងការជួញដូរផ្លូវភេទលើស្ត្រី និងកុមារទៅប្រទេសចិន នៅដំណាច់ឆ្នាំ២០១៦ ខាងមុខ។ ក្នុងកិច្ចព្រមព្រៀងនេះ ភាគីប្រទេសទាំងពីរបានឯកភាពគ្នា ដើម្បីទប់ស្កាត់រាល់ទម្រង់នៃការជួញដូរមនុស្ស វិធានការជួយសង្គ្រោះជនរងគ្រោះ និងការស្វែងរកចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់។
ទាក់ទងនឹងវិស័យការងារវិញ មាត្រា៣៦ នៃរដ្ឋធម្មនុញ្ញ ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរសមស្របតាមសមត្ថភាព ដោយទទួលបានប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា។ ការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។
ករណីនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា ភាគច្រើនការងារស្ត្រីត្រូវបានឲ្យតម្លៃ ឯការរើសអើងនៅមានតិចតួចនៅឡើយ។
បើទោះជាយ៉ាងណា ក្រុមអង្គការមិនមែនរដ្ឋាភិបាលមើលឃើញដែរថា ក្នុងសង្គមកម្ពុជា នៅតែបែងចែកថាកិច្ចការងារមេផ្ទះ គឺជាកិច្ចការរបស់ស្ត្រី។
មាត្រា៣៦ ដដែលនេះចែងទៀតថា ត្រូវហាមឃាត់មិនឲ្យបញ្ឈប់នារីពីការងារ ដោយមូលហេតុមានគភ៌។ នារីមានសិទ្ធិឈប់សម្រាកនៅពេលសម្រាលកូន ដោយទទួលប្រាក់បៀវត្ស និងដោយមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារ និងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា ការរើសអើងស្ត្រីមានផ្ទៃពោះ ត្រូវគេធ្វើឡើងក្នុងរូបភាពមិនផ្ដល់ការងារ និងការប្រើប្រាស់កិច្ចសន្យារយៈពេលខ្លី៖ «មានស្ត្រីខ្លះបង្ខំចិត្តរហូតដល់រំលូតកូនចោលជាដើម គឺស្រ្តីនៅផ្នែកសេវាកម្សាន្ត និងនៅរោងចក្រកាត់ដេរភាគច្រើននៅរោងចក្រតូចៗ»។
ឆ្លើយតបចំពោះការបារម្ភនានាទាក់ទងនឹងការធានាសិទ្ធិស្ត្រី ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ ក្រសួងកិច្ចការនារី ដែលជាសេនាធិការរបស់រដ្ឋាភិបាល បានបង្កើតឲ្យមានផែនការយុទ្ធសាស្ត្រនារីរតនៈទី២ (២០១៤-២០១៨) ដែលនឹងជួយទៅដល់ភាគីពាក់ព័ន្ធបំពេញការងារ ជំរុញសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី។
អគ្គនាយករងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី លោក ថេ ឈុនហាក់ ធ្លាប់មានប្រសាសន៍ថា សមភាពយេនឌ័រជាគោលដៅទី៥ ក្នុងផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលរដ្ឋាភិបាលកម្ពុជា បានចូលរួមអនុម័ត និងអនុវត្ត។ បើទោះបីជាយ៉ាងណា លោក ឈុនហាក់ លើកឡើងដែរថា ដើម្បីសម្រេចតាមគោលដៅនេះ គឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ត្រី និងបុរស៖ « សូមសំណូមពរ ឲ្យ ការកើន ឡើងនេះអាចទៅបាន លុះត្រាតែយើងទាំងអស់គ្នាទាំងស្ត្រី និងបុរស មិនមែនថាបង្កើន ចំនួនស្ត្រី ទាល់តែស្ត្រីខំប្រឹងទេ ទាល់តែគណបក្សនយោបាយដៃគូពាក់ព័ន្ធ ក៏ដូចជាប្រធានបទថ្ងៃនេះបានលើកឡើង គឺយើងត្រូវតែបោះឆ្នោតជូនគណបក្សនយោបាយណាដែលយើងគិតថា អាច បម្រើផល ប្រយោជន៍ជូនប្រជាពលរដ្ឋ ជាពិសេសយើងឃើញថា ការចូលរួមរបស់ស្ត្រីវាបានផ្ដល់នូវផលវិជ្ជមានជាច្រើនទៅដល់ការ អភិវឌ្ឍ ជាពិសេសក្រុមប្រឹក្សាឃុំ - សង្កាត់ ។ កន្លងមកយើងឃើញថា ការចូលរួម របស់ស្ត្រីនៅក្នុងសមាជិកក្រុមប្រឹក្សាឃុំ - សង្កាត់ ចូលរួមយ៉ាងខ្លាំងនៅក្នុងការលើកកម្ពស់បញ្ហាសុខមាលភាព បញ្ហាសុខភាពរបស់សហគមន៍ និងការធ្វើឲ្យសេវាមូលដ្ឋានកាន់តែឆ្លើយតបទៅដល់ប្រជាពលរដ្ឋបាន ពេញលេញ »។
បើទោះជាយ៉ាងនេះក្ដី បញ្ហាប្រឈមធំមួយដែលក្រុមអង្គការមិនមែនរដ្ឋាភិបាលនៅតែបារម្ភនោះ គឺគោលដៅក្នុងផែនការយុទ្ធសាស្ត្រតែងជួបឧបសគ្គ ដោយសារការអនុវត្តខ្វះថវិកាគាំទ្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។