ពាក្យបណ្ដឹងនោះ គឺអង្គការសង្គមស៊ីវិល ដាក់ក្នុងនាមពលរដ្ឋចំនួន ៦០២គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយការបណ្ដេញចេញពីដីធ្លី ផ្ទះសម្បែងនៅតាមតំបន់ដែលក្រុមហ៊ុននេះបានដីសម្បទាន។
ក្រុមអង្គការសិទ្ធិមនុស្ស បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃទី៣០ ខែឧសភា ថា ក្រុមហ៊ុនសាជីវកម្មថៃ មីត្រ ផូល មានទំនាក់ទំនងជិតស្និទ្ធនឹងក្រុមហ៊ុន អង្គរ ស៊ូហ្គ័រ (Angko Sugar) ក្រុមហ៊ុន ទន្លេ ស៊ូហ្គ័រ ខេន (Tonle Sugar Cane) និងក្រុមហ៊ុន ខេន អេន ស៊ូហ្គ័រ វ៉ាឡេ (Cane and Sugar Valley) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលរយៈពេល ៧០ឆ្នាំ នៅស្រុកសំរោង និងចុងកាល់ ក្នុងខេត្តឧត្តរមានជ័យ។ ក្រុមហ៊ុនទាំងនេះអាចមានជាប់ពាក់ព័ន្ធនឹងឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលដដែល បញ្ជាក់ថា នៅក្រោមស្លាកដីសម្បទាន ក្រុមហ៊ុនទាំង៣ នេះ បានប្រើកម្លាំងប្រដាប់អាវុធ ឈូសឆាយ ដុតបំផ្លាញដំណាំ ផ្ទះសម្បែង វាយដំ និងបំភិតបំភ័យប្រជាពលរដ្ឋ ហើយចាប់ខ្លួនពលរដ្ឋជាច្រើននាក់ ដែលសកម្មភាពទាំងនោះធ្វើឲ្យមានអសន្តិសុខស្បៀង និងធ្វើឲ្យមានភាពក្រីក្រ។
ករណីនេះ អង្គការសិទ្ធិមនុស្ស និងពលរដ្ឋរងគ្រោះ ទទូចអោយមានអន្តរាគមន៍ដោះស្រាយបញ្ហាដោយការផ្ដល់សំណងសមរម្យ និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
