រដ្ឋាភិបាល​ផ្សាយ​វីដេអូ​ព្រមាន​ពលរដ្ឋ​ពី​វិនាសកម្ម​បង្ក​ដោយ​ការ​ប្រើ​សិទ្ធិ​ហួស​ដែន​កំណត់

0:00 / 0:00

រដ្ឋាភិបាល​ចេញ​ផ្សាយ​វីដេអូ​ខ្លី​មួយ​នៅ​តាម​បណ្ដាញ​សង្គម ព្រមាន​ពលរដ្ឋ​ពី​ផលវិបាក​នៃ «ការ​ប្រើប្រាស់​សិទ្ធិ​តាម​បែប​អនាធិបតេយ្យ» ស្រប​ពេល​មាន​ការ​ងើប​តវ៉ា​ជា​បន្តបន្ទាប់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ចាត់​ទុក​ការ​ដែល​រដ្ឋាភិបាល​ផ្សាយ​វីដេអូ​បែប​នេះ ថា​មាន​ចេតនា​បំភ័យ​ពលរដ្ឋ​មិន​ឲ្យ​ប្រើប្រាស់​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល។

ក្នុង​វីដេអូ​រយៈពេល ៣​នាទី ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៩ ឧសភា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា របស់​រដ្ឋាភិបាល លើក​យក​ទិដ្ឋភាព​មួយ​ចំនួន​នៅ​តំបន់​មជ្ឈិមបូព៌ា ក្នុង​នោះ​មាន​ប្រទេស​ស៊ីរី និង​លីប៊ី (Libya) ដោយ​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ស្ថានភាព​មុន និង​ក្រោយ​ពេល​មាន​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ទាំង​នោះ។ គឺ​ទិដ្ឋភាព​ទីក្រុង​មុន​ពេល​សង្គ្រាម មាន​សភាព​ល្អ​ប្រណិត ប៉ុន្តែ​ក្រោយ​ពេល​សង្គ្រាម ឃើញ​ទីក្រុង​ប្រែ​ក្លាយ​ជា​ខ្ទេចខ្ទាំ ហិង្សា និង​សោកនាដកម្ម។

ប៉ុន្តែ​នៅ​ត្រង់​វិនាទី​ទី ៣០ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​បាន​យក​រូបភាព​មួយ​សន្លឹក​ដែល​តាម​ការ​ពិត​ជា​ទិដ្ឋភាព​អគារ​ខ្ពស់ៗ​នៅ​ប្រទេស​សិង្ហបុរី មក​តំណាង​ឲ្យ​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​លីប៊ី កាល​នៅ​មុន​ពេល​មាន​សង្គ្រាម​ស៊ីវិល​ទៅ​វិញ ហើយ​កំហុស​នេះ​ត្រូវ​បាន​សារព័ត៌មាន Channel News Asia របស់​ប្រទេស​សិង្ហបុរី យក​មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ឧសភា។

វីដេអូ​ដែល​អម​ដោយ​ភ្លេង ថែម​ទាំង​បាន​បញ្ចូល​នូវ​សម្ដី​របស់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ ថ្លែង​ជំរុញ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ ឲ្យ​ចាត់​វិធានការ​បង្ក្រាប​សកម្មភាព​ណា​ដែល​រដ្ឋាភិបាល​យល់​ថា​គំរាម​កំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ក្នុង​ប្រទេស « ទម្រាំ​មាន​ថ្ងៃ​នេះ គឺ​វា​សម្បើម​ដៃ​ណាស់។ ចាត់​ការ​ជាមួយ​នឹង​អ្នក​ដែល​បំពាន បើ​មិន​ចាត់​ការ​ទេ គឺ​ថា​វា​អស់។ វា​ទៅ​ជា​អនាធិបតេយ្យ​គ្រប់គ្រង​គ្នា​អត់​បាន​ទេ។ យើង​ត្រូវ​ការពារ។ យើង​ត្រូវ​តែ​ថែ​រក្សា ហើយ​ត្រូវ​តែ​រក្សា​ឲ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​បង​ប្អូន​យើង​កូន​ចៅ​យើង​នៅ​ពេល​ខាង​ក្រោយ​ទៀត កុំ​ឲ្យ​រង​នូវ​ការ​លំបាក។ ទាំង​នោះ​វា​ធ្ងន់ធ្ងរ​ថែម​ទៀត »

នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ចាត់​ទុក​ការ​ចេញ​ផ្សាយ​វីដេអូ​នេះ ថា​ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្នុង​ការ​បំភ័យ​ពលរដ្ឋ​មិន​ឲ្យ​ងើប​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ដែល​ធានា​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។ អ្នកស្រី ចក់ សុភាព ថ្លែង​រិះគន់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា របស់​រដ្ឋាភិបាល​ថា ស្ថាប័ន​មួយ​នេះ​កំពុង​ធ្វើ​ខុស​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ស្ថាប័ន​ថ្នាក់​ជាតិ មាន​មុខងារ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស « អាណត្តិ​គាត់​គួរ​តែ​ធ្វើ​ការ​លើក​កម្ពស់ និង​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​ដែល​ពលរដ្ឋ​គាត់​មាន ហើយ​ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ ហើយ​ជាពិសេស​សម្រាប់​ស្ថាប័ន​ដូចជា​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ជាដើម ខ្ញុំ​គិត​ថា បើ​សិន​ជា​ឆ្លើយ​តប​ស្ថានភាព​បច្ចុប្បន្ន ហើយ​បើ​សិន​ជា​រដ្ឋាភិបាល​បារម្ភ​ពី​ព្រឹត្តិការណ៍​ណា​មួយ​ដែល​អាច​ជាន់​ដាន​នឹង​បទពិសោធន៍​ប្រទេស​ផ្សេងៗ ឬ​ក៏​ជាពិសេស​សម្រាប់​បរិបទ​ប្រទេស​កម្ពុជា យើង​តែ​ម្ដង ដែល​ធ្លាប់​ឆ្លង​កាត់​នូវ​របប​ប្រល័យ​ពូជ​សាសន៍​អី​ហ្នឹង។ ខ្ញុំ​គិត​ថា គួរ​តែ​ព្យាយាម​បង្ហាញ​អំពី​សិទ្ធិ​ដែល​ពលរដ្ឋ​គាត់​មាន ដូចជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដោយ​យោង​ទៅ​តាម​រដ្ឋធម្មនុញ្ញ​យើង ហើយ​និង​យោង​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន »

អ្នកស្រី​បន្ថែម​ថា ការ​ធានា​បាន​សន្តិភាព គឺ​ជា​ក្ដី​ប្រាថ្នា​របស់​ពលរដ្ឋ​គ្រប់​រូប ប៉ុន្តែ​សន្តិភាព​នោះ​មិន​មែន​មាន​ន័យ​ត្រឹម​តែ​ជា​ភាព​គ្មាន​សង្គ្រាម​នោះ​ទេ « ខ្ញុំ​ជឿ​ថា អ្នក​ណា​ក៏​ស្រឡាញ់​សន្តិភាព​ដែរ។ អត់​មាន​អ្នក​ណា​ចង់​ឲ្យ​មាន​សង្គ្រាម​កើត​ឡើង​ទេ ប៉ុន្តែ​ថា​តើ​យើង​នឹង​រក្សា​សន្តិភាព​ហ្នឹង​បែប​ណា ហើយ​សន្តិភាព​ដែល​យើង​កំពុង​និយាយ​នេះ មិន​មែន​គ្រាន់​តែ​សន្តិភាព​អវត្តមាន​នៃ​សង្គ្រាម​ទេ ប៉ុន្តែ​ជា​សន្តិភាព​អវត្តមាន​នៃ​ការ​រំលោភ​បំពាន អវត្តមាន​នៃ​អំពើ​ហិង្សា​នានា​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​ដែរ »

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ត្រឹម​រសៀល​ថ្ងៃ​ទី​៣០ ឧសភា។

បន្ទាប់​ពី​រដ្ឋាភិបាល​ផ្សាយ​វីដេអូ​នោះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​យូធូប (YouTube) ម្នាក់​បាន​បញ្ចេញ​មតិ​របស់​ខ្លួន​លើ​វីដេអូ​នោះ​ថា រដ្ឋាភិបាល​មិន​បាន​លើក​ឡើង​ទាល់​តែ​សោះ​អំពី​ប្រទេស​ជាច្រើន​ទៀត ដែល​ពលរដ្ឋ​ក្នុង​ប្រទេស​ទាំង​នោះ​មាន​សិទ្ធិ​សេរីភាព​ច្រើន តែ​ពួក​គេ​នៅ​តែ​មាន​សុខ​សន្តិភាព។

ទាក់ទង​នឹង​ខ្លឹមសារ​នៃ​វីដេអូ​នេះ យុវជន​មួយ​រូប និង​ជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម លោក នាន់ សិរីបុត្រ យល់​ថា ដរាប​ណា​រដ្ឋាភិបាល​នៅ​តែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ នោះ​ពលរដ្ឋ​គួរ​តែ​បន្ត​ភាព​សកម្ម​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព « ប្រជាជន​ត្រូវ​តែ​ប្រើ​សិទ្ធិ​របស់​គេ បើ​សិទ្ធ​របស់​គេ​ត្រូវ​រឹតត្បិត។ ខណៈ​ដែល​ប្រទេស​ជាតិ​ជួប​បញ្ហា គេ​ត្រូវ​តែ​បញ្ចេញ​សិទ្ធិ​របស់​គេ ដើម្បី​ទាមទារ​នូវ​អ្វី​ដែល​គេ​គិត​ថា​ត្រូវ »

ការ​ដែល​រដ្ឋាភិបាល​ចេញ​ផ្សាយ​វីដេអូ​នេះ ស្រប​ពេល​គណបក្ស​ប្រឆាំង​ព្រមាន​ធ្វើ​មហា​បាតុកម្ម ប្រសិន​បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បន្ទាប់​ពី​សកម្មជន​ដីធ្លី និង​សង្គម​ស៊ីវិល​មួយ​ចំនួន ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ តាម​រយៈ​ការ​តវ៉ា​ដោយ​សន្តិវិធី ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​សញ្ញា​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌ និង​បាន​ចាត់​វិធានការ​បង្ក្រាប​ជា​បន្តបន្ទាប់ ទោះ​បី​មាន​ការ​ថ្កោលទោស​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។