ប្រជាពលរដ្ឋសាមញ្ញ អ្នកជំនួញ សង្គមស៊ីវិល និងសហគមន៍តវ៉ាបញ្ហាដីធ្លី បានសម្ដែងការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការឆ្លើយឆ្លងគ្នាតាមប្រព័ន្ធទូរស័ព្ទ។ ក្ដីបារម្ភនេះ បានកើតមានឡើងនៅគ្រាមានខ្សែអាត់សំឡេងសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ត្រូវបានគេបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់។ ករណីថ្មីៗនេះទៀតសោត តុលាការរាជធានីភ្នំពេញ ក៏បានយកសំឡេងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ធ្វើជាសំអាងក្នុងការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី ទាក់ទងរឿងអាស្រូវស្នេហានាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
សាធារណជនបានរឹតត្បិតសិទ្ធិសេរីភាពរបស់ខ្លួនក្នុងការសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ហើយងាកទៅប្រើប្រាស់ប្រព័ន្ធនានាដែលគេយល់ថាមានសុវត្ថិភាពជាង។
ស្ត្រីសហគមន៍បឹងកក់ រាជធានីភ្នំពេញមួយរូប ដែលតែងតែចូលរួមតវ៉ាពីបញ្ហាដីធ្លីឥតឈប់ឈរ និងធ្លាប់ជាប់គុកម្ដងរួចមកហើយដោយសារវិវាទផ្ទះសម្បែង គឺលោកស្រី បូវ សោភា។ លោកស្រីថ្លែងថា ពួកគាត់ និងសហគមន៍ បានងាកទៅប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមមួយចំនួន ដែលយល់ថាអាចមានសុវត្ថិភាពជាងការនិយាយស្ដីតាមទូរស័ព្ទ។ លោកស្រីបញ្ជាក់ថា មូលហេតុធ្វើដូច្នេះ ដោយសារពួកគាត់មិនទុកចិត្ត នឹងអាចមានការលួចថតសំឡេងទៅផ្សព្វផ្សាយបង្កាច់បង្ខូច ព្រោះពួកគាត់ជាក្រុមមួយដែលរដ្ឋាភិបាលយល់ថា ជាមុខសញ្ញាតវ៉ាប្រឆាំងជំទាស់នឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលកន្លងមកនោះ។
លោកស្រី បូវ សោភា ថ្លែងថា «ឥឡូវដល់ថ្នាក់ពួកខ្ញុំអាចចង់និយាយលេងថា ឥឡូវគួរតែប្រើព្រាប នាំសារ ដូចកាលពីសម័យបុរាណវិញ ដើម្បីកុំឲ្យមានការលួចថតសំឡេង។ សហគមន៍ខ្ញុំចាប់ផ្ដើមបង្រៀនតំណាងៗឲ្យចេះប្រើតេឡេក្រាម(Telegram) ផ្ញើសារមានសុវត្ថិភាពជាង។ សូម្បីតែមន្ត្រីដែលគាត់ធ្វើការសិទ្ធិមនុស្សមួយចំនួននោះ សុទ្ធតែយកខ្សែអាត់សំឡេងរបស់គាត់មកដាក់ ទៅតុលាការ ទៅប្ដឹងទៅអីឯណា។ យើងមើលឃើញហើយថា សំឡេងអ្នកខ្លះមើលឃើញដូចគ្នាមួយគគោកហ្នឹង សូម្បីតែអ្នកបកប្រែ គាត់អាចធ្វើសំឡេងដូចអ្នកនេះដូចអ្នកនោះគ្រប់គ្នាបានទាំងអស់ មានការពិបាក ហើយការយកសំឡេងមកដាក់បន្ទុកទៅលើនរណាម្នាក់ គួរគិតថាជារឿងខុសច្បាប់ ហើយវាជារឿងមួយអត់ល្អមើលទេ បើឆាកល្ខោនហ្នឹងនៅតែសម្ដែង កាន់តែធ្លាក់ដុនដាបទៅៗ មិនមែនប្រជាពលរដ្ឋទេ»។
ថ្វីបើមិនប្រាប់អ្នកយកព័ត៌មានថាមិនខ្វល់ចំពោះការលួចថតសំឡេងតាមទូរស័ព្ទក្ដី ក៏ប៉ុន្តែបុរសអ្នកលក់ទូរស័ព្ទមួយរូបនៅហាងយីហោ អប្សរា ម្ដុំផ្សារអូរឫស្សី លោក លី រតនៈ ថាលោកមិនចាប់អារម្មណ៍នឹងរឿងនេះទេ។ ប៉ុន្តែតាំងពីដើម លោកជាអ្នកយល់ដឹងពីប្រព័ន្ធបច្ចេកវិទ្យា។ លោកបានជ្រើសរើសប្រើប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធឺណិតមានសុវត្ថិភាពជាង៖ «ខ្ញុំដូចអត់ចាប់អារម្មណ៍រឿងហ្នឹងផង ! ពេលខ្លះនៅពេលយើងចង់និយាយអីសំខាន់ៗ យើងនិយាយលើអ៊ីនធឺណិត គេអត់តេទូរស័ព្ទធម្មតាទេ ។ ខ្ញុំដូចអត់ចាប់អារម្មណ៍រឿងហ្នឹងផង ។ ខ្ញុំអត់ដែលធ្វើអីខុស។ បើតាមខ្ញុំដឹង បើយើងនិយាយតាមអ៊ីនធឺណិត (Internet) តាមស្កាយ (Skype) អីថតអត់បានទេ»។
កាលពីពេលថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញ បានយកខ្សែអាត់សំឡេងរបស់លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប និងជាអតីតប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ធ្វើជាសំអាងក្នុងការចោទប្រកាន់លោក ពីបទសមគំនិតសូកប៉ាន់សាក្សី ទាក់ទងបណ្ដឹងរបស់នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលបានប្ដឹងអ្នកពាក់ព័ន្ធមួយចំនួន ពីបទបង្គាប់ឲ្យនាងផ្ដល់ចម្លើយមិនពិតប្រាប់សមត្ថកិច្ច។

បញ្ហានេះ មន្ត្រីសង្គមស៊ីវិលយល់ថា គឺជារំលោភសិទ្ធិឯកជន និងរំលោភច្បាប់ដែលមានចែង។
នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម មានប្រសាសន៍ថា លោកចាប់ផ្ដើមប្រុងប្រយ័ត្នខ្ពស់លើការប្រើប្រាស់ទូរស័ព្ទ បន្ទាប់ពីមន្ត្រីសង្គមស៊ីវិលមួយចំនួន ត្រូវបានគេប្រើប្រាស់មធ្យោបាយនេះយកមកចោទប្រកាន់។ លោកថា មានការតាមដានទៅលើសកម្មជនដែលធ្វើសកម្មភាពតវ៉ា ហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាលនាពេលកន្លងមកតាមប្រព័ន្ធទូរស័ព្ទ៖«ខ្ញុំចាប់ផ្ដើមមានការរឹតត្បិតក៏ដូចជាប្រយ័ត្នប្រយែងក្នុងការឆ្លើយឆ្លងទូរស័ព្ទជាមួយនឹងអ្នកផ្សេង ជាពិសេសសូម្បីតែនិយាយជាមួយប្រពន្ធខ្លួនឯងហ្នឹង ក៏មានការប្រយ័ត្នប្រយែង។ ឧទាហរណ៍ថា ល្ងាចមុនពេលមកវិទ្យុអាស៊ីសេរី នេះ ប្រពន្ធខ្ញុំថា ឲ្យបងមកឲ្យ ខ្ញុំព្រួយបារម្ភខ្លាចគេកាត់សំឡេងនេះទៅជាអូនណាមួយផ្សេងអ៊ីចឹងងាប់ខ្ញុំម៉ង។ ឥឡូវនេះ សូម្បីតែនិយាយជាមួយកូន និយាយជាមួយប្រពន្ធ និយាយជាមួយមិត្តភ័ក្ដិ និយាយជាមួយសហគមន៍ ពេលខ្លះយើងអត់ចង់និយាយលេងទេ។ ខ្ញុំព្យាយាមដោយប្រយ័ត្នប្រយែងមែនទែន ខ្លាចគេយកទៅបំប្លែងនេះបំប្លែងនោះ បូកជាមួយស្រីណាម្នាក់ ហើយចោទមកវាខូចកិត្តិយសយើង»។
មិនថាតែលោក អ៊ី សារ៉ុម នោះទេដែលមានការព្រួយបារម្ភចំពោះសុវត្ថិភាពនៃការនិយាយតាមទូរស័ព្ទ សូម្បីតែអ្នកធ្វើការក្នុងវិស័យសារព័ត៌មានវិញ ក៏មានការប្រយ័ត្នប្រយែងដែរ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង ដែលជាអ្នកគ្រប់គ្រងវិទ្យុសំឡេងប្រជាធិបតេយ្យ វី.អូ.ឌី (VOD) មានទស្សនៈថា ការអនុវត្តរបស់រដ្ឋាភិបាលផ្ទុយពីច្បាប់ដូចពេលបច្ចុប្បន្ននេះ គឺនាំឲ្យពួកគាត់ធ្វើការក្នុងវិស័យនេះជួបបញ្ហាប្រឈមខ្លាំង៖«ធម្មតាអ្នកព័ត៌មានយើងតែងទំនាក់ទំនងគ្រប់ភាគី និន្នាការនយោបាយ អ្នកធ្វើការសង្គមស៊ីវិល ឬអ្នកធ្វើអាជីវកម្មអីផ្សេងៗ មុនសម្ភាស យើងតែងតែសួរគាត់ពីបញ្ហាផ្សេងៗ ព្រោះក្រមសីលធម៌អ្នកសារព័ត៌មាននៅពេលយើងរៀបថត យើងប្រាប់គេមុន ប៉ុន្តែមុនថត យើងសួរគេពីនេះពីនោះ គេហៅថា (Off record) ។ យើងគ្រាន់តែចង់ដឹងរឿងហ្នឹងម៉េចៗបានយើងចាប់ផ្ដើមដាក់ជាសំណួរឲ្យចំៗសាច់រឿង ហើយអាហ្នឹងដែលធ្វើឲ្យយើងមានបញ្ហា ព្រោះយើងដឹងច្បាស់ណាស់ថា រដ្ឋាភិបាលថតគ្រប់ពេលវេលា ជាពិសេសជាមួយអ្នកធ្វើការរឿងក្ដៅៗ រឿងសិទ្ធិមនុស្ស យើងដឹងថារដ្ឋាភិបាលច្បាស់ជាថតហើយ»។
ចំណែកយុវជនមួយរូបឈ្មោះ ដាវីដ រស់នៅទីក្រុងភ្នំពេញ មានទស្សនៈថា លោកមិនពេញចិត្តចំពោះការលួចថតសំឡេងដែលជាការទំនាក់ទំនងផ្ទាល់ខ្លួនរបស់ឯកជន យកមកបង្ហោះចែកចាយដូចអ្វីដែលកើតមាននៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននោះទេ។ យុវជនដដែលយល់ថា មនុស្សសាមញ្ញដូចជាលោក ប្រហែលជាគ្មានការចាប់អារម្មណ៍ និងឲ្យគេលួចថតបង្ហោះសំឡេងនោះដែរ ហើយលោកគិតថា អ្វីដែលកើតមានឡើងកន្លងមក គឺវាទាក់ទងនឹងរឿងនយោបាយច្រើនជាង៖«អត់ចង់ឲ្យមាន អាហ្នឹងវាអត់ល្អទេ អាហ្នឹងដូចយើងបរិហារកេរ្តិ៍គេ គេនិយាយជាមួយអ្នកផ្សេងមួយទល់នឹងមួយ យើងយកទៅបរិហារកេរ្តិ៍។ ខ្ញុំអត់ចូលចិត្ត។ ហ្វេសប៊ុក បើឃើញចឹងខ្ញុំមិនដែលមើលទេ រឿងអត់ប្រយោជន៍»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋមួយរូប គឺលោកស្រី សុង ស្រីលាភ។ លោកស្រីមានមតិថា លោកស្រីព្យាយាមកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៖«មួយរយៈក្រោយដែលខ្ញុំបានឃើញលោក ឈាង វុន គាត់និយាយការថតសំឡេងនេះ ដើម្បីការពារស្ថិរភាពសង្គម គេត្រូវតែធ្វើមិនខុសច្បាប់អ៊ីចឹងណា។ ខ្ញុំគិតថា សម្រាប់ប្រជាពលរដ្ឋមិនបានជ្រួតជ្រាបរឿងហ្នឹងទេ។ ខ្ញុំព្យាយាមបន្ថយនិយាយទូរស័ព្ទ បង្វិលមកធ្វើការផ្ញើសារតាមប្រព័ន្ធអ៊ីនធឺណិតវិញ ឬជួបគ្នាផ្ទាល់វិញ។ យើងក៏មានអាថ៌កំបាំងផ្ទាល់ខ្លួន ប៉ុន្តែរដ្ឋាភិបាលគាត់ធ្វើអ៊ីចឹងជារឿងមួយរំលោភសិទ្ធិឯកជនខ្លាំងមែនទែន ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរគាត់ចាប់អារម្មណ៍ខ្លាំងពីការអាត់សំឡេងហ្នឹង»។
ទោះបីជាយ៉ាងនេះក្ដី បុរសវ័យកណ្ដាលមួយរូបដែលកំពុងទិញទូរស័ព្ទដៃទំនើបមួយគ្រឿងនៅក្នុងហាងមួយលើផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន មានប្រសាសន៍ថា គាត់មិនគិតអ្វីទាំងអស់ ព្រោះគាត់មិនដែលធ្វើអ្វីខុស៖ «ទម្លាប់ខ្ញុំអត់និយាយច្រើនផង និយាយយ៉ាងច្រើនមួយនាទីពីរនាទីអស់បាត់»។
កាលពីថ្ងៃទី២ ខែឧសភា តុលាការបានចោទប្រកាន់មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ចំនួន ៤រូប ពីបទសូកប៉ាន់សាក្សី និងចោទប្រកាន់កំបាំងមុខមន្ត្រីសិទ្ធិមនុស្សនៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សមួយរូបទៀត គឺលោក សឺន សាលី ពីបទសមគំនិតសូកប៉ាន់សាក្សី បន្ទាប់ពីចោទប្រកាន់លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយផ្អែកលើខ្សែអាត់សំឡេងដែលគេលួចថតលោកសន្ទនាជាមួយមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ក្នុងពេលសមាគមនេះកាន់សំណុំរឿងការពារអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ បញ្ហានេះ លោកមេធាវី សំ សុគង់ ការពារក្ដីឲ្យលោក នី ចរិយា ចាត់ទុកថា ការចោទប្រកាន់របស់តុលាការ គឺមិនត្រឹមត្រូវតាមច្បាប់។
មាត្រា៣០១ នៃក្រមព្រហ្មទណ្ឌ បានចែងថា បទស្ដាប់ ឬថតពាក្យសម្ដីឯកជន អំពើស្ដាប់ ឬថតសម្ដីដែលនិយាយជាឯកជន ជាការសម្ងាត់ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ ២លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មតជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះ បានទទួលដំណឹងអំពីការស្ដាប់ ឬថត ហើយបុគ្គលនោះមិនបានជំទាស់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។