Opens in new windowអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សថ្មីប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់អ្នកស្រីមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែកញ្ញា។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់អ្នកស្រីនេះ គឺដើម្បីប្រមូលព័ត៌មានជាក់ស្តែងដោយផ្ទាល់ស្ដីពីស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ននៅកម្ពុជា។
អ្នកស្រីត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តែងតាំងធ្វើជាអ្នករាយការណ៍ពិសេសកាលពីខែមីនា ឆ្នាំ២០១៥ ដើម្បីទទួលភារកិច្ចបន្តពី លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) អតីតអ្នករាយការណ៍ពិសេសប្រចាំកម្ពុជា ដែលបានផុតអាណត្តិ ៦ឆ្នាំកាលពីខែមីនា ឆ្នាំ២០១៥ កន្លងទៅ។
តើអ្នករាយការណ៍ពិសេសថ្មីរូបនេះជានរណា?
ជាជនជាតិអង់គ្លេស អ្នកស្រី រ៉ូណា ស្មីត គឺជាមនុស្សទី៦ ហើយ ដែលត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តែងតាំងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ចាប់តាំងពីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងការបញ្ចប់ជម្លោះនយោបាយផ្ទៃក្នុងកាលពីឆ្នាំ១៩៩១ មក។
អ្នកស្រី រ៉ូណា ស្មីត បច្ចុប្បន្នមានវ័យ ៤៥ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិ នៅសាកលវិទ្យាល័យស្ត្រាតខ្លៃដ៏ (Strathclyde University) នាទីក្រុងគ្លាសហ្គោ (Glasgow) ប្រទេសស្កុតឡែនដ៏ (Scotland) ចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៩៦។ អ្នកស្រីក៏ជាសាស្ត្រាចារ្យផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិ នៅសាកលវិទ្យាល័យណតសាំប្រៀ (Northumbria) ចក្រភពអង់គ្លេស ផងដែរ។
សេចក្តីរាយការណ៍របស់អង្គការសហប្រជាជាតិ ឲ្យដឹងថា ក្នុងនាមជាសាស្ត្រាចារ្យផ្នែកសិទ្ធិមនុស្សអន្តរជាតិ អ្នកស្រី រ៉ូណា ស្មីត បានស្រាវជ្រាវបោះពុម្ពផ្សាយ និងបំពេញសកម្មភាពសិក្សាជាច្រើនទាក់ទងទៅនឹងសិទ្ធិមនុស្សអន្តរជាតិ។ លើសពីនេះ អ្នកស្រីក៏បានធ្វើការវាយតម្លៃលើដំណាក់ការផ្សេងៗគ្នា នៃកម្មវិធីកសាងសមត្ថភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន ដូចជា ប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ និងវៀតណាម និងប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក។
បើនិយាយពីបទពិសោធន៍របស់អ្នកស្រីជាមួយប្រទេសកម្ពុជា វិញ ចាប់ពីឆ្នាំ២០១១ រហូតដល់ដើមឆ្នាំ២០១៥ អ្នកស្រី រ៉ូណា ស្មីត បានបំពេញការងារផ្នែកសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌នៅវិទ្យាស្ថាន រ៉ាអូល វ៉លលែនបឺក (Raoul Wallenberg Institute) ក្នុងឋានៈជាអ្នកផ្តល់ប្រឹក្សាយោបល់លើការអនុវត្តកម្មវិធីកសាងសមត្ថភាពក្នុងវិស័យអប់រំ និងយុត្តិធម៌នៅកម្ពុជា។
ពិសេសជាងនេះទៀត អ្នកស្រីក៏ជាសាស្ត្រាចារ្យទស្សនកិច្ចនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជាកន្លែងដែលអ្នកស្រីបានរៀបចំ និងបង្កើតកម្មវិធីសិក្សា ដើម្បីប្រកាសដាក់ឲ្យសិក្សាឡើងវិញនូវកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់សិទ្ធិមនុស្សលើកដំបូង នៅតាមសាកលវិទ្យាល័យនៃប្រទេសកម្ពុជា។
ចាប់ពីពេលនេះតទៅ ក្នុងនាមជាអ្នករាយការណ៍ពិសេសអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត នឹងត្រូវធ្វើដំណើរទស្សនកិច្ច និងបំពេញបេសកកម្មជាទៀងទាត់មកកាន់កម្ពុជា ដើម្បីឃ្លាំមើល ផ្តល់យោបល់ និងធ្វើរបាយការណ៍ជារៀងរាល់ឆ្នាំទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជំនួស លោក សុរិយា ស៊ូប៊ែឌី ដែលផុតអាណត្តិ។ សម្រាប់កម្ពុជា នៅមានកិច្ចការជាច្រើនទៀតទាក់ទងនឹងសិទ្ធិមនុស្សដែលអ្នកស្រីនឹងធ្វើបន្ត ព្រោះថាបញ្ហារំលោភសិទ្ធិមនុស្ស គឺជាបញ្ហាក្ដៅគគុកមួយ ដែលបានកើតឡើងនៅក្នុងអាណត្តិរបស់អតីតអ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ គឺលោក សុរិយា ស៊ូប៊ែឌី ដូចជាការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ការប្រើអំពើហិង្សាលើកម្មករក្នុងពេលធ្វើបាតុកម្ម ជាដើម។
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មក រួមមាន លោក ម៉ៃឃើល ឃឺប៊ី (Michael Kirby) លោក ថូមម៉ាស់ ហាំម៉ាប៊ឺក (Thomas Hammarberg) លោក ភីធឺ ឡឺប្រេច (Peter Leuprecht) លោក យ៉ាស់ហ៍ ហ្គាយ (Yash Ghai) លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) និងអ្នកស្រី រ៉ូណា ស្មីត ដែលជាស្ត្រីទី១ ទទួលបានតួនាទីជាប្រេសិតពិសេសសិទ្ធិមនុស្សនៅពេលនេះ។
គេនៅចាំបានថា នៅពេលដែល លោក សុរិយា ស៊ូប៊ែឌី ចូលកាន់តំណែងជាអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០០៩ ទំនាក់ទំនងការងាររវាងអ្នករាយការណ៍មុនលោក ដែលផុតអាណត្តិដែរនោះ គឺលោក យ៉ាសហ៍ ហ្គាយ និងរដ្ឋាភិបាលកម្ពុជា បានធ្លាក់សឹងដល់កម្រិតសូន្យ គឺលោក ហ៊ុន សែន តែងតែវាយប្រហារ លោក យ៉ាសហ៍ ហ្គាយ ដោយសារតែលោកបានរិះគន់អំពីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា នៅគ្រាដែលស្ថានភាពនយោបាយនៅកម្ពុជា មានភាពតានតឹង ដោយសារ លោក សម រង្ស៊ី នៅពេលនោះជាប្រធានគណបក្ស សម រង្ស៊ី កំពុងមានរឿងចម្រូងចម្រាសជាមួយរដ្ឋាភិបាល អំពីការប្តឹងប្តល់ពាក់ព័ន្ធនឹងសកម្មភាពដកតម្រុយព្រំដែននៅខេត្តស្វាយរៀង ហើយក្រោយមកបានបង្ខំឲ្យ លោក សម រង្ស៊ី និរទេសខ្លួនទៅក្រៅប្រទេសអស់រយៈពេល ៤ឆ្នាំ។ បន្ទាប់មកទៀត លោក ស៊ូប៊ែឌី ដែលចូលមកជំនួស លោក យ៉ាសហ៍ ហ្គាយ នោះ ថែមទាំងបានវាយតម្លៃស្ថានភាពប្រទេសកម្ពុជា ក្នុងពេលលោកចូលកាន់តំណែងនោះ ថាជាប្រទេសកំពុងដើរឆ្ពោះទៅរកការគ្រប់គ្រងបែបផ្ដាច់ការទៀតផង។

រីឯទស្សនកិច្ចរបស់ អ្នកស្រី រ៉ូណា ស្មីត ពេលនេះវិញ ជួនចំពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងឡើងកម្ដៅជាថ្មី បន្ទាប់ពីមានការចាប់ខ្លួនអ្នកនយោបាយ និងសកម្មជនបក្សប្រឆាំងដាក់គុកជាបន្តបន្ទាប់ ដោយសាររឿងអំពើហិង្សានៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ និងរឿងបញ្ចេញឯកសារទាក់ទងរឿងព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងសកម្មជនបរិស្ថានទៀតនោះ។ តើដំណើរទស្សនកិច្ចរបស់ អ្នកស្រី រ៉ូណា ស្មីត នៅពេលនេះ អាចមានឥទ្ធិពលទៅលើរដ្ឋាភិបាលក្នុងការទប់ស្កាត់ពីការចាប់ចងនេះដែរឬយ៉ាងណា?
យ៉ាងណាក៏ដោយ បក្សនយោបាយធំៗទាំងពីរនៅកម្ពុជា ក៏កំពុងធ្វើការរួមគ្នា ដើម្បីឈានដល់ការកែទម្រង់មួយចំនួន ជាពិសេសគឺកំណែទម្រង់ការបោះឆ្នោតតាមរយៈការបង្កើត គ.ជ.ប ថ្មី និងការដាក់ គ.ជ.ប ជាស្ថាប័នក្នុងរដ្ឋធម្មនុញ្ញ។
កាលពីក្នុងអាណត្តិរបស់ លោក សុរិយា ស៊ូប៊ែឌី លោកបានទទូចឲ្យអ្នកនយោបាយខ្មែរទាំងអស់ ខិតខំធ្វើឲ្យបាននូវកំណែទម្រង់ធំៗចំនួន៤ ក្នុងនោះរួមមាន កំណែទម្រង់ការបោះឆ្នោត កំណែទម្រង់រដ្ឋសភា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់ការគ្រប់គ្រងដីធ្លី។ កាលណោះ លោក ស៊ូប៊ែឌី ជឿជាក់ថា ការបោះឆ្នោតមិនប្រក្រតី រដ្ឋសភាគ្មានប្រសិទ្ធភាព តុលាការមិនឯករាជ្យ បញ្ហារំលោភបំពានដីធ្លីពលរដ្ឋ គឺជាប្រភពសំខាន់បំផុតដែលធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ដូច្នេះ បើទោះជាពេលនេះ គេមិនទាន់ដឹងថា អ្នករាយការណ៍ពិសេសថ្មី អ្នកស្រី រ៉ូណា ស្មីត អាចមើលឃើញបញ្ហាអ្វីទៀតបន្ថែមលើការមើលឃើញរបស់អ្នករាយការណ៍ពិសេសចាស់ ប៉ុន្តែគេប្រហែលជាប៉ាន់ស្មានបានខ្លះៗថា អ្នកស្រីអាចនឹងបន្តឃ្លាំមើលការអនុវត្តការកែទម្រង់ទាំង៤ ដែល លោក ស៊ូប៊ែឌី បានលើកឡើងជាមួយរដ្ឋាភិបាលកន្លងមក ព្រោះថា បើទោះជាពេលនេះ កម្ពុជា មាន គ.ជ.ប ថ្មីក្តី តែវាទើបតែដំណើរការបានតិចតួចប៉ុណ្ណោះ។ បើនិយាយពីការកែទម្រង់យុត្តិធម៌វិញ បើទោះជារដ្ឋាភិបាលបានបង្កើតច្បាប់៣ ពាក់ព័ន្ធវិស័យតុលាការក្តី តែច្បាប់ទាំងនោះត្រូវបានសង្គមស៊ីវិលមើលឃើញថា មិនទាន់អាចធានាឲ្យស្ថាប័នតុលាការឯករាជ្យដាច់ចេញពីស្ថាប័ននីតិប្រតិបត្តិបាននៅឡើយ ហើយបើនិយាយពីបញ្ហាដីធ្លីវិញ បញ្ហានេះកំពុងតែកើតឡើងព្រោងព្រាតដដែល បើទោះជារដ្ឋាភិបាលបានប្រកាសផ្អាកផ្តល់ និងលុបចោលដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមួយចំនួនក្តី។
ក្រៅពីបញ្ហាទាំងអស់នេះ នៅមានបញ្ហាមួយចំនួនទៀតដែលសង្គមស៊ីវិលជាតិ អន្តរជាតិ និងគណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្ដែងការបារម្ភ ក្នុងនោះមានដូចជា ការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនដីធ្លីតាមផ្លូវតុលាការ បញ្ហានិទ្ទណ្ឌភាព ការប្រើប្រាស់កម្លាំងហួសហេតុបង្ក្រាបលើអ្នកតវ៉ា ការធ្វើទារុណកម្ម និងការធ្វើបាបជនជាប់ឃុំដោយមន្ត្រីអនុវត្តច្បាប់ និងការមិនអនុញ្ញាតឲ្យសង្គមស៊ីវិលចូលរួមក្នុងកិច្ចការសាធារណៈ តាមរយៈការផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ តួយ៉ាងដូចជាច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលគណបក្សប្រជាជនកម្ពុជា ទើបបង្កើតជាដើម។
អ្នកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់អ្នកស្រីមកកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា គឺជាដំណើរទស្សនកិច្ចដែលអ្នកស្រីទន្ទឹងរង់ចាំ ដើម្បីចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយន័យស្ថាបនាជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ស្ដីពីការលើកស្ទួយ និងការការពារសិទ្ធិមនុស្ស។ អ្នកស្រីឲ្យដឹងដែរថា អ្នកស្រីក៏មានបំណងចង់ជួបពិភាក្សាជាមួយក្រុមមនុស្សជាច្រើននៅក្នុងជួររដ្ឋាភិបាល និងសង្គមស៊ីវិលនានា ដើម្បីអាចឲ្យអ្នកស្រីយល់កាន់តែច្បាស់អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ អ្នកស្រី រ៉ូណា ស្មីត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃទី១៥ កញ្ញា ថា រដ្ឋាភិបាលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនេះ។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា រដ្ឋាភិបាលចង់ឃើញ អ្នកស្រី រ៉ូណា ស្មីត ជាដៃគូក្នុងការពង្រឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែមិនមែនជានគរបាលដែលមកបង្ខំ ឬចាប់កំហុសរដ្ឋាភិបាលនោះឡើយ៖ «បញ្ហាសិទ្ធិមនុស្សជាបញ្ហាសកល ហើយបញ្ហាសិទ្ធិមនុស្សដែលស្មុគស្មាញហ្នឹង វប្បធម៌កម្ពុជា សមត្ថភាពនៃការទទួលយកផ្នត់គំនិតរបស់កម្ពុជា ដែលយើងទើបតែចាកចេញពីសង្គ្រាមស៊ីវិល អាស្រ័យហេតុដូច្នេះ ផ្នត់គំនិតមិនទាន់មានស្ថិរភាពនៅឡើយ»។
កន្លងមក រដ្ឋាភិបាលកម្ពុជា តែងបញ្ចេញប្រតិកម្មទៅនឹងរបាយការណ៍សិទ្ធិមនុស្សរបស់អ្នករាយការណ៍ពិសេសអង្គការប្រជាជាតិ។ រដ្ឋាភិបាលច្រើនចាត់ទុករបាយការណ៍របស់ពួកគេ ថាមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅកម្ពុជា ឡើយ។
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ វិញ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឲ្យ អ្នកស្រី រ៉ូណា ស្មីត ស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសខណៈដែលមន្ត្រី និងសកម្មជនបក្សប្រឆាំង ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ ព្រមទាំងការរំលោភសិទ្ធិមនុស្សផ្សេងទៀត។ លោក យឹម សុវណ្ណ សង្ឃឹមថា អ្នកស្រី រ៉ូណា ស្មីត នឹងជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សឲ្យបានល្អប្រសើរ៖ «បើសិនគាត់អញ្ជើញមកវាប្រសើរជាងគាត់មិនអញ្ជើញមក វត្តមានរបស់អង្គការសហប្រជាជាតិ វត្តមានរបស់សហគមន៍អន្តរជាតិ ក្នុងការជួយជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺមានភាពចាំបាច់ណាស់»។
លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកពុំទាន់ទទួលបានព័ត៌មានថា តើ អ្នកស្រី រ៉ូណា ស្មីត នឹងជួបពិភាក្សាជាមួយបក្សប្រឆាំង ឬយ៉ាងណានៅឡើយទេ?
នៅបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរូបនេះ នឹងដាក់របាយការណ៍ដំបូងរបស់អ្នកស្រី ថាតើអ្នកស្រីនឹងរកឃើញអ្វីខ្លះពីស្ថានការណ៍សិទ្ធិមនុស្សនៅប្រទេសកម្ពុជា? ដើម្បីដាក់ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅចុងខែកញ្ញានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
