តុលាការ​រតនគិរី​នឹង​ប្រកាស​សាលក្រម​រឿង​សម្លាប់​អ្នក​កាសែត​វរជន​ខ្មែរ​ថ្ងៃ​២៨​សីហា

ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​ខេត្ត​រតនគិរី លោក អ៊ី សុវណ្ណ បាន​សម្រេច​ថា​នឹង​ប្រកាស​សាលក្រម​រឿង​ក្តី​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី គឺ លោក អ៊ាន ប៊ុនហេង ហៅ អេង និង​ភរិយា គឺ​អ្នកស្រី ស៊ឹម ស្រីវី ដែល​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​គ្រោង​ទុក​ជា​មុន​ទៅ​លើ​អ្នក​សារព័ត៌មាន​វរជន​ខ្មែរ គឺ​លោក ហង្ស សិរីឧត្តម នៅ​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃ​ទី២៨ ខែ​សីហា ខាង​មុខ។

ការ​សម្រេច​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២ ខែ​សីហា ឆ្នាំ​២០១៣ ក្នុង​សវនាការ​លើក​ទី​បី ដែល​ប្រព្រឹត្ត​ទៅ​នៅ​បន្ទប់​សវនាការ​នៃ​តុលាការ​ខេត្ត​រតនគិរី បន្ទាប់​ពី​បាន​សាកសួរ​ដេញ​ដោល​សាក្សី​បន្ថែម​ចំនួន ៣​នាក់ និង​អាន​កំណត់​ហេតុ​បំភ្លឺ​របស់​សាក្សី​អវត្តមាន​ចំនួន ៧​នាក់។ ក្នុង​នោះ​ដែរ តំណាង​ក្រុមហ៊ុន​ទូរស័ព្ទ ម៉ូប៊ីតែល (Mobitel) និង​ក្រុមហ៊ុន មេហ្វហ្វូន (Metfone) បាន​ឆ្លើយ​បំភ្លឺ​តាម​ទូរស័ព្ទ​មក​ចៅក្រម​ស៊ើប​សួរ​ថា ឯកសារ​ថត​ទុក​ការ​សន្ទនា​តាម​រយៈ​ទូរស័ព្ទ​នៃ​ភាគី​ពាក់ព័ន្ធ​រឿង​ក្តី​នេះ ត្រូវ​លុប​ចោល​អស់​ហើយ ក្រោយ​រយៈពេល​មួយ​ខែ។

កាល​ពី​ដើម​ខែ​កក្កដា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ បាន​បើក​សវនាការ​លើក​ទី២ ជម្រះ​រឿង​ក្តី​សម្លាប់​អ្នក​កាសែត​នេះ ប៉ុន្តែ​ដោយសារ​តែ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​រក​ឃើញ​ថា ចៅក្រម​ស៊ើប​សួរ លោក ឡុច ឡៅ មិន​ទាន់​បាន​ស៊ើប​សួរ​សាក្សី​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​រឿង​ក្តី​នេះ ទើប​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ចាត់​តាំង​ឲ្យ​ចៅក្រម​ស៊ើប​សួរ​ថ្មី គឺ​លោក សួស ឡា ស៊ើប​សួរ​សាក្សី​ពាក់ព័ន្ធ​បន្ថែម ដែល​ក្នុង​នីតិវិធី​តុលាការ​ហៅ​ថា​ចាត់​របៀប។

ទាក់ទិន​រឿង​ក្តី​នេះ​ដែរ តំណាង​ស្ថាប័ន​អយ្យការ ព្រះរាជ​អាជ្ញា​រង លោក ជា សុភ័ក្រ បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ និង​រក្សា​ទុក​ការ​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​ទាំង​ពីរ ពី​បទ​មនុស្ស​ឃាត​គ្រោង​ទុក​ជា​មុន​ដដែល។ ចំណែក​ភាគី​ដើម​ចោទ គឺ​អ្នកស្រី អឹម ចន្ធីរ ទាមទារ​ឲ្យ​ផ្ដន្ទាទោស​ជន​ជាប់​ចោទ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជា​ប្រាក់ ១០​ម៉ឺន​ដុល្លារ។ រីឯ​ភាគី​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ អះអាង​ថា មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ ហើយ​ស្នើសុំ​ឲ្យ​តុលាការ​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។