សាច់ញាតិ​ពលករ​ខ្មែរ​ម្នាក់​ដែល​ថៅកែ​ថៃ​បាញ់​សម្លាប់​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ជំរុញ​ទៅ​ខាង​ភាគី​ថៃ ចាប់​ថៅកែ​ជនជាតិ​ថៃ ដែល​បាញ់​សម្លាប់​ពលករ​ខ្មែរ​ម្នាក់​នៅ​ក្នុង​ទឹកដី​ថៃ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។ ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បញ្ជាក់​ថា សមត្ថកិច្ច​នៅ​ពុំ​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ខាង​សាច់ញាតិ​ជន​រងគ្រោះ ដើម្បី​ជំរុញ​ទៅ​ខាង​ភាគី​ថៃ ឲ្យ​ចាត់​វិធានការ​ចំពោះ​ករណី​នេះ​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​នៅ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ថា អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​នៃ​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​ការ​នៅ​ស្រុក​អារាញ់ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ត្រូវ​តែ​ជំរុញ​ទៅ​ខាង​ភាគី​ថៃ ដើម្បី​មាន​វិធានការ​ចាប់​ជន​សង្ស័យ​ដែល​បាន​បាញ់​សម្លាប់​ពលករ​ខ្មែរ​ម្នាក់​កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា យក​មក​ផ្ដន្ទាទោស​ជា​បន្ទាន់។

លោក​បន្ថែម​ថា ករណី​នេះ​ប្រសិន​បើ​សមត្ថកិច្ច​មិន​ជួយ​សាច់ញាតិ​ជន​រងគ្រោះ​ទេ នោះ​សំណុំ​រឿង​នេះ​នឹង​មិន​អាច​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់​បាន​នោះ​ឡើយ៖ « រដ្ឋ​អាជ្ញា​ជា​ដើម ​បណ្ដឹង និង​សមត្ថកិច្ច​ដែល​ជា​សេនាធិការ​របស់​ព្រះរាជអាជ្ញា ត្រូវ​ចាត់ការ​ ទៅ​តាម ​ច្បាប់ ព្រោះ​បទល្មើស​ព្រហ្មទណ្ឌ​ ដែល​ប៉ះពាល់ ​ដល់​ពលរដ្ឋ​ខ្មែរ បើ ​សិន​ជា​រង់ចាំ​ពាក្យ​បណ្ដឹង​ពលរដ្ឋ ហើយ​ពេល​ណា​ទៅ​ទើប​ចាប់​ជន​សង្ស័យ​បាន »

លិខិត​នាំ​សព​ពលករ​វិល​ត្រឡប់​មក​កម្ពុជា ដែល​ចុះ​ហត្ថលេខា​ដោយ​មន្ត្រី​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ លោក ង៉ែត ប៊ុនលី ចុះ​ថ្ងៃ​ទី​១៩ វិច្ឆិកា ឲ្យ​ដឹង​ថា កម្មករ​ស៊ី​ឈ្នួល​ដក​ដំឡូង​ម្នាក់​ឈ្មោះ សរ ងី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​តាទយ ឃុំ​ចារឈូក ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ត្រូវ​បាន​ថៅកែ​ជនជាតិ​ថៃ បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដោយសារ​តែ​រឿង​ទំនាស់​ពាក្យ​សម្ដី។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ស្រុក​អារាញ់ ខេត្ត​ស្រះកែវ ដើម្បី​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា។

ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក សៅ វាសនា មាន​ប្រសាសន៍​ថា ថៅកែ​ជនជាតិ​ថៃ បាន​បាញ់​សម្លាប់​ពលករ​ដក​ដំឡូង​ក្នុង​រឿង​ទំនាស់​ពាក្យ​សម្ដី​នៅ​ក្នុង​ចម្ការ​ដំឡូង​ខេត្ត​ស្រះកែវ កាល​ពី​ថ្ងៃ​ទី​១៨ វិច្ឆិកា។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​អះអាង​ថា ករណី​នេះ​គឺ​សាច់ញាតិ​ជន​រងគ្រោះ​ពុំ​ទាន់​ដាក់​ពាក្យ​បណ្ដឹង​មក​ការិយាល័យ​របស់​លោក ដើម្បី​ជំរុញ​ទៅ​ខាង​សមត្ថកិច្ច​ថៃ ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ថៅកែ​ថៃ នោះ​នៅ​ឡើយ​ទេ៖ « ខាង​ថៃ គេ​ថា​គេ​ចាំ​តែ​សហការ​ជាមួយ​យើង​ទេ ឲ្យ​ តែ​មាន ពាក្យ​បណ្ដឹង ឬ​ក៏ ​មាន​ឯកសារ​ជាក់លាក់ ព្រោះ​បើ​គ្មាន​ឯកសារ ឬ​ ពាក្យ​បណ្ដឹង ​ជាក់លាក់​ទេ សមត្ថកិច្ច​យើង​ទៅ​ប្ដឹង គឺ​ដូច​គ្មាន​ គោលការណ៍​ច្បាស់លាស់​ ដើម្បី​ ប្ដឹង​ទៅ ​ថៃ »

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ស៊ុំ ច័ន្ទគា ពន្យល់​ថា ករណី​នេះ គឺ​ជា​បទល្មើស​ជាក់ស្ដែង​ដែល​សមត្ថកិច្ច​អាច​ចាត់​វិធានការ​ទៅ​លើ​ជន​សង្ស័យ​បាន ដោយ​ពុំ​ចាំបាច់​ឲ្យ​សាច់ញាតិ​ជន​រងគ្រោះ​ដាក់​ពាក្យ​ប្ដឹង​នោះ​ឡើយ៖ « បើ​សិន​ជា​មាន​ការ​សម្លាប់​ការ​វាយ​ដំ​ធ្វើ​ទារុណកម្ម​បន្ត​ទៀត វា​អាច​នឹង​កើត​មាន​បញ្ហា​រើសអើង​ពូជ​សាសន៍ ដូចជា​ខ្មែរ​ ចូល​ទៅ ​ត្រូវ​ថៃ ធ្វើ​បាប ហើយ​ថៃ ចូល​មក​ខ្មែរ ក៏​ត្រូវ​ពលរដ្ឋ​ខ្មែរ​វាយ​ធ្វើ​បាប​ដូច​គ្នា​ទៅ​វិញ​ទៅ​មក នេះ​ហើយ គឺ​ជា ​ការ​មួយ​ដែល​យើង​ ព្រួយ​បារម្ភ »

កន្លង​ទៅ ករណី​ថៅកែ​ជនជាតិ​ថៃ ធ្វើ​ទារុណកម្ម និង​បាញ់​សម្លាប់​ពលករ​ខ្មែរ កើត​មាន​ជាច្រើន​ករណី​មក​ហើយ មាន​ជាអាទិ៍ ករណី​ថៅកែ​កាស៊ីណូ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ វាយ​សម្រាត​ខោ​អាវ​នារី​ខ្មែរ ហើយ​ថែម​ទាំង​បាន​បង្ហោះ​រូបភាព​អាក្រាត​នោះ​តាម​បណ្ដាញ​ហ្វេសប៊ុក (Facebook) កាល​ពី​ឆ្នាំ​២០១៤ និង​ករណី​កម្មករ​សំណង់​ម្នាក់​ទៀត ក៏​ត្រូវ​បាន​ថៅកែ​ថៃ បាញ់​សម្លាប់​នៅ​ក្នុង​ការដ្ឋាន​សំណង់​កាល​ពី​ឆ្នាំ​២០១៥ ជាដើម។ រហូត​មក​ទល់​ពេល​នេះ ពួក​គេ​នៅ​ពុំ​ទាន់​ទទួល​បាន​ពន្លឺ​យុត្តិធម៌​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។