អ៊ីនធឺណិត​និង​ជីវិត​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ឆ្នាំ​២០១៥

0:00 / 0:00

ពេញ​មួយ​ឆ្នាំ​២០១៥ វិស័យ​បច្ចេកវិទ្យា​សារគមនាគមន៍ និង​ព័ត៌មានវិទ្យា (ICT) ពិសេស​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​វិវឌ្ឍន៍​ស្រប​នឹង​ចរន្ត​ដំណើរ​ប្រែប្រួល​នៃ​បច្ចេកវិទ្យា​សកល។ ប្រជាពលរដ្ឋ​កម្ពុជា កាន់​តែ​ច្រើន​ឡើង បាន​ស្គាល់ និង​ចាប់​ផ្ដើម​សាកល្បង​ប្រើប្រាស់​បច្ចេកវិទ្យា​នៃ​ការ​ទំនាក់ទំនង​ថ្មីៗ។

ហ្វេសប៊ុក (Facebook) ដែល​ជា​មធ្យោបាយ​ពេញ​និយម​ជាង​គេ​ក្នុង​ចំណោម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដទៃ​ទៀត បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា កាន់​តែ​ប្រសើរ​ឡើង ពោល​ចាប់​ពី​ការ​រក្សា​ទំនាក់ទំនង ការ​បង្កើត​អាជីវកម្ម ការ​ចូលរួម​អនុវត្ត​អភិបាលកិច្ច និង​ការ​ចូលរួម​ផ្នែក​នយោបាយ។

យ៉ាង​ណា​ក៏ដោយ កម្រិត​នៃ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា ស្ដីពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំង​នេះ​នៅ​ខ្វះខាត​ច្រើន ដែល​អាច​នាំ​អ្នក​ប្រើប្រាស់​ទៅ​រក​មហន្តរាយ។

ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រែប្រួល​ច្រើន។ ទិន្នន័យ​របស់ វីអា សុសសល (We Are Social) ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​បណ្ដាញ​ព័ត៌មាន​សង្គម (social media) ៣២​ភាគរយ ឬ​មួយ​ភាគ​បី​នៃ​ប្រជាជន​កម្ពុជា សរុប​ជាង ១៥​លាន​នាក់ ប្រើប្រាស់​អ៊ីនធឺណិត។ ការ​ប្រើប្រាស់​អ៊ីនធឺណិត​ភាគ​ច្រើន​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ប្រើ​ហ្វេសប៊ុក មើល​វីដេអូ​លើ​យូធូប (YouTube) និង​ស្រាវជ្រាវ​តាម​ហ្គូហ្គល (Google)។

មាន​មូលហេតុ​មួយ​ចំនួន​នៅ​ពី​ក្រោយ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា។ មួយ​ក្នុង​ចំណោម​នោះ ចំនួន​អ្នក​កាន់​ទូរស័ព្ទ​ដៃ​ស្មាតហ្វូន (smart phones) ដែល​អាច​បើក​អ៊ីនធឺណិត និង​លេង​ហ្វេសប៊ុក​បាន​ប្រែប្រួល​ខ្លាំង។ ការ​សិក្សា​មួយ​របស់​វិទ្យាស្ថាន​បើក​ទូលាយ រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៣៩,៥​ភាគរយ ឬ​ជាង ១​ភាគ​៣ នៃ​ប្រជាជន​សរុប​ចំនួន​ជាង ១៥​លាន​នាក់ មាន​ទូរស័ព្ទ​ស្មានហ្វូន​ម្នាក់​មួយ​គ្រឿង ដែល​កើន​ជិត ៥២​ភាគរយ (៥១,៧%) បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤។ ទិន្នន័យ​របស់ វីអា សុសសល (We Are Social) ដដែល ២២​ភាគរយ​នៃ​ប្រជាជន​កម្ពុជា ប្រើប្រាស់​បណ្ដាញ​សង្គម ដូចជា​ហ្វេសប៊ុក ហើយ​ក្នុង​នោះ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​តាម​រយៈ​ទូរស័ព្ទ​ដៃ​មាន​ចំនួន ១៩​ភាគរយ។

កាល​ពី​ខែ​សីហា គម្រោង ហ្វ្រីប៊េសិក (Free Basic) នៃ Internet.org របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា។ គម្រោង​នេះ អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា អាច​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​មិន​គិត​ថ្លៃ តែ​មាន​កំណត់ ដោយ​អាច​បើក​គេហទំព័រ​ស្រាវជ្រាវ អាន​ព័ត៌មាន និង​ប្រើប្រាស់​បណ្ដាញ​សង្គម។

យោង​តាម​ការ​វិភាគ​របស់ វីអា សុសសល (We Are Social) កម្រិត​ប្រែប្រួល​នៃ​ការ​ទទួល​បាន​អ៊ីនធឺណិត និង​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ប្រទេស​កម្ពុជា និង​នៅ​ទូទាំង​តំបន់​អាស៊ាន​ទាំង​មូល មាន​សន្ទុះ​ចំនួន ១៥​ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​គ្មាន​សញ្ញា​ណា​មួយ​ដែល​អាច​ធ្លាក់​ចុះ​នោះ​ទេ។

ដោយសារ​មាន​អ៊ីនធឺណិត​ប្រើប្រាស់ ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​យុវជន ងាយ​ស្រួល​ទាក់ទង និង​រក្សា​ទំនាក់ទំនង​ជាមួយ​គ្នា បើ​ទោះ​បី​ជា​ពួក​គេ​ឃ្លាត​ពី​គ្នា​ឆ្លង​ទ្វីប​ក៏ដោយ។ បណ្ដាញ​សង្គម​នានា ពិសេស​ហ្វេសប៊ុក​ដែល​ជា​បណ្ដាញ​ទំនាក់ទំនង​ពេញ​និយម​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បង្ហោះ​សារ​ជា​អក្សរ ជា​រូបភាព ឬ​វីដេអូ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ ហើយ​ក៏​ឲ្យ​អ្នក​ប្រើប្រាស់​និយាយ​ជជែក​គ្នា​តាម​តាម​រយៈ​សារ​ជា​អក្សរ​ក៏​បាន ជា​សំឡេង​ក៏​បាន ពិសេស​អាច​ឲ្យ​អ្នក​និយាយ​មើល​មុខ​គ្នា​ឃើញ​ទៀត​ផង។

អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​កម្ពុជា មិន​ចាំបាច់​ទៅ​ដើរ​មើល​ការ​បិទ​ប្រកាស​ស្វែង​រក​ការងារ​នៅ​ទីតាំង​ផ្ទាល់​ទៀត​ទេ។ បើ​មាន​ឧបករណ៍​អេឡិចត្រូនិក​ដែល​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន ពួក​គេ​អាច​ស្វែងរក​ការងារ ការ​សិក្សា និង​ឱកាស​ផ្សេងៗ​ទៀត​បាន។

បន្ថែម​ពី​លើ​នេះ វិស័យ​ពាណិជ្ជកម្ម ជំនួញ ក៏​ទទួល​បាន​ផល​ពី​ការ​វិវឌ្ឍ​នៃ​អ៊ីនធឺណិត​នេះ​ផង​ដែរ។ បណ្ដាញ​ទំនាក់ទំនង​គ្នា​រវាង​អ្នក​ជំនួញ ជា​គន្លឹះ​ជោគជ័យ។

របាយការណ៍​របស់​មូលនិធិ​អាស៊ី (Asia Foundation) អះអាង​ថា អ្នក​ជំនួញ​អាច​ចងក្រង​ទំនាក់ទំនង​ថ្មីៗ​នៅ​លើ​បណ្ដាញ​សង្គម។ អ៊ីនធឺណិត ក៏​ផ្តល់​កន្លែង​រក​ស៊ី និង​បង្កើត​សហគ្រាស​ថ្មីៗ ដោយ​មិន​ចាំបាច់​មាន​ដើម​ទុន​ច្រើន​ផង​ដែរ។ ហាង​លក់​ទំនិញ និង​សេវាកម្ម​តាម​អនឡាញ (online) រីក​ដុះដាល​ច្រើន។ ហាង​លក់​សម្លៀកបំពាក់​មាន​ច្រើន ហើយ​អ្នក​ខ្លះ​ប្រកាស​ដាក់​លក់​ផ្អក​ប្រហុក​នៅ​លើ​ហ្វេសប៊ុក។ យ៉ាង​ណា​ក៏ដោយ មិន​ទាន់​មាន​តួលេខ​បញ្ជាក់​ពី​ចំនួន​ពិត​ប្រាកដ​នៃ​ហាង​អនឡាញ​នេះ​នៅ​ឡើយ​ទេ។

មួយ​ទៀត ប្រជាជន​កម្ពុជា កាន់​តែ​ច្រើន​ឡើង ជ្រើសរើស​យក​ហ្វេសប៊ុក​ជា​ប្រភព​ដើម្បី​ទទួល​បាន​ដំណឹង និង​ព័ត៌មាន។ ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​បើក​ទូលាយ បង្ហាញ​ថា ប្រជាជន​កម្ពុជា ជិត​មួយ​ភាគ​បួន (២៤,៥%) បាន​ជ្រើសរើស​យក​ហ្វេសប៊ុក​ដើម្បី​បាន​ដំណឹង និង​ព័ត៌មាន។ នៅ​ពេល​ប្រជាជន​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ ពួក​គេ​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ។ មិន​តែ​ប៉ុណ្ណោះ ជំរុញ​ពលរដ្ឋ​ឲ្យ​ចូលរួម​អនុវត្ត​អភិបាលកិច្ច និង​សិទ្ធិ​កាន់​តែ​ច្រើន។ នៅ​ពេល​ដែល​ប្រជាជន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្ទះ​ចរាចរណ៍ ពួក​គេ​ថត​រូប ហើយ​បង្ហោះ​លើ​អ៊ីនធឺណិត ហើយ​អ្នក​ខ្លះ​បង្ហាញ​ការ​ត្អូញត្អែរ​រឿង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី។ ការ​នេះ វា​ងាយ​ស្រួល​ជាង​ការ​សរសេរ​សំបុត្រ​ជូន​ស្ថាប័ន​រដ្ឋ​ដែល​ទទួល​ខុស​ត្រូវ ដើម្បី​បង្ហាញ​ពី​ក្តី​កង្វល់​របស់​ពួក​គេ។ ទន្ទឹម​នឹង​នេះ​ដែរ ស្ថាប័ន​រដ្ឋ​មួយ​ចំនួន បាន​បង្កើត​គេហទំព័រ និង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ដើម្បី​ឆ្លើយ​ឆ្លង​ជាមួយ​ប្រជាជន និង​ផ្ដល់​ដំណឹង​ពី​ការ​វិវឌ្ឍ​ថ្មី​នានា​នៅ​តាម​តំបន់​គ្រប់គ្រង​របស់​ខ្លួន។

លើស​ពី​នេះ អ៊ីនធឺណិត​ពង្រឹង​អំណាច​ដល់​ប្រជាជន​ឲ្យ​ហ៊ាន​និយាយ និង​ពិភាក្សា​រឿង​សង្គម​នានា​ដោយ​បើក​ចំហ។ ប្រជាជន​បង្ហោះ​មតិ​យោបល់ និង​ឯកសារ​នានា​ស្ដីពី​សំណុំ​រឿង​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​ក្រោយ​មក​ក្លាយ​ជា​ប្រធានបទ​សំខាន់​នៅ​បណ្ដាញ​សង្គម ដែល​បង្កើត​បាន​ជា​វេទិកា​ជជែក​គ្នា​នៅ​លើ​អ៊ីនធឺណិត​យ៉ាង​ផុលផុស។

បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ប្រកាស​ទម្លាក់​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត (Cybercrime Law) ក៏ដោយ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា ព្រួយ​បារម្ភ​ថា ច្បាប់​នេះ​នឹង​រឹតត្បិត​សេរីភាព​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ។ លទ្ធផល​ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) រក​ឃើញ​ថា ប្រជាជន​ជាង ៨០​ភាគរយ (៨៨,៤%) ព្រួយ​បារម្ភ​ថា ការ​ដែល​រដ្ឋាភិបាល​គ្រោង​ត្រួត​ពិនិត្យ​សកម្មភាព​នៅ​លើ​អ៊ីនធឺណិត នឹង​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញ​មតិ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចុង​ឆ្នាំ​២០១៥ បាន​ប្រកាស​ថា អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​ប្រើ​ពាក្យ​សម្ដី​មិន​ល្អ​ដាក់​នាយក​រដ្ឋមន្ត្រី ឬ​រិះគន់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​លើ​បញ្ហា​ចម្រូងចម្រាស រដ្ឋាភិបាល​នឹង​អាច​រក​អត្តសញ្ញាណ​អ្នក​ប្រព្រឹត្តិ​ឃើញ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

ដើម្បី​ធានា​ថា ប្រជាជន​គ្រប់​រូប​ទទួល​បាន​ប្រយោជន៍​ពី​ការ​វិវឌ្ឍ​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត រដ្ឋាភិបាល​គួរ​បង្កើត​យុទ្ធនាការ និង​ផែនការ​ផ្សព្វផ្សាយ​អប់រំ​ប្រជាជន​ឲ្យ​បាន​ច្រើន និង​មាន​ប្រសិទ្ធភាព ពី​របៀប​ប្រើប្រាស់​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​ត្រឹមត្រូវ និង​ប្រាប់​អ្នក​ប្រើប្រាស់​ពី​អ្វី​ដែល​ត្រូវ​ជៀសវាង ជា​ជាង​កម្លាច និង​គំរាម​កំហែង​ប្រជាជន។

ការ​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​លើ​អ៊ីនធឺណិត ប្រជាពលរដ្ឋ​នឹង​មាន​ភាព​កក់ក្ដៅ​ដើម្បី​ចែក​រំលែក និង​បញ្ចេញ​គំនិត​រក​ដំណោះស្រាយ​រួម​គ្នា សម្រាប់​ការ​អភិវឌ្ឍ​របស់​សង្គម​ជាតិ។ ជាមួយ​គ្នា​នេះ អ្នក​ប្រើប្រាស់ ក៏​ត្រូវ​ស្វែង​យល់​ពី​ការ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​ផល​ប៉ះពាល់ នៃ​ការ​បង្ហោះ​សារ​ណា​មួយ​នៅ​លើ​អ៊ីនធឺណិត ថា​តើ​វា​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ផល​ប្រយោជន៍ សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រុម​គ្រួសារ និង​សហគមន៍​ទាំង​មូល?

ការ​ប្រើប្រាស់​សេរីភាព​លើ​អ៊ីនធឺណិត​ដោយ​ជ្រុល​ពេក ភ្លេច​ខ្លួន និង​ខ្វះ​ការ​ពិចារណា អាច​នាំ​អ្នក​ប្រើប្រាស់​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​មិន​ដឹង​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។