អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) កាលពីថ្ងៃទី២៣ ខែមីនា បានជួបប្រជុំជាមួយប្រធានគណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្ដឹង ឬគណៈកម្មការទី១ នៃរដ្ឋសភា លោក អេង ឆៃអ៊ាង។
ទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ឲ្យដឹងថា ក្នុងជំនួបនោះ លោក អេង ឆៃអ៊ាង បានពន្យល់អ្នកស្រី រ៉ូណា ស្មីត អំពីយន្តការបណ្ដឹង របៀបទទួលពាក្យបណ្ដឹង ដំណើរការបណ្ដឹង ព្រមទាំងប្រភេទរឿងក្ដីនានា ដែលគណៈកម្មការទី១ នៃរដ្ឋសភាបានទទួលពីពលរដ្ឋ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក អេង ឆៃអ៊ាង ដើម្បីសួរបន្ថែមជុំវិញជំនួបនេះបានទេ កាលពីថ្ងៃទី២៣ ខែមីនា។
ដោយឡែកនៅថ្ងៃទី២៤ ខែមីនា ដែលជាថ្ងៃទី៤ នៃដំណើរទស្សនកិច្ចមកកម្ពុជា អ្នកស្រី រ៉ូណា ស្មីត នឹងជួបប្រជុំជាមួយប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានគណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្ដឹងនៃព្រឹទ្ធសភា លោក គង់ គាំ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និងរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម។
ក្នុងនាមជាអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានចូលកាន់តំណែងតាំងពីខែមីនា ឆ្នាំ២០១៥ មក អ្នកស្រី រ៉ូណា ស្មីត បានដាក់របាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិម្ដងរួចហើយ ក្រោយពីអ្នកស្រីធ្វើដំណើរទស្សនកិច្ចលើកទី១ មកកាន់កម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៥។
អ្នកស្រីក៏គ្រោងដាក់របាយការណ៍ទី២ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។