សារព័ត៌មានវៀតណាម នែត (Vietnam Net) ចុះផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ថា ជនជាតិវៀតណាម ជាង ៥ពាន់នាក់ដែលរស់នៅលើផ្ទៃបឹងទន្លេសាបក្នុងប្រទេសកម្ពុជា បានទៅដល់ប្រទេសវៀតណាម វិញហើយ ដោយសារបញ្ហាជីវភាព និងជំងឺ។ តើជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា យល់យ៉ាងណាចំពោះការវិលត្រឡប់ទៅប្រទេសកំណើតវិញនេះ?
ទូកម៉ាស៊ីនតូចមួយបានដឹកមន្ត្រីសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានចេញចូលស្ទើរគ្រប់ច្រកល្ហកក្នុងតំបន់ផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម នៅចំណុចពាមញ នៃឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីជួបសម្ភាសអ្នកភូមិ។ ពួកគេស្ទើរគ្រប់គ្នាប្រាប់ថា ជនជាតិវៀតណាម ជាច្រើនគ្រួសារបានលក់ផ្ទះ និងខ្លះអូសផ្ទះទៅស្រុក ប៉ុន្តែពួកគេមិនហ៊ានបញ្ចេញរឿងរ៉ាវទាំងនេះ។
ជនជាតិវៀតណាម ដែលអះអាងថា ខ្លួនមានកំណើតកើតជានៅក្នុងទេសកម្ពុជា ចំនួន ១១នាក់ ដែលអាស៊ីសេរី ជួបសម្ភាសនៅថ្ងៃទី៣១ ខែសីហា ឲ្យដឹងស្រដៀងគ្នាថា គ្រួសារជនជាតិវៀតណាម ភាគច្រើនមានបញ្ហាសំខាន់ពីរដែលជំរុញឲ្យពួកគេបង្ខំចិត្តត្រឡប់ទៅប្រទេសវៀតណាម វិញ។ ទីមួយ គឺមុខរបរនេសាទលែងកាក់កប ដោយសារទឹកទន្លេសាបកាន់តែរាក់ និងការតាំងទីលំនៅមិនច្បាស់លាស់។

បុរសវ័យ ៦២ឆ្នាំម្នាក់ក្នុងចំណោមជនជាតិវៀតណាម ទាំង ១១នាក់ គឺលោក ង្វៀង យ៉ាំងអាន់ រៀបរាប់ថា ទន្ទឹមនឹងជីវភាពក្រីក្រ អាជ្ញាធរកម្ពុជា ព្យាយាមបន្លាស់អ្នកភូមិពីកន្លែងមួយទៅកន្លែងមួយ ហើយចុងក្រោយនេះ មានគម្រោងឲ្យពួកគាត់ទិញដីរស់នៅលើគោកដោយពុំមានលិខិតស្នាមត្រឹមត្រូវ។ លោកថា បើស្ថានភាពលំបាកកាន់តែខ្លាំងនោះ រូបលោក និងគ្រួសារ នឹងអូសផ្ទះទៅវៀតណាម វិញដែរ៖ « វា ( ប្អូនថ្លៃ ) ចេញដំណើរហើយ វារុះផ្ទះដាក់ចូលក្នុងទូកក្រោមផ្ទះវាតើ ! មិនថាពីណាទេ តាំងខ្ញុំក៏ទៅដែរ បើស្រួលក៏នៅ បើអត់ស្រួលរត់ទៀតហើយ ! បើទៅៗរហូតហើយ អត់មានមកវិញទេ។ លោក ជិន ជេដ្ឋា៖ មូលហេតុអីបានចេញ ? ដីលក់អត់មានធ្វើសំបុត្រឲ្យយើង ហើយម្យ៉ាងទៀតបើអត់មានដីហ្នឹងឲ្យទៅណាទៀត តម្រូវឲ្យទិញដីម្នាក់ ១ពាន់ដុល្លារ ឬ ២ពាន់ដុល្លារ មានលុយណាទិញ ? នរណាទៅរកបាន ? រកតែអង្ករស៊ីអត់បាន ទៅស្ទូចជួនកាលបានបួន ឬប្រាំគីឡូអត់មានត្រីសោះ »។
ផ្ទះបណ្ដែតទឹកជាង ១ពាន់ខ្នង (១.៤៨៦ខ្នង) របស់អតីតអ្នកភូមិកណ្ដាល និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ដែលភាគច្រើនជាផ្ទះរបស់ជនជាតិវៀតណាម បានផ្លាស់ទីទៅចំណុចពាមញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ កាលពីចុងឆ្នាំ២០១៥។ បច្ចុប្បន្ន ផ្ទះទាំងនេះមានខ្លះបានពពាយនាយលក់ ឬដាក់បង្គោលចងស្លឹកត្នោតនៅលើដំបូលផ្ទះសម្គាល់ថា ផ្ទះត្រូវការលក់ និងផ្ទះខ្លះទៀតពុំមានមនុស្សរស់នៅទេ។
ជនជាតិវៀតណាម ម្នាក់ទៀតដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា គ្រួសារជនជាតិវៀតណាម បានលបលក់ ឬអូសផ្ទះបណ្ដែតទឹករបស់ខ្លួនត្រឡប់ទៅប្រទេសវៀតណាម ជាបន្តបន្ទាប់តាំងពីបន្លាស់ទីមកកន្លែងថ្មីភ្លាម។ នៅអំឡុងខែតុលា ឆ្នាំ២០១៦ ជាពេលដែលទឹកបឹងទន្លេសាបហូរចាក់ទៅប្រទេសវៀតណាម វិញ នឹងមានគ្រួសារជនជាតិវៀតណាម ប្រមាណ ៦០គ្រួសារចេញទៅស្រុកដែរ៖ « គេថានៅបណ្ដោះអាសន្ន មានន័យថាគេដេញទៀតហើយ ហើយគេដេញម្ដងហ្នឹងមិនឲ្យទៅនៅឯណា ? បើនៅលើគោក យើងអត់មានថវិកាសូមដីមួយដុំក៏អត់មានលុយទិញដែរ មិនបាច់ដល់ច្រើនទេ ហើយនិយាយរឿងអ្នកមាន គឺមានតែមុខទេ ជំពាក់គេវ័ណ្ឌក និយាយរួមទាំងអស់។ ផ្ទះនេះទៅភ្នំពេញស៊ីឈ្នួលគេទើបមកប៉ុន្មានថ្ងៃនេះ »។

ក្រុមជនជាតិវៀតណាម អះអាងថា បើទោះបីជាពួកគេពុំមានឯកសារអ្វី ហើយត្រឡប់ទៅរស់នៅវៀតណាម ដែលជាប្រទេសកំណើតវិញនោះ ក៏មិនបារម្ភខ្លាចរកកន្លែងរស់នៅ ឬពុំមានការទទួលស្គាល់ពីអាជ្ញាធរវៀតណាម នោះដែរ ដោយសារពួកគេភាគច្រើនធ្លាប់ចេញចូល និងនិយាយភាសាវៀតណាម បានល្អ ហើយអាជ្ញាធរវៀតណាម តែងតែគិតគូរពីប្រជាជនរបស់ខ្លួនទាំងនៅក្នុង និងក្រៅប្រទេស។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) ខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រូយ ថ្លែងថា ដ្បិតលោកមិនអាចក្ដាប់តួលេខនៃដំណើរចេញ ឬចូលក្នុងប្រទេសរបស់ជនជាតិវៀតណាម ប៉ុន្តែលោកសង្កេតឃើញថា ពួកគេខ្លះបានលក់ផ្ទះទៅរស់នៅប្រទេសវៀតណាម ជាអចិន្ត្រៃយ៍ និងខ្លះផ្ញើផ្ទះនឹងបងប្អូន ដោយចេញទៅរកស៊ីមួយគ្រាក្នុងស្ថានភាពមិនច្បាស់លាស់ និងមានបញ្ហាជីវភាព។
លោក ទត គឹមស្រូយ បន្ថែមថា ស្ថានភាពក្រលំបាករបស់ជនជាតិវៀតណាម មានច្រើនទៅតាមតំបន់នីមួយៗ ប៉ុន្តែបញ្ហាចោទខ្លាំងចំពោះពួកគេទាំងអស់គ្នានោះ គឺនេសាទលែងបានត្រីលក់៖ « ស្ថិតិពិតយើងមិនអាចយកបានទេ ដោយសារពួកគាត់មានការភ័យខ្លាចខ្លាំង បើសិនណាគាត់បញ្ចេញយើងដឹង គឺពាក់ព័ន្ធនឹងសុវត្ថិភាពរបស់ពួកគាត់។ បើតាមការផ្ដល់ព័ត៌មានពីសាច់ញាតិ ឬក្រុមគ្រួសាររបស់ពួកគាត់ ( ជនជាតិវៀតណាម ដែលបានទៅប្រទេសវៀតណាម វិញ ) គឺមានអ្នកខ្លះចាកចេញទៅបោះទីតាំងនៅប្រទេសវៀតណាម តែម្ដង ប៉ុន្តែអ្នកខ្លះទៀតគ្រាន់តែទៅរកមុខរបរផ្សេងៗ ដូចជាធ្វើការងាររោងចក្រ ឬទៅនេសាទនៅវៀតណាម ណោះវិញ »។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា ក្រៅពីការអនុវត្តច្បាប់ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនជាតិវៀតណាម ខុសច្បាប់ជាច្រើននាក់ទៅស្រុកវិញកាលពីពេលថ្មីៗ លោកមិនដឹងថាមានជនជាតិវៀតណាម ដែលមានលិខិតស្នាមស្នាក់នៅកម្ពុជា ត្រឡប់ទៅស្រុកវិញនោះទេ។

លោក ខៀវ សុភ័គ បញ្ជាក់ជំហរថា រដ្ឋាភិបាលមិនញញើតនឹងអនុវត្តច្បាប់របស់ខ្លួនលើបញ្ហាជនជាតិវៀតណាម នោះទេ ដូចជាតម្រូវឲ្យឡើងរស់នៅលើគោក ឬត្រូវរៀបចំយ៉ាងណានោះ គឺត្រូវអនុវត្តតាមច្បាប់ ប៉ុន្តែវិធានការច្បាប់របស់រដ្ឋាភិបាលបច្ចុប្បន្ន មិនធ្វើទាំងគំហុកលើជនជាតិវៀតណាម ដូចកាលពីអំឡុងឆ្នាំ១៩៧០ នោះទេ គឺធ្វើទៅតាមច្បាប់ និងគោលការណ៍គោរពសិទ្ធិមនុស្សដែលមាន៖ « ក្រោយពីរំដោះឆ្នាំ១៩៧៩ ភ្លាម ព្រំដែនខាងកើតរបស់យើងមិនទាន់ត្រូវបានការពារឲ្យបានម៉ត់ចត់ទេ។ អាហ្នឹងការហូរចូលមានតាំងពីពេលហ្នឹងមក ហើយសង្ឃឹមថាភាគីមិត្តយោគយល់ចំពោះការអនុវត្តច្បាប់របស់រដ្ឋាភិបាលកម្ពុជា ហើយក៏អំពាវនាវដែរសូមថា គណបក្សប្រជាជនកម្ពុជា ដែលមានរដ្ឋាភិបាលកំពុងគ្រប់គ្រងអំណាចនេះ នឹងអនុវត្តច្បាប់របស់ខ្លួនដោយពេញទំហឹង ហើយសូមឲ្យមានការយោគយល់ចំពោះអ្វីដែលរដ្ឋាភិបាលកម្ពុជា អនុវត្តតាមច្បាប់ជាតិបាទ »។
ជនជាតិវៀតណាម ទាំងនេះ ភាគច្រើនរស់នៅលើផ្ទៃបឹងទន្លេសាប និងស្ទឹងក្នុងខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ជាដើម។ បើទោះបីជាអាជ្ញាធរកម្ពុជា មិនទាន់ដឹងពីតួលេខនៃការចាកចេញរបស់ជនជាតិវៀតណាម នេះ សារព័ត៌មានវៀតណាម មួយផ្សាយថា មានជនជាតិវៀតណាម ប្រមាណ ៥ពាន់នាក់ហើយបានមកដល់ប្រទេសវៀតណាម ជាមួយនឹងទូក ឬផ្ទះបណ្ដែតទឹករបស់ពួកគេក្នុងស្ថានភាពពុំមានលិខិតស្នាមវៀតណាម ទាំងអស់។
សារព័ត៌មានវៀតណាម នែត (Vietnam Net) បញ្ជាក់ថា ជនជាតិវៀតណាម ដែលត្រឡប់ទៅប្រទេសវៀតណាម វិញនោះ គឺភាគច្រើនរស់នៅក្នុងតំបន់បឹងដៅទៀង (Dau Tieng) ក្នុងខេត្តតាយនិញ (Tay Ninh) ខេត្តឡុងអាន (Long An) ខេត្តដុងថាប (Dong Thap) ខេត្តដុងណៃ (Dong Nai) និងខេត្តគៀនយ៉ាង (Kien Giang)។ ហេតុផលនៃការវិលត្រឡប់របស់ពួកគេ ដោយសារទឹកទន្លេសាបកាន់តែរីងរាក់ ដែលធ្វើឲ្យពួកគេលំបាកប្រកបរបរនេសាទ ហើយកូនៗពួកគេភាគច្រើនមានជំងឺក្រិស និងការទទួលអាហារមិនគ្រប់គ្រាន់។ ម្យ៉ាងទៀត ក្មេងៗទាំងនោះពុំមានឱកាសទៅសាលារៀនថែមទៀត។
សារព័ត៌មានវៀតណាម នែត (Vietnam Net) អះអាងថា ជនជាតិវៀតណាម មួយចំនួនដែលខ្លះកើតនៅកម្ពុជា ផងនោះ ក្រោយពេលទៅដល់ប្រទេសវៀតណាម មិនត្រូវបានរដ្ឋាភិបាលវៀតណាម ទទួលស្គាល់ថាជាជនជាតិវៀតណាម របស់ខ្លួនទេ ដោយសារពួកគេមិនមានលិខិតស្នាមបញ្ជាក់។ ប្រភពព័ត៌មានវៀតណាម ដដែលបន្តថា រដ្ឋាភិបាលវៀតណាម បានណែនាំឲ្យអាជ្ញាធរវៀតណាម ដែលយាមល្បាតនៅព្រំដែនកម្ពុជា-វៀតណាម រឹតបន្តឹងអ្នកធ្វើដំណើរពីប្រទេសកម្ពុជា ចូលមកប្រទេសវៀតណាម ហើយក៏បានណែនាំឲ្យក្រសួងការបរទេសវៀតណាម ធ្វើការជាមួយភាគីកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរបស់ជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
សមត្ថកិច្ចនៃក្រសួងមហាផ្ទៃកម្ពុជា ថ្មីៗនេះឲ្យដឹងថា ជនជាតិវៀតណាម រស់នៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប ១៦ម៉ឺននាក់ ក្នុងនោះ ១៣ម៉ឺននាក់រស់នៅខុសច្បាប់ ហើយអ្នករស់នៅត្រូវច្បាប់ចំនួន ៣ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។