សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​មក​កម្ពុជា​វិញ​កាន់​តែ​ច្រើន​តាម​ច្រក​ទ្វារ​ប៉ោយប៉ែត

0:00 / 0:00

មន្ត្រី​នៃ​គណៈកម្មការ​ទទួល​បន្ទុក​ពលករ​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អះអាង​ថា សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​មក​កម្ពុជា វិញ​កាន់​តែ​ច្រើន​តាម​ច្រក​នេះ។ មន្ត្រី​ដដែល​ឲ្យ​ដឹង​ទៀត​ថា គិត​ជា​មធ្យម​នៅ​ក្នុង​ខែ​សីហា និង​ដើម​ខែ​កញ្ញា មាន​ពលករ​មិន​តិច​ជាង ៣០០​នាក់​ទេ​នៅ​ក្នុង​មួយ​ថ្ងៃ ដែល​ត្រូវ​អាជ្ញាធរ​ថៃ បញ្ជូន​មក​វិញ។

មន្ត្រី​គណៈកម្មការ​ទទួល​បន្ទុក​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ បញ្ជាក់​ថា ពលករ​ដែល​សមត្ថកិច្ច​ថៃ បញ្ជូន​មក​តាម​ច្រក​ប៉ោយប៉ែត នោះ អ្នក​ខ្លះ​ទៅ​ស្វែងរក​ការងារ​ដោយ​ខ្លួន​ឯង និង​ខ្លះ​ទៀត​ទៅ​តាម​រយៈ​មេ​ខ្យល់​ដោយ​ខុស​ច្បាប់។

អង្គុយ​នៅ​ក្នុង​ស្នាក់ការ​ភូមិ​ប៉ោយប៉ែត អ្នកស្រី ស៊ឹម ណាំយ៉ុង ជា​គណៈកម្មការ​ទទួល​បន្ទុក​ពលករ​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​ប៉ោយប៉ែត ប្រាប់​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ថា សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា តាម​ច្រក​នេះ​ជា​រៀង​រាល់​ថ្ងៃ ជាពិសេស​អំឡុង​ខែ​សីហា និង​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៦។ អ្នកស្រី​អះអាង​ថា នៅ​ខែ​សីហា ថៃ ចាប់​បញ្ជូន​ពលករ​មក​កម្ពុជា ជាង ៤​ពាន់​នាក់​ហើយ​នៅ​ដើម​ខែ​កញ្ញា មាន​ថ្ងៃ​ខ្លះ​រហូត​ដល់​ទៅ​ជាង ៣០០​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​មាន​ចំនួន​ច្រើន​មិន​ធ្លាប់​មាន​នៅ​ឆ្នាំ​២០១៦ នេះ៖ « អ្នក​ ជាប់​ពន្ធនាគារ​ដែ ល​ថៃ បញ្ជូន​មក ភាគច្រើន​មក​ពី​ខេត្ត​ស្រះកែវ ។ ចំពោះ​ពលករ​ដែល​ ត្រឡប់​មក​វិញ ពួក​គាត់ ​រស់នៅ​តាម​បណ្ដា​ ខេត្ត​ក្នុង​ប្រទេស ប៉ុន្តែ​នៅ​ខែ​កញ្ញា ពលរដ្ឋ​នៅ​ ខេត្ត​បន្ទាយមានជ័យ ច្រើន​ជាង​គេ គឺ​ប្រមាណ ៦០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៦ »

អ្នកស្រី​បន្ថែម​ថា ពលករ​ដែល​ថៃ បញ្ជូន​មក​ស្រុក​កំណើត​វិញ​នោះ ភាគច្រើន​ជា​កម្មករ​សំណង់​ទៅ​ធ្វើ​ការ​ពី​ចន្លោះ​បី​ខែ​ទៅ​ជាង ១​ឆ្នាំ ក្នុង​នោះ​មាន​ពលករ​ខ្លះ​ទើប​តែ​ចេញ​ពី​ពន្ធនាគារ​ក៏​មាន។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា វិញ ភាគច្រើន​ដាក់​នៅ​ក្នុង​ឡាន​ទ្រុង​ដូច​គេ​ដឹក​ជ្រូក ទាំង​កុមារ និង​មនុស្ស​ចាស់ ណែន​ចង្អៀត ហើយ​ពិបាក​ដក​ដង្ហើម។ លោក​បន្ថែម​ថា អាជ្ញាធរ​ខ្មែរ​ដែល​ទទួល​បន្ទុក​ពលករ​នៅ​តាម​ព្រំដែន ហាក់​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​ធ្វើ​ដំណើរ​ឲ្យ​បាន​ប្រសើរ​នៅ​ឡើយ៖ « អាជ្ញាធរ​មាន​សមត្ថកិច្ច​ពុំ​មាន​ការ​អន្តរាគមន៍​ណា​មួយ ដើម្បី​ចាប់​មេ​ខ្យល់​ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ខុស​ច្បាប់ យក​មក ​ផ្ដន្ទាទោស​ នៅ​ឡើយ ​ទេ »

លោក ស៊ុំ ច័ន្ទគា បញ្ជាក់​ថា កត្តា​ដែល​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​ប្រថុយប្រថាន​ខុស​ច្បាប់​នោះ គឺ​ពួក​គាត់​មាន​ជីវភាព​ក្រីក្រ ហើយ​នៅ​ផ្ទះ​គ្មាន​ការងារ​ធ្វើ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន។

សមត្ថកិច្ច​ថៃ ច្រើន​បញ្ជូន​ពលករ​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ​នៅ​ពេល​រសៀល ចន្លោះ​ពី​ម៉ោង ២ ដល់​ម៉ោង​៥។ ក្រោយ​ពី​ថៃ ​បញ្ជូន​ពលករ​មក​ដល់​ទឹក​ដី​ខ្មែរ​ហើយ អាជ្ញាធរ​ខ្មែរ​បាន​អប់រំ​ពួក​គាត់​ឲ្យ​យល់​ដឹង​ពី​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​ប្រមាណ​ពី ១៥ ទៅ ២០​នាទី រួច​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន។

អ្នកស្រី ស៊ឹម ណាំយ៉ុង បញ្ជាក់​ថា ជា​ធម្មតា សមត្ថកិច្ច​ថៃ បញ្ជូន​ពលករ​តាម​ច្រក​ប៉ោយប៉ែត ប្រមាណ ៣​ពាន់​នាក់​ក្នុង​មួយ​ខែ ដោយឡែក​នៅ​ក្នុង​ខែ​សីហា មាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​ជាង ៤​ពាន់​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។