ប្រជាពលរដ្ឋនៅស្រុកថ្មពួកប្រមាណ ៣នាក់ នាំគ្នាទៅសុំអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យជួយផ្លូវច្បាប់ ករណីប៉ូលិសនៅអធិការនគរបាលស្រុកនេះមួយក្រុម បានព្រួតវាយធ្វើទារុណកម្មមកលើខ្លួន បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង កាលពីយប់ថ្ងៃទី៩មេសា។ មន្ត្រីប៉ូលិសស្រុកថ្មពួក អះអាងថាប៉ូលិសមិនបានព្រួតវាយដូចការចោទប្រកាន់ទេ តែជាការការពារខ្លួនក្នុងពេលអនុវត្តការងារប៉ុណ្ណោះ។
ពលរដ្ឋស្រុកថ្មពួកដែលអះអាងថាខ្លួនជាជនរងគ្រោះនោះ ចាត់ទុកទង្វើរបស់មន្ត្រីប៉ូលិសស្រុកនេះថាជាអំពើសាហាវព្រៃផ្សៃវាយធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់។
ជនរងគ្រោះរស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក លោក ស្មន់ សុជឿត ឲ្យដឹងនៅថ្ងៃទី២១ មេសាថា កាលពីយប់ថ្ងៃទី៩ មេសា មានមន្ត្រីប៉ូលិសនៃអធិការនគរបាលស្រុកថ្មពួកប្រហែល ៥នាក់បានចាប់រូបគេវាយខ្នោះ រួចយកជើងសង្កាត់ផ្ដួលទៅនឹងដី ហើយយកស្រោមកាំភ្លើងខ្លីវាយទៅលើផ្ទៃមុខ និងទាត់ធាក់ជាច្រើនជើង បណ្ដាលឲ្យខ្លួនបែកមាត់ និងឈឺចុកចាប់ពេញខ្លួន។ បុរសវ័យ ២៨ឆ្នាំរូបនេះ អះអាងទៀតថា ប៉ូលិសវាយមកលើខ្លួន នៅពេលដែលលោកចូលទៅសួររកបងប្រុសម្នាក់ ដែលប៉ូលិសចាប់ទៅវាយបែកក្បាលនៅក្នុងអធិការនគរបាលស្រុកនេះ ហើយប៉ូលិសក៏បានព្រួតគ្នាមកវាយលើរូបគេតែម្ដង៖ «មុនដំបូងខ្ញុំបាត់បងខ្ញុំ ហើយចូលទៅសួរប៉ូលិស ព្រោះគាត់អត់មានរឿងអីទេថាហេតុអីបានជាប៉ូលិសត្រូវាយគាត់ ? ប៉ូលិសជាអ្នកច្បាប់ផង ? ស្រាប់តែគេស្រែថាអញកំពុងតែរកមុខអាអ្ហែងផង ចាប់វាដាក់ខ្នោះ ខ្ញុំថាខ្ញុំមានខុសអីទេកុំចាប់ខ្ញុំ ? ប៉ូលិសមិនស្ដាប់ខ្ញុំទេ ហើយយកកាំភ្លើងភ្ជង់ខ្ញុំតែម្ដង តែខ្ញុំមិនរត់ទៅណាទេ គាត់ថាអញគុំអ្ហែងយូរណាស់ហើយអ្ហែង លឺថាខ្លាំងណាស់នៅថៃ។គាត់វាយបោចសក់ខ្ញុំហើយថតវីដេអូសើចចំអកខ្ញុំទៀត » ។
ជនរងគ្រោះរូបនេះបានទៅសុំប្រឹក្សាផ្លូវច្បាប់ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ ដើម្បីដាក់ពាក្យប្ដឹងទៅតុលាការឲ្យចាត់វិធានការលើជនប្រព្រឹត្តតាមផ្លូវច្បាប់។
ឆ្លើយតបនឹងបញ្ហានេះសេនាធិការនគរបាលស្រុកថ្មពួក លោក ឈួត ថា អះអាងថា មន្ត្រីប៉ូលិសមិនបានព្រួតគ្នាវាយធ្វើបាបពលរដ្ឋដូចការចោទប្រកាន់នោះទេ ប៉ុន្តែអះអាងថា អំពើហិង្សាក្នុងការប៉ះទង្គិចគ្នានោះ ដោយសារពលរដ្ឋទាំងនោះជាជនបង្កអុកឡុកនៅហាងខារ៉ាអូខេមួយកន្លែង នៅស្រុកថ្មពួក ហើយលោកក៏បាននាំមន្ត្រីសមត្ថកិច្ចចុះទៅបង្ក្រាបតាមពាក្យបណ្ដឹងរបស់ម្ចាស់ហាង៖ «មានពីណាទៅវាយមនុស្សអត់កំហុសនោះ ? យើងដឹងច្បាប់ហើយតើបើយើងទៅវាយមនុស្សអត់មានមូលហេតុ គេនឹងប្ដឹងយើងវិញបានតើ។ តែវាមានរឿង គឺម៉ូតូវា ៣ គ្នា ៦នាក់ ហើយសមត្ថកិច្ចមានគ្នាតែ ៤នាក់ទេ ហើយចុះចាប់ជិតម៉ោង ១២យប់ណោះ ដែលខ្ញុំតាមប្រមាញ់ ហើយឪពុកម្ដាយគាត់អត់យល់ គាត់ថា ខ្ញុំទៅវាយមនុស្សអត់កំហុស » ។
ប៉ុន្តែជនរងគ្រោះលោក ស្មន់ សុជឿត អះអាងថា សមត្ថកិច្ចចាប់មនុស្សច្រឡំ ដែលគេបានរត់គេចខ្លួនបាត់អស់ទៅហើយ ចំណែករូបលោកនឹងបងប្រុសមិនបានធ្វើខុសដូចការអះអាងរបស់ប៉ូលិសនោះឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគារ មានប្រសាសន៍ថា លោកបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយ ប៉ុន្តែលោកថា មិនទាន់បានសាកសួរទៅខាងសមត្ថកិច្ចនៅឡើយទេ។ ទោះជាយ៉ាងណាលោក ស៊ុំ ច័ន្ទគា អះអាងថា រឿងនេះជនរងគ្រោះទំនងត្រូវបានសមត្ថកិច្ចប្រើអំពើហិង្សាធ្វើទារុណកម្មជាជាងការអនុវត្តច្បាប់ដើម្បីការពារខ្លួន៖ «ព្រោះដោយសារសមត្ថកិច្ចពួកគាត់ជាអ្នកអនុវត្តច្បាប់ ហើយនីតិវិធីគ្រប់គ្រាន់រាល់បទល្មើសអត់អោយកើតឡើង ដែលជនត្រូវចាប់ត្រូវចង ត្រូវឃាត់ខ្លួនផង ដូច្នេះបែរថា មកតដៃអីចឹងថាតើភាគី ដែលសមត្ថកិច្ចចាប់នោះគាត់ប្រើប្រាស់អាវុធរបៀបណា ? ហើយបើសិនជាដៃដូចគ្នាសមត្ថកិច្ចមានកាំភ្លើង ហើយភ្ជង់រួចទៅវាយ គឺជាការតដៃដែរឬទេ ?» ។
មន្ត្រីសង្គមស៊ីវិលរូបនេះ កត់សំគាល់ទៀតថា នេះជាលើកទី២ ហើយ ដែលប៉ូលិសស្រុកថ្មពួកវាយធ្វើបាបពលរដ្ឋស្លូតត្រង់នោះ។ កាលពីខែមករា លោកអធិការនគរបាលស្រុកមួយនេះ បានវាយបុរសម្នាក់នៅស្រុកព្រះនេត្រព្រះឲ្យរបួសធ្ងន់ម្ដងរួចមកហើយ ប៉ុន្តែយុវជនរូបនោះ មិនហានប្ដឹងព្រោះខ្លាចអំណាច ហើយបានស្រុះស្រួលគ្នាបញ្ចប់រឿងទៅវិញ។ លោក ស៊ុំ ច័ន្ទគារ បានបញ្ជូនពាក្យបណ្ដឹងរបស់ជនរងគ្រោះដាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយ កាលពីថ្ងៃទី១៩ មេសា។ចំណែកជនរងគ្រោះបានទៅជួបលោក ស៊ុំ ច័ន្ទគា ដើម្បីផ្ដល់ព័ត៌មានបន្ថែមដាក់បន្ទុកទៅលើមន្ត្រីប៉ូលិសទាំងអស់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។