អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកផ្នែកសេរីភាពប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម លោក ម៉ៃណា គីអៃ (Maina Kiai) ចង់ឃើញរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធីដោយមិនលម្អៀង។ លោក ម៉ៃណា គីអៃ ថ្លែងបែបនេះនៅក្នុងជំនួបក្រៅផ្លូវការមួយជាមួយក្រុមយុវជន ខណៈលោកកំពុងបំពេញទស្សនកិច្ចផ្ទាល់ខ្លួននៅកម្ពុជា រយៈពេល ២ថ្ងៃ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក ម៉ៃណា គីអៃ ចង់ឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិធ្វើបាតុកម្ម និងសិទ្ធិប្រមូលផ្តុំដល់មនុស្សគ្រប់រូបឲ្យបានស្មើគ្នា មិនលម្អៀងទៅរកក្រុមណាមួយឡើយ។
លោក ម៉ៃណា គីអៃ ថ្លែងបែបនេះនៅក្នុងជំនួបក្រៅផ្លូវការជាមួយក្រុមយុវជនកាហ្វេនយោបាយ ព្រះសង្ឃ សមាជិកគណបក្សនយោបាយ ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណ ៥០អង្គនិងនាក់ នៅទីស្នាក់ការអង្គការខុដរ៉ាដ ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៨ វិច្ឆិកា៖ «បាតុកម្មត្រូវតែមានការការពារដោយស្មើភាពគ្នា មិនមែនរើសអើងប្រកាន់បក្ខពួកនោះទេ។ គ្រប់គ្នាដែលរួមមាន គណបក្សប្រជាជនកម្ពុជា មានសិទ្ធិធ្វើបាតុកម្ម និងសិទ្ធិនៃការប្រមូលផ្តុំ ហើយយើងត្រូវការពារសិទ្ធិធ្វើបាតុកម្មរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែទន្ទឹមនឹងនេះ គណបក្សសង្គ្រោះជាតិ ព្រះសង្ឃ ជនជាតិអាល្លឺម៉ង់ រួមទាំងមនុស្សគ្រប់រូប សុទ្ធតែមានសិទ្ធិធ្វើបាតុកម្មដូចគ្នា។ អ្នកមិនចាំបាច់ត្រូវតែជាពលរដ្ឋខ្មែរនោះទេ ដើម្បីអនុវត្តសិទ្ធិធ្វើបាតុកម្ម និងសិទ្ធិប្រមូលផ្តុំ។ វាមិនសំខាន់នោះទេ។ វាមិនមែនជាសិទ្ធិពលរដ្ឋនោះទេ តែវាសិទ្ធិនៃភាពជាមនុស្សតែម្តង។ អ្នកមានសិទ្ធិនេះនៅគ្រប់ទីកន្លែងទោះជាអ្នកទៅទីណាក៏ដោយ ព្រោះវាជាសិទ្ធិសកល»។
លោក ម៉ៃណា គីអៃ មានប្រសាសន៍បែបនេះ តបទៅនឹងសំណួររបស់អ្នកចូលរួម អំពីភាពស្មើគ្នានៃសេរីភាពប្រមូលផ្តុំនៅកម្ពុជា។ គេសង្កេតឃើញភាគច្រើននៃបាតុកម្ម ឬការប្រមូលផ្តុំរបស់គណបក្សប្រឆាំង និងពលរដ្ឋរងគ្រោះ ជាញឹកញាប់ត្រូវបានអាជ្ញាធរបង្ក្រាប ឬរារាំង។ ចំណែកបាតុកម្មប្រឆាំង លោក កឹម សុខា កាលពីថ្ងៃទី២៦ តុលា វិញ អាជ្ញាធរបានជួយការពារ និងសម្រួលយ៉ាងល្អខុសពីបាតុកម្មផ្សេងទៀត ហើយបាតុកម្មដែលមានការជួយសម្រួលនោះ បានក្លាយទៅជាអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន។
បាតុកម្មដែលក្លាយជាអំពើហិង្សានេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ថ្កោលទោសយ៉ាងខ្លាំង ហើយ លោក ម៉ៃណា គីអៃ ដែលជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសេរីភាពប្រមូលផ្តុំដោយសន្តិវិធី ក៏ថ្កោលទោសករណីនេះដូចគ្នា៖ «ដូច្នេះ ចំពោះអ្វីដែលបានកើតឡើងវិញ ខ្ញុំគិតថា យើងត្រូវតែថ្កោលទោសចំពោះអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រ។ យើងត្រូវតែថ្កោលទោសចំពោះអង្គហេតុ ដែលថាជនបង្កហិង្សាអាចជាមន្ត្រីសមត្ថកិច្ច។ ខ្ញុំឃើញគេវាយអ្នកតំណាងរាស្ត្រ និងមានការចាប់ខ្លួនមនុស្សមួយចំនួន។ ដូច្នេះ យើងនឹងរង់ចាំមើលថា តើករណីនេះត្រូវបញ្ចប់ត្រឹមប៉ុណ្ណឹង ឬត្រូវបន្តទៅមុខទៀត។ បើសិនជនទាំងនោះជាមន្ត្រីយោធា អ៊ីចឹងវាសំខាន់ណាស់ដែលត្រូវសួរថា រឿងនេះនឹងត្រូវស៊ើបអង្កេតដល់ណា ព្រោះយើងគ្រប់គ្នាដឹងហើយថា យោធាធ្វើអ្វីតាមបញ្ជា មិនមែនតាមចិត្តឯងនោះទេ»។
ចំពោះអំពើហិង្សានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសតាមចាប់ខ្លួនជនបង្កហិង្សា និងជាពិសេស បញ្ជាឲ្យជនទាំងនោះចូលសារភាពដោយខ្លួនឯង៖ «យើងមិនអាចយោគយល់ និងអត់ឱនឲ្យចំពោះអ្នកប្រព្រឹត្តិ បើទោះជាអ្នកនោះជាអ្នកណាក៏ដោយ ទាំងអ្នកគាំទ្រគណបក្សប្រជាជន គាំទ្ររាជរដ្ឋាភិបាល ឬគាំទ្របក្សប្រឆាំង ឬអ្នកណាក៏ដោយ ដែលប្រព្រឹត្តអំពើថោកទាបនេះ គឺត្រូវតែចាប់យកមកផ្ដន្ទាទោសឲ្យខានតែបាន»។
រហូតមកដល់ពេលនេះ មានមនុស្ស ៣នាក់ហើយបានចូលសារភាពទោស។ បុរសទាំងបីនាក់មានឈ្មោះ ម៉ៅ ហឿន នៅខេត្តព្រៃវែង ឈ្មោះ ចាយ សារិទ្ធ នៅក្រុងតាខ្មៅ និងឈ្មោះ សុត វណ្ណនី នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ មជ្ឈដ្ឋាននានា កំពុងរង់ចាំមើលពីចំណាត់ការរបស់រដ្ឋាភិបាល ថាអាចវែកមុខចាប់ជនដៃដល់ និងរកយុត្តិធម៌ជូនតំណាងរាស្ត្របក្សប្រឆាំង ឬយ៉ាងណា។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសេរីភាពប្រមូលផ្តុំដោយសន្តិវិធី លោក ម៉ៃណា គីអៃ អំពាវនាវឲ្យអ្នកនយោបាយខ្មែរត្រូវអត់ធ្មត់ និងឈរលើគោលការណ៍អហិង្សា ពិសេសប្រើប្រាស់សិទ្ធិប្រមូលផ្តុំដោយសន្តិវិធី ដើម្បីផលប្រយោជន៍ជាតិ។
លោក ម៉ៃណា គីអៃ សង្កត់ធ្ងន់ថា វាជារឿងចាំបាច់ដែលគូប្រជែងនយោបាយនៅកម្ពុជា គ្រប់ភាគី ត្រូវមានចិត្តអត់ធ្មត់ និងគោរពគ្នាទៅវិញទៅមកដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ អ្នកនយោបាយ មិនត្រូវយកអំពើហិង្សាទៅប្រើក្នុងល្បែងនយោបាយរបស់ខ្លួននោះទេ ដែលលោក ម៉ៃណា គីអៃ និយាយថា វាជារឿងដែលស្មោកគ្រោកបំផុត។ ក្រៅពីនេះ លោក ម៉ៃណា គីអៃ អះអាងថា វាជារឿងសំខាន់ និងចាំបាច់របស់រដ្ឋ ដែលត្រូវមានកាតព្វកិច្ចការពារពលរដ្ឋ ទោះជាអ្នកនោះមកពីគណបក្សប្រជាជនកម្ពុជា ឬគណបក្សសង្គ្រោះជាតិ ក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។