អាមេរិក​និង​អង់គ្លេស​ស្នើ​ឲ្យ​កម្ពុជា​ទទួល​យក​អនុសាសន៍​របស់ អ.ស.ប

0:00 / 0:00

តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា នៅ​ឯ​ការិយាល័យ​អង្គការ​សហប្រជាជាតិ (អ.ស.ប) នៅ​ទីក្រុង​ហ្សឺណែវ បដិសេធ​មិន​ទទួល​យក​អនុសាសន៍​របស់​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ចំនួន ៤​ចំណុច សំដៅ​លើក​កម្ពស់​ផ្នែក​សិទ្ធិ​ជួប​ប្រជុំ សេរីភាព​បង្កើត​សមាគម សេរីភាព​សារព័ត៌មាន និង​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​លើ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​ពិនិត្យ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ឡើង​វិញ។

នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ដែល​ជា​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ជា​សកល​តាម​ពេលវេលា​កំណត់​លើក​ទី​២ ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ រួម​មាន សហរដ្ឋ​អាមេរិក និង​អង់គ្លេស ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ដើម្បី​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ឲ្យ​បាន​មុន​ឆ្នាំ​២០១៤ ហើយ​និង​កែ​ទម្រង់​ឲ្យ​ល្អ​ប្រសើរ​ផ្នែក​សិទ្ធិ​ដីធ្លី។

អង់គ្លេស ក៏​ស្នើ​ឲ្យ​កម្ពុជា ពិនិត្យ​ឡើង​វិញ​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​ផ្នែក​បច្ចេកវិទ្យា ដើម្បី​ធានា​ថា ច្បាប់​នេះ​មិន​ត្រូវ​ប្រើប្រាស់​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​ផ្នែក​បញ្ចេញ​មតិ។

ចំណែក​សហរដ្ឋ​អាមេរិក វិញ ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​អនុសាសន៍​មួយ​ចំនួន​ពី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង។ សហរដ្ឋ​អាមេរិក បាន​សំដែង​ក្តី​បារម្ភ​ពី​ការ​ហាម​ឃាត់​សិទ្ធិ​ធ្វើ​បាតុកម្ម ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​បទ​បរិហារ​កេរ្តិ៍ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​កម្មករ និង​ស្តង់ដារ​ការងារ។

តំណាង​អចិន្ត្រៃយ៍​របស់​កម្ពុជា នៅ​ឯ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ លោក នៃ សំអុល បដិសេធ​មិន​ទទួល​យក​អនុសាសន៍​ចំនួន​៤ និង​កត់​សម្គាល់​ចំនួន​៣៨ ក្នុង​ចំណោម​២០៥ ដែល​បាន​ស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​អនុវត្ត។

ក្នុង​ចំណោម​អនុសាសន៍​ដែល​ត្រូវ​បាន​កត់​សម្គាល់ និង​បដិសេធ រួម​មាន ច្បាប់​ពាក់ព័ន្ធ​នឹង​របប​សារព័ត៌មាន និង​ក្រមព្រហ្មទណ្ឌ​ស្ដីពី​បទ​បរិហារ​កេរ្តិ៍ ដែល​ធានា​នូវ​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ច្បាប់​ស្ដីពី​អ៊ីនធឺណិត។ រដ្ឋាភិបាល​ក៏​បដិសេធ​លើ​អនុសាសន៍​ពាក់ព័ន្ធ​នឹង​ការ​គោរព​សេរីភាព​ខាង​ការ​ជួប​ប្រជុំ និង​ការ​ស៊ើប​អង្កេត​លើ​ការ​ប្រើប្រាស់​កម្លាំង​ពុំ​សមាមាត្រ​ទៅ​លើ​ក្រុម​បាតុករ។ បន្ថែម​លើ​នេះ​ទៀត អនុសាសន៍​ស្ដីពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន មុន​ពេល​ការ​ផ្តល់​សច្ចាប័ន​ទៅ​លើ​ពិធីសារ​តាម​ជម្រើស​នៃ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ការ​បន្ត​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​លើ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​ពិនិត្យ​មើល​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ឡើង​វិញ ក៏​រដ្ឋាភិបាល​មិន​បាន​ទទួល​យក​ដែរ។

អ្នក​សម្រប​សម្រួល​ការងារ​សេរីភាព​បញ្ចេញ​មតិ កញ្ញា សន រ៉ាមណា ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ដែល​បដិសេធ​អនុសាសន៍​សំខាន់ៗ​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស៖ «ការ​បដិសេធ​នេះ​បង្ហាញ​ការ​ខ្វះ​ការ​គោរព ឬ​ធានា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ពីព្រោះ​អ្វី​ការ​ដាក់​ចេញ​របស់​ប្រទេស​ផ្សេងៗ​មាន​អនុសាសន៍​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​សេរីភាព​បញ្ចេញ​មតិ និង​ជួប​ប្រជុំ ជាដើម»

លោក នៃ សំអុល មិន​បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​បដិសេធ​អនុសាសន៍​តំណាង​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ ឡើយ ប៉ុន្តែ​បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​ពេលវេលា​កំណត់​លើក​ទី​២ (Universal Periodic Review) មាន​សារប្រយោជន៍​សម្រាប់​រដ្ឋាភិបាល ដើម្បី​បង្កើត​ជា​គោល​នយោបាយ​ស្ដីពី​សិទ្ធិ​មនុស្ស។ លោក​ក៏​ស្វាគមន៍​កិច្ច​ពិភាក្សា​នឹង​តំណាង​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ ដើម្បី​ជំរុញ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ពាក់ព័ន្ធ​វិស័យ​តុលាការ​ចំនួន​៣ ដែល​អាច​ពង្រឹង​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា។

ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​ភាគី​កម្ពុជា តំណាង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា អង្គការ​សិទ្ធិ​មនុស្ស​កំពុង​ព្រួយ​បារម្ភ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស។ អង្គការ​នេះ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​បោះ​ឆ្នោត ធានា​សិទ្ធិ​ប្រមូល​ផ្តុំ និង​សមាគម និង​បើក​សិទ្ធិ​សេរីភាព​ផ្នែក​សារព័ត៌មាន។

ចំណែក​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) វិញ ស្នើ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​បម្រាម​លើ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ទាំង​ស្រុង។ អង្គការ​នេះ​សម្ដែង​ការ​សោកស្ដាយ ដែល​រដ្ឋាភិបាល​មិន​ទទួល​យក​អនុសាសន៍​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ការ​ប្រើប្រាស់​កម្លាំង​យោធា និង​ប៉ូលិស​ច្រើន​ហួស​ហេតុ ដើម្បី​បង្ក្រាប​កម្មករ និង​បាតុករ និង​ការ​បញ្ចប់​អំពើ​និទ្ទណ្ឌភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។