តំណាងពិសេសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកកិច្ចការពលកម្មអន្តរជាតិ អ្នកស្រី សារ៉ា ហ្វក (Sarah Fox) នៅថ្ងៃអង្គារ ទី៤ តុលា ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងស្រុក ១០នាក់នៅស្ថានទូតអាមេរិក ទីក្រុងភ្នំពេញ ជុំវិញរឿងច្បាប់ការងារនៅកម្ពុជា។
ជំនួបពិភាក្សាជាមួយអ្នកសារព័ត៌មានក្នុងស្រុកនេះ ផ្តល់ឱកាសឲ្យអ្នកស្រី សារ៉ា ហ្វក បានចែករំលែកមតិរបស់អ្នកស្រី ក្រោយពីការធ្វើទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ដើម្បីផ្សព្វផ្សាយ និងជំរុញលក្ខខណ្ឌការងារតាមស្តង់ដាររបស់អង្គការអន្តរជាតិខាងការងារ អាយឡូ (ILO)។
អ្នកឯកទេសផ្នែកច្បាប់ការងាររបស់សហរដ្ឋអាមេរិករូបនេះ បានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា តំណាងសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីលើកកម្ពស់ការអនុវត្តអនុសញ្ញាពីរនៃច្បាប់ការងារអន្តរជាតិ ដែលអ្នកស្រី សារ៉ា ហ្វក ថាមានសារសំខាន់ពិសេស។ ទីមួយ គឺអនុសញ្ញាលេខ៨៧ ស្ដីពីសិទ្ធិសេរីភាពក្នុងការចងក្រងជាក្រុម ឬជាសមាគម និងទីពីរ គឺអនុសញ្ញាលេខ៩៨ ស្ដីពីសិទ្ធិសេរីភាពក្នុងការចរចាអនុសញ្ញារួម ឬការចរចាជាសមូហភាព។
អ្នកស្រី សារ៉ា ហ្វក ហៅសិទ្ធិសេរីភាពទាំងពីរនេះថាជាសិទ្ធិមូលដ្ឋាន ដែលអនុញ្ញាតឲ្យភាគីពលករអាចទៅអនុវត្តសិទ្ធិសេរីភាពផ្សេងៗទៀតបាន ព្រោះសិទ្ធិទាំងពីរនេះផ្តល់ឱកាសឲ្យពលកររួបរួមគ្នាជាសំឡេងមួយ ហើយយកសំឡេងនោះទៅប្រើជាកម្លាំងសម្រាប់សន្ទនា និងចរចាជាមួយនិយោជករបស់ពួកគេ ដើម្បីទាមទារឲ្យមានលក្ខខណ្ឌការងារមួយដែលល្អប្រសើរ។
បន្ថែមពីលើនេះ អ្នកស្រី សារ៉ា ហ្វក បានលើកឡើងពីភាពរហ័សរហួនរបស់កម្ពុជា ក្នុងការផ្តល់សច្ចាប័នទៅលើអនុសញ្ញាទាំងនេះ ប៉ុន្តែអ្នកស្រីសំណូមពរឲ្យរដ្ឋាភិបាល បន្តពង្រឹងកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ អាយឡូ (ILO) និងព្យាយាមរកដំណោះស្រាយឆ្លើយតបទៅនឹងការព្រួយបារម្ភនានា ដូចជាច្បាប់សហជីព ជាដើម ដែលមានចំណុចមួយចំនួនអាចធ្វើឲ្យរាំងស្ទះដល់ការអនុវត្តអនុសញ្ញានេះ៖ « មានបញ្ហានៅសេសសល់មួយចំនួនដូចជា ការមិនអនុញ្ញាតឲ្យអ្នកធ្វើការមួយចំនួនចងក្រងគ្នាជាសហជីព។ ឧទាហរណ៍ដូចជា មន្ត្រីសាធារណៈជាដើម។ មានការព្រួយបារម្ភថា ផ្នែកខ្លះនៃច្បាប់នេះលូកដៃចូលកិច្ចការរបស់សហជីពច្រើនពេក។ តាមស្តង់ដារការងារអន្តរជាតិ វាជារឿងសំខាន់ដែលសហជីពត្រូវបានអនុញ្ញាតឲ្យគ្រប់គ្រងកិច្ចការដោយខ្លួនឯង។ ផ្នែកខ្លះនៃច្បាប់ និយាយពីលក្ខខណ្ឌដែលសហជីពអាចប្រមូលផ្តុំបាន ឬធ្វើកូដកម្មបាន សុទ្ធតែធ្វើឲ្យមានការព្រួយបារម្ភ បើមើលពីស្តង់ដារអន្តរជាតិ »។
ប្រធានសហព័ន្ធសហជីពឯករាជ្យកម្ពុជា អ្នកស្រី ទេព គឹមវណ្ណារី មានប្រសាសន៍ថា តាមការអង្កេតមើលរបស់អ្នកស្រីកន្លងទៅ ការអនុវត្តនូវអនុសញ្ញាទាំងពីរនេះមានការរីកចម្រើន ប៉ុន្តែនៅជួបបញ្ហាប្រឈមមួយចំនួន។
ចំពោះសិទ្ធិសេរីភាពក្នុងការចងក្រងជាសមាគម អ្នកស្រី ទេព គឹមវណ្ណារី ថាបច្ចុប្បន្ននេះ ការបង្កើតសហជីពមានភាពងាយស្រួលជាងមុន ព្រោះមិនចាំបាច់មានសមាសភាព ២០ភាគរយនៃបុគ្គលិកសរុបដើម្បីបង្កើតទេ។ ទោះបីជាយ៉ាងនេះក្តី អ្នកស្រីបន្តថា ការចងក្រងនូវសហជីព ជារឿយៗនៅតែបន្តជួបការមិនពេញចិត្តពីសំណាក់និយោជក៖ « កន្លងមក ពេលយើងចងក្រងសហជីពយើងហើយ យើងត្រូវយកសមាសភាពទៅឲ្យនិយោជកទទួលស្គាល់ មានប្រធានឈ្មោះនេះ ឈ្មោះនេះអ៊ីចឹង។ ពេលដែលគេឃើញសមាសភាពនោះ គេតែងមានការរើសអើង ដូចជាការបញ្ឈប់ប្រធានទាំងនោះ។ គេមិនចង់ឲ្យមានសហជីពនៅក្នុងក្រុមហ៊ុនគេទេ »។
ចំពោះសិទ្ធិសេរីភាពក្នុងការចរចាជាសមូហភាព អ្នកស្រី ទេព គឹមវណ្ណារី បន្តថា បច្ចុប្បន្នមាននិយោជកចាប់ផ្តើមឲ្យតម្លៃទៅលើការជជែកពិភាក្សាជាមួយសហជីព ដែលជាការល្អមួយ។ អ្នកស្រីថាបានជួយបញ្ចៀសជម្លោះរវាងពលករ និងក្រុមហ៊ុនច្រើន ប៉ុន្តែនៅតែមាននិយោជកមួយចំនួននៅតែមិនគោរពសិទ្ធិមួយនេះ ទោះបីជាបានចែងក្នុងអនុសញ្ញាអន្តរជាតិក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។