ម្ចាស់សណ្ឋាគារវិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា (Victoria Angkor Resort & Spa) នៅក្នុងខេត្តសៀមរាប បានសម្រេចចិត្តចុងក្រោយថា នឹងសុខចិត្តទូទាត់ប្រាក់សំណងជូនកម្មករចំនួន ៦០នាក់ដែលគេបានបញ្ឈប់ពីការងារ ដោយសារតែការនាំគ្នាបង្កើតសហជីពនៅក្នុងកន្លែងការងារនោះ។
ការសម្រេចចិត្តទូទាត់ប្រាក់សំណងនេះ បានធ្វើឡើងបន្ទាប់ពីភាគីសណ្ឋាគារវិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា និងសហជីពកម្មករ បានតតាំងគ្នាតាមផ្លូវច្បាប់នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលអស់រយៈពេលជាង ៣ខែមកហើយ។
តំណាងសហជីពកម្មករនៃសណ្ឋាគារវិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា បានបដិសេធមិនទទួលយកការទូទាត់សំណងជាទឹកប្រាក់ពីភាគីក្រុមហ៊ុន ជំនួសឲ្យការបណ្ដេញកម្មករចំនួន ៦០នាក់ចេញពីការងារនោះទេ។
ក្រុមកម្មករមានគម្រោងដាក់បណ្ដឹងជំទាស់ស្ដីពីការមិនទទួលយកប្រាក់សំណង ទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៅថ្ងៃពុធ ទី៦ ខែមេសា នេះបន្តទៅទៀត។
ប្រធានសហជីពកម្មករនៃសណ្ឋាគារវិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា គឺអ្នកស្រី ចាន់ សុជាតិ។ អ្នកស្រីមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា កម្មករចំនួន ៦០នាក់បដិសេធចោលបំណងរបស់ក្រុមហ៊ុន ដែលចង់ទូទាត់សំណងជាទឹកប្រាក់ ជាថ្នូរនឹងការបញ្ឈប់ពួកគេពីការងារ។ អ្នកស្រី ចាន់ សុជាតិ បញ្ជាក់ថា ចាប់តាំងតែពីដើមខែមករា ឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ធ្លាប់ចេញសេចក្តីបង្គាប់ចំនួន២ ឲ្យម្ចាស់សណ្ឋាគារវិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា ទូទាត់ប្រាក់សំណងទៅឲ្យកម្មករចំនួន ៦០នាក់ដែលគេបញ្ឈប់ពីការងារ ចំណែកឯ ១១នាក់ដែលជាតំណាងសហជីពកម្មករ គឺត្រូវឲ្យទៅធ្វើការវិញ ក៏ប៉ុន្តែភាគីថៅកែ បានជ្រើសយកមិនជាប់កាតព្វកិច្ចតាមសេចក្តីបង្គាប់នោះ។ ពេលនេះ សហជីពក៏មិនសុខចិត្តទទួលយកការទូទាត់ប្រាក់សំណងទេ ពីព្រោះការទូទាត់ គឺធ្វើទៅលើតែអ្នកធ្វើកូដកម្មចំនួន ៦០នាក់ ចំណែកតំណាងសហជីពដែលគេបញ្ឈប់ពីមុន គឺក្រុមហ៊ុនមិនទាន់លើកមកដោះស្រាយនៅឡើយ៖ « ខ្ញុំរីករាយមែនទែនដែលភាគីក្រុមហ៊ុនបង្ហាញឥរិយាបថចង់ដោះស្រាយបញ្ហាកម្មករ ប៉ុន្តែខ្ញុំចង់ឲ្យភាគីក្រុមហ៊ុន អនុវត្តទៅលើសេចក្តីបង្គាប់ទី១ និងទី២ របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលផង »។
ប្រតិកម្មរបស់សហជីពកម្មករនេះ ធ្វើឡើងបន្ទាប់ពីសណ្ឋាគារវិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា បានចេញសេចក្តីជូនដំណឹងនៅកន្លែងធ្វើការ ព្រមទាំងជូនទៅមន្ទីរការងារ ឲ្យកម្មករចំនួន ៦០នាក់ដែលធ្វើកូដកម្ម មកទទួលយកប្រាក់សំណងទៅតាមសេចក្តីបង្គាប់ចុងក្រោយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
មេធាវីការពារឲ្យសណ្ឋាគារវិចតូរីយ៉ា អង្គរ រីសត អែន ស្ប៉ា លោក កៅ ស៊ូផា មានប្រសាសន៍កាលពីថ្ងៃទី៣១ ខែមីនា កន្លងទៅថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានចេញសេចក្តីបង្គាប់ឲ្យភាគីថៅកែទូទាត់ប្រាក់សំណងទៅដល់កម្មករចំនួន ៦០នាក់ ដែលធ្វើកូដកម្មជាច្រើនខែមកហើយ។ លោកមេធាវីដដែលបញ្ជាក់ថា ក្រុមហ៊ុនខាតបង់ជាច្រើន ប្រសិនបើអនុវត្តទៅតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ទោះបីជាយ៉ាងណាលោកថា ក្រុមហ៊ុននៅតែអនុវត្តតាម បើទោះបីជាក្រុមហ៊ុនមិនបានជ្រើសយកជាប់កាតព្វកិច្ចទៅនឹងសេចក្តីបង្គាប់មួយនេះក៏ដោយ៖ « ក្រុមហ៊ុនសូមប្រកាសនៅនឹងកន្លែង ក៏ដូចជាយកទៅមន្ទីរការងារ ថា ឲ្យអ្នកដែលពាក់ព័ន្ធ ៦០នាក់មកទទួលយកលុយទៅតាមច្បាប់ការងារ »។
ប្រធានសហព័ន្ធសហជីពកម្មករ និយោជិត វិស័យទេសចរណ៍សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី បង្ហាញជំហរថា កម្មករនឹងមិនទៅទទួលយកការទូទាត់ប្រាក់សំណងនោះទេ ពីព្រោះតែកន្លងទៅ ភាគីក្រុមហ៊ុនមិនគោរពតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទេ នៅពេលណាដែលក្រុមហ៊ុនឃើញថាខាតប្រយោជន៍ ប៉ុន្តែសេចក្តីបង្គាប់ចុងក្រោយនេះ ក្រុមហ៊ុនមើលឃើញចំណេញផលប្រយោជន៍ ទើបអនុវត្តតាមសេចក្តីបង្គាប់ទាំងខ្លួនឯងមិនបានជ្រើសយកជាប់កាតព្វកិច្ចផ្លូវច្បាប់ផងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។