ស្ថានទូតសហរដ្ឋអាមេរិក និងក្រុមហ៊ុនផ្សព្វផ្សាយ វ៉ិសថិច (Westec Media Ltd.) សហការជាមួយក្រុមហ៊ុនភាពយន្ត និងស្ថាប័នរដ្ឋាភិបាលមួយចំនួន នៅថ្ងៃទី២៥ មេសា រៀបចំវេទិកាកម្មសិទ្ធិបញ្ញាពិភពលោក ក្រោមប្រធានបទថា "ការបង្កើតថ្មី ជួយឲ្យជីវិតរីកចម្រើន"។ វេទិកានេះ គឺជាការពិភាក្សាមួយថ្ងៃមុនទិវាកម្មសិទ្ធិបញ្ញាពិភពលោកមកដល់ គឺនៅថ្ងៃទី២៦ មេសា។
វេទិកាកម្មសិទ្ធិបញ្ញានៅថ្ងៃទី២៥ មេសា គឺជាកិច្ចពិភាក្សារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន រួមគ្នាលើកកម្ពស់ និងឲ្យតម្លៃដល់ការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា។ កិច្ចពិភាក្សា ក៏ផ្ដោតលើផលប៉ះពាល់កម្មសិទ្ធិបញ្ញាក្នុងគ្រប់វិស័យ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា និងធនធាន។
ប្រធានបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អ្នកនាង ជូលី ជុង មានប្រសាសន៍ថា ការការពារកម្មសិទ្ធិបញ្ញា មិនមែនការពារផលប្រយោជន៍តែសហគមន៍ពាណិជ្ជកម្ម ឬពាណិជ្ជករទេ គឺការពារប្រយោជន៍របស់យើងម្នាក់ៗតាមវិធីផ្សេងៗគ្នា។ ការការពារកម្មសិទ្ធិបញ្ញា ក៏ជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច វិទ្យាសាស្ត្រ ភាពហ៊ានប្រឈមហានិភ័យ នីតិរដ្ឋ ភាពច្នៃប្រឌិត ការបង្ហាញផ្នែកវប្បធម៌ និងវិស័យសំខាន់ៗជាច្រើនទៀត៖ « ខ្ញុំរីករាយនឹងនិយាយថា ប្រទេសកម្ពុជា កំពុងប្រឹងប្រែងតស៊ូ ប្រយុទ្ធដើម្បី វិស័យទាំងនេះ។ ចំណុចមួយដែលប្រទេសកម្ពុជា បានអនុវត្តដោយភាពវិជ្ជមាន ក្នុងការការពារកម្មសិទ្ធិបញ្ញា គឺពាក់ព័ន្ធនឹងថ្នាំពេទ្យ។ ថ្នាំពេទ្យក្លែងក្លាយ គឺជា ការគំរាម កំហែង អាយុជីវិត ពលរដ្ឋ។ សូមស្រមៃមើលថា ពេលយើងចេញទៅទិញថ្នាំពេទ្យឲ្យកូន ឬ ឲ្យយាយតា ហើយថ្នាំទាំងនោះមិនមានប្រសិទ្ធភាព ឬក៏ធ្វើឲ្យរឹតតែមានបញ្ហាគ្រោះថ្នាក់ធ្ងន់ធ្ងរ កត្តានេះហើយ ដែលកម្មសិទ្ធិបញ្ញានៃការផលិត ថ្នាំពេទ្យ ត្រូវការពារនោះ។ វាក៏មានសារសំខាន់ដែរ ព្រោះគំនិត បង្កើតថ្មី រកឃើញថ្មីខាងវេជ្ជសាស្ត្រ ក៏ពឹងផ្អែកលើច្បាប់ការពារដែរ។ ការស្រាវជ្រាវ និង ការផលិត ថ្នាំថ្មីៗ ត្រូវចំណាយច្រើនណាស់។ ដូច្នេះបើក្រុមហ៊ុនមិនរកប្រាក់ចំណេញពីការរកឃើញថ្នាំថ្មីបាន ក្រុមហ៊ុន នេះក៏ នឹងមិនមានធនធាន ដើម្បីបង្កើតការព្យាបាលថ្មី ដែលជួយសង្គ្រោះជីវិតបាន ដូចគ្នា »។
អ្នកនាង ជូលី ជុង បន្តថា មូលហេតុដែលកម្ពុជា ត្រូវការពារកម្មសិទ្ធិបញ្ញា គឺព្រោះតែមានក្រុមហ៊ុនបរទេសជាច្រើនចង់វិនិយោគនៅប្រទេសកម្ពុជា ជាពិសេសឧស្សាហកម្មបង្កើតថ្មីៗ និងការនាំចេញផលិតផលមានគុណភាព៖ « ចូរគិតថា កម្ពុជា ក្លាយជាអ្នកនាំមុខគេក្នុងការការពារកម្មសិទ្ធិបញ្ញា។ កម្ពុជា នឹងទទួលផលប្រយោជន៍ពីកំណើតសេដ្ឋកិច្ច និងផ្ដល់ការងារដែលមាន ប្រាក់ខែ ខ្ពស់។ មួយទៀត គឺការការពារកម្មសិទ្ធិបញ្ញារបស់កម្ពុជា ខ្លួនឯងផ្ទាល់។ គឺខ្ញុំសំដៅដល់បទភ្លេង និងចម្រៀងដើមដ៏ពីរោះរបស់ខ្មែរ ព្រមទាំងបច្ចេកវិទ្យាបង្កើត ថ្មីដែល បង្កើតនៅទីនេះ ពេលថ្មីៗនេះ »។
ទន្ទឹមគ្នានេះ អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ លោក មៀច សុផាន់ណា ឲ្យដឹងថា បេសកកម្មរបស់គណៈកម្មាធិការបានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយច្រើន ដែលបង្កហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម មានជាអាទិ៍ គឺថ្នាំពេទ្យ៖ « ថ្មីៗនេះ គឺយើងទើបបើកប្រតិបត្តិការបិទរោងចក្រមួយកន្លែង និងស្តរេច (storage) ២កន្លែង នៅតាខ្មៅ និងទីក្រុងភ្នំពេញ ហើយយើងចាប់រឹបអូសបានផលិតផលក្លែងក្លាយគ្រឿងសំអាង ... »។
លោកមានប្រសាសន៍ទៀតថា មានផលិតផលមួយចំនួន ជាពិសេសម្សៅលាបមុខ ដែលវាយស្លាកថា ផលិតនៅក្រៅប្រទេស គឺជាផលិតផលក្លែងក្លាយនៅកម្ពុជា៖ « ផលិតផលទាំងអស់នោះដាក់សុទ្ធតែ Made in Japan ប៉ុន្តែ ... »។
លោកថា មានផលិតផលរាប់សិបតោន ត្រូវបានកម្ទេចចោល ហើយដោយសារកិច្ចប្រឹងប្រែងរបស់គណៈកម្មាធិការនេះ អង្គការសហប្រជាជាតិ បានផ្ដល់ម៉ាស៊ីនមួយគ្រឿងសម្រាប់ធ្វើតេស្ដថ្នាំពេទ្យ។
ទាក់ទងនឹងការលើកកម្ពស់ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានេះដែរ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកនាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក អ៊ុក ប្រជា ឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងរបស់លោកបានចុះបញ្ជីផលិតផលទូទៅជាង ៥ម៉ឺនម៉ាក៖ « សម្រាប់ ឆ្នាំ២០១៦ យើងទទួល បានការចុះបញ្ជីចំនួន ៦ . ៧១៩ម៉ាក ... »។
លោកថា ក្នុងរយៈពេលកន្លងទៅនេះ ក្រសួងបានផ្សព្វផ្សាយដល់អ្នករកស៊ី និងដៃគូវិនិយោគ អំពីការចុះបញ្ជីម៉ាក ការការពារម៉ាក ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងការផ្ដល់សិទ្ធិដល់អ្នកនិពន្ធ ដូចជាតន្ត្រី ភាពយន្ត និងសៀវភៅ ជាដើម។ ដើម្បីលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញា ខាងលោកនឹងបន្តធ្វើសិក្ខាសាលាទៀតនៅពេលខាងមុខនេះ។
ទីប្រឹក្សារដ្ឋាភិបាល លោក សុខ ស៊ីផាន់ណា មានអនុសាសន៍ថា ក្រុមវិស័យឯកជនត្រូវបន្តលើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញាថែមទៀត ដោយមិនរង់ចាំស្ថានទូតអាមេរិក ជាពិសេសក្រុមហ៊ុនភាពយន្តដែលកំពុងតែមានភាពរឹងមាំរាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។